ការជម្លៀសប្រជាជនភូមិភាគបូព៌ាដោយបង្ខំតាមរថភ្លើង

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិភាគបូព៌ា ខេត្តស្វាយរៀង និងខេត្តព្រៃវែង បានប្រាប់រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានអំឡុងពេលជម្លៀសដោយបង្ខំតាមរថភ្លើងឆ្លងកាត់ភ្នំពេញឆ្ពោះទៅកាន់ភូមិភាគពាយ័ព្យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

ខ្មែរក្រហមបានប្រើប្រាស់មធ្យោបាយជម្លៀសប្រជាជនដោយបង្ខំជាច្រើនរួមមាន៖ ឡានដឹកទំនិញ រទេះគោ ទូក រថភ្លើង ឬដើរ។ ខណៈរថភ្លើងជាមធ្យោបាយហាក់ពេញនិយមមួយដែលខ្មែរក្រហមបានប្រើប្រាស់សម្រាប់ជម្លៀសប្រជាជនដែលមានចំនួនច្រើនៗនាក់ក្នុងពេលតែមួយ។

នៅក្នុងមួយទូរថភ្លើងខ្មែរក្រហមបានដាក់មនុស្សរហូតដល់១00 នាក់ឲ្យឈរប្រជ្រៀតគ្នាណែនណាន់តាន់តាប់ ហើយពុំបានផ្តល់អាហារឬទឹកឲ្យបរិភោគនោះទេ។ កងទ័ពខ្មែរក្រហម គឺជាអ្នកមើលការខុសត្រូវក្នុងការជម្លៀសប្រជាជនដោយបង្ខំ និងមានភារកិច្ចត្រួតពិនិត្យប្រជាជនជម្លៀសតាមរថភ្លើង ទូក និងរទេះគោ ហើយចាំទទួលប្រជាជនជម្លៀសទៅតាមចំណតស្ថានីយរថភ្លើងនីមួយៗ ទៅកាន់សហករណ៍នានា។ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ឯកសារដែលបន្សល់ទុកពីរបប​ខ្មែរក្រហមបង្ហាញឲ្យដឹងថា ប្រជាជនប្រមាណបួនសែន ទៅប្រាំសែន នាក់ត្រូវបានខ្មែរក្រហមបញ្ជូនទៅកាន់ភូមិភាគពាយ័ព្យ ហើយប្រជាជនចំនួនប្រមាណប្រាំម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីភូមិភាគបូព៌ារួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀង។[1]

ចាប់ពីចុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ប្រជាជនជាច្រើនរស់នៅ​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ​ត្រូវបាន​បញ្ជូន​ទៅ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ដោយខ្មែរក្រហមផ្តល់ហេតុផលថាជម្លៀសប្រជាជនទៅដើម្បីបង្កើនការផលិតអាហារ និងដើម្បីផ្លាស់ប្រជាជនចេញពីភូមិភាគប្រយុទ្ធនៅតាមបណ្តាយព្រំដែនជាមួយវៀតណាម។ [2]

សេចក្តីសម្រេចផ្លាស់ទីលំនៅប្រជាជននេះគឺធ្វើឡើងដោយមជ្ឈិមរបស់បក្សកុម្មុយនីស្តកម្ពុជា។ សាក្សីមួយរូបរៀបរាប់ថា គាត់បានចូលរួមប្រជុំមួយនៅភូមិភាគពាយ័ព្យ ដែលនៅក្នុងអង្គប្រជុំនោះ តា ម៉ុក បានហៅ សោ ភឹម ថាជាជនក្បត់ ហើយបាននិយាយទៀតថា «អង្គការ» នឹងធ្វើការផ្លាស់ទីលំនៅប្រជាជនចេញពីភូមិភាគបូព៌ាទៅកាន់ភូមិភាគពាយ័ព្យ ដើម្បីតាមដាន ថាតើពួកប្រជាជនភូមិភាគបូព៌ាប្រឆាំងមាគ៌ារបស់បក្ស និង/ឬ ថាតើអ្នកទាំងនោះមានជាប់ពាក់ព័ន្ធជាប់ខ្សែរយៈជាមួយវៀតណាមឬយ៉ាងណា។ [3]

ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាម ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់ និងកាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះគឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះពីខេត្តកណ្តាលដែលរួមមានស្រុកខ្សាច់កណ្តាល ល្វាឯម និងមុខកំពូល។ ភូមិភាគនេះចែកចេញជាប្រាំតំបន់ដែលរួមមានតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។[4]

ការជម្លៀសប្រជាជនដោយបង្ខំនេះគឺជាបទលើ្មសមួយនៅក្នុងសំណុំរឿង ០០២/០១ ដែលត្រូវបានអង្គជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាស​សាលដីការតម្កល់​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​អស់​មួយ​ជីវិត​សម្រាប់ ​នួន ​ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា ​និង ​ខៀវ ​សំផន អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។

ជនរងគ្រោះដែលមានបទពិសោធឆ្លងកាត់ការជម្លៀសដោយបង្ខំតាមរថភ្លើងកាលពីជាងសែសិបឆ្នាំមុនបានរៀបរាប់ទាំងទឹកភ្នែកថា ការជម្លៀសដោយបង្ខំក្នុងឆ្នាំ១៩៧៨ ដែលធ្វើឡើងដោយខ្មែរក្រហមមកលើប្រជាជនរស់នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង គឺជាទុក្ខសោកនាដកម្ម និងការឈឺចាប់មិនអាចបំភ្លេចបានក្នុងជីវិត។

ពេជ្រ ឡាមីន អាយុ៦៧ បច្ចុប្បន្នរស់នៅខេត្តស្វាយរៀង បានរលឹកថាក្នុងឆ្នាំ១៩៧៨ គាត់រស់នៅភូមិកំណើត ក្នុងឃុំចេក ខេត្តស្វាយរៀង ត្រូវបានខ្មែរក្រហមជម្លៀសតាមរថភ្លើងឆ្លងកាត់ភ្នំពេញឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។ ឡាមីន បាននិយាយថា៖ «ឪពុកគាត់ត្រូវបានខ្មែរក្រហមសម្លាប់នៅភ្នំពេញដោយសារតែគាត់ជាអតីតទាហាន លន់ នល់»។

ឡាមីន និងគ្រួសារត្រូវបានអង្គការធ្វើប្រវត្តិរូប និងតាមដាន។ ក្រោយមកគាត់ និងគ្រួសារត្រូវបានគេរើស​អើង និងថាគាត់ជាប្រជាជនមានប្រវត្តិធ្លាប់ក្បត់នឹងអង្គការ។

ជាបន្តបន្ទាប់ ម្តាយ និងប្អូនៗ របស់ ឡាមីន ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទថាជាប់ពាក់ព័ន្ធនឹងប្រជាជនភូមិភាគបូព៌ា។ ចំណែកគាត់ ត្រូវទៅធ្វើការក្នុងកងចល័តត្រូវជីកទំនប់ និងលើកប្រឡាយ។ ថ្ងៃមួយគាត់ និងអ្នកស្វាយរៀងដទៃត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ដោយវាយទម្លាក់ក្នុងរណ្តៅ ប៉ុន្តែសំណាងល្អមិនស្លាប់ គាត់ក៏វាចេញពីរណ្តៅសាកសពរត់មកសហករណ៍វិញ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឡាមីន បានក្លាយជាក្មេងកំព្រា និងគ្មានសេសសល់បងប្អូន។

សោម ហុន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀត សព្វថ្ងៃរស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គាត់បានឃើញ​មនុស្សស្លាប់អំឡុងពេលជិះរថភ្លើងពីស្ថានីយនៅភ្នំពេញទៅកាន់ស្ថានីយខេត្ត​បាត់ដំបង។

ហុន និងគ្រួសារក៏ទទួលរងទុក្ខលំបាកជាច្រើនដោយសារការខ្វះអាហារ និងត្រូវធ្វើដំណើរក្រោមកំដៅ​ថ្ងៃដែលគា្មនការគិតគូរពីសំណាក់ទាហានខ្មែរក្រហម។

ហុន៖«ពេលជិះនៅលើរថភ្លើងប្រជាជនគ្មានអាហារ និងទឹកហូបទេ។ ប្រជាជនទាំងអស់ត្រូវដោះ​សា្រយ​ការហូបចុកដោយខ្លួនឯង អ្នកគ្មានអាហារជាប់ខ្លួនត្រូវបានស្លាប់ដោយសារដាច់ទឹក និងអាហារ»។  ហុន បន្តថាប្រ​ជា​​ជនដែលជម្លៀសពីខេត្តស្វាយរៀងជាមួយគាត់ត្រូវបានទាហានបាញ់សម្លាប់ដោយសារតែហ៊ានតវ៉ានៅលើរថភ្លើង​​​។

នៅខេត្តបាត់ដំបង ហុន ត្រូវលើកទំនប់ ប្រឡាយ និងភ្លឺស្រែ​មួយថ្ងៃកំណត់ប្រវែង២០០ម៉ែត្រ។ ​​

ក្រោយមកនៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានបង្ខំ ហុន ឲ្យធ្វើជាទាហាន។ គាត់បានជួបឧប្បទេវ​ហេតុដើរជាន់គ្រាប់មីនបណ្ដាលឲ្យគាត់ពិការជើងម្ខាង។

មិនខុសពីអ្នករស់រានមានជីវិតខាងលើ គង់ ថុន អាយុ ៧៩ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀងដែរនោះនិយាយថា៖ «ខ្ញុំ និងសមាជិកគ្រួសារប្រាំនាក់ដែលមាន ឪពុក ម្តាយ ប្រពន្ធ និងប្អូនពីរនាក់ ត្រូវបានជម្លៀសតាមរថភ្លើងទាំងយប់ពីភ្នំពេញទៅខេត្តបាត់ដំបង បន្ទាប់ពីបានស្នាក់នៅតំបន់ច្បារអំពៅមួយថ្ងៃដើម្បីរងចាំអ្នកមកពីខេត្តព្រៃវែង និងខេត្តស្វាយរៀងផ្សេងទៀត»។ ពេលធ្វើដំណើរដល់ស្ថានីយខេត្តបាត់ដំបង ខ្មែរក្រហមបានបំបែកគាត់ និងសមាជិកគ្រួសារទៅតាមសហការណ៍ផ្សេងៗ។ ​គាត់បានជិះរទេះគោទៅកាន់សហករណ៍​មួយស្ថិតនៅក្នុងស្រុកគាស់ក្រឡ នៃខេត្តបាត់ដំបង។ នៅចុងឆ្នាំ១៩៧៨ ឪពុក ម្តាយ និងប្អូនៗពីរនាក់ ត្រូវបានសម្លាប់ដោយសារការចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបះ​បោរនៅភូមិភាគបូព៌ា។

ថុន ដោយមានជំនាញជាជាងផ្ទះទើបគាត់អាចមានជីវិតរស់ដល់សព្វថ្ងៃ។ ថុន និយាយថា៖ «ជីវិតខ្ញុំថ្លៃដោយ​សារ​អង្គការទុកខ្ញុំប្រើធ្វើផ្ទះ»។ គាត់ត្រូវធ្វើការពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ និងបន្តធ្វើនៅព្រឹកថ្ងៃបន្ទាប់ប្រសិនបើធ្វើមិនរួចតាមផែនការរបស់អង្គការ​កំណត់។ ចំណែកប្រពន្ធរបស់ ថុន ដែលគ្មានជំនាញត្រូវទៅជីក និង រែកដីដើម្បីធ្វើទំនប់។

តាមការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅខេត្តបាត់ដំបងមានការខ្វះខាតស្បៀង​អាហារជាខ្លាំងពិសេសនៅចុងឆ្នាំ១៩៧៨។ ឌុច​ ចាន់រី​ ដែលបច្ចុប្បន្នរស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បញ្ជាក់ថាកាលពីសម័យខ្មែរក្រហ​មគាត់មានអាយុត្រឹម១០ ឆ្នាំ បានជិះរថភ្លើង ជាមួយគ្រួសារទៅខេត្តបាត់ដំបងក្រោមការឃ្លាំងមើលយ៉ាងតឹងរ៉ឹងពីទាហានខ្មែរក្រហមដែលកាន់កាំភ្លើង។ ឪពុក របស់ ចាន់រី ត្រូវបានអង្គការសម្លាប់ដោយសារឃ្លានខ្លាំងពេកបានទៅលួចដកដំឡូងយកមកស្ងោរហូបនៅពេលយប់។

ក្នុងដីកាដំណោះស្រាយសំណុំរឿង០០២ មានឧក្រិដ្ឋកម្មជម្លៀសប្រជាជនដោយបង្ខំចំនួនបីដំណាក់កាលដែលបានធ្វើឡើងដោយខ្មែរក្រហម។

ដំណាក់កាលទីមួយ នៅថ្ងៃទី១៧ ខែមេសា ដល់ខែកញ្ញា ឆ្នាំ១៩៧៥ គឺភ្លាមៗបន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ទីក្រុងនានា។ ការជម្លៀសប្រជាជនដោយបង្ខំនេះខ្មែរក្រហមប្រាប់ប្រជាជនថាចាកចេញតែបីថ្ងៃប៉ុណ្ណោះ យកហេតុផលថាដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។

ដំណាក់កាលទីពីរ នៅខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ចុងឆ្នាំ១៩៧៧ ទៅលើប្រជាជនរស់នៅភូមិភាគបូព៌ា ភូមិភាគកណ្តាល និងភូមិភាគនារតី ត្រូវជម្លៀសទៅកាន់ខេត្តសៀមរាប ខេត្តព្រះវិហារ និងភូមិភាគពាយ័ព្យ រួមមានខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ខ្មែរក្រហមបានផ្តល់ហេតុផលថានៅខេត្តទាំងនេះសម្បូរអាហារហូបចុក និងដីមានជីវជាតិសម្រាប់ការដំាដុះដំណាំ។

ដំណាក់កាលទីបី នៅចុងឆ្នាំ១៩៧៧ ដល់ចុងឆ្នាំ១៩៧៨។ ការជម្លៀសប្រជាជនដោយបង្ខំនេះធ្វើឡើងលើប្រជាជនរស់នៅភូមិភាគបូព៌ាដែលនៅពេលនោះមានសង្គ្រាមកាន់តែខ្លាំងឡើងរវាងរបបខ្មែរក្រហម និងប្រទេសវៀតណាម និងចំពេលដែល​របប​នេះកំពុងតែបោសសម្អាតកម្មាភិបាលភូមិភាគបូព៌ា។ អ្នកជម្លៀសទាំងនោះគឺជាកម្មាភិបាល និងទាហានខ្មែរក្រហម ឬប្រជាជនដែលគេចោទថាជាជនក្បត់ និងមានទំនាក់ទំនងជាមួយវៀតណាម ឬ សោ ភឹម ដែលជាលេខាភូមិភាគបូព៌ា និងប្រជាជនថ្មីដែលជម្លៀសពីភ្នំពេញ និងទីប្រជុំជននានា។ ប្រជាជនជម្លៀសដំណាក់កាលទីបីភាគច្រើនជារស់នៅខេត្តស្វាយរៀង និងព្រៃវែង ត្រូវទៅកាន់ខេត្តពោធិ៍សាត់ និងបាត់ដំបង។

អត្ថបទដោយ៖ អេង សុខម៉េង

ឯកសារយោង៖

[1] ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ការជម្លៀសប្រជាជនដោយបង្ខំក្នុងរបបខ្មែរក្រហម ភ្នំពេញ ២០១៤ ទំព័រទី១០។

[2] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដីកាដំណោះស្រាយសំណុំរឿង ០០២ របស់ការិយាល័យសហចៅក្រមស៊ើបអង្កេតចុះ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០ ទំព័រ៩៤, D427

[3] ស្ទួន ទំព័រ ២៩២។

[4] ឌី ខាំបូលី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ភ្នំពេញ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ២០០៧ ទំព័រទី២៨ និងទំព័រទី២៩ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin