ភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៥ព័រ ជារបស់ អ៊ាក មាញ មុនអង្គការ ចាប់ខ្លួន មានតួនាទី សមាជិកការដ្ឋានភូមិភាគ ប្រចាំនៅព្រៃក្តួច តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៦៨៥) បង្ហាញអំពីសកម្មភាព មាញ ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះ ងយ និងអ៊ិត មានតួនាទីគណៈស្រុកកោះអណ្ដែត។ ការចូលបម្រើបដិវត្តន៍នេះ មាញ បានឃោសនាឲ្យយុវជនធ្វើសកម្មភាពក្បត់ ប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ អ៊ាក មាញ៖
អ៊ាក មាញ[1] ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិជីទ ឃុំអង្គខ្នុរ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ មាញ មានឪពុកឈ្មោះ ធន់ ហ៊ីម និងម្ដាយឈ្មោះ ទៀប អ៊ូច។ ឪពុកម្ដាយរបស់ មាញ ប្រកបមុខរបរជាកសិករ។ សព្វថ្ងៃអ្នកទាំងពីរ រស់នៅក្នុងសហករណ៍ នៅភូមិសុភី ឃុំអង្គខ្នុរ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ការរស់នៅក្នុងសហករណ៍ គឺប្រជាជនទាំងអស់ រស់នៅនឹងធ្វើការជាមួយគ្នា ហូបចុករួមគ្នា និងចែករំលែកការកម្សាន្ដរួមគ្នា។[2] មាញ មានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់។ មាញ រៀនបានបន្តិចបន្តួច ត្រឹមតែចេះអាន និងអាចសរសេរអក្សរបានខ្លះៗប៉ុណ្ណោះ។ កាលពីដើមឡើយ មាញ រស់នៅជាមួយឪពុកម្ដាយ។ ក្រោយមក មាញ បែកចេញពីគ្រួសារ ហើយទៅស៊ីឈ្នួលធ្វើកម្មករ នៅកន្លែងឡ នំប៉័ង ក្នុងទីក្រុងភ្នំពេញរយៈពេលចំនួន៣ឆ្នាំ។ រហូតដល់អាយុ១៧ឆ្នាំ មាញ ត្រូវបានឪពុកម្ដាយរៀបចំឲ្យមានគ្រួសារ។ មាញ មានប្រពន្ធឈ្មោះ ធន់ ហ៊ីម មានស្រុកកំណើតនៅភូមិព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ អ្នកទាំងពីរមានកូនចំនួន៣នាក់ ប្រុស២នាក់និងស្រី១នាក់។
នៅខែមេសា ឆ្នាំ១៩៧០ មាញ បានចូលធ្វើបដិវត្តន៍ មានតួនាទីជាយុវជនកងទ័ពស្រុក ដោយអ្នកនាំចូលមានឈ្មោះ ងយ និងអ៊ិត មានតួនាទីគណៈស្រុកកោះអណ្ដែត។ ចូលមកដល់ខែមិថុនា ឆ្នាំដដែល អង្គការបានចាត់តាំង មាញ និងសមាជិកជាច្រើននាក់ទៀត ឲ្យទៅហាត់រៀនបច្ចេកទេស នៅសាលាយោធានៅភ្នំនរាយណ៍។ កាលនោះ វៀតណាម ជាអ្នកបង្រៀន។ នៅខែកញ្ញា ឆ្នាំដដែល មាញ និងសមាជិក បានបញ្ចប់វគ្គសិក្សានេះ ដោយទទួលបានការអប់រំពីឈ្មោះ មុត មានតួនាទីគណៈតំបន់ខេត្តតាកែវ។ ក្រោយពីចេញពីសាលាយោធា អង្គភាពកងទ័ពតំបន់តាកែវ មាន មាញ តួនាទីជាបញ្ជាការកងអនុសេនាតូច។
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៧១ មាញ បានចូលបម្រើការងារក្នុងក្របខ័ណ្ឌ សមាជិកបក្សកុម្មុយនីស្ដកម្ពុជា ដែលមានឈ្មោះ មុត ជាអ្នកឧទ្ទេសនាម និងទទួលស្គាល់ដោយឈ្មោះខែម សូត្រ។ ក្នុងពេលឧទ្ទេសនាមនោះ រៀបចំឡើងរយៈពេលមួយម៉ោង នៅមន្ទីរ តំបន់១៣ នៅក្បែរភ្នំដំរីរមៀល។ រយៈពេលមួយខែក្រោយមក មាញ ទទួលបានតួនាទីជាស្នងការអនុសេនាធំ នៃវរសេនាតូច១៣។
នៅខែមករា ឆ្នាំ១៩៧៤ អង្គការបានចាត់តាំង មាញ និងយុវជនមួយកងអនុសេនាធំ ឲ្យមករស់នៅក្នុងកងពលទី១ ភូមិភាគ។ ពេលនោះ មាញ មានតួនាទីជាស្នងការវរសេនាធំ១៥នេះ រហូតដល់ថ្ងៃរំដោះ១៧ មេសា ឆ្នាំ១៩៧៥។ នៅខែមករា ឆ្នាំ១៩៧៦ អង្គការបានបញ្ជូន មាញ ឲ្យមកនៅអង្គភាពក្នុងកងពលទី៣ ប្រចាំការនៅក្រុងកំពង់សោម មានតួនាទីស្នងការ វរសេនាធំលេខ៦១។ រយៈពេលមួយឆ្នាំកន្លងមក មាញ ត្រូវអង្គការប្ដូរឲ្យមកនៅការដ្ឋានព្រៃក្ដួចវិញ មានតួនាទីជាសមាជិក។
សកម្មភាពពាក់ព័ន្ធក្នុងចលនាប្រឆាំងនឹងបដិវត្តន៍
កាលពី មាញ ធ្វើជាស្នងការ វរសេនាធំ ៦២ កងពល១៦៤ ប្រចាំការនៅតាមកោះ ក្នុងក្រុងកំពង់សោម។ មាញ បានជាប់ពាក់ព័ន្ធ និងទទួលបានការអប់រំពីឈ្មោះ ឌឹម មានតួនាទីអនុលេខាកងពល១៦៤ ជាមេចលនាដឹកនាំប្រឆាំងនឹងបដិវត្តន៍ អូសទាញ តាមរយៈមនោសញ្ចេតនា ដោយលើកយកទំនាស់ផ្ទាល់ខ្លួន ដែលកើតមានជាមួយ លេខា។ កាត់ផ្ដាញ់មនោសញ្ចេតនា សូម្បីតែប្រពន្ធកូន ក៏មិនអាចរស់នៅជាមួយគ្នាបានឡើយ។ បន្ទាប់មក ឈ្មោះ ឌឹម ក៏ចាប់ផ្ដើមអប់រំ ដោយលើកយកមាគ៌ាបដិវត្តន៍រុស្ស៊ី និងមាគ៌ាលទ្ធិម៉ាក្សលេនីន គឺជាផ្លូវតែមួយគត់ទើបកម្ពុជាអាចទទួលបាននូវឯករាជ្យស្មើគ្នានៅក្នុងសង្គម[3] ទើបធ្វើឲ្យប្រជាជនរស់នៅមានសិទ្ធិសេរីភាពពេញលេញ និងអាចប្រកបមុខរបររកស៊ីបានដោយខ្លួនឯង។ ក្រោយមក ឈ្មោះ ឌឹម ក៏បបួល មាញ ឲ្យចូលរួមក្នុងចលនាតស៊ូ ប្រមូលកម្លាំងត្រៀមទុកវាយបកកម្ទេចរបប សមូហភាព កសាងរបបឯកជន ដូចប្រទេសរុស្ស៊ី និងវៀតណាមដែរ។ មាញ ក៏យល់ព្រមចូលបម្រើក្នុងចលនានោះ ដោយហេតុថា ខ្លួនមានការពេញចិត្ត និងរបបឯកជន។ លើសពីនេះ ឌឹម បានបង្ហាញដល់ មាញ ថា កម្លាំងរបស់យើងបានចូលបង្កប់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ដូចជា ប្រជាជននៅតាមមូលដ្ឋាន និងមន្ទីរ ក្រសួងនានា។ ជាពិសេស នៅតាមជួរកម្មាភិបាល និងកងទ័ព។ ដើម្បីសម្រេចគោលបំណងតាមផែនការនេះ យើងត្រូវធ្វើបដិវត្តន៍ស្របច្បាប់ និងអនុវត្តន៍ផែនការតស៊ូ កសាងកម្លាំងបង្កប់ទុកប្រឆាំងនឹងបដិវត្តន៍។
នៅខែមករា ឆ្នាំ១៩៧៧ ឈ្មោះ ឌឹម បានហៅ មាញ ទៅប្រជុំដាក់ផែនការយ៉ាងសម្ងាត់ នៅលើកោះវាយថ្ម។ អ្នកចូលរួមក្នុងពេលនោះ មានឈ្មោះ នន យឺន និងមាញ។ ការប្រជុំនេះ មានខ្លឹមសារផែនការ បំផុសឲ្យកសាងកម្លាំងឲ្យបានច្រើន តាមរយៈផ្លូវមនោសញ្ចេតនា និងបំផ្លិចបំផ្លាញផលប្រយោជន៍បដិវត្តន៍តាមដែលអាចធ្វើទៅបាន។ លើសពីនេះ យើងត្រូវធ្វើផែនការរដ្ឋប្រហារ ឬត្រូវបំផ្ទុះអាវុធជាដើម។ ផែនការទាំងអស់នេះ យើងត្រូវអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន និងលាក់ការណ៍ជាសម្ងាត់។ បើសកម្មភាពទាំងនេះត្រូវបែកការណ៍ ឬត្រូវអង្គការចាប់ខ្លួនដាច់ខានមិនត្រូវឆ្លើយដាក់អ្នកដទៃឡើយ។ ធ្វើដូច្នេះ ទើបសមាជិកដទៃទៀត អាចនៅបន្តសកម្មភាពដូចដើម។ រំលងរយៈពេល២ខែក្រោយ អង្គការក៏ចាប់ឈ្មោះ ឌឹម។ ដូច្នេះហើយ មាញ ត្រូវបានដាច់ខ្សែរយៈជាមួយ ឌឹម តាំងពីពេលនោះរហូតមក។
សកម្មភាព មាញ នៅក្រុងកំពង់សោម និងការដ្ឋានព្រៃក្ដួច
នៅពេលនោះ មាញ បានធ្វើសកម្មភាពបំផ្លាញគ្រាប់រំសេវ របស់អង្គការអស់មួយចំនួនធំ។ លើសពីនេះ មាញ បានអប់រំ និងណែនាំយុវជនឲ្យហាត់រៀនពីរបៀបបាញ់ស៊ីបបានចំនួន៥ដង។ ជាងនេះទៅទៀត មាញ បានបំផ្លាញគ្រាប់ពូជដំណាំអស់មួយចំនួន ថែមទាំងអប់រំកម្លាំងបង្កប់ទុកប្រឆាំងបានចំនួន៣នាក់ ឃោសនាឲ្យធ្វើសកម្មភាពក្បត់ ប្រឆាំងនឹងអង្គការបដិវត្តន៍។
ក្រោយមក អង្គការក៏ដក មាញ ឲ្យមករស់នៅការដ្ឋានព្រៃក្ដួច និងបានធ្វើសកម្មភាពប្រឆាំង នឹងបំផុសឲ្យកើតមានទំនាស់បែកបាក់សាមគ្គីភាពផ្ទៃក្នុង ធ្វើឲ្យរាំងស្ទះដល់ដំណើរការកសាងបដិវត្តន៍ រហូតដល់ប្រជាជនមួយចំនួនមិនអាចទ្រាំរស់នៅបាន ហើយលួចរត់ចេញពីអង្គភាព។ បន្ទាប់មក មាញ អូញទាញ និងបំផុសកម្លាំងបានចំនួន៣នាក់ឲ្យចូលបម្រើក្នុងចលនាប្រឆាំងនឹងបដិវត្តន៍ជាមួយខ្លួនផងដែរ។ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នា១៩៧៨ មាញ ត្រូវបានអង្គការចាប់ខ្លួន៕
អត្ថបទដោយ ជីម សុខគា
[1] ឯកសារ (J០០៦៨៥) តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «អ៊ាក មាញ ៖ឃោសនាឲ្យយុវជនធ្វើសកម្មភាពក្បត់ ប្រឆាំងនឹងអង្គការបដិវត្តន៍»។ បង្ហាញអំពីសកម្មភាព មាញ ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំ ពីឈ្មោះងយ និងអ៊ិត មានតួនាទីគណៈស្រុកកោះអណ្ដែត ។ ការចូលបម្រើបដិវត្តន៍នេះ មាញ បានធ្វើសកម្មភាពឃោសនាឲ្យយុវជនធ្វើសកម្មភាពក្បត់ ប្រឆាំងនឹងអង្គការបដិវត្តន៍។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),៣៩-៤០។
[3] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),០៥-០៦។