ហេង ថេន ៖ កងទ័ពនារីស្រុក៥៦

ខ្ញុំឈ្មោះ ហេង ថេន[1] ភេទស្រី អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សំ សង្កាត់បន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ អៀង មិចនិងម្ដាយឈ្មោះ ចាន់ ថន (ស្លាប់)។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ ហើយមានបងប្អូនបង្កើតចំនួន៤នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន២នាក់។ ខ្ញុំមានប្ដីឈ្មោះ ឌុជ សឿន អាយុ៦០ឆ្នាំ។ ខ្ញុំមានកូន៦នាក់ ស្រីចំនួន៤នាក់ និងប្រុសចំនួន២នាក់។ សព្វថ្ងៃខ្ញុំប្រកបមុខរបរធ្វើស្រែ។ កាលពីវ័យកុមារខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី៨ ។
នៅឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧២ ខ្ញុំបានជម្លៀសទៅរស់នៅកោះខែល។ ទៅដល់ទីនោះ ខ្ញុំបានចូលបម្រើក្នុងជួរកងទ័ព ខាងរំដោះជាតិ ដោយស្ម័គ្រចិត្ត និងបានទៅរស់នៅជាមួយទ័ពយុវជន។ មួយរយៈក្រោយមក ទើបប្រធានក្រុមបែងចែកកងទ័ព យុវជន និងនារី ដាច់ដោយឡែកពីគ្នា។ មុននឹងចូលបម្រើក្នុងជួរកងទ័ពនេះ ខ្ញុំត្រូវរៀនពីរបៀបបាញ់កាំភ្លើងចំនួន២ខែជាមុនសិន។ បន្ទាប់ពី រៀនចប់ ខ្ញុំក៏ចាប់ផ្ដើមចេញវាយនៅសមរភូមិចម្ការគរ នៅខាងកើតផ្លូវជាតិលេខ៤ មានឈ្មោះ ទូត និង នាន ជាប្រធាន។ ខ្ញុំបានកាន់កាំភ្លើង សេ កា សេ (CKC) ស្រដៀងនឹងកាំភ្លើងអាកា (AK)ដែរ។ នៅក្នុងកាំភ្លើងនោះមានគ្រាប់ចំនួន៦គ្រាប់។ អំឡុងពេលចូលបម្រើក្នុងជួរកងទ័ព ខ្ញុំបានទៅវាយនៅតំបន់ភ្នំ តាមដងផ្លូវជាតិលេខ៤ ចាប់ផ្ដើមពីភ្នំក្រាំងកាតន់, ភ្នំដើរក្រជើល, ម៉ាជនា និងភ្នំមហាសាគរ។ ខ្ញុំចូលបម្រើក្នុងជួរកងទ័ពនៅកងវរសេនា២។ នៅពេលនោះ មានការទម្លាក់គ្រាប់ នៅក្នុងព្រៃ។ ប្រជាជនបានរៀបចំជីកត្រង់សេ ដើម្បីការពារជីវិតពីការទម្លាក់គ្រាប់ទាំងនោះ។ នៅក្នុងហេតុការណ៍នេះ បានធ្វើឲ្យ តា និងមីង របស់ខ្ញុំចំនួន៤នាក់ ត្រូវស្លាប់ក្នុងពេលទម្លាក់គ្រាប់នោះ។ ក្នុងចំណោម អ្នកទាំង៤នាក់ មាន តា របស់ខ្ញុំ ចំនួន ១នាក់ និងមីង ចំនួន ១នាក់ គាត់ធ្លាប់ចូលបម្រើយោធាខ្មែរក្រហម។
ក្រោយបែកទីក្រុងភ្នំពេញ ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ អង្គភាពយោធាត្រូវបានរំសាយ ខ្ញុំក៏បានទៅនៅ តំបន់៣៣ នៅកងទ័ពនារីស្រុក៥៦ ភូមិភាគនិរតី ស្រុកបាទី ខេត្តតាកែវ។[2] ពេលនោះ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ចូលជាប្រជាជនមូលដ្ឋានចាស់ ប៉ុន្តែបងប្អូនរបស់ខ្ញុំជាប្រជាជនថ្មីទាំងអស់។ ខ្ញុំបានចូលធ្វើការតាមកងចល័ត នៅមហាសាំង គឺទៅជីកប្រឡាយ និងជីកទំនប់នៅតាមព្រែកត្នោត ក្រាំងតាតន់ និងដោះក្រជរ។ ការងារនេះខ្ញុំត្រូវធ្វើទាំងថ្ងៃទាំងយប់។ ចំពោះការហូបចុកមិនបានគ្រប់គ្រាន់ឡើយ។ ពេលនោះ ខ្ញុំត្រូវរស់នៅបែកបាក់ពីគ្រួសារ។ ខ្ញុំបានឃើញខ្មែរក្រហមបណ្ដើរអ្នកទោសទាំងខ្សែៗ ចងនឹងអំបោះ បណ្ដើរទៅធ្វើការ ពុំឃើញត្រឡប់មកវិញឡើយ។
នៅឆ្នាំ១៩៧៦ ខ្ញុំក៏វិលត្រឡប់មកនៅស្រុកបាទីវិញ។ លុះពេលមកដល់ ខ្ញុំបានទៅជីកទំនប់ ជីកប្រឡាយ នៅទំនប់មើមកាចិន។ ការជីកទំនប់នេះ ដើម្បីស្ទុកទឹកសម្រាប់ធ្វើស្រូវនៅរដូវប្រាំង។ ពេលនោះកម្មាភិបាលខ្មែរក្រហមបានបែងចែក កងយុវជន និងកងនារីដាច់ដោយឡែកពីគ្នា។ បន្ទាប់មក ក៏បានរៀបចំសន្និបាទ បង្ហាញពីស្វ័យទិតៀនគ្នា ធ្វើឡើងរយៈពេលមួយខែម្ដង ឬពីរខែម្ដង។
កាលនោះទីតាំងឃុំឃាំងអ្នកទោស មាននៅស្រុកបាទីនេះមួយកន្លែង គឺនៅវត្តកកោះ។ ខ្ញុំបានឃើញ អ្នកទោសមួយចំនួន មានសភាពស្គមស្គាំងណាស់ មូលហេតុដោយសារដាច់បាយ។ អ្នកទោសដែលត្រូវបានកម្មាភិបាលចាប់ខ្លួន លាយចម្រុះគ្នា មានទាំងប្រជាជនមូលដ្ឋាន និងប្រជាជន១៧មេសា។ អ្នកដែលបានបណ្ដើរអ្នកទោសពេលនោះ មានឈ្មោះ តាពុត មានតួនាទីជាមេវត្តកកោះ។ លុះពេលបែករបបខ្មែរក្រហម តាពុត ត្រូវបានជនមិនស្គាល់មុខបានលួចសម្លាប់។ ហេតុការណ៍នេះ យើងមិនអាចសន្និដ្ឋានបានថា នរណាជាអ្នកសម្លាប់ទេ ព្រោះប្រជាជនមួយចំនួនធំបានចងកំហឹងយ៉ាងខ្លាំង មកលើតាពុត ដែលបានធ្វើវាយធ្វើបាបមកលើសាច់ញាតិរបស់ខ្លួន។
នៅឆ្នាំ១៩៧៩ ខ្ញុំត្រូវបានអង្គការរៀបចំឲ្យមានគ្រួសារ។ ការរៀបការនេះ ធ្វើឡើងទាំងបង្ខិតបង្ខំ ដោយប្ដេជ្ញា ស្ម័គ្រចិត្តរួមរស់ជាមួយគ្នាអស់មួយជីវិត។ ការប្ដេជ្ញានេះ ធ្វើឡើងនៅវេលាម៉ោង ៨យប់។ កម្មាភិបាលខ្មែរក្រហម គិតថា ធ្វើដូច្នេះ កុំឲ្យខាតពេលវេលាសម្រាប់ធ្វើការងារ។ លុះស្អែកឡើង វៀតណាមក៏ចូលមកដល់ ខ្ញុំមិនបានរត់ចេញឆ្ងាយពីភូមិទេ ប៉ុន្តែប្ដីរបស់ខ្ញុំ និងបុរសៗនៅក្នុងភូមិជាច្រើននាក់ទៀតត្រូវវៀតណាមជម្លៀសឲ្យទៅរៀននៅស្តាតអូឡាំពេក។ ពេលនោះ ប្ដី របស់ខ្ញុំភ័យខ្លាំងណាស់ ព្រោះគាត់បានគិតក្នុងចិត្តថាខ្លួននឹងត្រូវស្លាប់ ហើយមិនបានត្រឡប់មកជួបជុំប្រពន្ធកូនទៀត។ សំណាងល្អរយៈកន្លះខែក្រោយមក ប្ដីរបស់ខ្ញុំក៏ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ចំណែកអ្នកផ្សេងទៀតក៏ត្រឡប់មកវិញដូចគ្នា ពុំមាននរណាត្រូវបាត់ខ្លួនឡើយ៕
អត្ថបទដោយ ជីម សុខគា
[1] ឯកសារ TKIO77, តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា បទសម្ភាសជាមួយ ហេង ថេន រស់នៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ, ចំណងជើងអត្ថបទ« ហេង ថេន ៖ កងទ័ពនារីស្រុក៥៦» ។ សម្ភាសន៍ ដោយ សុខ វណ្ណៈ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។ ចំនួន៣៤ទំព័រ។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកនិពន្ធផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),៣៤។