អែល យ៉េប៖ ម៉ាន ហៅ តាបី ជាគណៈឃុំស្វាយជ្រះ ត្រូវបានខ្មែរក្រហមសម្លាប់ដោយកាប់ជាបីកំណាត់

នៅចុងឆ្នាំ១៩៧៨ អែល យ៉េប ហៅ ឡោះ តយ៉េប បានឃើញកម្មាភិបាលមួយចំនួនត្រូវបានអង្គការ សម្លាប់។ គណៈឃុំស្វាយជ្រះឈ្មោះតាបី ជាជនជាតិចាមហៅម៉ាន ត្រូវបានខ្មែរក្រហមសម្លាប់ដោយ កាប់ជាបីកំណាត់រួចយកទៅបង្ហាញប្រាប់ប្រជាជនថាជាជនក្បត់ «ក្បាលយួនខ្លួនខ្មែរ»។ ខាងក្រោមនេះជាសាច់រឿងរបស់ អែល យ៉េប ហៅ ឡោះ តយ៉េប៖
ខ្ញុំឈ្មោះ អែល យ៉េប[1] ហៅ ឡោះ តយ៉េប ភេទប្រុស អាយុ៦៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម មានទីកន្លែងកំណើតនៅភូមិពោធិ៍ឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិស្លាភ្នំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះឡោះ(ស្លាប់) និងម្ដាយឈ្មោះ ជះ(ស្លាប់)។ កាលពីតូចខ្ញុំនៅជាមួយតាឈ្មោះ តុល និងយាយឈ្មោះ ប៉ះ។ តា និងយាយចិញ្ចឹមបីបាច់ថែរក្សាខ្ញុំរហូតដល់ធំ ហើយខ្ញុំមិនធ្លាប់បានឃើញមុខឪពុកម្ដាយទេដោយគាត់បានស្លាប់តាំងពីខ្ញុំនៅក្មេង។ បច្ចុប្បន្ន ខ្ញុំមានកូនចំនួន៣នាក់។
កាលពីកុមារភាពខ្ញុំមិនបានសិក្សារៀនសូត្រទេ។ ខ្ញុំរស់នៅជាមួយយាយតា និងជួយគាត់ធ្វើស្រែចម្ការ។ នៅពេលរដ្ឋប្រហារឆ្នាំ១៩៧០ ខ្ញុំមានអាយុ១២ឆ្នាំ នៅក្នុងភូមិពោធិ៍ឥន្ទ ចាប់ផ្ដើមឮសេចក្ដីប្រកាសតៗគ្នាថា ត្រូវនាំគ្នាទៅធ្វើបាតុកម្ម។ ខ្ញុំបានឮប្រជាជននាំគ្នាស្រែកថា «ជយោសម្ដេចឪ! អ្នកណាមិនទៅកាប់ចោល»។ ប្រជាជននាំគ្នាកាន់ដំបង, កាំបិត និងពូថៅ ដើម្បីទៅធ្វើបាតុកម្មនៅមុខមន្ទីរស្រុក និងវត្តកោងកាង។ ខ្ញុំបានទៅ ចូលរួមធ្វើបាតុកម្មជាមួយអ៊ំប្រុសខ្ញុំ ឈ្មោះម៉ៅ។ អ៊ំម៉ៅ បានអៀវខ្ញុំ ទៅដល់មន្ទីរស្រុកពញាក្រែក។ ខ្ញុំបានឃើញ ប្រជាជនជាច្រើននៅជុំគ្នានៅមុខមន្ទីរស្រុកនាំគ្នាទៅធ្វើបាតុកម្មប្រឆាំងជាមួយទាហាន លន់ នល់ ដែលមានកាំភ្លើង។ នៅពេលប្រជាជនសម្រុកមកធ្វើបាតុកម្មច្រើនទាហាន លន់ នល់ បាញ់កាំភ្លើងទប់ស្កាត់បានបណ្តាលឲ្យប្រជាជនរងរបួស និងស្លាប់ជាច្រើន។ អំឡុងពេលនោះក៏មានយន្តហោះចំនួន៣គ្រឿងបានហោះមកបាញ់ទប់ស្កាត់ ដើម្បីកុំឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម។ ប្រជាជននៅភូមិពោធិ៍ឥន្ទ ឈ្មោះតាគេះ បានរងរបួសកំភួនជើងដោយសារតែត្រូវគ្រាប់កំាភ្លើងពីយន្តហោះ។ ក្រោយមកដោយសារតែរបួស ជើងតាគេះត្រូវកាត់នៅសល់ត្រឹមភ្លៅ។ ខ្ញុំ ទៅចូលរួមធ្វើបាតុកម្មបានមួយព្រឹកក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ។ នៅក្នុងភូមិពោធិ៍ឥន្ទប្រជាជនរស់នៅប្រកបមុខរបរធ្វើស្រែចម្ការធម្មតា។ គ្រួសារខ្ញុំ ធ្វើស្រែ និងធ្វើចម្ការហើយនៅចម្ការគ្រួសារខ្ញុំមាន ដាំពោត, សណ្ដែក និងចេកទុកហូបខ្លួនឯង។
រំលងបានប្រហែលជាកន្លះឆ្នាំខ្ញុំឃើញមានទាហាន លន់ នល់ និងកងទ័ពធីវគី ចូលដល់ក្នុងភូមិពោធិ៍ឥន្ទចាប់មាន់ និងទាប្រជាជន។ កងទ័ពវៀតកុងសហការណ៍ជាមួយយោធាខ្មែរក្រហម។ វៀតកុងមិនបានធ្វើបាបនិងចាប់មាន់ និងទាប្រជាជនទេ។ ពេលវៀតកុងចូលមកក្នុងភូមិពោធិ៍ឥន្ទតែងតែបំផុសឲ្យប្រជាជនស្ម័គ្រចិត្តចូលធ្វើជាកងកម្លាំងវាយបកប្រឆាំងជាមួយ ទាហាន លន់ នល់។ តាមខ្ញុំដឹងអាមេរិកមានបន្ទាយមួយនៅម្ដុំផ្សារស្ទឹង ក្នុងភូមិ ស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក។ ខ្ញុំធ្លាប់ឃើញកងទ័ពអាមេរិកដើរជាក្រុមៗហើយមានរថក្រោះច្រើន។ ពេលអាមេរិកទម្លាក់គ្រាប់បែកមានប្រជាជនស្លាប់ និងរងរបួសច្រើននាក់។ នៅតាមផ្ទះប្រជាជននីមួយៗ តែងតែមានជីករណ្ដៅលេណដ្ឋានពីរទៅបីរណ្ដៅសម្រាប់ទុកលាក់ខ្លួន។ រណ្ដៅលេណដ្ឋាននេះមានប្រជាជន ខ្លះជីកនៅក្រោមផ្ទះ។ រណ្ដៅលេណដ្ឋានគ្រួសារខ្ញុំជីកមានជម្រៅលិចក្បាល រួចកាត់កូនឈើមក, មែកឈើ និងដាក់ដីពីលើដោយទុកទ្វាពីរ សម្រាប់ចេញ-ចូល។ នៅក្នុងរណ្ដៅលេណដ្ឋានគ្រួសារខ្ញុំយកកន្ទេល និងភួយទុកសម្រាប់កា្រលដេក។ ពេលយប់ខ្ញុំនៅក្នុងរណ្ដៅលេណដ្ឋាន ពេលថ្ងៃខ្ញុំចេញមកនៅផ្ទះ។ អំឡុងពេលអាមេរិកទម្លាក់គ្រាប់បែកប្រជាជនរស់នៅក្នុងស្ថានភាពភ័យខ្លាច ប៉ុន្តែប្រជាជនអាចឆ្លៀតទៅធ្វើស្រែចម្ការបាន។ គ្រួសារមានអាហារហូបចុកគ្រប់គ្រាន់។
នៅពេលអាមេរិកដកទ័ពទៅវិញនៅក្នុងភូមិពោធិ៍ឥន្ទចាប់ផ្ដើមរៀបចំជាសហករណ៍កម្រិតទាប។ ប្រជាជននៅក្នុងភូមិចាប់ផ្ដើមធ្វើស្រែចម្ការប្រវាស់ដៃគ្នា។ អំឡុងពេលនោះការហូបចុកបានគ្រប់គ្រាន់។ ខ្ញុំបានចូលធ្វើជាឈ្លបភូមិពោធិ៍ឥន្ទជាមួយសមាជិក៣នាក់។ខ្ញុំមានតួនាទីយាមនៅតាមភូមិ និងចាប់ពួកនាយទុនដែលមកលក់ពងមាន់ និងពងទាហើយពេលខ្ញុំចាប់បាន ត្រូវឃ្លុំមុខរួចបញ្ជូនទៅសហករណ៍ ចំណែកពងមាន់ពងទា ត្រូវយកទុកហូបក្នុងសហករណ៍។ កាលនោះខ្ញុំធ្វើកាំភ្លើងឈើយកធ្យូងមកលាបដើម្បីឲ្យប្រជាជនខ្លាច។
នៅក្នុងខែមេសា ឆ្នាំ១៩៧៥ អង្គការជម្លៀសខ្ញុំទៅភូមិគោកកំបោរ ខេត្តក្រចេះ។ អង្គការចាត់តាំងខ្ញុំ ឲ្យចូលកម្លាំងពេញវ័យមានតួនាទីដឹកទឹកយកទៅដាក់ក្នុងសហករណ៍សម្រាប់ឲ្យចុងភៅប្រើប្រាស់ផ្គត់ផ្គង់ក្នុងផ្ទះបាយ។ ក្រោយពីដឹកទឹករួច ខ្ញុំត្រូវទៅមើលគោ។ អំឡុងពេលនោះខ្ញុំនៅជាមួយលោកតា និងលោកយាយ។ អង្គការចាត់តាំងឲ្យយាយខ្ញុំមើលកុមារតូចៗ ដើម្បីឲ្យឪពុកម្ដាយកុមារទាំងនោះទៅធ្វើការងារតាមសហករណ៍។ ចំណែកលោកតាខ្ញុំត្រូវអង្គការចាត់តាំងវេញខ្សែគោសម្រាប់ប្រើប្រាស់។ អាហារហូបចុកខ្ញុំត្រូវហូបបបរលាយ ជាមួយពោត និងបន្លែចម្រុះ។ អាហារត្រូវវាល់បែងចែកតាមរបប។ ខ្ញុំនៅភូមិគោកកំបោរបានរយៈពេល៦ខែ ត្រូវជម្លៀសទៅនៅស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំត្រូវបានអង្គការចាត់តាំង ឲ្យធ្វើជាកងឈ្លបស្រុកស្នួល។ កងឈ្លបស្រុកស្នួលមាន១០០នាក់ ក្រុមនារីមានចំនួន៥០នាក់ និងបុរស៥០នាក់។ អង្គការចាត់តាំងខ្ញុំឲ្យទៅប្រចាំការនៅភូមិម្លិច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ នៅពេលថ្ងៃខ្ញុំមានតួនាទីដើរមើលប្រជាជនធ្វើការងារ, ដក, ស្ទូង និងជីកប្រឡាយ។ ពេលប្រលប់ខ្ញុំត្រូវធ្វើ ការងារសង្គមនិយម លុះពេលយប់ខ្ញុំត្រូវប្រចាំការយាម។ ពេលនោះខ្ញុំកាន់កាំភ្លើងអាសេកាសេ។ អំឡុងពេល នោះខ្ញុំសង្កេតឃើញថាមានប្រជាជនស្លាប់ច្រើនដោយសារគ្មានអាហារហូបចុកគ្រប់គ្រាន់។ ប្រជាជនភាគច្រើន មកពីស្រុកត្រមូង និងស្រុកមេមត់។
នៅក្នុងមួយសប្តាហ៍ខ្ញុំត្រូវប្រជុំតិទៀន និងកសាងម្ដង។ ក្នុងកិច្ចប្រជុំនោះត្រូវ និយាយលើកពីគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីកែតម្រូវគ្នាទៅវិញទៅមក។ ជារៀងរាល់ឆ្នាំអង្គការតែងតែធ្វើ បុណ្យកំណើតបក្សនៅខែមេសា។ ថ្ងៃបុណ្យកំណើតបក្សអង្គការចាក់ចម្រៀងឲ្យស្ដាប់ និងបានហូបបាយមួយ ថ្ងៃ។ ខ្ញុំធ្វើកងឈ្លបស្រុកបានរយពេល១ឆ្នាំ។ ខ្ញុំធ្លាប់ចាប់ប្រជានដែលធ្វើខុសបញ្ជូនទៅមន្ទីរសន្តិសុខរោង ម៉ាស៊ីនស្វាយជ្រះ។ អ្នកទោសនោះមិនធ្ងន់ធ្ងរទេ គឺលួចដំឡូង លួចអង្ករ និងកន្ទក់នៅរោងម៉ាស៊ីន។ ខ្ញុំនៅស្វាយជ្រះមិនដែលទទួលដំណឹងពីលោកតាលោកយាយខ្ញុំទេ។
នៅចុងឆ្នាំ១៩៧៨ ខ្ញុំបានឃើញកម្មាភិបាលមួយចំនួនត្រូវបានអង្គការបញ្ជូនទៅសម្លាប់ចោល។ កាលនោះគណៈឃុំស្វាយជ្រះ ឈ្មោះតាជា ជនជាតិចាមមានឈ្មោះដើមថាម៉ាន ត្រូវបានអង្គការកាប់ជាបី កំណាត់ រួចបង្ហាញប្រជាជនថាជាជនក្បត់ «ក្បាលយួនខ្លួនខ្មែរ»។ កូនចៅ សាច់ញាតិតាម៉ាន ចំនួ១៥០នាក់ ត្រូវបានអង្គការសម្លាប់នៅសល់តែ៥០នាក់ទេ។ ខ្ញុំភ័យពេកបាននាំគ្នារត់ចូល ព្រៃនៅភ្នំ៥០០០។ នៅពេលនោះបងប្អូន ខ្មែរ-អ៊ីស្លាម ពិបាកណាស់ អង្គការហាមមិនឲ្យពាក់ក្រម៉ា មិនឲ្យគោរពសាសនា និងបង្ខំឲ្យហូបសាច់ជ្រូក។ ខ្ញុំចេះតែបង្ខំចិត្តហូប ព្រោះខ្លាចអង្គការសម្លាប់។
ពេលចេញមកពីក្នុងព្រៃខ្ញុំធ្វើទ័ព ០៩ គឺកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក ហេង សំរិន លោកជា ស៊ីម និងលោកហ៊ុនសែន។ ខ្ញុំបានចាប់ដៃគ្នាជាមួយទ័ព០៩នៅព្រៃបាក់នឹមស្ថិតភូមិម្លិច ដើម្បីវាយបកជាមួយខ្មែរក្រហមវិញ។ ពេលវាយបែកភ្នំពេញ ខ្ញុំបានសុំច្បាប់មករកលោកតាលោកយាយ។ ខ្ញុំបានជួបជុំតាយាយនៅស្រុកសំបូរ ខេត្តក្រចេះ រួចបានធ្វើដំណើរទៅស្រុកកំណើតវិញ។ ខ្ញុំធ្វើជាប្រជាជនធម្មតាប្រកបមុខរបរធ្វើស្រែចម្ការ។
នៅឆ្នាំ១៩៨០ខ្ញុំបានរៀបការមានប្រពន្ធ។ នៅឆ្នាំ១៩៨២ ខ្ញុំបានជាប់កំណែនផែនការ «ក៥» វាយជាមួយខ្មែរក្រហមនៅស្រុកចំការលើ។ លុះដល់សម្ដេចបង្កើតគោលនយោបាយឈ្នះឈ្នះ ទើប ខ្មែរក្រហមចុះចូលជាមួយរាជរដ្ឋាភិបាល។
នៅឆ្នាំ១៩៨៣ ខ្ញុំមករស់នៅភូមិស្លាភ្នំ ធ្វើជាកម្មករជៀរជ័រកៅស៊ូរដ្ឋ។ ក្រោយពេលរបបខ្មែរក្រហមត្រូវបានបញ្ចប់ រឿងរ៉ាវដែលខ្ញុំចាំមិនអាចបំភ្លេចបាននោះគឺ «អង្គការបង្ខំឲ្យហូបសាច់ជ្រូក និងជីវិតដែលធ្វើជាកងឈ្លបត្រូវធ្វើតាមបទបញ្ជារបស់អង្គការទាំងចិត្តមិនចង់»។
អត្ថបទដោយ វី ស៊ីថា
[1] មជ្ឈមណ្ឌលឯកសារកោះថ្ម , សម្ភាសន៍ដោយ វី ស៊ីថា ជាមួយ អែល យ៉េប ហៅ ឡោះ តយ៉េប ធ្លាប់ជាកងឈ្លបក្នុងរបបខ្មែរក្រហម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។