ហ៊ឹម ខេង៖ កងការពារមន្ទីរស-២១

ហ៊ឹម ខេង/មជ្ឈមណ្ឌលឯកសារកម្ពុជា

កងការពារម្នាក់នៅមន្ទីរស-២១ ឈ្មោះ ហ៊ឹម ខេង[1] ភេទប្រុស អាយុ ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្របៅ ឃុំពិចចង្វារ ស្រុក១០ តំបន់៣១។ មុនបដិវត្តន៍ ខេង មិនបានចូលរៀនទេ មានវណ្ណភាពកណ្តាលក្រោម និងមុខរបរធ្វើស្រែ។ ខេង ចូលបដិវត្តនៅភូមិពោម្រះ ឃុំពិចចង្វារ ស្រុក១០ (ស្រុកបរិបូរណ៍) តំបន់៣១[2] (ខេត្តកំពង់ឆ្នាំង) តាមរយៈឈ្មោះ ធី មូល និងតាមការអប់រំផ្នែកមាគ៌ា អំពីការជិះជាន់របស់ចក្រពត្តិប្រតិកិរិយាគ្រប់ប្រភេទ ទើប ខេង ចង់រំដោះប្រជាជនក្រីក្រឲ្យរួចផុតពីការជិះជាន់ទាំងនេះ។ ក្រោយពេលចូលបដិវត្តន៍ ខេង បានរៀនសូត្ររហូតចេះអានអក្សរបានខ្លះ ថែមទាំងបានទទួលដំណែងជាមេពួក បន្ទាប់មកជាអនុក្រុម និងជាយុទ្ធជន។ ក្នុងសកម្មភាពរួមជីវភាព និងធ្វើការបដិវត្តក្នុងមជ្ឈដ្ឋានកសិករ ខេង បានយល់ឃើញថា មជ្ឈដ្ឋាននេះ មានការតស៊ូជាប់ជានិច្ច។ បន្ថែមពីនេះ ខេង ធ្លាប់បានរៀនអំពីបដិវត្តន៍ បាន៤ដង និងជាសាលា បាន២ដង ប៉ុន្តែ ខេង មិនដែលបានឆ្លងជីវទស្សន៍បដិវត្តន៍ឡើយ។ ខេង មានឪពុកឈ្មោះ ហ៊ឹម ផ្លូង និងម្តាយឈ្មោះ ឡេង វ៉ាន់។ ឪពុកម្តាយ ខេង មិនធ្លាប់បានចូលបម្រើនិន្នាការនយោបាយណាមួយទេ មិនតែប៉ុណ្ណោះ មានចិត្តស្រឡាញ់បដិវត្តន៍, ធ្លាប់បានជួយឧបត្ថម្ភដល់បដិវត្តន៍ និងហ៊ានលះបង់កូនចៅឲ្យធ្វើបដិវត្តន៍ ថែមទាំងណែនាំឲ្យខ្ញុំខិតខំធ្វើការបដិវត្តន កុំខ្ជិល កុំព្រហើន កុំរត់ទៅផ្ទះ និងគោរពអង្គការវិន័យ។ ខេង មានបងប្អូន ១៤នាក់ ប្រុស ៩នាក់ ស្រី ៥នាក់។ ខេង មានបងប្អូន ៥នាក់ ដែលបានចូលធ្វើជាកងទ័ពបដិវត្តន៍ មានឈ្មោះ ហ៊ឹម បៀ (បងទី៤) ហឹម ច្អូន (បងទី៥) ហ៊ឹម ជា (បងទី៨) ហ៊ឹម ចេង (បងទី៩) និង ហ៊ឹម ឃៀង (ប្អូនទី១១)។

នៅទំព័រចុងក្រោយ (ទំព័ទី១២) នៃប្រវត្តិរូបដែល ខេង បានធ្វើនៅមន្ទីរស-២១បានរៀបរាប់ពីប្រវត្តិនៃសកម្មភាពថា៖ «ចាប់តាំងពីចាប់កំណើតរហូតដល់ អាយុ ១៤ឆ្នាំ ខ្ញុំរស់នៅជាមួយឪពុកម្តាយរហូត ប៉ុន្តែ ខេង បានទៅជួយធ្វើស្រែជីតារយៈពេល ២ខែ នៅភូមិទឹកជ្រប់ ឃុំពិចចង្វា ស្រុក១០ តំបន់៣១ ទើបត្រលប់ទៅរស់នៅជាមួយឪពុកម្តាយវិញ។ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៧៥ ខ្ញុំចូលបដិវត្តន៍នៅមន្ទីរឃុំពិចចង្វារបានរយៈពេល ៦ថ្ងៃ ក្រោមការដឹកនាំរបស់ បងនៅ មានតួនាទីជាប្រធានឈ្លបឃុំ។ ក្រោយមកទៀតអង្គការចាត់តាំងឲ្យខ្ញុំទៅនៅបឹងទំពុន រយៈពេល ៧ថ្ងៃក្រោមការដឹកនាំរបស់ ម៉ាន (បច្ចុប្បន្នក្បត់) ដែលមានតួនាទីជាកងអនុសេនាធំ។ ខ្ញុំត្រូវអង្គការបញ្ជូនបន្តឲ្យទៅហាត់បច្ចេកទេសនៅសាលាយោធា៧០៣ រយៈពេល ៣ខែកន្លះ នៅក្រោមការដឹកនាំរបស់បង យ៉ែម, ទុយ និង ណៃ មានតួនាទីជាគណៈសាលា។ រហូតខែធ្នូ ឆ្នាំ១៩៧៥ អង្គការបញ្ជូនខ្ញុំឲ្យទៅនៅកងកុមារនៃអង្គភាព១១ រយៈពេល ២ខែ ក្រោមការដឹកនាំរបស់បង សុន ភុំ មានតួនាទីជាអនុសេនាធំ។ លុះដល់ខែកុម្ភៈ ឆ្នាំ១៩៧៦ អង្គការបញ្ជូនឲ្យទៅនៅធ្វើស្រែនៅព្រៃស រយៈពេល ៤ខែ ទើបអង្គការបញ្ជូ្ននឲ្យទៅនៅបឹងទំពុនរយៈពេល ៤ខែទៀត ក្រោមការគ្រប់គ្រងរបស់ បងផល (ក្រុមសួរចម្លើយខ្មាំងក្នុងមន្ទីរស-២១) និង បងទ្រី (ជាពេទ្យក្នុងមន្ទីរស-២១)។ ក្រោយមកទៀត បញ្ជូនទៅធ្វើការនៅព្រៃសវិញ ក្រោមការគ្រប់គ្រងរបស់ ខុន មានតួនាទីជាអ្នកទទួលខុសត្រូវកងកុមារ និងបន្ទាប់មក បញ្ជូនទៅច្រូតស្រូវនៅព្រែកជ្រៅ រយៈពេល១ខែកន្លះ ក្រោមការដឹកនាំរបស់ ខុន ដដែល។ លុះដល់ខែកញ្ញា ឆ្នាំ១៩៧៦ អង្គការបញ្ជូនឲ្យមកនៅមន្ទីរស-២១ ក្រោមការដឹកនាំរបស់ ហ៊ុយ, ប៉េង និង ស្រ៊ី រហូតដល់សព្វថ្ងៃ។»[3]

ក្រោយរបបខ្មែរក្រហមដួលរលំ បានបន្សល់ទុកនូវប្រវត្តិរូបរបស់កម្មាភិបាលខ្មែរក្រហមជាច្រើន ដែលធ្វើការនៅតាមមន្ទីរផ្សេងក្នុងរបបនោះ។ តាមរយៈប្រវត្តិខាងលើ មជ្ឈមណ្ឌលឯកសារកម្ពុជាបានស្វែងរកឃើញ និងជួបសម្ភាសន៍ផ្ទាល់ជាមួយ ហ៊ឹម ខេង ដើម្បីសាកសួរពីបទពិសោធន៍ដែលបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងពេលធ្វើការជាកងការពារនៅមន្ទីស-២១ ចាប់ពីឆ្នាំ១៩៧៦ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ហ៊ឹម ខេង[4] បានរៀបរាប់ក្នុងបទសម្ភាសន៍ដូចខាងក្រោមថា៖

នៅរបបខ្មែរក្រហម គណៈឃុំបានយកឈ្មោះខ្ញុំបញ្ជូនឲ្យទៅរស់នៅកន្លែងកុមារឃុំ (ជាកន្លែងប្រមូលផ្តុំកុមារ) ហើយខ្ញុំរស់នៅទីនោះបានតែ ៦ថ្ងៃប៉ុណ្ណោះ។ បន្ទាប់មក ខ្ញុំត្រូវបានបញ្ជូនតាមឡានទ្រង់ធំដែលមានកុមារ ២០នាក់ក្នុងមួយឡានឲ្យទៅហ្វឹកហ្វឺនបច្ចេកទេសនៅតាខ្មៅរយៈពេល ៣ខែ ក្នុងឆ្នាំ១៩៧៦។ គណៈសាលាជាអ្នកបង្រៀន ដោយបែងចែកជាពីរផ្នែក គឺបង្រៀនផ្នែកយោធា (បង្រៀនបច្ចេកទេសវាយប្រយុទ្ធនៅសមរភូមិ ដោះគ្រាប់បេ និងបង្រៀនដោះកាំភ្លើង) និងផ្នែកនយោបាយ (រៀនពីអង្គការ ពីថ្នាក់ដឹកនាំ)។  នៅសាលាបច្ចេកទេសតាខ្មៅ មានមនុស្សច្រើនជាង ១ពាន់នាក់ ដែលបែងចែកជា បីកង កងខ្លះមានសមាជិកច្រើន និងកងខ្លះមានសមាជិកតិចតាមការចាត់តាំង។ ក្រៅពីការហាត់រៀន ខ្ញុំធ្វើការងារពលកម្មធម្មតា គឺធ្វើស្រែ ប៉ុន្តែប្រសិនបើមានទឹកជំនន់ គឺត្រូវទៅលើកទំនប់ព្រៃស និងជួយស្ទូងកន្លែងណាដែលទឹកបង្ខំខ្លាំង ក្នុងមួយសប្ដាហ៍ ២-៣ថ្ងៃ។ របបអាហារមិនមានច្រើនបរិបូរណ៍ទេ ព្រោះជាកន្លែងហ្វឹកហ្វឺនយោធា ជាកន្លែងលត់ដំ ដោយមួយពេលទទួលបានបាយមួយកូនចានចង្កឹះ លាយជាមួយគល់ល្ហុង ឬគល់ចេកជាដើម។

រៀនចប់វគ្គបណ្តុះបណ្តាលនៅសាលាបច្ចេកទេសតាខ្មៅ ខ្ញុំ និងកុមារប្រហែលជា ១០០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនឲ្យទៅធ្វើស្រែនៅទំនប់ព្រៃសផង និងធ្វើជាកងការពារនៅទួលស្លែងផង។ ការងារទាំងពីរនេះគឺខ្ញុំចល័តទៅមកៗតាមចំនួនអ្នកទោសដែលជាប់នៅទួលស្លែង ឧទាហរណ៍ថា ពេលដែលអ្នកទោសនៅគុកទួលស្លែងមានតិច ខ្ញុំត្រូវចល័តទៅធ្វើស្រែនៅទំនប់ព្រៃសសិន ពេលដែលអ្នកទោសកើនឡើងទើបត្រលប់ទៅធ្វើកងការពារនៅគុកទួលស្លែងវិញ។ នៅគុកទួលស្លែង ពេលដែលខ្ញុំទៅដល់ភ្លាម គុកទួលស្លែងមិនមានស្លាកសញ្ញានៅខ្លោងទ្វារចូលទេ មានច្រកចូល ២ ច្រកចូលខាងកើតមួយ និងខាងលិចមួយ ហើយរបងមានបីជាន់ ហើយជាន់កណ្តាលមានដាក់ខ្សែភ្លើង។ គុកទួលស្លែងមាន ៤អគារ សម្រាប់ដាក់អ្នកទោសទាំងអស់ នៅតាមអគារនីមួយៗមានតូបមួយនៅពីមុខ ជាការិយាល័យសម្រាប់អ្នកធំពិភាក្សា ឬប្រជុំ។ ពេលខ្ញុំធ្វើការនៅមន្ទីរស-២១ មានប្រជុំប្រចាំសប្តាហ៍ក្នុងមួយខែពីរដង ដោយមានមេក្រុមជាអ្នកដឹកនាំប្រជុំអប់រំធ្វើយ៉ាងណាកុំឲ្យខ្មាំងរត់រួច កុំឲ្យខ្មាំងចងកសម្លាប់ខ្លួន ត្រូវតែការពារឲ្យបានដាច់ខាត បើមិនដូច្នេះទេត្រូវជាប់គុកជំនួសខ្មាំងវិញមិនខាន។ ក្រៅពីនោះមានការបញ្ជូនឲ្យទៅរៀននយោយបាយនៅក្រៅមន្ទីរ គឺរៀននៅសាលាក្រៅគុក ដែលមាន ឌុច ជាអ្នកបង្រៀនផ្ទាល់។

ឌុច (ឈ្មោះដើម កាំង ហ្កេកអ៊ាវ)[5] ជាប្រធានកងពលធំជាងមានឋានៈធំជាងគេទាំងអស់នៅគុកទួលស្លែង, ហ៊ ជាប្រធានវរៈ, ប៉េង ប្រធានកងរយ ដែលមានបែងចែកជាបីកងផ្សេងគ្នា មានកងចាប់ កងការពារ[6] និងកងសួរចម្លើយ[7] ហើយខ្ញុំនៅក្នុងកងការពារ។​ តួនាទីនៅក្នុងកងទាំងបី បែងចែកច្បាស់លាស់ណាស់ កងចាប់គឺដឹងតែចាប់មួយមុខគត់ ចំណែកកងសួរចម្លើយ ដឹងតែសួរចម្លើយ បើហ៊ានតែមកការពារគឺត្រូវចាប់ដាក់គុកតែម្តង។ ឧទាហរណ៍ ខ្ញុំនៅក្នុងកងការពារ គឺដឹងតែការពារមួយមុខគត់ ហើយហ៊ានតែសួរនាំអ្នកទោស ដឹងតែចាប់ដាក់គុកហើយ។ អ្នកធ្វើការនៅកងចាប់ និងការសួរចម្លើយភាគច្រើនមានវ័យចំណាស់ មានតែកងការពារទេដែលភាគច្រើនជាក្មេងមានវ័យជំទង់[8] (ឧទាហរណ៍ មួយក្រុមមាន ១២នាក់ (មួយកងមាន១០០នាក់ កងធំ) មានក្មេងអាយុ ១០-១២ ចំនួន១០នាក់ មានមនុស្សចាស់ ២នាក់ដើម្បីមើលខុសត្រូវក្មេងៗនោះ)។ ការងារជាកងការពារ គឺធ្វើចល័តគ្រប់អគារទាំងអស់ លើកលែងតែអគារទី១ ដែលជាអគារដាក់អ្នកទោសធំជាងគេ និងជាអគារសួរចម្លើយ ហើយខ្ញុំមិនដែលបានចូលទៅទេ ព្រោះត្រូវហាមឃាត់។ ការងាររបស់ខ្ញុំ គឺជាអ្នកយាមអ្នកទោសផ្ទាល់ ដែលស្ថានភាពរបស់អ្នកទោសដែលខ្ញុំបានជួបគឺមានសភាពយ៉ាប់យ៉ឺនណាស់ ជាពិសេសពេលត្រលប់មកពីកន្លែងសួរចម្លើយវិញ។ កងការពារត្រូវបានហាមដាច់ខាតមិនឲ្យប៉ះពាល់ដល់ខ្លួនប្រាណរបស់អ្នកទោសឡើយ មិនតែប៉ុណ្ណោះប្រសិនបើមានអ្នកទោសណាសម្លាប់ខ្លួន ឬរត់រួច អ្នកការពារនោះនឹងមានទោសជំនួសវិញ។[9] ដោយឡែក កងសួរចម្លើយ មានសិទ្ធិធ្វើទារុណកម្មអ្នកទោសគ្រប់សណ្ឋានឲ្យតែអាចទទួលបានចម្លើយពីអ្នកទោស។ ពេលដែលកងចាប់អ្នកចាប់បញ្ជូនអ្នកទោសទៅថត ដោយមានដាក់ច្រវាក់ជើង (អ្នកទោសដែលមានទោសធ្ងន់ ដាក់ខ្នោះដៃថែមទៀត ជាពិសេសអ្នកទោសដែលធ្លាប់ធ្វើការជា ប្រធានវរៈ ប្រធានកងផ្សេងនៅមន្ទីរស-២១ ប៉ុន្តែអ្នកទោសស្រីកម្រដាក់ខ្នោះ ឬដាក់ច្រវាក់ជើងណាស់ តែឃុំនៅបន្ទប់ចាក់សោរ) រួចប្រគល់ឲ្យកងការពារ ថែមទាំងផ្តាំថា «​ប្រយ័ត្នអ្នកទោសរត់រួច និងកុំឲ្យចង់កងាប់»។

អគារដាក់អ្នកទោស៖ ជាន់ទី១ មួយបន្ទប់មានអ្នកទោសមួយ ទៅ ពីរនាក់ តែអគារទី៣ជាន់លើ មួយបន្ទប់មានដាក់រនុកដែកវែង ជួនកាលដាក់អ្នកទោស ១០នាក់ ទៅ ១៥នាក់ មិនអាចកំណត់បានទេ។ កន្លែងឃុំឃាំងអ្នកទោសគ្មាន កន្ទេល ភួយ ខ្នើយ ឡើយ ហើយអ្នកទោសមានតែខោខ្លី[10]មួយតែប៉ុណ្ណោះ គ្រាន់តែកម្រាលឥដ្ឋ និងរនុកដែកនៅកន្លែងឃុំឃាំងមានការជូនសម្អាតបានស្អាតណាស់ ព្រោះខ្លាចអ្នកទោសឈឺ នាំឲ្យខកខានដល់ការសួរចម្លើយបន្ត។ នៅកន្លែងឃុំឃាំង ពេលដែលអ្នកទោសចង់បន្ទោរបង់ ឬនោម ត្រូវសុំការអនុញ្ញាត ឬប្រាប់ដល់កងការពារដើម្បីយកធុង កេះ ឬឡាំងឲ្យប្រើ ពេលដែលប្រើពេញធុងហើយ ទើបមានកងការពារយកទៅចាក់ចោល និងលាងសម្អាតរួចយកមកទុកនៅកន្លែងដើមវិញ។ រីឯរបបអាហាររបស់អ្នកទោស ពេលខ្លះចែកបាយ ពេលខ្លះចែកបបរ អាស្រ័យលើចំនួនអ្នកទោសតិច ឬច្រើន ផ្ទុយទៅគ្នាស្រលះពីអ្នកទោស របបអាហាររបស់កងការពារ ក៏ដូចជាកងផ្សេងៗ គឺមានបាយ និងម្ហូប (ត្រី សាច់ជ្រូក សាច់គោ សាច់មាន់) គ្រប់គ្រាន់ ប៉ុន្តែដូចគ្នាត្រង់ថាក្នុងមួយថ្ងៃទទួលទានបាន ២ពេល គឺពេលថ្ងៃត្រង់ ម៉ោង ១១ និងល្ងាច ម៉ោង ៥។ នៅមន្ទីរស-២១មានរោងបាយធំមួយសម្រាប់កម្មាភិបាល និងអ្នកធ្វើការហូបអាហារជុំគ្នា ប៉ុន្តែមិនមានក្រុមចុងភៅទេ គឺប្រើអ្នកទោសដែលមានទោសកម្រិតស្រាល ឬអ្នកទោសដែលបានសួរចម្លើយរួចហើយ បញ្ជូនឲ្យទៅដាំបាយ ធ្វើម្ហូបសម្រាប់អ្នកទោសផង និងអ្នកធ្វើការនៅក្នុងមន្ទីរស-២១ផង។

អ្នកទោសដែលមកដល់ដំបូង មិនបានយកទៅសួរចម្លើយភ្លាមៗទេ គឺទុកមួយអាទិត្យសិន ទើបនាំយកទៅសួរចម្លើយ។ ការនាំយកអ្នកទោសទៅសួរចម្លើយមិនមានកំណត់ថ្ងៃ ឬចំនួនជាក់លាក់ទេ ជួនកាល់មួយថ្ងៃ ឬមួយកំណាត់យកតែម្នាក់ ជួនកាលមួយថ្ងៃយកពី ៤-១០នាក់ក៏មានដែរ។ ភាគច្រើនអ្នកទោសដែលយកទៅសួរចម្លើយរួច ត្រលប់មកវិញ ឃើញមានស្លាកស្នាមវាយបែកខ្នង។ ការសួរចម្លើយនេះស្វែងរកខ្មាំង ស្របតាមយុទ្ធសាស្ត្រ ដែលខ្មែរក្រហមប្រើ «សួរខ្មាំងពីក្រោយខ្នងឲ្យអស់ ទើបបានវាយ ទើបឈ្នះ» និយាយជារួម គឺស្វែងរកខ្មាំងបង្កប់ផ្ទៃក្នុង។ ទីតាំងសួរចម្លើយ គឺនៅឆ្ងាយពីកន្លែងឃុំឃាំង ដោយនាំយកចេញពីរបងបីជាន់តែម្តង ព្រោះខ្លាចបែកការណ៍ ដល់កងការពារដឹងថា អ្នកទោសមានជាប់ជាបងប្អូន ឬញាតិមិត្ត ដែលធ្វើកងការពារលួចដោះលែងអ្នកទោសជាដើម។ ពេលខ្ញុំធ្វើការជាកងការពារនៅមន្ទីរស-២១ មិនដែលមានអ្នកទោសស្លាប់នៅក្នុងគុកទេ (មានតែអ្នកទោសដែលឈឺដេកស្លាប់មិនដឹងតែម្តង) ព្រោះនៅទីនេះមានពេទ្យ (មិនមានពេទ្យស្រីទេ) ព្យាបាលនៅកន្លែងឃុំឃាំងផ្ទាល់ ដោយការចាក់ថ្នាំ និងឲ្យថ្នាំលេប។ ប៉ុន្តែពេទ្យយកចិត្តទុកដាក់ព្យាបាលតែអ្នកទោសដែលមិនទាន់បានសួរចម្លើយប៉ុណ្ណោះទេ អ្នកទោសដែលសួរចម្លើយរួច មិនសូវមានការយកចិត្តទុកដាក់ព្យាបាលប៉ុន្មានឡើយ។ ដោយឡែកអ្នកទោសដែលស្លាប់ ត្រូវបានយកសាកសពចេញទៅកប់ ប៉ុន្តែខ្ញុំមិនដឹងថាកប់នៅកន្លែងណាទេ។

អ្នកទោសស្រីដែលមានផ្ទៃពោះខ្ញុំមិនដែលបានជួបទេ មានតែបីកូនតូចមកជាមួយ។ តែពេលមកដល់ភ្លាមកូននៅជាមួយម្តាយបានតែបន្តិច ត្រូវបំបែកចេញ ប៉ុន្តែខ្ញុំមិនដឹងថា កូនយកទៅដាក់នៅកន្លែងណាទេ ព្រោះអ្នកដែលយកកូនចេញទៅ គឺទៅយកពេលដែលខ្ញុំសម្រាកថ្ងៃត្រង់។ ក្រៅពីនោះ ខ្ញុំធ្លាប់បានឃើញអ្នកទោសជាជនជាតិអាមេរិកកាំង ២នាក់ ប៉ុន្តែអ្នកទោសជនជាតិវៀតណាមមានច្រើនណាស់ដែលចាប់ទៅមន្ទីរស-២១ នៅពេលដែលវាយប្រយុទ្ធខ្លាំងជាមួយកងទ័ពវៀតណាមតែម្តង។​ នៅមន្ទីរស-២១ មានការតឹងរឹងជាខ្លាំងចំពោះការខុសសីលធម៌ចំពោះអ្នកទោសជាស្ត្រី បើមានការប្រព្រឹត្តខុស នឹងត្រូវចាប់បញ្ជូននៅដាក់នៅក្នុងគុកងងឹតតែម្តង គឺមិនអនុញ្ញាតឲ្យមានការខុសសីលធម៌ជាដាច់ខាត។

អ្នកទោសដែលសួរចម្លើយរួច និងមានឈ្មោះក្នុងបញ្ជីអ្នកទោសដែលត្រូវយកទៅសម្លាប់ កងចាប់ និងកងសួរ ជាអ្នកដើរប្រមូលតាមបន្ទប់នីមួយៗដែលមានឈ្មោះក្នុងបញ្ជីរ ដោយរុំមុខជិត និងដាក់ខ្នោះដៃ រួចបញ្ជូនចូលឡានរួចដឹកចេញពីមន្ទីរស-២១ទៅកន្លែងកម្ទេច[11]។ ការយកអ្នកទោសទៅសម្លាប់មិនមានកំណត់ចំនួនជាក់លាក់ទេ អាស្រ័យទៅតាមការបញ្ជូនឈ្មោះពីថ្នាក់លើមក ជួនថ្ងៃខ្លះ យកម្តងមួយឡានពេញ ជួនពេលខ្លះយកតែ៣នាក់ និងថ្ងៃខ្លះទៀតយកតែ ៥នាក់ទេ។

មុនពេលវៀតណាមវាយចូលប្រទេសកម្ពុជា ខ្ញុំត្រូវបានបញ្ជូនចេញទៅធ្វើស្រែនៅទំនប់ព្រៃសហើយ ប៉ុន្តែខ្ញុំបានព័ត៌មានពីកម្មាភិបាលមន្ទីរស-២១ដែលរត់ភៀសខ្លួនមកជួបគ្នានៃព្រៃសប្រាប់ថា អ្នកទោសទាំងអស់ត្រូវបានសម្លាប់ចោលអស់ហើយ។ បន្ទាប់ពីជុំគ្នានៅព្រៃស ទើបបន្តដំណើរទៅអមលាំងដើម្បីរៀបជាកងវាយប្រយុទ្ធគ្នាជាមួយវៀតណាម។ ក្រោយពីវៀតណាមវាយបែកទៀត ទើបខ្ញុំរត់មកភូមិវិញនៅពាក់កណ្តាលឆ្នាំ១៩៧៩។

ចំពោះខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា អ្នកទោសដែលយកទៅសម្លាប់ សុទ្ធតែអ្នកធ្វើការជាកងទ័ព ជាកម្មាភិបាលខ្មែរក្រហម និងជាកម្មាភិបាលខ្មែរក្រហមដែលតស៊ូតាំងពីឆ្នាំ១៩៧១-១៩៧៩ មិនមានប្រជាជនធម្មតាទេ៕

អត្ថបទដោយ គឹម សុវណ្ណដានី


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ ឯកសារ «ពិនិត្យប្រវត្តិរូបរបស់ ហ៊ឹម ខេង», ឯកសារលេខ I០១៤៩២, ទំព័រទី ១-១១។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៣៤។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា។ ឯកសារ «ពិនិត្យប្រវត្តិរូបរបស់ ហ៊ឹម ខេង», ឯកសារលេខ I០១៤៩២, ទំព័រទី ១២-១៣។

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ហ៊ឹម ខេង ដោយ ឌី ខាំបូលី» នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៥, ចម្លងចេញពីកាស្សែតដោយ ឡុង ដានី, ឯកសារលេខ KHI០០៨៧។

[5] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៦៥។

[6] ដូចខាងលើ

[7] ដូចខាងលើ

[8] ដូចខាងលើ

[9] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៦៦។

[10] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៦៣។

[11] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៦៦។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin