ហេង សាម៉ន៖ អ្នកទោសភាគច្រើនស្លាប់ក្នុងរយៈពេល១៥ ទៅ២០ថ្ងៃ

(តាកែវ) ហេង សាម៉ន ហៅប្រុស មានអាយុ៧០ឆ្នាំ។ សាម៉ន គឺជាគ្រូចូលនិវត្តន៍ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

នៅឆ្នាំ១៩៧៤ សាម៉ន ឈប់រៀន និងចូលធ្វើជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះ សាម៉ន ត្រូវ​ជម្លៀសចេញពីភ្នំពេញមកនៅភូមិអំរ៉ែ។ ពេលមកដល់ភូមិ សាម៉ន បានកុហកប្រធានសហករណ៍ថា គាត់គឺជាសិស្សរៀននៅសាលាវិជ្ជាឧត្តម ព្រមទាំងបង្ហាញកាតសិស្សរបស់គាត់បន្ថែមទៀត ដើម្បីបង្កើត​ការជឿជាក់។

នៅក្នុងភូមិ សាម៉ន បានចូលទៅធ្វើការងារនៅក្នុងកងយុវជន ដើម្បីរែកដី និងជីកប្រឡាយ។ នៅអាយុ២៥ឆ្នាំ អង្គការបានរៀបចំឲ្យ សាម៉ន រៀបការជាមួយស្ត្រីមេម៉ាយម្នាក់នៅក្នុងភូមិ។ សាម៉ន មិនហ៊ាបដិសេដជាមួយអង្គការនោះទេ បើទោះបីជាខាងស្រីជាអ្នកស្នើសុំរៀបការក៏ដោយ។ កន្លះឆ្នាំក្រោយមក អង្គការបានបញ្ជូន សាម៉ន ឲ្យទៅធ្វើការនៅតំបន់១០៥ (ស្រុកត្រាំកក់)។ ពេលដែលសាម៉នទៅតំបន់១០៥ ប្រពន្ធរបស់គាត់ សុខចិត្តធ្វើដំណើរទៅតាម។

នៅតំបន់១០៥ ប្រពន្ធរបស់សាម៉ន សម្រាលបានកូនម្នាក់។ ប្រាំខែក្រោយមក កូនរបស់សាម៉ន ស្លាប់ ដោយសារបន្ទោរបង់មកចេញឈាម។ ក្រោយមកទៀត ប្រពន្ធរបស់សាម៉ន បានលួចលឡប់មកតំបនន់១០៩(ស្រុកគីរីវង់)វិញ ដោយសារតែពិបាករស់នៅ និងហូបអាហារខ្លាំងពេក។ សាម៉ន មានបំណងលួចត្រលប់មកតាមក្រោយប្រពន្ធដែរ ប៉ុន្តែត្រូវបានអង្គការចាប់បាន។ អង្គការចាប់សាម៉ន នៅពេលដែលគាត់ចូលទៅចាប់ជ្រូកនៅក្នុងព្រៃ។ សាម៉ន ត្រូវបានអង្គការវាយបែកក្បាល និងយកមកឃុំខ្លួននៅមន្ទីរជិតភ្នំ។

ពេលទៅដល់មន្ទីរដំបូង អង្គការបានយកខ្សែមកចងទាក់ក សាម៉ន រួចយកទៅចងមេដំបូល ហើយជើងចងទាញទៅមុខ និងចងស្លាបសេកផ្អោបសសរ (ដូចអង្គុយផ្អែកសសរ)។ ពេលចងរួច អង្គការចាប់ផ្ដើមវាយគាត់ តាំងពីយប់រហូតដល់ព្រលឹមឡើង។ សាម៉ន ស្រែកយំយ៉ាងឈឺចាប់ ព្រមទាំងស្រែករកម្ដាយឪពុកឲ្យជួយ នៅពេលដែល កងសន្តិសុខវាយគាត់។ បើតាមសម្ដីរបស់ សាម៉ន អង្គការធ្វើទារុណកម្មគាត់ដូច្នេះ ដោយសារគិតថា សាម៉ន ចេះវិជ្ជាអ្វីម្យ៉ាង។

បន្ទាប់មកទៀត អង្គការបានដាក់ខ្នោះជើង សាម៉ន ក្រោមដើមឈើធំមួយ ខុសពីអ្នកទោសផ្សេងទៀត ដែលត្រូវឃុំនៅក្នុងរោងធ្វើពីស៊ីម៉ងត៍។ អ្នកទោសទាំងអស់ស្លៀកតែខោខ្លីមួយប៉ុណ្ណោះ សម្រាប់ខោអាវ និងរបស់របបផ្សេងៗ អង្គការដកហូត និងយកទៅចែកឲ្យប្រពន្ធទាហានប្រើប្រាស់បន្ត។ នៅកន្លែងឃុំឃាំង រៀងរាល់១សប្ដាហ៍ម្ដង អង្គការបានហៅអ្នកទោសទៅសួរចម្លើយ ហើយការសួរចម្លើយប្រព្រឹត្តទៅដោយ​វាយ ធាក់ ទាត់។

អ្នកសួរចម្លើយបានចោទ សាម៉ន ថាជាអ្នកធ្វើការស័ក៥ ហើយនៅពេលដែលគាត់ប្រកែក ខាងសន្តិសុខបានយកកាំបិតចែតកាប់ឆ្អឹងជំនីគាត់ ប៉ុន្តែកាំបិតនោះចាស់មិនមុតទើបធ្វើឲ្យស្បែករបស់សាម៉នពក តែប៉ុណ្ណោះ។ នៅទីនោះមានអ្នកទោសស្លាប់ជារៀងរាល់ថ្ងៃ ព្រោះមិនទទួលបាន អាហារ និងទឹកហូប។ សាម៉ន បានបន្តថា ដើម្បីបន្តជីវិតឲ្យបានរស់ អ្នកឃុំឃាំងត្រូវយកស្រាក់ដែលអង្គការទុកឲ្យ យកមកត្រងទឹកនោមខ្លួនឯងផឹក។ ជាងនេះទៅទៀត ក្បាលត្រី ដែលសន្តិសុខហូបរួច ហើយបោះមកក្បែរអ្នកទោស ក៏គាត់រើសយកមកជញ្ជក់យកជាតិដែរ។

ចំពោះអ្នកទោសណាដែលរើខ្លាំងពេក កម្មាភិបាលយកធាងត្នោតវាយ។ អ្នកដែលស្លាប់ទាំងអស់ ត្រូវអង្គការយកខ្សែមកចងទាក់កសាកសព ហើយអូសចេញទៅកប់ ដូចខ្មោចឆ្កែ នៅព្រឹកថ្ងៃបន្ទាប់។ សាម៉ន បានឮសន្តិសុខនិយាយគ្នាថា អ្នកទោសភាគច្រើនស្លាប់ក្នុងអំឡុងរយៈពេល១៥ ទៅ២០ថ្ងៃ។ សាម៉ន បានបន្ថែមថា គាត់ស្ទើរតែបាត់បង់ជីវិតក្នុងពេលនោះទៅហើយ ប៉ុន្តែសំណាងល្អ មានសំបុត្រពីខាងឃុំស្រែរនោង ប្រាប់ឲ្យបញ្ជូនគាត់ទៅឃុំឃាំងនៅអង្គតាសោមវិញ។

នៅអង្គតាសោម អង្គការបានឃុំឃាំងអ្នកទោសក្នុងគុក ប៉ុន្តែអ្នកទោសបានហូបបាយបន្តិចបន្តួចជាមួយពងទា និងមានទឹកផឹក។ អ្នកទោសទាំងអស់ ត្រូវចេញទៅក្រៅដើម្បីធ្វើការងារច្រូតជញ្ជ្រាំងចេញ ហើយភ្ជួរដី ដាំត្រសក់ និងឪឡឹក។ ក្រោយមកទៀត មានកងទ័ពវៀតណាមចូលទៅចាក់សោរ រួចដោះលែងអ្នកទោសទាំងអស់ចេញ។ សាម៉ន បានរត់ទៅនៅ ខ្ពបត្របែក និងបានជួបជាមួយអ្នកជាប់គុកជាមួយគ្នា។ នៅទីនោះ សាម៉ន បានដើរតាមយោធាម្នាក់ ដើម្បីទទួលបានបាយហូប។

នៅពេលដែលប្រជាជនចាប់ផ្តើមធ្វើស្រែឯកជន សាម៉ន បានរត់មក ត្រពាំងអណ្ដើកវិញ ហើយបានជួបអ្នកស្គាល់គ្នា។ សាម៉ន បានសួរទាក់ទងរហូតបានជួបបងរបស់គាត់នៅអូសារ៉ាយ។ សាម៉ន ត្រូវសម្រាកនៅអូសារ៉ាយ ដើម្បីចាំម្ដាយរបស់គាត់មកយកទៅផ្ទះវិញ។ ពេលបានជួបម្ដាយ សាម៉ន បានធ្វើដំណើរទៅភូមិដំណាក់ចង់ក្រម ហើយបានជួបជាមួយបងប្អូនបន្ថែមទៀត និងបានត្រលប់មកស្រុកកំណើតវិញ។

សម្ភាសន៍ដោយ ទុយ តារ៉ា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ ភា រស្មី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin