កូនស្លាប់ដោយសារតែជំងឺកញ្ជ្រឹល
(ស្វាយរៀង) ៖ ហេ វ៉ិច ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ វ៉ិច បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនពីរនាក់។ មុនរបបខ្មែក្រហម វ៉ិច កូន និងប្តី រស់នៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលក្នុងភូមិបានបង្ខំប្រជាជនទាំងអស់ចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅដោយឲ្យទៅរស់នៅក្នុងសហករណ៍ ធ្វើការ និងហូបបាយរួមគ្នាជាក្រុម ជាកងរួម។ គ្រួសាររបស់ វ៉ិច ក៏ដូចជាប្រជាជនដទៃទៀតដែរត្រូវអង្គការបង្ខំឲ្យប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈទំាងអស់ទុកក្នុងសហករណ៍។ ខ្មែរក្រហមបានប្រកាសតាមឧគ្ឃោសនសព្ទថា ចាប់ពីពេលនេះតទៅគ្មានកម្មសិទ្ធិឯកជនទៀតទេ រាល់ទ្រព្យសម្បត្តិទាំងអស់ជារបស់អង្គការ និងត្រូវទុកប្រើប្រាស់រួម ប្រសិនបើមានប្រជាជនណាលាក់ ឬមិនប្រគល់ឲ្យអង្គការគឺជាខ្មាំងប្រឆាំងនឹងរបបខ្លួន។
វ៉ិច ត្រូវរស់នៅក្នុងកងចល័តជាមួយនារីដទៃទៀតក្នុងភូមិ។ គាត់និយាយថា អង្គការបានប្រើគាត់ឲ្យស្ទូងស្រូវតាំងពីម៉ោងប្រាំព្រឹករហូតដល់ល្ងាចទើបបានសម្រាក។ គាត់ត្រូវយកសំណាបទៅជ្រលក់ក្នុងជីលាមកមនុស្សមុនយកទៅស្ទូង។
វ៉ិច៖ «ការងារនេះបើមនុស្សសព្វថ្ងៃគេមិនធ្វើទេ វាកខ្វក់ខ្លាំង។ ជីដែលខ្មែរក្រហមប្រើជាជីលេខមួយ គឺមានសុទ្ធតែដង្កូវ និងមានក្លិនអាក្រក់ស្ទើរមិនអាចទ្រាំបាន។ ខ្ញុំ និងយុវជនដទៃទៀតនាពេលនោះមិនហ៊ានប្រកែកតវ៉ាគឺដោយសារតែខ្លាចស្លាប់ប៉ុណ្ណោះ»។
ឆ្នាំ១៩៧៨ វ៉ិច កូនពីរនាក់ និងប្តី ត្រូវបានខ្មែរក្រហម ជម្លៀសទៅខេត្តពោធិ៍សាត់។ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើងជាមួយប្រជាជនដទៃទៀតទៅដល់អ្នកលឿង ឆ្លងកប៉ាល និងបន្តធ្វើដំណើរទៅដល់ភ្នំពេញម្តុំច្បារអំពៅអង្គការបានចែកអង្ករ និងសម្លៀកបំពាក់ដើម្បីជិះរថភ្លើងទៅខេត្តពោធិ៍សាត់។ វ៉ិច និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅសុ្រកបាកានព្រំប្រទល់ខេត្តពោធិ៍សាត់ជាមួយខេត្តបាត់ដំបង។ វ៉ិច បន្តទៀតថា នៅតំបន់នោះជាតំបន់សម្បូរដោយព្រៃ និងភ្នំ មានអាកាសធាតុក្តៅ គាត់ត្រូវរកកូនឈើ និងស្បូវដើម្បីធ្វើខ្ទមស្នាក់នៅដោយខ្លួនឯង។ វ៉ិច បន្តទៀតថា កូនប្រុសគាត់អាយុប្រមាណ១០ឆ្នាំបានស្លាប់ដោយសារតែជំងឺកញ្ជ្រឹល ដោយគាត់ក្តៅខ្លួនរហូតដល់ប្រកាច់នៅពេលកំពុងកាប់ដំឡូង។ វ៉ិចបានទៅឃើញស្នាមជើងដែលកូនត្រដរខ្យល់មុនស្លាប់។ គាត់អាណិតកូនជាខ្លាំង និងតូចចិត្តក្នុងនាមជាម្តាយដែលមិនអាចជួយជីវិតកូនបាន។
នៅពោធិ៍សាត់ វ៉ិច ត្រូវជីក និងរែកដី ដើម្បីកសាងទំនប់។ ថ្ងៃមួយអង្គការបានប្រើគាត់ និងប្រជាជនដទៃទៀតឲ្យជីករណ្តៅធំមួយដោយប្រាប់ថា ទុកស្តុកទឹកប្រើប្រាស់ ប៉ុន្តែគាត់បានដឹងថា គឺជីកដើម្បីទុកកប់ប្រជាជនដែលជម្លៀសមកជាមួយនោះទេ។ សំណាងល្អដោយជីវិតមិនទាន់អស់ការជីករណ្តៅនោះមិនទាន់រួចរាល់ផងក៏មានកងទ័ពរំដោះចូលមកដល់សហករណ៍ទើបគាត់ ប្តី និងកូនម្នាក់ដែលនៅរស់រានមានជីវិត ព្រមទាំងប្រជាជនភូមិភាគបូព៌ាផ្សេងទៀតអាចត្រឡប់មកខេត្តស្វាយរៀងវិញ។
ក្រោយពេលមកដល់ស្រុកកំណើតបានមួយរយៈប្តីគាត់ក៏បានស្លាប់ចោលគាត់ ដោយសាជំងឺដែលបន្សល់ពីរបបខ្មែរក្រហម។ បច្ចុប្បន្នគាត់រស់នៅជាមួយកូន និងប្រកបរបបធ្វើស្រែចម្ការ។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤