ស្បែកដណ្ដប់ឆ្អឹង

ហ៊ីង យ៉ិច រស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ហ៊ីង យ៉ិច ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅក្នុងភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ិច មានឪពុកឈ្មោះ ប្រា ហ៊ីង, ម្ដាយឈ្មោះ គិត ទៀង និងមានបងប្អូនប្រាំបួននាក់ ក្នុងនោះស្រីពីរនាក់។

នៅរបបសង្គមរាស្ត្រនិយម យ៉ិច រៀនត្រឹមថ្នាក់ទី៩ (សង្គមចាស់)។ បន្ទាប់ពី មានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅស្រុកកោះធំ មានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពវៀតកុង។

នៅឆ្នាំ១៩៧២ ទាហាន លន់ នល់ បានបន្តប្រយុទ្ធជាមួយចលនាខ្មែរក្រហមនៅព្រែកតូច ដោយមានការទម្លាក់គ្រាប់បែកនៅពេលយប់។ គ្រួសារយ៉ិច ត្រូវរត់ចេញពីភូមិ ដើម្បីគេចពីគ្រាប់បែក ដោយរស់នៅជាប់មាត់បឹង។ យ៉ិច និយាយថា ប្រជាជនត្រូវរត់ទៅរត់មក មិនបានសម្រាកនៅមួយកន្លែងនោះទេ។ នៅក្នុងភូមិឯណោះវិញ កងទ័ពវៀតកុង បានចូលមកប្រមូលសម្ភារ និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ចំណែក យ៉ិច ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ចលនាខ្មែរក្រហម ត្រូវបង្រៀនព្យញ្ជនៈ និងស្រៈ ដល់កុមាររហូតដល់ឆ្នាំ១៩៧៣។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីចលនាខ្មែរក្រហមឡើងកាន់អំណាច គ្រួសារយ៉ិច និងប្រជាជនត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅស្រុកកៀនស្វាយ។ យ៉ិច ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើជាគណៈសិក្សា នៅមន្ទីរ១៧។ បងប្អូនរបស់យ៉ិច ត្រូវទៅធ្វើការក្នុងកងចល័ត ចំណែកឪពុកម្ដាយរបស់គាត់ ត្រូវរស់នៅតាមភូមិ និងធ្វើស្រែ។

នៅមន្ទីរ១៧ យ៉ិច ត្រូវបានខ្មែរក្រហមតាមដាន និងចោទថាជាប្រជាជន១៧មេសា និងត្រូវទៅរស់នៅជាមួយប្រជាជន១៧មេសា។ នៅពេលនោះ យ៉ិច បានស្នើសុំលិខិតពីប្រធានគណៈសិក្សា ដើម្បីទៅសួរសុខទុក្ខម្ដាយដែលមានជំងឺ។ នៅពេលទៅជួបម្ដាយ យ៉ិច មិនបានត្រលប់ទៅមន្ទីរ១៧វិញនោះទេ ដោយសារខ្លាចខ្មែរក្រហមយកគាត់ទៅសម្លាប់។ នៅភូមិដែលម្ដាយយ៉ិចរស់នៅ ខ្មែរក្រហមនៅទីនោះ បានជ្រើសរើស យ៉ិច ឲ្យចូលធ្វើការក្នុងកងចល័តនៅទួលក្រសាំង ដោយត្រូវរែកដី, លើកភ្លឺស្រែ និងទំនប់។

នៅអាយុ១៥ឆ្នាំ យ៉ិច ត្រូវធ្វើពលកម្មហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់ ដោយហូបតែបបរជាមួយគល់ចេក, ពោតក្រហម, សម្លត្រកួន និងដំឡូងមី។ នៅពេលសម្រាក យ៉ិច ត្រូវដេកផ្ទាល់ដី និងជ្រកក្រោមម្លប់ដើមឈើ។ យ៉ិច រំឭកថា នៅពេលនោះ គាត់មានសភាពស្គមស្គាំង សល់តែស្បែកដណ្ដប់ឆ្អឹងប៉ុណ្ណោះ។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ។ យ៉ិច នៅតែចងចាំពីទុក្ខលំបាកវេទនា និងការបែកបាក់គ្រួសារនៅក្នុងរបបខ្មែរក្រហម។ យ៉ិច សង្ឃឹមថានឹងមានការចងក្រងឯកសារ និងការបង្រៀនអ្នកជំនាន់ក្រោយអំពីរបបខ្មែរក្រហម។

នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ បញ្ហាប្រឈមរបស់យ៉ិច គឺគាត់មានជំងឺលើសឈាម, ខ្វះថវិកា និងមធ្យោបាយធ្វើដំណើរក្នុងការទទួលបានសេវាព្យាបាលសុខភាព៕

សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin