ការងារបោកស្រូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់ខ្ញុំពីសម័យខ្មែរក្រហម

រូបថតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩) (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ហាក់ ស៊ីធួក កើតនៅឆ្នាំ១៩៦០ ក្នុងគ្រួសារកសិករមួយ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៥នាក់។ ខ្ញុំរៀនបានត្រឹម ថ្នាក់ទី១០ចាស់ នៅសាលាបឋមសិក្សាកំពង់ថ្ម។ ដោយសារតែជីវភាពក្រីក្រ ខ្ញុំបានឈប់រៀនដើម្បីជួយធ្វើស្រែ និងរកត្រីជាមួយឪពុកម្ដាយ រហូតដល់មានរដ្ឋប្រហារនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារ កងទ័ពខ្មែរក្រហម បានចូលមកនៅក្បែរភូមិកំពង់ថ្ម។ ខ្ញុំ និងក្រុមគ្រួសារ បានរត់ ភៀសខ្លួនទៅរស់នៅក្នុងឃុំក្រយោ ស្រុកសន្ទុក អស់មួយរយៈពេល។ នៅពេលនោះ ទាហាន លន់ នល់ ជាច្រើនាក់ ត្រូវបញ្ជូនទៅប្រយុទ្ធ ជាមួយកងទ័ពខ្មែរក្រហម។ ក្រោយពីខ្មែរក្រហម ដកទ័ពថយទៅវិញ ខ្ញុំ និងគ្រួសារបានវិលត្រឡប់មករស់នៅក្នុងភូមិកំណើតវិញ។ ទោះបីយ៉ាងណាក៏ដោយ ខ្មែរក្រហមនៅតែដាក់កងទ័ពឈរជើង និងបានដាក់តំបន់ស្រុកសន្ទុក ជាសមរភូមិ ប្រយុទ្ធជាមួយទាហាន លន់ នល់។ លុះមកដល់ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានវាយផ្តាច់គ្រប់គ្រងលើភូមិរបស់ខ្ញុំ។ នៅពេលនោះ អ៊ំស្រី ធួក និងប្រជាជនដទៃទៀតក្នុងភូមិកំពង់ថ្ម ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសទៅកាន់តំបន់រំដោះខ្មែរក្រហម នៅខាងវាលត្បែងកោង នៅក្នុងភូមិបឹង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

រហូតដល់ខ្មែរក្រហមបានឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ខ្ញុំត្រូវបានបញ្ជូនមកភូមិកំណើតវិញ ដោយពេលនោះ ខ្ញុំទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ។ ខ្ញុំត្រូវធ្វើការនៅក្នុងកង ចល័តនារី។ ប្រធានកងចល័តនារី ដែលខ្ញុំមិនបានចាំឈ្មោះ បានឲ្យខ្ញុំទៅដកសំណាប ស្ទូងស្រូវ, ជីកដី, លើកភ្លឺស្រែ, ជីកប្រឡាយទឹក និងដើររកជីលេខមួយក្នុងមួយថ្ងៃឲ្យបាន១០០គីឡូ (ជីលេខមួយគឺជាជីលាមកស្រស់ៗ)។ ខ្ញុំត្រូវក្រោកពីព្រលឹម នៅម៉ោង៤ព្រឹក ដើម្បីដកសំណាប និងស្ទូងស្រូវឲ្យគ្រប់តាមការកំណត់របស់អង្គការ។ ម៉ោង១២ថ្ងៃត្រង់​ គឺជាពេលសម្រាកហូបបាយថ្ងៃត្រង់។ ខ្ញុំបានហូបតែបបររាវមួយចានលាយជាមួយត្រ​កួននិងអំបិលតិចតួច ។ នៅម៉ោង១រសៀល ខ្ញុំត្រូវបន្តទៅស្ទូងស្រូវ​​ឲ្យ​រួច​​រាល់មុនម៉ោង៥ល្ងាច។ របបអាហារពេលល្ងាចនៅតែជាបបររាវមួយចានលាយជាមួយត្រកួន និងអំបិលតិចតួច។ នៅពេលយប់ខ្លះ ខ្ញុំបានឆ្លៀតពេលដកសំណាបទុកសម្រាប់ស្ទូង នៅពេលព្រឹក។ ខ្ញុំបន្តធ្វើការដកស្ទូង គ្មានពេលសម្រាក និង គ្មានអាហារហូបគ្រប់គ្រាន់ រហូតដល់នៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៧៨ ខ្ញុំក៏ត្រូវគេបញ្ជូនឲ្យមក ធ្វើការនៅទីលានបោកស្រូវវិញ។ នៅទីលានបោកស្រូវ មានមនុស្សជាច្រើននាក់ និងគោក្របីពីរបីនឹម។ ខ្ញុំ ត្រូវប្រើកម្លាំងដៃខ្លាំងបោកយកគ្រាប់ចេញពីកួរស្រូវ។ ដំបូង ខ្ញុំត្រូវយកឧបករណ៍បោកស្រូវ ដើម្បីកៀបស្រូវ ចំនួន២កណ្ដាប់ និងបោកលើបន្ទះក្ដារ ដែលត្រូវបានដាក់ឲ្យទ្រេត។ ខ្ញុំត្រូវបំពេញការងារបោកស្រូវជារៀងរាល់ថ្ងៃ។ [1]

នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានវាយរំដោះប្រទេសកម្ពុជា និងសង្គ្រោះប្រជាជន នៅដើមខែមករា ឆ្នាំ១៩៧៩, [2] ខ្ញុំក៏បានរួចរស់ជីវិតពីរបបខ្មែរក្រហម និងបានស្វះស្វែងរកឪពុកម្ដាយ បងប្អូននិងសាច់ញាតិដែលបានបែកបាក់ ក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៨០ ខ្ញុំបានរៀបការជាមួយប្តីរបស់ខ្ញុំ និងពឹងផ្អែកលើមុខរបរធ្វើស្រែ ចម្ការ និងឡើងត្នោតធ្វើស្ករត្នោតទៅលក់នៅផ្សារ ដើម្បីចិញ្ចឹមជីវិត។[3]


អត្ថបទដោយ ទូច វណ្ណេត

[1] បទសម្ភាសន៍ជាមួយ ហាក់ ស៊ីធួក នៅសុ្រកសន្ទុក ខេត្តកំពង់ធំ នៅឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

[3] បទសម្ភាសន៍ជាមួយ ហាក់ ស៊ីធួក នៅសុ្រកសន្ទុក ខេត្តកំពង់ធំ នៅឆ្នាំ២០២១, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin