អែម សេង៖ ខ្ញុំជឿលើការមិនប្រមាថ

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

អែម សេង  ភេទប្រុស  កើតនៅក្នុងឆ្នាំ​១៩៥៧ នៅខេត្ដក្រចេះ។ បច្ចុប្បន្ន សេង រស់​​​​​នៅភូមិអូររុន  ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។

សេង បាននិយាយអំពី​រឿងរ៉ាវផ្ទាល់ខ្លួន​ជាមួយ​ចលនាតស៊ូ​ខ្មែរក្រហម​ថា៖ «នៅក្នុងឆ្នាំ​១៩៧២ ខ្ញុំ​មាន​​អាយុ​១៦ឆ្នាំ។ ខ្ញុំ​បាន​ចូលព្រៃម៉ាគី ​តប​តាមការ​អំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលត្រូវ​បាន​ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នាថ្ងៃទី​១៨ ខែ​មីនា​​ ឆ្នាំ​១៩៧០។ ខ្ញុំ​បាន​ចូលបម្រើ​ការ​នៅក្នុង​មន្ទីរ​របស់​​ខេត្ត រយៈពេលមួយឬពីរឆ្នាំ។ បន្ទាប់​មក ខ្ញុំ​ក៏​ទទួល​​បាន​​ការ​​បំពាក់អាវុធ និង​ចូលសមរភូមិបណ្តើរៗ។​

នៅក្នុងឆ្នាំ​១៩៧៥ តំបន់ក្រចេះត្រូវ​បាន​រំដោះ ហើយ​មន្ទីរអង្គភាពផ្សេងៗ​ត្រូវ​បាន​រៀបចំឡើង។ អង្គភាពរបស់ខ្ញុំ​បាន​ទទួលភារកិច្ច​ប្រចាំ​ការ​នៅ​ក្នុង​តំបន់​ស្វយ័ត​​​ក្រចេះ។ ​នៅចន្លោះ​​ឆ្នាំ​១៩៧៦ និង​ឆ្នាំ​១៩៧៧ ការ​ប៉ះ​ទង្គិច​ជាមួយ​វៀតណាម​ចាប់​ផ្តើម​កើត​ឡើងដែរ។ អង្គភាពជាច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រំ​ដែន ហើយ​​កងពល៤១៧ ដែល​ជា​អង្គភាពរបស់ខ្ញុំ ក៏​​បាន​ឈរ​ជើងនៅ​តាម​ផ្លូវ​លេខ​១៣​ ដែលជាផ្លូវ​ឆ្ពោះ​ទៅ​​ព្រំ​ដែន​​វៀតណាម។ ​

នៅក្រោយ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​បន្តបម្រើការជាកងទ័ពខ្មែរក្រហមនៅតាម​ព្រំដែន​ និង​នៅតាម​ខេត្ត​មួយចំនួន​ដែរ។ នៅគ្រប់ទីកន្លែងដែលខ្ញុំ​បាន​ចូលដល់​និង​ធ្វើសកម្មភាព​ ខ្ញុំ​តែងតែ​ចូល​ជម្រាប​អ្នក​ស្រុក​នៅ​តាម​​ផ្ទះ​របស់​គាត់​​ជាមុន​ថា៖«អ៊ំពូ​មីង សូមសុខ សូមរស់ផង។ ពេលគាត់ឃើញម្រាមដៃដប់ ក៏​អត់​ធ្វើ​អី​យើង​កើត​ទេ»។ ខ្ញុំ​បាន​ដឹង​ខ្លះ​ថា​ មេអង្គភាពមួយចំនួន​ក៏មាន​ទំនាក់ទំនង​ និង​សហការ​ជាមួយ​ឈ្លប​ខាង​រដ្ឋាភិបាល​​ដែរ ដើម្បី​ចេញ​ចូល​ភូមិ​ឋាន​របស់អ្នកស្រុក។ ឧទាហរណ៍​ ក្រុម​របស់ខ្ញុំ​​ផ្ទាល់​​ប្រាប់ជាមុនថាត្រូវ​​ចូល​ភូមិនេះ នៅ​​ក្នុង​យប់​នេះ។ ការធ្វើបែបនេះអាចទប់ស្កាត់ការភ្ញាក់ផ្អើល ដែលនាំឲ្យ​ប៉ះ​ទង្គិច​គ្នា​ជាយ​ថា​ហេតុ​​ផ្នែក​ប្រដាប់​​អាវុធ​ និង​​អាច​​ប៉ះពាល់ដល់​អាយុ​​ជីវិត​ប្រជាជន​នៅក្នុងភូមិ។​

នៅក្នុង​អំឡុងពេលនោះ ខ្ញុំនៅចងចាំបាន​ថា ខ្ញុំ​ធ្លាប់​​បាន​ស្តាប់វិទ្យុ ដែលចាក់ផ្សាយ​កម្មវិធី​«សំឡេង​អំពាវ​នាវមាតុភូមិ»។ ខ្ញុំ​ស្រក់ទឹកភ្នែក ដោយសារ​តែសំឡេងផ្លុំស្នែងនិងទ្រ​យ៉ាង​លន្លង់លន្លោច​របស់​កម្ម​វិធីវិទ្យុនេះ។ ខ្លឹមសារ​នៃ​ការ​អំពាវនាវនេះ​នាំឲ្យ​ខ្ញុំ​​នឹករឭកយ៉ាងខ្លាំងដល់​ឪពុកម្តាយ ខណៈ​ដែល​ការ​រស់​នៅ​ក្នុង​​ព្រៃជួបប្រទះ​នូវការ​​លំបាក ទាក់​ទង​នឹង​​ការ​ហូបចុកនិងការ​ស្នាក់​នៅ។ ​ការ​ប្រយុទ្ធគ្នា​នៅលើ​សមរភូមិ​បាន​​បន្ត​មិន​ចេះ​ចប់ ​​មិន​ចេះ​ហើយ​សោះ។

ប៉ុន្តែខ្ញុំ​​សម្រេច​​ចិត្ត​​មិន​ដាច់​សោះ។​ ខ្ញុំ​និយាយមួយមាត់ថា ខ្ញុំអត់ហ៊ាន​ត្រឡប់​ចូល​ជាមួយ​រដ្ឋា​ភិ​បាល​​ទេ​នៅ​ពេលនោះ ដោយសារ​តែ​មាន​​ការ​ឃោសនាថាប្រាកដជាស្លាប់។ ខ្ញុំ​ហាក់ដូចជា​អត់​មើល​ឃើញ​ពន្លឺ​ណាមួយ​ ដែលថាខ្ញុំ​នឹង​អាច​រស់​រាន​​មាន​​ជីវិតទេ។

ដូច្នេះហើយ​​ ខ្ញុំ​ត្រូវ​តែបន្ត​បម្រើក្នុងជួរកងទ័ពខ្មែរក្រហម នៅ​ក្នុង​កងពល៤១៧ ដែលផ្តោត​លើ​សមរ​ភូមិ​ទាំង​ឡាយនៅក្នុង​ខេត្ត​កំពង់​ចាម ព្រមទាំង​​ស្រុកបារាយ និង​ស្រុក​សន្ទុក​នៃ​ខេត្ត​កំពង់​ធំ។ ​កង​កម្លាំង​ខ្មែរ​ក្រហម​​​បាន​​បែងចែកកម្លាំង​នៅតាម​គោល​ដៅ ដើម្បី​​ធ្វើ​សកម្ម​ភាពសង្គ្រាម​ឈ្លបនៅតាម​ស្រុក និង​ឃុំ។ ឧទា​ហរ​ណ៍ កង​កម្លាំង​ខ្មែរ​ក្រហម​​១៥នាក់ ឬ២០នាក់​ធ្វើ​សកម្មភាព​នៅ​ក្នុង​​ស្រុកមួយ ឬ​ឃុំចំនួន​ពីរ​នៃ​ស្រុក​​មួយ​​​ជាដើម។​

យុទ្ធសាស្ត្រ​សង្គ្រាម​ឈ្លបនេះទាមទារនូវការ​ប្រយ័ត្នប្រយែងខ្ពស់ លាក់ការ​ណ៍ ចល័តយ៉ាងរហ័ស​និង​​មិន​​ត្រូវបន្សល់​ដាន ដែលនាំឲ្យ​មាន​ការ​តាម​ប្រមាញ់ក្រុម​តូចៗរបស់យើងឡើយ។ ទាក់ទងនឹង​របៀប​នៃ​ការ​​ដើរឆ្លងកាត់​ភូមិសាស្ត្រ​ណាមួយ សមាជិកក្រុម​ចំ​នួន​៧ឬ១៥នាក់​ត្រូវដោះស្បែកជើង ដើម្បី​បន្លំ​ដាន​ជើង ដែល​មាន​សណ្ឋានដូចដានជើងអ្នកស្រុកដែរ នៅពេលដែលយើងដើរ​ឆ្លងកាត់ផ្លូវដី។ បន្ទាប់មក​ យើង​អាច​​ពាក់​ស្បែក​ជើង​វិញ។ ម្យ៉ាង​ទៀត យើង​តែង​តែ​ប្រើស្លឹកចេកឬវល្លិ៍ ដើម្បី​លុប​ដាន​ជើង​របស់​យើង​នៅ​លើ​ផ្លូវ​ដីនោះ​ នៅ​ពេល​​ដែល​​យើង​ធ្វើ​ដំណើរ​នៅ​ក្បែរៗ​​ភូមិ។​ ចំណែកឯការឆ្លងកាត់អូរវិញ ក្រុម​របស់​យើង​ត្រូវ​ដើរ​តាមបណ្តោ​យ​អូរ ដោយ​លុយទឹកត្រឹម​ជង្គង់។ យើង​ត្រូវ​ដើរឲ្យ​បានចម្ងាយ​១០០ម៉ែត្រ ទៅ​២០០​ម៉ែត្រ​សិន មុន​នឹង​គេច​​ឡើង​គោក​វិញ។ ក្រុម​តូចៗ​របស់ខ្ញុំ​ស្ថិតនៅចម្ងាយប្រមាណជា​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ភូមិ​អ្នកស្រុក ដែល​ខ្ញុំ​​អាច​ស្តាប់​ឭ​មាន់​រងាវ និង​ទទួលព័ត៌មាន​ពីប្រជាជនជាប្រចាំ។​

ក្រុម​នីមួយៗ​ត្រូវ​ម្ចាស់ការដោយ​ខ្លួន​ឯងអំពីស្បៀងអាហារ ថ្នាំពេទ្យ និង​សេដ្ឋ​កិច្ច​ជាដើម។ ក្រុម​ខ្ញុំ​ក៏បាន​ទទួល​លុយ​ខ្លះ និង​មាសសន្លឹកសញ្ញារូបចាបដែលមានទម្ងន់​៤ជីក្នុងមួយសន្លឹក ដើម្បី​ទិញ​​ស្បៀង​អាហារ។ ប៉ុន្តែ បើខ្វះខាត យើងត្រូវចេះសុំអ្នកស្រុកបន្ថែម។ ជាក់ស្តែង ខ្ញុំ​បាន​លើកដៃសំពះសុំ​ប្រជាជន​នៅ​តាម​ភូមិ​ស្រុកផ្សេងៗ។ ខ្ញុំ​មិន​គាំទ្រទេ ដែល​អ្នកខ្លះឬក្រុមប្រដាប់​អាវុធ​​ខ្លះ​​មាន​គំនិតឆក់ប្លន់​ប្រជាជន។ ខ្ញុំ​តែងតែ​ហាម​​ប្រាម​ដាច់ខាតនៅ​ក្នុង​ក្រុម​តូចៗ​របស់ខ្ញុំ ដោយសារ«ខ្ញុំ​នឹកឃើញ ម៉ែគេ ម៉ែខ្ញុំ​ ទៅភ្ជង់​យកមាន់ ទៅ​ភ្ជង់​​យក​គោ​យ៉ាងម៉ច។»​

ខ្ញុំ​នៅចង​​ចាំ​​​រឿងរ៉ាវមួយមិន​ភ្លេចសោះ។ បើទោះជាខ្ញុំ​មាន​តួនាទីជា​ប្រធាន​កងតូចក៏ដោយ ក៏ខ្ញុំ​ហ៊ាន​​​ប្រកែកគ្នាយ៉ាងខ្លាំង​ជាមួយ រ៉ាន់ ដែល​មានតួនាទីជាប្រធាន​កងធំ។ យើងបាន​ឈ្លោះ​គ្នា​រហូត​ដល់​ចង់​បាញ់​គ្នា​ឯង។

«កាលណោះ ទៅវ៉ៃខ្មាំង  ដល់ពេលអត់បានវ៉ៃខ្មាំង​ ក៏ត្រឡប់មកវិញ​ កាត់ព្រៃសាគូ នៅ​ស្រុក​បារ៉ាយ បាន​ប៉ះ​រទេះគោអ្នកស្រុក  ដែលគេកំពង់តាមប្រមាញ់ពីនោះមក  ហើយ​នាំ​គ្នា​រត់​កាត់​ទឹក កាត់​ស្រូវ ហើយគ្នាខ្ញុំមានប្រាំពីរនាក់  រួចក៏ប៉ះរទេះគោពីរគ្រឿង ដោយមានឈ្មោះ ខ្មោច អា​រ៉ាន់​  ចឹង​បាន​វា​អាយុខ្លី តាមមើល.. 

វា​ថា ចាប់រទេះគោ  យកគោទៅស៊ី  ហើយ​​បាញ់ម្ចាស់ចោល។  ហើយ​​ខ្ញុំ​ថា យី..! បើហែ្អងបាញ់ អញ​បាញ់​ហែ្អងឥឡូវ..!  ហែ្អងធ្វើចឹង គាត់ដឹងអី។ គាត់​បររទេះ​ទៅ​ផ្ទះ​គាត់​តើ។  បើ​ហែ្អងហ៊ានធ្វើ អញបាញ់។ បើហែ្អ​ងហ៊ានទៅចាប់ អញបាញ់។

ខ្ញុំ​ឈ្លោះ​គ្នា  ដោយ​គេ​កង​ធំ  ខ្ញុំ​កងតូច។  ខ្ញុំក្លាហានជាងអ្នកឯង តែហ៊ាន ខ្ញុំដាក់មែន។  ខ្ញុំ​អត់​ខ្លាច​ទេ តែ​ខ្ញុំ​ថា​ម៉េច​គឺ​ចឹង​ហើយ។  យើងទៅបាញ់ធ្វើអី មនុស្សមានដឹងអី។ គេ​បាញ់​យើង​ឯ​ណោះ​មិន​គិត។  គាត់​មិន​មែន​ទៅ​បាន​រាយការណ៍​អីគាត់។  គាត់បើកដឹកអុស ​ដឹកគ្រឿងអីរបស់គាត់។ ខ្ញុំ​ឈ្លោះ​គ្នា។ ខ្ញុំ​និយាយ​ពី​ប្រវត្ដិ​របស់ខ្ញុំ រឿងពិត។ 

ក្រោយមកបានរយះពេលតែពីរខែ  គេបាញ់វាដួលស្លាប់ បាត់ទៅ ឈ្មោះ អារ៉ាន់។ អង្គុយជុំខ្ញុំចឹង អង្គុយ​នៅនឹងកន្លែង ក្រោយត្រឡប់មកពីវ៉ៃមួយកន្លែង ដែល​អង្គុយ​ជជែក​កោក​កាកៗ។ ហើយ​ខ្ញុំ​អង្គុយ​ឲ្យ​មុខអញ្ចេះ ហើយគេមិនបាញ់ខ្ញុំ ទៅ​បាញ់​ត្រូវ​វា​មក​ពី​នោះ។​ចឹង​បាន​ខ្ញុំ​ថា ប្រមាថ​គេ​មិន​បាន​ទេ ក្នុងសង្រ្គាម។»

 ​តែទោះជាយ៉ាងណាក៏ដោយ នៅ​ពេល​ដែល​​ខ្ញុំ​​​បាន​​ជាន់មីនដាច់ជើងនៅតាម​បណ្តោយ​ព្រំ​ដែនថៃ នៅ​ក្នុង​ឆ្នាំ​១៩៨៨ សេចក្តីសង្ឃឹម​ផ្សេងៗ​​ក៏បាន​រលាយ​បាត់​បង់​ ហើយ​លែង​ទៅ​ណា​រួច​ទៀត​។​​ ខ្ញុំ​​គិត​ថា​៖ «ខ្ញុំ​ខុស​ដែរ ណា៎ក្មួយ បានខ្ញុំដាច់ជើង  ខុសត្រង់ថា ខ្ញុំធ្វើមីន ដាក់យកគេ បានវាដាច់ជើងខ្លួនឯង តាម​មើលន៎​ វា​បាប​ណ៎ា។ ខ្ញុំនិយាយអំពី​ការ​ជឿលើធម៌ព្រះវិញចុះ»៕[1]

អត្ថបទដោយ លី សុខឃាង


[1] លី សុខឃាង សម្ភាសន៍​​ អែម សេង ភេទប្រុស អាយុ៥៧ឆ្នាំ នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូររុន  ឃុំថ្លាត  ស្រុកអន្លង់វែង  ខេត្ដឧត្ដរមានជ័យ។

 

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin