ហេង ស៊ីម៖ អតីតកងចល័ត

ស៊ីម រស់នៅក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឆ្នាំ១៩៧៥ ស៊ីម ត្រូវបានខ្មែរក្រហមបង្ខំឲ្យផ្សឹក រួចបញ្ចូនចេញពីស្រុកថ្ពងទៅកាន់ទីក្រុងភ្នំពេញ ដើម្បីឲ្យចូលរួមធ្វើការងារក្នុងកងចល័ត។ ក្នុងកងចល័តមានប្រជាជន និងអតីតកងទ័ពខ្មែរក្រហមសរុបប្រហែល១០០០នាក់ ដែលមានប្រធានកងចល័តឈ្មោះ កែវ ប៉ាន់ និងអនុប្រធានឈ្មោះ ប៉ិច ផាន។

ឈ្មោះ ហេង ស៊ីម[1] ភេទប្រុស អាយុ៦៨ឆ្នាំ។ ស៊ីម មានស្រុកកំណើតនៅក្នុងភូមិវាលទន្សាយ ឃុំមានជ័យ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។ សព្វថ្ងៃ ស៊ីម រស់នៅក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ អឹម ហេង (ស្លាប់ក្នុងសម័យ ប៉ុល ពត)។ ចំណែកម្ដាយឈ្មោះ នូ សុទ្ធ (ស្លាប់ដោយសារមានជំងឺក្នុងឆ្នាំ១៩៩៧)។ ស៊ីម មានបងប្អូនបង្កើតចំនួន៤នាក់ (ស្រី២នាក់) ហើយ ស៊ីម ជាកូនទីបីក្នុងគ្រួសារ។ ប្រពន្ធឈ្មោះ សំ ហាន មានអាយុ៧០ឆ្នាំ និងមានកូនចំនួន៥នាក់​(ស្រី២នាក់)។

កាលនៅវ័យកុមារ ស៊ីម បានរៀនសូត្រ អាចអាន និងសរសេរបានជាមធ្យម។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ សាលារៀនត្រូវបានបិទ​ ព្រោះកើតមានសង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ស៊ីម បានលួចរៀននៅតាមព្រៃក្បែរភូមិវាលទន្សាយ។ នៅឆ្នាំ១៩៧២ ស៊ីម បានចូលបួស នៅក្នុងវត្តពោធិ៍ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ស៊ីម បានរៀបរាប់ថា ព្រះចៅអធិការក្នុងវត្តពោធិ៍ គឺព្រះតេជគុណ សុខ ព្រះតេជគុណឆ្វេងព្រះនាម សាយ និងព្រះតេជគុណស្ដាំព្រះនាម វន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលមកកាន់កាប់ក្នុងឃុំប្រាំបីមុំ រួចបានចាប់បង្ខំឲ្យ ស៊ីម និងព្រះសង្ឃក្នុងវត្តពោធិ៍ទាំងអស់សរុបចំនួន៦០អង្គ រួមទាំងព្រះចៅអធិការវត្តឲ្យផ្សឹកធ្វើជាប្រជាជនសាមញ្ញ ហើយបានលុបបំបាត់វត្តអារាមចោលទាំងស្រុង។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំដដែល ស៊ីម និងយុវជនចំនួន៣នាក់ទៀត ទី១ឈ្មោះ សួស, ទី២ឈ្មោះ ឃឹម និងទី៣ឈ្មោះ កិល ត្រូវបានលោកមេឃុំប្រាំបីមុំឈ្មោះ នឹម លុច បញ្ជូនចេញពីស្រុកថ្ពងទៅកាន់ទីក្រុងភ្នំពេញ។ ស៊ីម និងយុវជនទាំង៣រូប ទៅស្នាក់នៅក្នុងរោងចក្រអង្គកូ (ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ)។ បន្ទាប់មក ស៊ីម ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័តមជ្ឈិម។ ស៊ីម បាននិយាយថា នៅក្នុងរោងចក្រអង្គកូ មានកងទ័ពយុវជន យុវនារី និងប្រជាជនសាមញ្ញប្រហែល១០០០នាក់ មកពីគ្រប់បណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។ រយៈពេល៥ថ្ងៃក្រោយមក ស៊ីម បានឃើញខ្មែរក្រហមដើរដកអាវុធទាំងអស់ចេញពីកងទ័ព រួចបញ្ចូនឲ្យចូលក្នុងកងចល័តជាមួយ ស៊ីម។ ប្រធានកងចល័តមជ្ឈិមឈ្មោះ កែវ ប៉ាន់។ កែវ ប៉ាន់ មានស្រុកកំណើតក្នុងឃុំពាម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ អនុប្រធានកងចល័តឈ្មោះ ប៉ិច ផាន។ ស៊ីម និងក្រុមកងចល័តទាំង១០០០នាក់ ត្រូវទទួលបញ្ជាពី កែវ ប៉ាន និង ប៉ិច ផាន ឲ្យចូលទៅរុះរើផ្ទះឈើរបស់ប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ។ ស៊ីម បានដើររុះរើផ្ទះឈើនៅតាមដងផ្លូវ នៅស្ពានជ្រោយចង្វា និងព្រែកក្ដាម​។ ក្រោយរុះរើផ្ទះរួច ខ្មែរក្រហមបានដឹកយកឈើទាំងអស់ទៅសាងសង់ជាមន្ទីរពេទ្យតំបន់ មន្ទីរពេទ្យស្រុក និងមន្ទីរពេទ្យឃុំនៅតាមខេត្ត។ បន្ទាប់មក សួស, ឃឹម និង កិល ត្រូវបានខ្មែរក្រហមយកទៅវាយសម្លាប់ចោលទាំងអស់ ដោយមិនមានមូលហេតុ។ បន្ទាប់មកទៀត យុវជន យុវនារី ទាំង១០០០នាក់ ត្រូវបាន កែវ ប៉ាន់ បែងចែកឲ្យធ្វើការងារនៅផ្នែកផ្សេងៗ ដូចជាខាងសេដ្ឋកិច្ចរកត្រីផ្គត់ផ្គង់ក្នុងកងចល័ត និងទៅជាន់ទឹកសម្រាប់ធ្វើស្រែប្រាំងឃុំកំពង់ចម្លង និងឃុំកំពង់លួង ក្នុងខេត្តកណ្ដាល។ រីឯមួយចំនួន បញ្ចូនទៅចាំដេញកណ្ដុល ដើម្បីកុំឲ្យកាត់ស្រូវ។ ចំណែក ស៊ីម និងកងចល័តមួយចំនួនទៀត ត្រូវបានបញ្ចូនឲ្យទៅកាប់ដីដំបូក​ យកទៅលាយជីដាក់ស្រែ និងធ្វើស្រែនៅកប់ស្រូវ (ភ្នំពេញ)។ ទោះបីមានមេឃភ្លៀង ស៊ីម ត្រូវចេញទៅរែកដី មិនមានពេលវេលាសម្រាកនោះឡើយ។

ស៊ីម បានឮសេចក្ដីប្រកាសរបស់ ប៉ុល ពត ថា «ឲ្យធ្វើស្រែក្នុងមួយហិកតាឲ្យបានចំនួនបីតោន »។ ក្រោយដកស្ទូងរួច ស៊ីម ត្រូវបន្តកាច់ពោតស និងដកដំឡូងមី។ បន្ទាប់មក ស៊ីម និងកងចល័តប្រហែល១០០នាក់ ត្រូវបានបញ្ជាដកចេញពីភ្នំពេញទៅកាន់ស្រុកតំបែរ ខេត្តកំពង់ចាម។ ស៊ីម និងកងចល័តមាននារី និងបុរសចំនួន៥០នាក់ នៅមើលថែកូនកៅស៊ូ នៅក្នុងស្រុកតំបែរ។ រីឯកងចល័តបុរសចំនួន៥០នាក់ទៀត ត្រូវបានបញ្ចូនទៅខេត្តត្បូងឃ្មុំ ដើម្បីអារឈើសម្រាប់សាងសង់ផ្ទះជូនប្រជាជនរស់នៅ។ អំឡុងពេលធ្វើការងារក្នុងចម្ការកៅស៊ូ ស៊ីម មិនបានជួបជាមួយប្រជាជនដែលរស់នៅនៅក្នុងស្រុកតំបែរនោះទេ គឺមានតែកងចល័តចំនួន៥០នាក់ប៉ុណ្ណោះ។ ប្រធានក្រុមកងចល័តទាំង៥០នាក់ឈ្មោះ ប៉ិច សួស។ ក្នុងកងចល័តចំនួន៥០នាក់ ហូបបបរលាយព្រលឹត ដោយអង្ករ៥កំប៉ុង បបរមួយខ្ទះ ហើយ ស៊ីម ហូបមិនគ្រប់គ្រាន់នោះឡើយ។ នៅរៀងរាល់ពេលយប់ ស៊ីម តែងលួចចាប់សត្វថ្លែន ចាប់បង្គួយ យកទៅដុតហូប និងមិនឲ្យអង្គការបានឃើញជាដាច់ខាត បើអង្គការប្រទះឃើញក្រុមកងចល័តលួចហូប នឹងត្រូវចាប់បញ្ចូនយកទៅដាក់គុកជាមិនខាន។ អង្គការបាននិយាយថា «មិត្តឯងម៉េចហូបអត់ឆ្អែត? មិត្តឯងធ្វើហ្នឹងអាម៉េច ចលនាកង់ប្រវត្តិសាស្រ្តកំពុងវិលទៅមុខ យកជើងខ្ទាស់ដាច់ជើង យកដៃខ្ទាស់ដាច់ដៃ»។ នៅរៀងរាល់ពេលយប់ អង្គការតែងហៅ ស៊ីម និងក្រុមកងចល័តទាំង៥០នាក់ទៅប្រជុំ រួចហៅឲ្យឡើងទិតៀនខ្លួននៅចំពោះមុខអង្គការម្នាក់ម្ដង ឧទាហរណ៍៖ «ខ្ញុំមានការខ្វះខាតលើសលប់ខុសឆ្គងក្នុងសមូហភាព ខ្ញុំសុំមេកងទៅបត់ជើងមែន តែខ្ញុំអង្គុយយូរបន្តិច»។ ស៊ីម បានបន្តថា បើនរណាម្នាក់មិនព្រមឡើងទៅទិតៀនខ្លួននៅចំពោះមុខអង្គការនោះទេ គឺរស់នៅមិនដល់ព្រឹកព្រលឹមទេ នឹងត្រូវបាត់ខ្លួន។ ១ខែក្រោយមក ស៊ីម និងកងចល័តទាំង៥០នាក់បានចេញពីស្រុកតំបែរ ធ្វើដំណើរត្រឡប់ទៅកាន់ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាលវិញ ហើយ ស៊ីម បានចាប់ផ្ដើមច្រូតស្រូវប្រាំងនៅកំពង់លួង។ បន្ទាប់ពីច្រូតរួច ស៊ីម ត្រូវបានមេកងបញ្ជាឲ្យភ្ជួររាល់ដី ដើម្បីចាប់ផ្ដើមធ្វើស្រែប្រាំងជាលើកទី២។ បន្ទាប់មក ស៊ីម បានដើរដោយថ្មើរជើងទៅស្ទូងស្រូវវស្សានៅខេត្តកំពង់ឆ្នាំង។ ស៊ីម បានដើរចល័តស្ទូងស្រូវនៅតាមឃុំរាំងចាស់ ភូមិក្រាំងពន្លៃ និងឃុំលង្វែក។ ស៊ីម ធ្លាប់បានចូលរួមប្រជុំនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានគណៈតំបន់៣១ ឈ្មោះ តា យឹម ឡើងនិយាយអំពីជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលកងទ័ពខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញបានពីលោកសេនាប្រមុខ លន់ នល់។ ពាក់កណ្ដាលឆ្នាំ១៩៧៦ ស៊ីម និងកងចល័តចំនួន៥០នាក់ បានចល័តទៅកាន់ខេត្តស្ទឹងត្រែង។ ស៊ីម បានដើរកាប់ដីដំបូក កាត់ទន្រ្ទានខែត្រ និងបារលាមកក្នុងបង្គន់ យកទៅលាយធ្វើជីដាក់ក្នុងស្រែ។ ស៊ីម និងកងចល័តទាំង៥០នាក់បានចូលរស់នៅក្នុងសហករណ៍ជាមួយប្រជាជនក្នុងកងចល័តឃុំ និងកងចល័តស្រុក ក្នុងខេត្តស្ទឹងត្រែងអស់រយៈពេល១ខែ។ ក្រោយមក ស៊ីម និងកងចល័តទាំង៥០នាក់ បានចល័តទៅធ្វើស្រែនៅខេត្តក្រចេះអស់រយៈពេលកន្លះខែបន្តទៀត។

នៅខែសីហា ឆ្នាំ១៩៧៦ ស៊ីម បានចល័តបន្តទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីដាំដើមកៅស៊ូ និងដាំដំឡូងមី។ ស៊ីម និងកងចល័ត៥០នាក់ នៅធ្វើការងារនៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរីអស់រយៈពេលប្រហែល២ខែ។ នៅខែវិច្ឆិកា ឆ្នាំដដែល ស៊ីម និងកងចល័តទាំង៥០នាក់ បានចេញដំណើរពីខេត្តមណ្ឌលគិរី ត្រឡប់មកធ្វើស្រែប្រាំងនៅ ឃុំកំពង់លួង និងឃុំកំពង់ចម្លង ខេត្តកណ្ដាលវិញ។

នៅដើមឆ្នាំ១៩៧៧ ស៊ីម និងកងចល័ត៥០នាក់ បានចល័តទៅកាន់ខេត្តកំពង់ឆ្នាំងធ្វើស្រែនៅក្រាំងពន្លៃ នៅលង្វែក ផ្សារត្រាច និងលើកទំនប់ស្ពានពោធិ៍ រែកដីធ្វើថ្នល់ជាតិ បឹងពោធិ៍វិញ។ សម្រាប់កន្លែងស្នាក់នៅ ស៊ីម និងកងចល័តត្រូវសាងសង់រោងសម្រាប់ស្នាក់នៅដោយខ្លួនឯង។ ចំណែកម្ហូបអាហារ ខាងកងសេដ្ឋកិច្ចដឹកសម្ភារមកពីភ្នំពេញយកមកដាក់ឲ្យនៅតាមកន្លែងស្នាក់នៅ។ បន្ទាប់មក ស៊ីម និងកងចល័តទាំង៥០នាក់ បានចល័តទៅលើកទំនប់ នៅភ្នំក្រិច ក្នុងខេត្តកំពង់ឆ្នាំងដដែល ហើយចល័តបន្តទៅកាន់ខេត្តបាត់ដំបង។ នៅរៀងរាល់ម៉ោង៤ទៀបភ្លឺ មេកងបានដើរដាស់ឲ្យរៀបចំខ្លួនទៅតម្រង់ជួរ ហើយនៅម៉ោង៥ព្រឹក ចាប់ផ្ដើមចេញទៅធ្វើការងារដល់ម៉ោង៩ព្រឹក មេកងអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣០នាទី។ បន្ទាប់មក ស៊ីម និងកងចល័តចុះធ្វើការរហូតដល់ម៉ោង១១ សម្រាកហូបបបរម្ដង។ ម៉ោង១រសៀល ធ្វើការរហូតដល់ម៉ោង៤ល្ងាច សម្រាកហូបបបរម្ដងទៀត។ ចាប់ពីម៉ោង៦ល្ងាច ត្រូវទៅធ្វើការងាររហូតដល់ម៉ោង១០យប់ ទើបចូលសម្រាក។ ក្នុងមួយសប្ដាហ៍ ស៊ីម បានសម្រាកថ្ងៃអាទិត្យមួយថ្ងៃ និងបានហូបបាយដំណើប និងមានបបរស្ករឆ្ងាញ់មួយថ្ងៃ។  នៅខែមេសា ឆ្នាំ១៩៧៧ ត្រូវនឹងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ខ្មែរក្រហមបានអនុញ្ញាតឲ្យក្រុមកងចល័តទាំងអស់ឈប់សម្រាកពីការងារចំនួន៣ថ្ងៃ។ ក្នុងរយៈពេលបីថ្ងៃនេះ ខ្មែរក្រហមបានរៀបចំការប្រជុំ ហើយមិនមានការធ្វើបុណ្យ ឬការរាំលេងកំសាន្តដូចសម័យបច្ចុប្បន្ននេះនោះទេ។ ខ្មែរក្រហមបានកាប់គោ កាប់ជ្រូកហូប និងឲ្យប្រជាជនអង្គុយស្ដាប់ការប្រជុំ។ អំឡុងពេលប្រជុំ មេកងបានប្រកាសប្រាប់ថា «បើកឲ្យបងប្អូនណានឹកស្រុកនឹកទេស ខ្ញុំបើកឲ្យទៅលេង បានតែ៧ថ្ងៃទេឆាប់វិលមកវិញ » ទើប ស៊ីម បានសុំអនុញ្ញាតមេកងត្រឡប់មកលេងផ្ទះនៅស្រុកកំណើតនៅខេត្តកំពង់ស្ពឺចំនួន៧យប់។ បន្ទាប់ពីទៅដល់ផ្ទះនៅស្រុកកំណើត ស៊ីម មិនឃើញឪពុក ទើបសួរសាច់ញាត្តិ ហើយមីងម្នាក់(មិនប្រាប់ឈ្មោះ) បានប្រាប់ថា «ពុកឯងទៅបាត់ហើយ អង្គការយកទៅមុខបាត់ហើយ »។ ឪពុករបស់ ស៊ីម ត្រូវបានខ្មែរក្រហមចោទប្រកាន់ជាសេអ៊ីអា(CIA)’ផ្ទៃក្នុងរបស់យួន ទើប ខ្មែរក្រហមចាប់ចងយកទៅសម្លាប់នៅឃុំពាម ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ១៩៧៧។

នៅឆ្នាំ១៩៧៨ ស៊ីម និងកងចល័តទាំង៥០នាក់ ត្រូវបានមេកងបញ្ចូនឲ្យចូលធ្វើកងទ័ព រួចទៅឈរជើងនៅអ្នកលឿង ក្នុងខេត្តព្រៃវែង។ ស៊ីម ស្ថិតក្នុងកងពល៣១៥ ដែលដឹកនាំដោយ តា ម៉ុក និងអនុប្រធានកងពលឈ្មោះ តា សាយ (ស្លាប់)។ កងពល៣១៥ ត្រូវបានបង្កើតឡើងតាំងពី១៩៧៥ ដែលមាន តា ម៉ុក ជាប្រធានកងពល និង តា សារ៉េត ជាអនុប្រធានកងពល។ ក្រោយមក តា សារ៉េត បានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៧៥ ទើបឈ្មោះ តា សាយ បានឡើងជាអនុប្រធានជំនួស។ ស៊ីម បានរៀបរាប់ថា កងទ័ពទាំង១០០០នាក់ដែលខ្លួនបានឃើញកាលពីឆ្នាំ១៩៧៥ ជាកងទ័ពនៅក្នុងកងពល៣១៥ ដែលត្រូវបានដកសិទ្ធិ និងដកអាវុធ ដើម្បីឲ្យចូលរួមក្នុងកងចល័តមជ្ឈិម។ បន្ទាប់ពីបានបំពាក់អាវុធ ស៊ីម និងកងទ័ពទាំង១០០០នាក់ ត្រូវបាន តា ម៉ុក បែងចែកទៅតាមកងពលផ្សេងៗគ្នា មានមួយចំនួនបញ្ចូនទៅកងពល៣៣០ ដឹកនាំដោយ តា លវៃ និង តា ពន្លក ហើយមួយចំនួនបញ្ចូនចូលក្នុងកងពល៣១៥។ តា ម៉ុក នៅស្នាក់នៅខាងកើតទន្លេអ្នកលឿង ជាមួយកងទ័ពក្នុងកងពល៣១៥។ ក្នុងកងពល៣១៥ ចែកចេញជាបីវរសេនាធំ មានវរសេនាធំលេខ២ វរសេនាធំលេខ៣ និងវរសេនាធំលេខ៤។ ស៊ីម នៅក្នុងវរសេនាធំលេខ៣។ បន្ទាប់មក តា ម៉ុក បានចេញបញ្ជាឲ្យ ស៊ីម និងកងទ័ពទាំងអស់ វាយទប់ទល់ជាមួយកងទ័ពវៀតណាមនៅអ្នកលឿងអស់រយៈពេលបីយប់ បួនថ្ងៃ ទើប ស៊ីម បានវាយដកថយទៅដល់ព្រែកព្នៅ (ភ្នំពេញ)។ ស៊ីម នៅបន្តវាយជាមួយកងទ័ពវៀតណាមនៅព្រែកព្នៅអស់រយៈពេល៧យប់ ៧ថ្ងៃ ទើប ស៊ីម និងកងទ័ពខ្មែរក្រហមបានរត់បែកខ្ញែកគ្នាអស់។ ស៊ីម រួមជាមួយកងទ័ពចំនួន៤០នាក់ បានរត់ដកថយចេញពីភ្នំពេញរហូតដល់ភ្នំរាជកុង ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ស៊ីម និងកងទ័ពទាំងអស់បានរត់បន្តរហូតទៅដល់ច្រកកោះកុង-ថ្មដា រួចចូលទៅរស់នៅខេត្តត្រាត ក្នុងទឹកដីប្រទេសថៃ។ បន្ទាប់មក ទាហានថៃដេញ ស៊ីម និងកងទ័ពមិនឲ្យចូលនោះទេ។ ក្រោយមក តា ម៉ុក បានទាក់ទងពីខាងអន្លង់វែង ឲ្យ ស៊ីម និងកងទ័ពទាំង៤០នាក់ចូលទៅរស់នៅក្នុងខេត្តប៉ៃលិន ជាមួយ អ៊ី ឈាន។ បន្ទាប់មកទៀត ស៊ីម និងកងទ័ពចំនួន១១នាក់ ​បានបន្លំខ្លួន ដោយស្លៀកសម្លៀកបំពាក់ដូចប្រជាជនសាមញ្ញចូលទៅស៊ើបការណ៍នៅក្នុងភូមិស្ដៅ ខេត្តបាត់ដំបង។ ឆ្នាំ១៩៨០ ស៊ីម និងកងទ័ព១១នាក់ ត្រូវបានកងទ័ពរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជា ចាប់ខ្លួន​ រួចបញ្ចូនទៅសួរចម្លើយ ហើយ ស៊ីម បានសារភាពថា « ខ្ញុំមកគ្នា១០នាក់ និងមានមេវរសេនាធំមកជាមួយឈ្មោះ ម៉ៅ មណូ»។ បន្ទាប់មក ស៊ីម និងបក្សពួកទាំង១០នាក់ រួមទាំងមេវរសេនាធំឈ្មោះ ម៉ៅ មណូ ត្រូវបានកងទ័ពរាជរដ្ឋាភិបាលចាប់ខ្លួនបាន។ ស៊ីម និងកងទ័ពទាំង១១នាក់ បានស្នាក់នៅភូមិស្ដៅរយៈពេលមួយសប្ដាហ៍ ទើបបញ្ចូនបន្តទៅកាន់ទីរួមខេត្តបាត់ដំបង។ បន្ទាប់មក ស៊ីម និងកងទ័ពទាំង១១នាក់ ត្រូវបានបញ្ចូនចេញពីបាត់ដំបងទៅកាន់ទីក្រុងភ្នំពេញ ហើយ ស៊ីម បានរៀននៅបន្ទាយកប់ស្រូវ អស់រយៈពេល៣ខែ។ បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន បានឲ្យ ស៊ីម ប្ដូរទៅធ្វើកងទ័ពខាងក្នុង  ប្រចាំការនៅច្រកភ្នំ១៥០០ ក្នុងខេត្តពោធិ៍សាត់។ ប្រធានរបស់ ស៊ីម ឈ្មោះ ជា សេង។ ស៊ីម មិនបាននៅវាយជាមួយកងទ័ពខ្មែរក្រហមនៅភ្នំ១៥០០ បានជាប់លាប់នោះទេ គឺត្រូវដកទ័ពទៅកប់ស្រូវវិញ។ រហូតឆ្នាំ១៩៩២ ស៊ីម បានឈប់ធ្វើកងទ័ព ហើយបានត្រឡប់មកធ្វើជាប្រជាជនធម្មតារស់នៅក្នុងភូមិក្រពើពីរក្រោម៕

អត្ថបទដោយ មឿន ស្រីណុច


[1] ឯកសារលេខ PTI0153 , តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ឡុង ដានី សម្ភាសន៍ជាមួយឈ្មោះ  ហេង ស៊ីម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin