កងចល័ត លើកទំនប់ និងជីកប្រឡាយ

(តាកែវ) ៖ អែក គុំ ភេទស្រី មានអាយុ៦៩ឆ្នាំ មានទីលំនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងរបបខ្មែរក្រហមគាត់ត្រូវបានអង្គការជ្រើសរើសឲ្យធ្វើជាកងចល័ត ឲ្យជីកព្រែក ជីកប្រឡាយ ព្រមទាំងមានការងារផ្សេងៗទៀត។ គាត់បាននិយាយថា អង្គការបានជម្លៀសគាត់ទៅស្ទើរតែគ្រប់ទីកន្លែង ដោយឲ្យគាត់ធ្វើការងារជាកងដឹកជញ្ជូនស្រូវតាមឡាន។ ចំពោះរបបអាហារដែលគាត់ទទួលបាន គឺមានត្រឹមតែបបររាវលាយជាមួយនឹងសម្លត្រកួន ដោយក្នុងមួយថ្ងៃហូបពីរពេល គឺម៉ោង១២ថ្ងៃត្រង់ហូបម្ដង និងល្ងាចម៉ោងប្រាំមួយហូបម្ដងទៀត។ ម៉ោងប្រាំមួយព្រឹកត្រូវចេញធ្វើការ ម៉ោងដប់ពីរថ្ងៃត្រង់ទើបបានសម្រាកហូបបបរ។

គាត់បានបន្ថែមថា នៅពេលដែលដើរជាមួយកងដឹកជញ្ជូនស្រូវទើបទទួលបានបាយហូប ព្រោះការងារនោះត្រូវប្រើកម្លាំងខ្លាំង។ ខ្មែរក្រហមឲ្យហូបបាយដើម្បីឲ្យមានកម្លាំងលើកបាវស្រូវ ។ គាត់បាននិយាយថា នៅពេលដែលគណៈកងយកទៅណា ក៏គាត់ទៅដែរ ព្រោះគាត់ជាសមាជិក ប្រសិនជាមិនទៅតាមគណៈកងទេ គាត់នឹងមានបញ្ហា។ នៅពេលមួយគាត់បានផ្លាស់ទៅនៅអន្លង់ភ្ញៀវ ដែលនៅទីនោះអង្គការបានឲ្យគាត់ដាំបន្លែ និងដំណាំផ្សេងៗទៀត។ នៅពេលយប់ឡើងគាត់បាននិយាយថា គាត់ខ្លាចសត្វខ្លាណាស់ ព្រោះនៅតំបន់នោះមានព្រៃច្រើន។

នៅអំឡុងឆ្នាំ១៩៧៧ គាត់បានរត់ចេញពីតំបន់នោះមករស់នៅក្នុងតំបន់ស្វាយពារវិញ។ បន្ទាប់ពីបានត្រឡប់មករស់នៅតំបន់នោះវិញ អង្គការបានឲ្យគាត់ទៅស្ទូងស្រូវនៅតំបន់យាផ្អើ ដែលនៅទីនោះមានឈ្លើងច្រើនគួរឲ្យខ្លាច។ គាត់ក៏បានបន្ថែមទៀតថា នៅពេលដែលគាត់រស់នៅតំបន់ទួលលង្ការ នៅខែទឹកឡើងអង្គការឲ្យគាត់ទៅបោចស្មៅ។ ព្រលឹមឡើងគាត់ចុះបោចស្មៅ រហូតដល់ម៉ោង១២ ទើបបានឡើងមកហូបអាហារ។

អែក គុំ បាននិយាយថា នៅពេលនោះលំបាកវេទនាណាស់ ព្រោះគ្មានអាហារហូបគ្រប់គ្រាន់នោះទេ ដោយពេលខ្លះគាត់ហូបតែពោតឆៅ នៅពេលវេនយាមពេលយប់ឡើង។ ដោយខ្លាចថាមានចោរ ឬខ្មាំងចូលមកទើបបានជាខ្មែរក្រហម ចាត់ឲ្យមានការយាមពេលយប់ឡើងដូច្នេះ គាត់ក៏បានលួចបេះពោតដែលនៅក្នុងចម្ការនោះហូប។

គាត់ក៏បានបន្តទៀតថា គាត់បានឃើញអង្គការវាយធ្វើបាបប្រជាជនដោយផ្ទាល់ភ្នែករបស់គាត់។ ទាហានខ្មែរក្រហមបានចាប់កងសេនាជនមកដាក់នៅក្នុងទីស្នាក់ការរបស់ខ្លួន ហើយវាយធ្វើបាបជាខ្លាំង។ ប្រជាជនខ្លះដំបៅខ្នង ខ្លះទៀតទ្រាំនឹងការធ្វើទារុណកម្មនោះមិនបាន ក៏ចងកសម្លាប់ខ្លួនក៏មាន។ នៅពេលស្លាប់ អង្គការបានយកសាកសពនោះទៅកប់នៅព្រៃក្ដួច និងនៅជិតដើមចេកទឹក ហើយដើមចេកនោះគឺល្អខ្លាំងណាស់ដោយសារតែទទួលបានជីវជាតិពីសាកសពមនុស្ស៕

សម្ភាសន៍ដោយ ជា សុភក្ដិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នា២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin