ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមចាប់ឪពុកខ្ញុំយកទៅសម្លាប់ ដោយសារឪពុកខ្ញុំធ្វើការងារនៅមន្ទីរស្រុកមេមត់​ តំបន់២១ ភូមិភាគបូព៌ា។ នៅខណៈពេលកងទ័ពភូមិភាគនិរតី(កងទ័ពមជ្ឈិមខ្មែក្រហម) ចូលមកដល់ភូមិភាគបូព៌ា និងស្រុកមេមត់ កងទ័ពទាំងនោះបាននាំឪពុកខ្ញុំទៅរៀនសូត្រ និងបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។ ហែម ឈឿន[1] ភេទប្រុស អាយុ ៦៣ឆ្នាំ បានរៀបរាប់បទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖

ឈ្មោះ ហែម ឈឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ខ្ញុំមានស្រុកកំណើតនៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានប្រពន្ធឈ្មោះ កែវ ខេត អាយុ ៦២ឆ្នាំ និងមានកូនចំនួន ៧នាក់ (ប្រុស២នាក់និងស្រី ៥ នាក់) កូនៗខ្ញុំមានគ្រួសារចំនួន៦នាក់ហើយនៅសល់តែកូនប្រុសពៅម្នាក់នៅរៀន។ រាល់ថ្ងៃគ្រួសារខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ និងដាំដំណាំហូបផ្លែសម្រាប់ដោះស្រាយជីវភាព។ ឪពុកខ្ញុំឈ្មោះ ហ៊ួន (ខ្មែរក្រហមសម្លាប់)។ ចំណែកម្ដាយឈ្មោះសុខ ម៉ៅ (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥នាក់ (ស្រី៣នាក់ និងប្រុស២នាក់) ស្លាប់២នាក់ (ប្រុស១នាក់ និងស្រី១នាក់ )។

កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រច្រើនទេ ពីព្រោះពេលខ្ញុំធំដឹងក្តីនៅក្នុងពេលប្រទេសជាតិមានសង្គ្រាមស៊ីវិលនៅទសវត្សរ៍ឆ្នាំ១៩៧០។ កាលនៅក្មេងខ្ញុំតែងតែទៅឃ្វាលក្របីឲ្យស៊ីស្មៅនៅវាលខាងលិចភូមិព្នៅតាំងពីព្រឹករហូតដល់ពេលល្ងាចម៉ោង ៥:00នាទី ទើបដេញក្របីត្រឡប់មកចូលក្រោលវិញ។ ពេលនោះមានក្មេងស្រករៗខ្ញុំ និងមនុស្សចាស់ច្រើននាក់ទៅមើលក្របីជាមួយខ្ញុំដែរ។ ចំណែកម្ដាយឪពុកខ្ញុំធ្វើស្រែ ភ្ជួររាស់ដកស្ទូងដូចអ្នកភូមិដទៃទៀតដែរ។

កាលនោះ ខ្ញុំដឹងថានៅក្នុងភូមិព្នៅមានអ្នកភូមិចូលរួមជាមួយខ្មែរក្រហមច្រើននាក់ណាស់ ហើយក៏មានអ្នកភូមិស្លាប់ច្រើននាក់ដែរ។ ខ្ញុំស្គាល់មេដឹកនាំខ្មែរក្រហមដូចជាតាសេងហុង និងតាម៉ៃផូ មានស្រុកកំណើតនៅភូមិព្មៅ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៧០នេះដែរ ខ្ញុំបានឃើញយន្តហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិព្នៅ និងធ្វើឲ្យមានមនុស្សស្លាប់នៅក្នុងរណ្ដៅត្រង់សេជាច្រើននាក់ ដោយសារគ្រាប់បែកធ្លាក់ត្រូវចំរណ្តៅបាក់ដីសង្កត់សឹងតែរកសាកសពមិនឃើញ។ នៅខណៈពេលនោះក៏មានកងទ័ពវៀតកុងចូលមកបោះទីតាំងនៅក្នុងព្រៃជាយភូមិព្នៅ និងបានធ្វើបន្ទាយជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួនកុំឱ្យទាហានអាមេរិកកាំងឃើញ។ ខ្ញុំបានឮការនិយាយតៗគ្នាថា ទាហានអាមេរិកកាំងរកតែកងទ័ពវៀតកុងទេ ដោយសារតែមានកងទ័ពវៀតកុងនៅក្នុងប្រទេសកម្ពុជាបានទាហានអាមេរិកកាំងមកទម្លាក់គ្រាប់បែកប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងភូមិ។ នៅពេលយន្តហោះមកម្តងៗអ្នកភូមិ និងគ្រួសារខ្ញុំបានលាក់ខ្លួននៅក្នុងរណ្ដៅជិតៗផ្ទះ ពីព្រោះបើកាលណាទាហានអាមេរិកកាំងទម្លាក់គ្រាប់យើងពិបាកនឹងគេចផុតពីអំបែងគ្រាប់បែក បើយើងមិនចូលលាក់ខ្លួនក្នុងរណ្តៅត្រង់សេ។ អ្នកភូមិបានជីករណ្ដៅត្រង់សេជម្រៅប្រហែល២ម៉ែត្រ ឬមួយសន្ទង់ដៃ ក្រោយពេលដែលជីករណ្ដៅរួចហើយអ្នកភូមិបានយកឈើមកដាក់ពីលើ រួចយកដីលុបពីលើឈើនោះ និងទុកប្រឡោះចេញចូលតែមួយ ឬពីរប៉ុណ្ណោះ។ បន្ទាប់មកទាហានអាមេរិកកាំងមកទម្លាក់គ្រាប់បែកកាន់តែខ្លាំង គ្រួសារខ្ញុំលែងហ៊ាននៅក្នុងភូមិទៀត ក៏នាំគ្នារត់ចូលលាក់ខ្លួនក្នុងព្រៃជាច្រើនថ្ងៃ ពេលយប់ទើបហ៊ានដាំបាយហូប មិនហ៊ានដាំបាយពេលថ្ងៃនោះទេ ព្រោះខ្លាចទាហានអាមេរិកកាំងឃើញផ្សែងភ្លើងបើកយន្តហោះមកទម្លាក់គ្រាប់បែកទៀត។

នៅក្នុងឆ្នាំ១៩៧៣ ទាហានអាមេរិកកាំងបានដកទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែខ្មែរក្រហមក៏បានចូលមកឃោសនាឲ្យប្រជាជនចូលរួមជាមួយខ្មែរក្រហម ដើម្បីទាមទារឲ្យសម្ដេចសីហនុចូលមកនៅប្រទេសកម្ពុជា   វិញ។ នៅឆ្នាំ១៩៧៤ អ្នកភូមិរស់នៅក្នុងភូមិប្រកបរបរធ្វើស្រែចម្ការ ដាំល្ពៅ ដាំពោត ដាំសណ្ដែកសម្រាប់ហូបធម្មតា។ កាលពីមុនសម្បូរត្រីហូបណាស់ មិនចាំបាច់ទៅរកឯណាឆ្ងាយទេ គ្រាន់តែចេញទៅវាលស្រែមួយភ្លែតត្រឡប់មកវិញបានត្រីទុកហូបរយៈពេលពីរទៅបីថ្ងៃ។

បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ភ្លាមៗខ្មែរក្រហមបន្តអនុញាតិឲ្យប្រជាជនក្នុងភូមិព្នៅធ្វើការងារជាក្រុមសាមគ្គីចែកផលគ្នាទៅតាមកម្លាំងនៅឡើយ ដោយខ្មែរក្រហមចែកកម្លាំងប្រជាជនជាពីរប្រភេទ​ គឺកម្លាំងទី១ និងកម្លាំងទី ២។ កម្លាំងទី ១ ខ្មែរក្រហមសំដៅទៅលើយុវជនឬក៏មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើការងារពលកម្ម និងដាំដំណាំបានច្រើន ហើយខ្មែរក្រហមចែកផលតែតាមកម្លាំង។ ចំណែកកម្លាំងទី២ ខ្មែរក្រហមសំដៅទៅលើមនុស្សដែលមានវ័យចំណាស់ខ្មែរក្រហមចាត់ទុកថា មិនសូវមានកម្លាំងធ្វើការងារពលកម្មខ្លាំង។ ចំណែកផលត្រូវចែកទៅតាមកម្លាំងពលកម្មដែរ។

ពេលអ្នកជម្លៀសពីភ្នំពេញមកដល់ភូមិព្នៅដំបូង ខ្មែរក្រហមអត់ឲ្យស្នាក់នៅក្នុងភូមិព្នៅនោះទេ ខ្មែរក្រហមប្រាប់ថាភូមិព្នៅជាភូមិមូលដ្ឋាន។ ដូច្នេះអ្នកភ្នំពេញត្រូវស្នាក់នៅភូមិផ្សេងៗទៀតនៅក្បែរនោះ ប៉ុន្តែខ្មែរក្រហមចាត់តាំងឲ្យអ្នកភ្នំពេញមកធ្វើស្រែនៅភូមិព្នៅនេះដែរ។

ឪពុកខ្ញុំជាកម្មាភិបាលខ្មែរក្រហមធ្វើការងារនៅមន្ទីរស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា។ ឪពុកខ្ញុំធ្លាប់មកលេងផ្ទះនៅភូមិព្នៅរៀងរាល់កន្លះខែ ឬមួយខែម្តង។ ពេលនោះឪពុកខ្ញុំភាគច្រើនជិះរទេះសេះពីមន្ទីរស្រុកមេមត់នៅឃុំគគីរមកលេងផ្ទះ។ មានពេលខ្លះឪពុកខ្ញុំក៏ជិះម៉ូតូមកលេងផ្ទះម្តងម្កាលដែរ។ ការធ្វើដំណើរពីមន្ទីរស្រុកមេមត់មកភូមិព្នៅត្រូវសម្រាកតាមផ្លូវមួយយប់ ។ នៅឆ្នាំ១៩៧៨ កងទ័ពភូមិភាគនិរតី(កងទ័ពមជ្ឈិមខ្មែរក្រហម) បានចូលមកដល់ភូមិភាគបូព៌ា និងស្រុកមេមត់។ នៅពេលនោះ ខ្ញុំ និងក្រុមគ្រួសារបានទទួលដំណឹងថា ឪពុកខ្ញុំត្រូវបានខ្មែរក្រហមមកពីភូមិភាគនិរតីនាំយកទៅរៀនសូត្រ និងបានបាត់ដំណឹងរហូតមកដល់សព្វថ្ងៃ។

នៅចន្លោះឆ្នាំ ១៩៧៦ ដល់១៩៧៧ ខ្ញុំរស់នៅក្នុងភូមិ និងត្រូវខ្មែរក្រហមចាត់តាំងឱ្យទៅធ្វើស្រែជាមួយចាស់ៗ។ នៅដើមឆ្នាំ ១៩៧៨ ខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឲ្យលើកទំនប់នៅព្រៃបាក់ស្អុង ខ្ញុំលើកទំនប់បានរយៈពេលប្រហែល៣ខែ ខ្មែរក្រហមបានបំបែកឲ្យត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះបានតែមួយយប់ ស្រាប់តែកងទ័ពមជ្ឈិមចូលមកដល់ក្នុងភូមិប្រហែលម៉ោង៨យប់ ក្រុមខ្ញុំមានសមាជិកចំនួន៨នាក់បានស្ទាក់ចាំបាញ់កងទ័ពមជ្ឈិម ក្រុមខ្ញុំមានកាំភ្លើង៣ទៅ៤ដើម តែមិនសូវមានគ្រាប់ច្រើនទេ។ នៅខណៈពេលដែលយើងទៅស្ទាក់បាញ់នៅខាងមុខ កងទ័ពមជ្ឈិមខ្មែរក្រហមក៏ត្រឡប់ទៅវិញ។ នៅរយៈពេល ៣-៤ ថ្ងៃក្រោយមក ទើបកងទ័ពមជ្ឈិមខ្មែរក្រហមចូលមកម្ដងទៀត ហើយប្រាប់អ្នកភូមិថា សូមបងប្អូនទាំងអស់គ្នាកុំភ្ញាក់ផ្អើល កងទ័ពមជ្ឈិមចូលមកបោសសំអាតយួនទេ។ កងទ័ពមជ្ឈិមស្នាក់នៅក្នុងភូមិបានរយៈពេលជិតកន្លះខែ កងទ័ពមជ្ឈិមខ្មែរក្រហមបានហៅកម្មាភិបាលខ្មែរក្រហមដែលបម្រើការងារនៅតាមភូមិ ឃុំ ទាំងអស់មកប្រជុំ និងរៀនសូត្រនៅផ្ទះសង្គមនិយមក្នុងភូមិព្នៅ ឃុំរំចេក។ កម្មាភិបាលដែលត្រូវហៅទៅប្រជុំរៀនសូត្ររួមមាន៖ ប្រធានក្រុម ប្រធានកងតូច ប្រធានកងធំ ឈ្លប និងកម្មាភិបាលទាំងអស់ដែលធ្វើការនៅតាមឃុំ។ បន្ទាប់ពីបានជួបជុំគ្នាអស់ កងទ័ពមជ្ឈិមខ្មែរក្រហមបានយកកាំភ្លើងភ្ជង់ និងចាប់ចងកម្មាភិបាលទាំងអស់ចំនួនប្រហែល៧០នាក់ចងស្លាបសេកទៅខាងក្រោយដាក់នៅក្នុងផ្ទះសង្គមនិយម។ នៅអំឡុងពេលនោះមានកម្មាភិបាលពីរនាក់បានលោតរត់ចេញពីផ្ទះសង្គមនិយមនោះ។ កម្មាភិបាលទាំងពីរនាក់បានលោតរត់ចេញពីផ្ទះសង្គមនិយម ប៉ុន្តែម្នាក់ត្រូវបានកងទ័ពមជ្ឈិមបាញ់សម្លាប់។ ចំណែកម្នាក់ទៀតឈ្មោះ ឈីន បានរត់រួចខ្លួនដោយសារយប់ងងឹត និងពួននៅក្នុងគុម្ពពោតព្រៃធំមួយ ទើបកងទ័ពមជ្ឈិមខ្មែរក្រហមតាមរកមិនឃើញ។ ពេលព្រឹកឡើងទើបអ្នកភូមិបានដឹងថា កម្មាភិបាលដែលទៅប្រជុំទាំងអស់ត្រូវបានកងទ័ពមជ្ឈិមខ្មែរក្រហមសម្លាប់ចោល អ្នកភូមិចាប់ផ្ដើមផ្អើលទាំងអស់គ្នាដោយសារឈ្មោះ ឈីន បានរត់រួចទៅប្រាប់អ្នកភូមិឲ្យដឹង។

បន្ទាប់ពីដឹងថា កងទ័ពមជ្ឈិមខ្មែរក្រហមចាប់កម្មាភិបាល និងប្រជាជនបូព៌ាទៅសម្លាប់នោះ ក៏នាំគ្នារត់ចូលក្នុងព្រៃតស៊ូ។ ដំបូងអ្នកតស៊ូបះបោរនៅខាងឃុំរំចេកមានគ្នាត្រឹមតែបួនដប់នាក់ប៉ុណ្ណោះ ដល់យូរទៅទើបមានគ្នាច្រើន។ ខ្ញុំបានលាក់ខ្លួននៅក្នុងព្រៃពីរទៅបីខែ ហើយការហូបចុកក៏មិនពិបាកដែរ ព្រោះយើងត្រូវរកស្បៀង និងចូលទៅយកអង្ករនៅក្នុងភូមិមកដាំបាយហូបនៅក្នុងព្រៃ។ ចំណែកកាំភ្លើងយើងមាន៤ដើម សម្រាប់ការពារខ្លួនប៉ុណ្ណោះ។

ក្រោយមកក៏បានជួបកងទ័ពវៀតណាម និងបានចូលរួមជាមួយកងទ័ពជាមួយវៀតណាម។ វៀតណាមបានចាត់តាំងខ្ញុំទៅជញ្ជូនគ្រាប់នៅខាងស្រុកសំបូរ ខេត្តក្រចេះ។ ខ្ញុំបានជញ្ជូនគ្រាប់ឲ្យកងទ័ពនៅតាមសមរភូមិ តែខ្ញុំមិនបានចូលប្រយុទ្ធនៅក្នុងសមរភូមិដោយផ្ទាល់ឡើយ។ ចំណែកគ្រួសារខ្ញុំ និងអ្នកភូមិត្រូវបានកងទ័ពវៀតណាមជម្លៀសចេញពីភូមិព្នៅទៅស្រុកមេមត់ និងបន្តដឹកទៅស្នាក់នៅប្រទេសវៀតណាម។  ចំណែកខ្ញុំត្រឡប់ពីខេត្តក្រចេះ ដោយបានធ្វើដំណើរទៅឃុំកំពាន់សម្រាកមួយយប់ដល់ព្រឹកឡើងបន្តដំណើរទៅដល់ស្រុកមេមត់ និងបានស្នាក់នៅភូមិខ្នងក្រពើ ស្រុកមេមត់រយៈពេល ១០ ថ្ងៃ ទើបបានឡើងឡានទៅប្រទេសវៀតណាម។ ពេលនោះមានប្រជាជនជាច្រើននាក់បានទៅដល់ប្រទេសវៀតណាម។

ខ្ញុំបានស្នាក់នៅភូមិតាយ៉ុង ប្រទេសវៀតណាមបានរយៈពេល១ខែ កងកម្លាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានជ្រើសរើសខ្ញុំឱ្យចូលធ្វើជាកងទ័ព ពីព្រោះត្រូវការកងកម្លាំងជាច្រើនបន្ថែមទៀត ដើម្បីចូលប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហមនៅតាមសមរភូមិនានាក្នុងប្រទេសកម្ពុជា។ ខ្ញុំត្រូវបានបញ្ជូនតាមឡានពីតាយ៉ុងទៅឡុងយ៉ាវ នៅអំឡុងខែមករា ឆ្នាំ១៩៧៩។ ចំណែកនៅប្រទេសកម្ពុជាបានរំដោះ និងបានប្រារព្ធធ្វើមីទ្ទិញអបអរសាទរជ័យជម្នះ៧មករា១៩៧៩ នៅទីក្រុងភ្នំពេញ។

ពេលទៅដល់ឡុងយ៉ាវដំបូងវៀតណាមឲ្យសម្រាកមួយថ្ងៃ ទើបចាប់ផ្ដើមហ្វឹកហ្វឺន។  វៀតណាមចាប់ផ្តើមបង្រៀនផ្នែកនយោបាយ យុទ្ធសាស្ត្រយោធា អំពីរបៀបក្រាបលូន ដោះសំអាតកាំភ្លើង រួមទាំងរបៀបបាញ់កាំភ្លើងពេលចេញទៅសមរភូមិជាដើម។ ពេលខ្ញុំរៀននៅឡុងយ៉ាវមានកងទ័ពខ្មែរមួយកងវរសេនាតូច។ នៅក្នុងមួយកងវរសេនាតូចនោះមានកងទ័ពប្រហែលជាង១០០នាក់ ប៉ុណ្ណោះ។ ក្នុងមួយថ្ងៃៗចាប់ផ្តើមរៀនពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៤:00 ល្ងាចទើបសម្រាក។ ភ្ញាក់ពីម៉ោង ៥:00ព្រឹក ទៅឈរតម្រង់ជួរហាត់ប្រាណរួច ហូបបាយព្រឹក និងបន្តចេញទៅហាត់រៀនទៀត។ ខ្ញុំហាត់រៀនបានរយៈពេល១ខែ ទើបបញ្ចប់វគ្គ វៀតណាមឲ្យខ្ញុំកាន់កាំភ្លើងអាកា(AK) និងបានបែងចែកកងទ័ពខ្មែរទៅតាមមុខព្រួញខេត្តនីមួយៗ ក្នុងមួយខេត្តៗមានកងទ័ពខ្មែរចំនួន៣០នាក់រួមជាមួយកងទ័ពវៀតណាមផ្សេងទៀត។ ចំណែកក្រុមខ្ញុំមានចំនួន៣០នាក់ រួមជាមួយវៀតណាមត្រូវចាត់តាំងឱ្យទៅខាងខេត្តក្រចេះ។ នៅក្នុងក្រុមខ្ញុំមានអ្នកភូមិព្នៅចំនួន៤នាក់ រួមមាន៖ខ្ញុំ ឈ្មោះធុន ឈ្មោះសែន និងឈ្មោះ សារាយ។ ពេលទៅដល់ខេត្តក្រចេះដំបូង ក្រុមខ្ញុំស្ថិតនៅក្នុងកងវរសេនាតូចលេខ២១ ដែលមានប្រធានឈ្មោះតា ម៉ាន់។ ក្រុមខ្ញុំស្នាក់នៅកន្លែងមន្ទីរពេទ្យខេត្តក្រចេះ។ បន្ទាប់ពីចូលឆ្នាំខ្មែរ ឆ្នាំ១៩៧៩ គឺនៅរដូវភ្លៀងធ្លាក់ ខ្ញុំ ឈ្មោះធុន ឈ្មោះសែន និងឈ្មោះ សារាយ បានត្រឡប់មកលេងផ្ទះវិញ យើងធ្វើដំណើរថ្មើជើងទំរាំមកដល់ផ្ទះដេកតាមផ្លូវរយៈពេលពីរយប់ ទើបមកដល់ផ្ទះ។ ពេលមកដល់ផ្ទះភ្លាមឃើញក្រុមគ្រួសារមានការលំបាក ម្ដាយគ្មានទីពឹង ខ្ញុំ និង៣នាក់ទៀត ក៏សម្រេចចិត្តឈប់ត្រឡប់ទៅអង្គភាពកងទ័ពនៅខេត្តក្រចេះវិញ។

ខ្ញុំរស់នៅធ្វើស្រែចម្ការនៅភូមិព្នៅរយៈពេល៥ឆ្នាំ ទើបខ្ញុំរៀបការប្រពន្ធ។ បន្ទាប់ពីរៀបការរួច ខ្ញុំ និងប្រពន្ធចាប់ផ្ដើមធ្វើស្រែចម្ការ រកជ័រចុង កាប់ឈើយកលក់ឲ្យអ្នកនៅខាងទន្លេដែលមករកទិញឈើដល់ភូមិព្នៅ។

[1]  មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ហែម ឈឿន រស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

សរសេរអត្ថបទដោយ៖ ឡុង ដានី

កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin