អ្នកជាប់ឃុំសោកស្តាយចំពោះអតីតទីតាំងគុកមិនត្រូវបានថែរក្សាទុក

ក្រុមអ្នកសួរចម្លើយនៅមន្ទីរស-២១ ឬគុកទួលស្លែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)។

ទីតាំងគុកពពកវិលកាលពីរបបខ្មែរក្រហមត្រូវបានប្រជាជនកាន់កាប់ និងរស់នៅជុំវិញ។ ក្មេងជំនាន់ក្រោយមិន​បានដឹងថាទីតាំងនោះធ្លាប់ជាកន្លែងធ្វើទារុណកម្ម និងបានសម្លាប់មនុស្សយ៉ាង​សាហាវព្រៃផ្សៃកាលពីអតីតនោះទេ។ អ្នកធ្លាប់ជាប់គុកពពកវិលម្នាក់ដែលរួចផុតជីវិតពីការឃុំខ្លួនមានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងឧក្រិដ្ឋមួយដែលបញ្ជាក់ពីទង្វើឃោរឃៅដែលខ្មែរក្រហមធ្លាប់ប្រព្រឹត្តិមកលើប្រជាជនខ្លួនឯងអំឡុងពេលកាន់អំណាច។

គោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងប្រាំដែលត្រូវបានអនុវត្តដើម្បីសម្រេចបាន និងការពារបដិវត្តន៍សង្គមនិយមគឺការលត់ដំនូវ «សមាសភាពមិនល្អ» និងការសម្លាប់ «ខ្មាំង​​​» ទាំងនៅក្នុងជួរបក្ស និងក្រៅជួរបក្ស។ នៅពេលខ្មែរក្រហមឡើងកាន់អំណាចបានបំផ្លាញរចនាសម្ព័ន្ធ​ច្បាប់ និងតុលាការដែលមានស្រាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បក្សកុម្មុយនីស្តកម្ពុជាបានដាក់ជំនួសរចនាសម្ព័ន្ធទាំងនេះដោយបណេ្តញមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សនៅតាមតំបន់ដែលខ្លួនបានកាន់កាប់ដើម្បីឃុំខ្លួន និងលត់ដំ ឬសម្លាប់អ្នកទាំងឡាយដែលត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋ។ គិតមកត្រឹមពេលដែលរបប​ខ្មែរក្រហមបានដួលរលំ មន្ទីរសន្តិសុខ ប្រហែល២០០កន្លែង និងកន្លែងសម្លាប់មនុស្សយ៉ាងច្រើនរាប់មិនអស់ត្រូវបានបង្កើតឡើងហើយដែលអាចប្រទះឃើញនៅគ្រប់ភូមិភាគទូទាំងប្រទេសកម្ពុជា និងនៅគ្រប់ថ្នាក់ទាំងអស់នៃរចនាសម្ព័ន្ធរដ្ឋបាលបក្សកុម្មុយនីស្តកម្ពុជា​រួមទាំងនៅកម្រិតមជ្ឈិមបក្សផងដែរ។[1]

គុកពពកវិល មានទីតាំងនៅក្នុងឃុំចេក ស្រុកសំរោង (បច្ចុប្បន្នស្រុករំដួល) ខេត្តស្វាយរៀង ស្ថិតនៅក្នុងចំណោមគុកជាច្រើននៅទូទំាងប្រទេសដែលត្រូវបានប្រើប្រាស់ដើម្បីឃុំឃាំងកម្មាភិបាលខ្មែរក្រហមក្បត់ និងប្រជាជនទូទៅដែលប្រព្រឹត្តិខុសសីលធម៌ ឬបានលួចចំណីអាហាររបស់អង្គការ។ ពពកវិលជាគុកទី២ សម្រាប់ឃុំឃាំងអ្នកទោសបន្ទាប់ពីគុកកំពង់អំពិល ដែលស្ថិតនៅឃុំកំពង់អំពិល ស្រុកសំរោង ខេត្តស្វាយរៀង បានដាក់អ្នកទោសពេញ។ អ្នកធ្លាប់ជាប់គុកនេះបានរៀបរាប់ថាគុកពពកវិល​មានអ្នកទោសជាកម្មាភិបាលខ្មែរក្រហម និងប្រជាជនស្លូតត្រង់ប្រមាណ ៣០០នាក់ អ្នកទោសទាំងអស់បានស្លាប់ដោយ​សារការធ្វើទារុណកម្មពេលសួរចម្លើយ និងមួយចំនួនត្រូវបាននាំយកទៅសម្លាប់​។[2] អ្នកធ្លាប់ជាប់គុកនេះតែ២នាក់ប៉ុណ្ណោះដែលនៅមានជីវិតបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គឺប្រធានកងឈ្លបកំពង់អំពិល (បានស្លាប់ពេលក្រោយមក) និង ពាន សន ប្រធានសហករណ៍ទួលសាលា​ក្នុងរបបខ្មែរក្រហម។

ខាងក្រោមនេះគឺជាការរៀបរាប់របស់ ពាម សន ពីដំណើរជីវិតរបស់គាត់ដែលបានចូលរួមក្នុងបដិវត្តន៍ខ្មែរក្រហមរហូតក្លាយជាប្រធានសហករណ៍ និងក្រោយមកត្រូវបានចាប់មកឃុំខ្លួនក្នុងគុកនេះប្រមាណជាង៣ខែ មុនពេលដែលរបបខ្មែរក្រហមត្រូវបានផ្លួលរលំដោយកងទ័ពរណសិរ្សរំដោះជាតិប្រជាជនខ្មែរ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ពាម សន ភេទប្រុស អាយុ៨០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិ​ទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ ប្រពន្ធឈ្មោះ អ៊ុក យ៉ន។ គាត់មានកូន១១នាក់ ស្រី៣នាក់ ប្រុស៨នាក់ (ស្លាប់២នាក់)។ ឪពុកឈ្មោះ ស្រី យ៉ង ម្តាយឈ្មោះ ហែម ធឹម គាត់ទាំងពីរបានស្លាប់ក្នុងរបបខ្មែរក្រហម។ សន ជាកូនទី៣ក្នុងគ្រួសារដែលមានបងប្អូន៧នាក់​។ សន រៀនបានត្រឹមថ្នាក់ទី១០ ក្នុងរបបសង្គមរាស្រ្តនិយម នៅសាលាបឋមសិក្សាទួលសាលា។[3]

មុនឆ្នាំ១៩៧០ សន បានរៀបការប្រពន្ធនៅស្រុកកំណើត។ បន្ទាប់ពីរៀបការរួចគាត់បានទៅរកស៊ីរត់ពន្ធទំនិញពីប្រទេសវៀតណាមយកទៅលក់នៅឃុំសួង ខេត្តកំពង់ចាម (បច្ចុប្បន្នក្រុងសួង ខេត្តត្បូងឃ្មុំ)។ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះបាទនរោត្តមសីហនុ សន កំពុងតែជិះកង់ដឹកទំនិញលក់នៅឃុំសួង គាត់បានឃើញប្រជាជននាំគ្នាធ្វើបាតុកម្មដោយលើបដាផ្សេងៗ និងប្រជាជនមួយ​ចំនួនទៀតបានលើកទង់ជាតិអបអរសាទរជ័យជំនះរបស់របប លន់ នល់។ ពេលនោះ សន បានធ្វើដំណើរត្រឡប់ទៅភូមិកំណើតឯភូមិទួលសាលាដើម្បីជួបជុំជាមួយក្រុមគ្រួសារវិញ ព្រោះប្រទេសជាតិជួបប្រទះភាពច្របូកច្របល់មានការប្រទាញប្រទង់គ្នារវាងប្រជាជនដែលគាំទ្ររបប លន់ នល់​ និងគាំទ្រសម្តេចព្រះបាទនរោត្តមសីហនុ។ ពេលទៅដល់ភូមិ សន ឃើញមានអំពើអសន្តិសុខផ្សេងៗបានកើតឡើងដោយសារតែមានកម្លាំងចលនាខ្មែរក្រហម និងទាហាន លន់ នល់ វាយប្រយុទ្ធគា្ន។ យុវ​ជន យុវនារី ជាច្រើនបានចូលរួមក្នុងកម្លាំងចលនាខ្មែរក្រហមដើម្បីបណ្តេញ​ទាហាន លន់ នល់ ចេញពីភូមិ។ រីឯ យន្តហោះសហរដ្ឋអាមេរិកដែលគាំទ្ររបប លន់ នល់ បានមកទម្លាក់គ្រាប់បែកច្រើនឡើងៗពិសេសនៅពេលយប់។ សន បានឃើញប្រជាជនផ្លាស់ប្តូរកន្លែងរស់នៅទៅក្នុងព្រៃ និងតាមវាលស្រែ ដើម្បីគេច​ចេញ​ពីការទម្លាក់គ្រាប់បែកទាំងនោះ។ ក្នុងភូមិដែល សន រស់នៅមានយួនពីរក្រុមបានចូលមក គឺយួនធៀវគីគំាទ្រ របប លន់ នល់ និងយួនយៀកកុងគំាទ្រកម្លាំងចលនាខ្មែរក្រហម។ សន បានរៀបរាប់ថា យួនធៀវគីដែលទទួលការគាំទ្រពីទាហាន លន់ នល់ បានបង្កើតក្រុមឆ្មាខ្មៅដើម្បីបង្កភាពអសន្តិសុខនៅពេលយប់ ដោយបានលួចប្លន់ទ្រព្យសម្បត្តិប្រជាជន និងបានចាប់ខ្លួនមនុស្សតាមតែអំពើចិត្ត។[4]

ឆ្នាំ១៩៧២ ដោយសារក្តីស្រឡាញ់របបសង្គមរាស្រ្តនិយម និងស្អប់របប លន់ នល់ សន បានសម្រេចចិត្តចូលរួមធ្វើបដិវត្តន៍ ដោយរត់ចូលព្រៃម៉ាគីដើម្បីតស៊ូជាមួយកម្លាំងចលនា​ខ្មែរក្រហម។ សនមានគោលបំណងចង់នាំប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក​។ នៅពេលចូលព្រៃម៉ាគីធ្វើបដិវត្តន៍ សន បានស្គាល់ជាមួយ ប៉ូ លីវ៉ាន់ ជាគណៈស្រុកសំរោង (បច្ចុប្បន្នស្រុករំដួល) សៅ សារ៉េត ជាសមាជិកស្រុកសំរោង និង សុខ សាម៉ន គណៈឃុំជ្រុងពពេល។[5]

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមឡើងកាន់អំណាច សន ត្រូវបានអង្គការចាត់តាំងឲ្យគាត់ធ្វើជាប្រធានសហករណ៍ទួលសាលា ឃុំជ្រុងពពេល ស្រុកសំរោង ខេត្តស្វាយរៀង។ សន បានឃើញខ្មែរក្រហមជម្លៀសប្រជាជនដោយបង្ខំរាប់រយគ្រួសារពីទីក្រុងភ្នំពេញ និងទីរួមខេត្តស្វាយរៀងមករស់នៅសហករណ៍ដែលគាត់គ្រប់គ្រង​។ ការជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំនានានៅទូទាំងប្រទេសក្នុងរបបខ្មែរក្រហម គឺដើម្បីអនុវត្តបដិវត្តន៍សង្គមនិយមយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «មហាលោតផ្លោះ» និងការពារបក្ស​កុម្មុយនីស្តប្រឆាំងនឹង «សត្រូវផ្ទៃក្នុងនិងសត្រូវខាងក្រៅ»។ វិធីសាស្ត្រដ៏ចម្បងមួយក្នុងការសម្រេចបានគោលបំណងនេះគឺការផ្លាស់ទីប្រជាជនពីទីក្រុង និងទីប្រជុំជនទៅកាន់ទីជនបទមួយកន្លែងទៅកាន់ទីជនបទមួយកន្លែងទៀត ម្តងហើយម្តងទៀត។[6] សន បានឃើញប្រជាជនថ្មីទំាង​នោះរស់នៅក្នុងសាលា និងវត្តទួលសាលា។ ប្រជាជនចាស់ជាអ្នកផ្គត់ផ្គង់ស្បៀងអាហារ និងកន្លែងស្នាក់នៅ។ ប្រជាជនថ្មីទាំងអស់ត្រូវបានខ្មែរក្រហមរើសអើង និងត្រូវធ្វើប្រវត្តិរូបជារឿយៗ។ ប្រជាជនថ្មីដែលមានប្រវត្តិធ្លាប់ធ្វើការក្នុងរបប លន់ នល់ ដូចជាមន្រ្តីរាជការ គ្រូបង្រៀន និងគ្រួសារប៉ូលីស ទាហាន ត្រូវរស់នៅផ្សេងពីប្រជាជនមូលដ្ឋាន និងមួយចំនួនត្រូវបាននាំទៅ​សម្លាប់នៅគុកកំពង់អំពិល។

ទោះបីជាខ្មែរក្រហមបានអះអាងថាខ្លួនកំពុងតែកសាងប្រទេសមួយប្រកបដោយភាពស្មើគ្នា​ និងលុបបំបាត់ចោលវណ្ណៈសង្គមយ៉ាងណាក៏ដោយប៉ុន្តែធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវការបែងចែកវណ្ណៈថ្មីពីរនៅក្នុងប្រទេសគឺ «ប្រជាជនមូលដ្ឋាន» និង «ប្រជាជនថ្មី»។  ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ ជាប្រជាជនពេញសិទ្ធិអាចក្លាយជាប្រធានសហករណ៍ មេភូមិ និងប្រធានកងជាដើម​។ ចំណែកប្រជាជនថី្ម គឺជាជន «បញ្ញើក្អែក» គ្មានសិទ្ធិអ្វីទាំងអស់ ហើយប្រជាជនថ្មីទទួលរងទុក្ខបុកម្នេញខ្លាំងជាងប្រជាជនចាស់។ ប៉ុន្តែទំហំនៃអំពើឃោរឃៅមានកម្រិតខុសគ្នាពីតំបន់មួយទៅមួយតំបន់មួយទៀត។[7]

សន ដែលជាប្រធានសហករណ៍បានឃើញទុក្ខលំបាករបស់ប្រជាជនក្នុងមូលដ្ឋានដែលគាត់គ្រប់គ្រងរួមមាន៖ របបអាហារមិនគ្រប់គ្រាន់ ការងារច្រើនហួសកម្លាំង និងមានប្រជាជនស្លូតត្រង់ជាច្រើនត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់អង្គការជាដើម។ សន និយាយថាដោយសារតែអង្ករដែលអង្គការបើកឲ្យសហករណ៍មានចំនួនតិច អ្នកជម្លៀសថ្មីមកច្រើនធ្វើឲ្យ​ការផ្គត់ផ្គង់របបអាហារមានការថយចុះ ជាហេតុនាំឲ្យប្រជាជនត្រូវទទួលបានបបររាវៗជំនួសរបបបាយដែលធ្លាប់ទទួលបាននាពេលកន្លងមក។ សន ធ្លាប់បានរាយកាណ៍ពីការកង្វះខាតអង្ករនៅសហករណ៍ ទៅឃុំ និងបន្តទៅស្រុក ប៉ុន្តែថ្នាក់លើបានចោទប្រកាន់គាត់ថាបានលួចអង្កររបស់អង្គការឲ្យទៅសមាជិកគ្រួសារហូបទើបធ្វើឲ្យអង្ករនៅសហករណ៍ខ្វះខាត ឬហូបមិនគ្រប់ថ្ងៃដែលកំណត់។

ធ្វើជាប្រធានសហករណ៍ទួលសាលាបានប្រហែល២ឆ្នាំ សន ត្រូវបានយោធាខ្មែរក្រហមចាប់គាត់ដាក់គុកពពកវិលដោយចោទប្រកាន់ថាគាត់ក្បត់នឹងអង្គការ និងបានលួចអង្ករឲ្យសមាជិកគ្រួសារខ្លួនហូបទើបធ្វើឲ្យប្រជាជនហូបមិនគ្រប់គ្រាន់។ ប៉ុន្តែតាមការអង្កេតរបស់ សន ផ្ទាល់ឃើញថាអ្នកដែលត្រូវ​បានអង្គការចាប់ខ្លួន រួមទាំងគាត់ ភាគច្រើនត្រូវបានកម្មាភិបាលខ្មែរក្រហមគ្នាឯងរាយការណ៍មួលបង្កាច់ ដោយសារការស្អប់ ច្រណែន និងដើម្បីយកមុខយកមាត់។[8]   សន បានរៀបរាប់ពីព្រឹត្តិការណ៍នៃការចាប់ខ្លួនរបស់គាត់ថា « ពេលនោះខ្ញុំកំពុងធ្វើការនៅសហករណ៍ដូចរាល់ថ្ងៃ មានឈ្លបឃុំ២នាក់បានស្រែកហៅខ្ញុំឲ្យទៅប្រជុំ។ ពេលខ្ញុំចេញពីរោងសហករណ៍មកឈ្លបនោះបានចាប់ដៃខ្ញុំចងដោយមានម្នាក់ចាំផ្ជង់កាំភ្លើង។ ខ្ញុំត្រូវបានឈ្លបទាំងពីរនាក់នាំទៅកាន់គុកពពកវិលដោយសារគុកកំពង់អំពិលដាក់អ្នកទោសពេញ។ ប្រពន្ធកូនខ្ញុំដែលធ្វើការនៅសហករណ៍មិនបានដឹងពីការចាប់ខ្លួនខ្ញុំទេ»។[9]

គុកពពកវិលស្ថិតនៅលើដីដួលមួយដែលមានព្រៃ និងផ្ទះចាស់ៗ ផ្ទះមួយចំនួនបានខូចខាតដោយអន្លើៗដោយសារតែយន្តហោះទម្លាក់គ្រាប់បែក។ ពេលទៅដល់គុកមានឆ្មំាក្មេងៗ៣នាក់ មានធាងត្នោត និងដើមឫស្សីនឹងដៃមកវាយគាត់ទាំងមិនបានសួរនាំអ្វីទាំងអស់។ បន្ទាប់ពីវាយអស់ចិត្តទើបមានឆ្មាំគុកមួយក្រុមទៀតនាំ សន ចូលទៅក្នុងគុក។ នៅក្នុងគុក សន បានឃើញអ្នកទោសប្រហែល៣០០នាក់ កំពុងតែជាប់ឃុំដោយជើងមានជាប់ខ្នោះ។ អ្នកជាប់ឃុំចែកចេញជាពីរប្រភេទគឺអ្នកទោសកម្រិតធ្ងន់ និងអ្នកទោសអប់រំ។ អ្នកទោសកម្រិតធ្ងន់គឺជាប់ក្នុងគុកងងឹតមានដាក់ខ្នោះជើងទាំងថ្ងៃទាំងយប់ រីឯទោសអប់រំវិញមានដាក់ខ្នោះជើងនៅពេលយប់ ប៉ុន្តែពេលថ្ងៃអាច​ចេញទៅធ្វើការខាងក្រៅបាន​។​[10] សន ពេលចូលដល់គុកដំបូងត្រូវ​ជាប់ទោសកម្រិតធ្ងន់ស្ថិតនៅកន្លែងងងឹតទាំងថ្ងៃទាំងយប់ដោយជើងមានជាប់ខ្នោះជាប្រចាំ។ សន ត្រូវបានឆ្មាំនាំទៅសួរចម្លើយបីថ្ងៃជាប់ៗគ្នាដោយសួរ១ថ្ងៃ២ដងពេលព្រឹក និងពេលល្ងាច។ ឆ្មាំសួរចម្លើយមានគ្នាបីនាក់គឺឈ្មោះ កន, លុត ភី និងបេណាំងហាយ ដែលជា ឆ្មាំសួរ ឆ្មាំកត់ និងឆ្មាំវាយ។ សន ត្រូវ​ឆ្មាំវាយវាយពេលដែលចម្លើយមិនត្រូវតាមចិត្តរបស់ឆ្មាំសួរ។ សំណួរដែលឆ្មាំសួរចម្លើយ សន មានដូចជា ១-តើមិត្តចូលដៃជាមួយយួនឬ? ២-តើមិត្តមានបានលួចអង្ករអង្គការឲ្យប្រពន្ធកូនទេ? និង៣-តើមិចបានជាសហករណ៍ខ្វះខាតអង្ករ? សន ត្រូវឆ្លើយនូវចម្លើយដែលឆ្មាំសួរចង់បាន ប្រសិនបើមិនឆ្លើយទេគឺឆ្មាំវាយនឹងវាយទាល់តែឆ្លើយទទួលស្គាល់កំហុសថាបានចូលដៃជាមួយយួន និងធ្លាប់បានលួចអង្ករអង្គការទើបឆ្មំាសួរឈប់សួរ និងឆ្មំាវាយឈប់វាយ។ ឧបករណ៍សម្រាប់វាយគឺគល់ឫស្សីឬស្វ័យកាំភ្លើង។

បទបញ្ជាសម្រាប់ឆ្មាំគុកបានហាមមិនឲ្យមានអំពើមនុស្សធម៌ឡើយ។ គោលចំហរ និងសតិអារម្មណ៍ខ្ពស់ត្រូវតែមានដាច់ខាតចំពោះអ្នកដែលទទួលខុសត្រូវនៅក្នុងក្រុមសួរចម្លើយ។[11] សន ក៏បាននិយាយដែរថាភាគច្រើនឆ្មាំគុកនៅទីនោះគឺគាត់ធ្លាប់ស្គាល់ពីមុន ប៉ុន្តែឆ្មាំទាំងនោះមិនហ៊ាននិយាយ​ថាធ្លាប់ស្គាល់គាត់ទេ។ ពេលសួរចម្លើយចប់ សន ត្រូវបានបញ្ជូនមកកន្លែងអ្នកទោសអប់រំវិញ។ នៅពេលថ្ងៃ សន អាចចេញធ្វើស្រែ និងលើកពូនរងអំពៅបានប៉ុន្តែត្រូវស្ថិតក្រោមការឃ្លាំមើលពីឆ្មាំគុក​។ នៅគុកពពកវិល សន ធ្លាប់ឃើញអ្នកទោសត្រូវបានគេវាយសួរចម្លើយរហូតដល់ស្លាប់ហើយឆ្មាំគុកបានប្រើអ្នកទោសដូចគ្នាសែងសាកសពយកទៅកប់នៅបរិវេណជុំវិញ។​

សន ជាប់ឃុំនៅគុកពពកវិលប្រមាណជាង៣ខែ។ អ្នកជាប់នៅទីនោះ​ទាំងអស់ត្រូវបានស្លាប់ដោយសារការសួរចម្លើយ និងសម្លាប់ មានតែ សន និងប្រធានឈ្លបឃុំអំពិល ប៉ុណ្ណោះដែលនៅមានជីវិតរស់ ជាអកុសលប្រធានឈ្លបឃុំអំពិលបានស្លាប់នាពេលក្រោយមក។​

ចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានវាយចូលខេត្តស្វាយរៀងដោយមានទាំងទាហានថ្មើរ​ជើង និងទាហានរថគ្រោះ បានបាញ់ផ្លោងកាំភ្លើង តូច ធំ ពីតំបន់ផ្សារចក ឆ្ពោះទៅគុកពពកវិល ឆ្មាំយាមគុកក៏បាននាំគ្នារត់ចេញ។ សន ក៏មានឱកាសអាចរត់ចេញពីគុក។ ដោយសារនៅពេលនោះក្នុងភូមិនៅសេសសល់យោធាខ្មែរក្រហម សន មិនទាន់អាចត្រឡប់ចូលស្រុកកំណើតបានក៏ភៀសខ្លួនទៅប្រទេសវៀតណាមមួយរយៈ និងបានត្រឡប់មករស់នៅជួបជុំប្រពន្ធកូនវិញក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩។

នៅស្រុកកំណើតពេលរំដោះពីរបបខ្មែរក្រហមភ្លាមៗ សន បានឃើញមានការកាប់សម្លាប់មកលើកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋានដែលធ្លាប់ប្រព្រឹត្តិអំពើមិនល្អមកលើប្រជាជនអស់ជាច្រើននាក់ និងមួយចំនួនទៀតបានរត់គេចខ្លួនពីភូមិ។ ចំណែក សន ដែលធ្លាប់ធ្វើជាប្រធានសហករណ៍ដែរប៉ុន្តែគាត់មិនបានធ្វើបាបប្រជាជនដូច្នោះ សន មិនទទួលរងការសងសឹកពីប្រជាជនរងគ្រោះដូចកម្មាភិបាលខ្មែរក្រហមដទៃទៀតនោះទេ​។​

ក្រោយពីរបបខ្មែរក្រហមដួលរលំ សន ធ្លាប់បានទៅដល់គុកពពកវិលម្តង ប៉ុន្តែទីតាំងនោះមិនត្រូវបានថែរក្សាទុកទេគឺមានប្រជាជនមករស់នៅ និងកាន់កាប់។ ពេលដែលរំឮកពីរបប​ខ្មែរក្រហម សន នៅតែ​មានអារម្មណ៍ដិតដាមការឈឺចាប់ដែលធ្លាប់បានរស់នៅឆ្លងកាត់។ សន មានការសោកស្តាយចំពោះការបាត់បង់ភស្តុតាងគុកដែលបញ្ជាក់ពីការឈឺចាប់របស់ប្រជាជនខ្មែរ និងធ្លាប់ប្រើជាកន្លែងសម្រាប់សម្លាប់មនុស្សយ៉ាងសាហាវឥតត្រាប្រណី។ សន បានស្នើទៅអាជ្ញាធរពាក់ព័ន្ធឲ្យមានការអភិរក្ស​អតីត​ទីតាំងគុកនេះដើម្បីរក្សាទុកជាភស្តុតាងប្រវត្តិសាស្រ្ត។ គាត់ក៏បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវឈ្វេងយល់ពីទុក្ខលំបាករបស់អ្នករស់រានមានជីវិតពីជំនាន់មុនដែលបានជួបប្រទះដើម្បីចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យកើតមានឡើងនៅលើទឹកដីកម្ពុជានាពេលអនាគត៕

អត្ថបទដោយ អេង សុខម៉េង

ឯកសារយោង

[1] អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា, ដីកាដំណោះស្រាយសំណុំរឿង ០០២, D427, របស់ការិយាល័យសហចៅក្រមស៊ើបអង្កេត, ចុះ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០, កថាខណ្ឌ១៧៨, ។

[2] ស្ទួន, ទំព័រទី ៣៧។

[3] ស្ទួន, ទំព័រទី ៤។

[4] ស្ទួន, ទំព័រទី ៨។

[5] ស្ទួន, ទំព័រទី១០។

[6] ផេង ពង្សរ៉ាស៊ី et al. ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), មជ្ឈមណ្ឌលឯកសារកម្ពុជា, ឆ្នាំ២០២០, ភ្នំពេញ, បោះពុម្ភលើកទី២, ទំព័រទី១៧។

[7] ស្ទួន, ទំព័រទី៤០។

[8] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ សុខ វណ្ណៈ, ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ, ឆ្នាំ២០១៨, (Promoting Accountability) , SVI0096, ទំព័រទី១៧។

[9] ស្ទួន, ទំព័រ១៨។

[10] ស្ទួន, ទំព័រទី២០-២១។

[11] ដេវីត ឆេនដល័រ, មជ្ឈមណ្ឌលឯកសារកម្ពុជា, សំឡេងពីមន្ទីរស-២១, (ភាពព្រឺខ្លាច និងប្រវត្តិក្នុងគុកសម្ងាត់របស់ ប៉ុល ពត), ភ្នំពេញ, ២០០៣, ទំព័រទី៣៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin