មិនមានពាក្យថាហត់
(កំពង់ឆ្នាំង)៖ ឯក សយ សព្វថ្ងៃរស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ដំណើរជីវិតរបស់លោកយាយមិនខុសគ្នាទៅនឹងដំណើរជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរាប់លាននាក់ផ្សេងទៀតនោះទេ។
ការហូបចុកមិនគ្រប់គា្រន់ ធ្វើការធ្ងន់ៗ ដូចជា រែកដី កាប់ភ្លឺស្រែ ប្រឡាយ ស្ទូង រហូតដល់ម៉ោង ៧ យប់។ បន្ទាប់មកមេកងតម្រូវឲ្យ កាប់ចិញ្រ្ចំទន្រ្ទានខែត្រទាំងកូនខី្ច។ ការហូបចុកមិនគ្រប់គ្រាន់ បានបណ្តាលឲ្យកុមារតូចៗចំនួន ៤ ទៅ ៥ នាក់បាត់បង់ជីវិតក្នុងមួយថ្ងៃ។ បបរត្រូវបានលាយជាមួយមើមប្រង់ ដើមចេក ដែលគេកិន សម្រាប់បរិភោគតែមួយនាក់មួយវែក ឬពីរវែកតែប៉ុណ្ណោះសម្រាប់អ្នកដែលមានកូន។ អាហារទាំងនោះគ្មានជីវជាតិ និងសារធាតុចិញ្ចឹមសម្រាប់រាងកាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ បណ្ដាលឲ្យកុមារតូចៗ ហើមជើង ហើមដៃ គ្រុនញាក់ដែលស្ទើរបាត់បង់ជីវិត។
លោកយាយនឹងក្រុមគ្រួសារត្រូវបានជម្លៀសទៅស្រុកកំណើតរបស់ខ្លួន រហូតទៅដល់ស្រុកក្រគរ អង្ករដែលទុកសម្រាប់ហូបតាមផ្លូវតម្រូវឲ្យដាក់ចូលជាសមូហភាព។ ការធ្វើដំណើរដោយគ្មានការបរិភោគគ្រប់គ្រាន់ក្រោមកំដៅថ្ងៃ លោកយាយត្រូវពិបាកស៊ូទ្រាំ ក្នុងការថែរក្សាកូនដែលទើបតែនិងកើត។ សាកសពតាមដងផ្លូវ ទារកដែលត្រូវបោះបង់ចោល និងការបានដឹងលឺពីការសម្លាប់ផ្សេងៗដែលចាំមិនភ្លេច ត្រូវបានកើតឡើងនៅសម័យខ្មែរក្រហម។ ការមិនប្រកែក មិនតមាត់ មិនមានពាក្យថា ហត់ ឬល្វើយ គឺជាការរំលោភលើសិទ្ធសេរីភាពយ៉ាងធ្ងន់ធ្ងរនាសម័យនោះ។ ជាងនេះទៅទៀតការព្រាត់ប្រាស់គ្រួសារ ដោយការសម្លាប់ និងមិនឲ្យជួប ឬ មួយឆ្នាំបានតែម្តងចំពោះលោកយាយផ្ទាល់ គឺជាអំពើអមនុស្សធម៌ និងឧក្រិដ្ឋកម្មដែលត្រូវបានកាត់ទោសដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
សម័យកម្ពុជាប្រជាធិបតេយ្យបានបន្សល់របួសស្នាមផ្លូវចិត្ត និង ផ្លូវកាយដល់ជនរួមជាតិខ្មែរ ក្នុងរបបប្រល័យពូជសាសន៍ ដែលកម្រមានក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ រយៈពេល ៣ ឆ្នាំ ៨ ខែ របបនេះបាន ផ្តាច់ជីវិតមនុស្សជាង ២ លាននាក់ និង ៥ លាននាក់បានរស់រានមានជីវិត។ មជ្ឈមណ្ឌលឯកសារកម្ពុជាមានធ្វើការយ៉ាងសកម្មក្នុងការកត់ត្រាទុកនូវប្រវត្តិសាស្រ្តទាំងនេះតាមរយៈសាក្សីរស់ក្នុងនោះក៏មានលោកយាយ ឯក សយ មួយរូបដែរ៕
សម្ភាសន៍ដោយ បឿន ស្រីនិច ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២២
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣