ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាព បង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ឆ្នាំ១៩៧០ រ៉ូ បានឃើញក្នុងភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់​បែក​ដែលបានបណ្តាលឲ្យ មនុស្ស សត្វ ស្លាប់ ព្រមទាំង​បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំង​មានការភ័យខ្លាចអំពីសុខសុវត្ថិភាព។ ឆ្នាំ១៩៧១ ដោយសារតែការទម្លាក់គ្រាប់បែកកាន់តែខ្លាំងឡើងៗ រ៉ូ និងគ្រួសារបានប្តូរផ្លាស់ទីលំនៅទៅរស់នៅតាមវាលស្រែ និងក្នុងព្រៃ។

ដល់ខែមេសា ឆ្នាំ១៩៧៥ ពេលរបបខ្មែរក្រហមទទួល​ជ័យជម្នះលើរបប លន់ នល់ រ៉ូ និងគ្រួសារ បានមករស់នៅស្រុកកំណើតវិញក៏ត្រូវបានអង្គការឲ្យគាត់ទៅរស់នៅតាមសហករណ៍ ដោយឲ្យគាត់រស់នៅរួម ធ្វើការរួម និងហូបបាយរួម។ រ៉ូ ស្ថិតក្នុងវ័យមួយត្រូវធ្វើការងារក្នុងកងចល័ត។ គាត់ត្រូវធ្វើស្រែ និងកាប់អុស ក្រោយមក​ប្រធានរោងបាយបានឲ្យគាត់មកជួយដំាបាយ និងចម្អិនម្ហូបអាហារវិញ។ នៅពេលយប់ក្រោយពីសម្រាកការងារនៅរោងបាយ រ៉ូ ត្រូវដំាបន្លែ និងស្រោចដំណាំដើម្បីយកមកផ្គត់ផ្គង់ក្នុងសហករណ៍រោងបាយ។

នៅពេលធ្វើជាអ្នកចម្អិនអាហារនៅរោងបាយដោយសារតែអាណិតអ្នកដែលហូបមិនឆ្អែត រ៉ូ បានលួចបំណីអាហារអង្គការទៅចែកឲ្យអ្នកខ្វះខាតក៏ត្រូវបានខ្មែរក្រហមដាក់ទោស និងឲ្យគាត់ឈប់ប្រព្រឹត្តិកំហុសនេះម្តងទៀត។

ក្នុងរបបខ្មែរក្រហមសមាជិកគ្រួសាររបស់ រ៉ូ ម្នាក់​បានបាត់បង់ជីវិតដោយសារខ្មែរក្រហមចោទប្រកាន់ថាជាខ្មាំង និងបាននាំយកទៅសម្លាប់នៅទួលជ្រៃ។

ក្នុងរបបនោះ រ៉ូ ក៏ធ្លាប់បានឃើញខ្មែរក្រហមធ្វើទារុណកម្មប្រជាជន និងបាននាំប្រជាជនយកទៅសម្លាប់នៅទួលជ្រៃផងដែរ។ គាត់ក៏ធ្លាប់ឃើញឈ្លបខ្មែរក្រហមប្រើប្រជាជនឲ្យធ្វើការហួសកម្លាំង និងមិនឲ្យហូបគ្រប់គ្រាន់បានធ្វើប្រជាជននៅស្រុកភូមិជាច្រើនបានឈឺ និងស្លាប់។

រ៉ូ បាននិយាយថា ការរស់នៅឆ្លងកាត់របបខ្មែរក្រហមពិតជាលំបាក និងទទួលរងទុក្ខវេទនាខ្លាំង។ គាត់បានថ្លែងថាប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាពរស់នៅក្រោមគំនាបអង្គការគ្រប់បែបយ៉ាងធ្វើអ្វីៗតាមតែខ្មែរក្រហមកំណត់ អ្នកដែលជំទាស់ប្រឈមនឹងការសម្លាប់ចោល។

ឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមបានដួលរលំ រ៉ូ សប្បាយរីករាយជាខ្លាំងដែលខ្លួន និងគ្រួសារមានសេរីភាពឡើងវិញរួចផុតពីការកាប់សម្លាប់។ គាត់បានដឹងពីការសម្រេចសេចក្តីដាក់ទោសមួយជីវិតលើអតីត​មេដឹកនាំខ្មែរក្រហមដោយតុលាការកាត់ទោសមេដឹកនាំ​ខ្មែរក្រហមគាត់សប្បាយចិត្តព្រោះទទួលបានយុត្តិធម៌ផ្លូវចិត្តមួយក្នុងនាមជាអ្នករស់រានមានជីវិតម្នាក់ដែលបានរស់នៅឆ្លងកាត់របបនោះ ។

គាត់បានស្នើឲ្យក្មេងៗជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ពីអំពើឃៅរឃៅកាលពីអតីតកាល ដើម្បីចូលរួមទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជានាពេលអនាគត។ បច្ចុប្បន្ន រ៉ូ មានជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង ឈឺចង្កេះ និងជំងឺស្រវឹងភ្នែកមើលមិនច្បាស់។

សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin