សហករណ៍ខ្ញុំលំបាកមធ្យម

នៅក្នុងរបបខ្មែរក្រហមប្រជាជនស្ទើទូទាំងប្រទេសកម្ពុជា សុទ្ធតែលើកឡើងប្រហាក់ប្រហែល គ្នា អំពី ទុក្ខវេទនា ដោយសារសមាជិកគ្រួសារត្រូវបានឲ្យរស់នៅដាច់ដោយឡែកពីគ្នា ការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការងារហួសពីសមត្ថភាពដែលអាចទ្រាំទ្របាន។

ឯក គីមសេន ភេទប្រុស អាយុ៥៨ឆ្នាំ មានបងប្អូន៥នាក់ បច្ចុប្បន្នរស់នៅភូ​មិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គីមសេន បានប្រាប់អំពីសាច់រឿងដែលគាត់ចងចាំពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា១៣ឆ្នាំ។ នៅពេលនោះ គឹមសេនត្រូវបានអង្គការឲ្យរស់នៅ និងធ្វើការបែកពីសមាជិកគ្រួសារ។ ខ្មែរក្រហមបានធ្វើការបែងចែកប្រជាជនឲ្យរស់នៅផ្សេងៗពីគ្នាតាមភេទ និងអាយុ។

គីមសេន បាននិយាយបន្ថែមថា នៅក្នុងរបបខ្មែរក្រហម កុមារៗគ្មានឱកាសទទួលបានការសិក្សាអប់រំទេ ផ្ទុយទៅវិញកុមារៗ ត្រូវជួយធ្វើការងារផ្សេង។ ចំណែកមនុស្សពេញវ័យគឺ ផ្ដោតលើការធ្វើការងារកសិកម្មផ្សេងៗ។ អំឡុងពេលនោះ គីមសេន ស្ថិតនៅក្នុងកងកុមារវ័យជំទង់ អង្គការបានប្រើឲ្យគាត់ លើកភ្លឺស្រែ និងច្រូតស្រូវ ព្រមទាំងកាប់ទន្រ្ទានខែត្រសម្រាប់ធ្វើជី។

ផលវិបាកដែល គីមសេន ជួបប្រទះនៅក្នុងរបបខ្មែរក្រហម​គឺ ការបរិភោគមិនគ្រប់គ្រាន់។ គាត់ត្រូវក្រោកទៅធ្វើការតាំងពីម៉ោង៥ព្រឹក និងឈប់សម្រាកហូបអាហារថ្ងែត្រង់នៅម៉ោង១២។ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួចម៉ោងប្រហែល១រសៀល ត្រូវទៅធ្វើការបន្ត រហូតដល់ម៉ោង៦ល្ងាចទើបបានឈប់សម្រាកហូបអាហារពេលល្ងាច និងពេលយប់ឡើងគាត់ត្រូវធ្វើការងារបន្ថែមទៀត គឺបោកស្រូវ និងបុកស្រូវរហូតដល់ម៉ោង៩យប់ទើបបានសម្រាកពីការងារ។ ​

គីមសេន ធ្លាប់ត្រូវបានអង្គការស្ដីបន្ទោសដោយសារតែគាត់ធ្វើការយឺតមិនដូចអ្វីដែលអង្គការចង់បាន។ គាត់បានបន្ថែមថា នៅក្នុងសហករណ៍ដែលគាត់រស់នៅគឺមិនសូវជាមានការលំបាកខ្លាំងប៉ុន្មានទេ សម្រាប់រូបគាត់ផ្ទាល់គាត់បានគិតថាការពិបាកប៉ុណ្ណោះគឺមធ្យម ប៉ុន្តែតាមអ្វីដែលគាត់ធ្លាប់បានដឹង នៅសហករណ៍ផ្សេង គឺមានការលំបាកខ្លាំង ធ្វើការងារគ្មាន ពេលសម្រាក បរិភោគអាហារមិនគ្រប់គ្រាន់  និងការរស់នៅមានការលំបាក។ ​

នៅក្នុងរបបខ្មែរក្រហម គីមសេន បានបាត់បង់សាច់ញាតិសរុបទាំងអស់ចំនួន៥នាក់ ខាងម្ដាយរបស់គាត់២នាក់ និងខាងឪពុក៣នាក់ ដោយសារអង្គការបានចោទប្រកាន់ថាជាខ្មែរស (នៅក្នុងរបបខ្មែរក្រហម ចាត់ទុកថាជាទាហាន លន់ នល់)។ នៅអំឡុងពេលនោះ ឲ្យតែមានសមាជិកគ្រួសារណាម្នាក់ដែលមានតួនាទី ឬមានឋានៈ​នៅក្នុងរបប លន់ នល់ មិនថាជាអ្នករដ្ឋការ ឬគ្រូបង្រៀននោះទេ គឺខ្មែរក្រហមតាមស្វែងរក និងសម្លាប់ចោលទាំងអស់ សូម្បីតែប្រពន្ធ និងកូនរបស់អ្នកទាំងនោះក៏មិនលើកលែងដែរ។ ជាក់ស្ដែង មានកុមារម្នាក់ឈ្មោះ ឃួន អាយុប្រហែល៦ឆ្នាំ ត្រូវបានអង្គការនាំខ្លួនយកទៅសម្លាប់ចោល បន្ទាប់ពីអង្គការបានសម្លាប់ម្ដាយរបស់ ឃួន រួច។ មូលហេតុដែលអង្គការនាំយកម្ដាយរបស់ ឃួន ទៅសម្លាប់ដោយសារតែមានជាប់ខ្សែស្រឡាយជាមួយនឹងជនជាតិវៀតណាម។ កងឈ្លបបានទៅជួបជាមួយនឹង គីមសេន ហើយបានសួររក ឃួន ដើម្បីនាំខ្លួនទៅ​ ដោយប្រាប់ហេតុផលថា ផ្លាស់ទីទៅកន្លែងថ្មីដែលអង្គការបានរៀបចំឲ្យ។

នៅឆ្នាំ១៩៧៨ ចាប់ផ្ដើមមានចលនាប្រឆាំងជាមួយយោធា ខ្មែរក្រហម ក្រៅពីនោះក៏មានទាហានរបស់វៀតណាមបានចូលមកកាន់ទឹកដីកម្ពុជាដើម្បីវាយផ្ដួលរំលំរបបខ្មែរក្រហម។ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ គីមសេន បានត្រឡប់មករស់នៅជួបជុំជាមួយនឹងគ្រួសារ វិញរហូតមកដល់សព្វថ្ងៃ៕

សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន ២៩/០១/២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ២/១២/២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin