គ្មានឱកាសជួបឪពុកជាលើកចុងក្រោយ
(រតនគិរី)៖ ហ្រម៉ាវ អៀន មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម គាត់បានរៀបរាប់ថា នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចទូទាំងប្រទេស ខ្មែរក្រហមបានជម្លៀសប្រជាជននិងក្រុមគ្រួសាររបស់គាត់ ដែលរស់នៅខេត្តរតនគិរី ឲ្យទៅរស់នៅខេត្តស្វាយរៀងវិញ។ នៅទីនោះមានភូមិមួយគាត់ហៅថា ក្រឡាប់ប៊ូស ជាទីកន្លែងដែលខ្មែរក្រហមបង្កើតសហករណ៍សម្រាប់ឲ្យប្រជាជនរស់នៅ ដោយមានការបែងចែកប្រជាជនឲ្យធ្វើការទៅតាមអាយុ និងភេទ។
នៅពេលទៅដល់ខេត្តស្វាយរៀង ខ្មែរក្រហមបានចាត់តាំងគាត់ឲ្យធ្វើការងារតាមកងកុមារ។ គាត់ត្រូវដើរប្រមូលលាមកសត្វគោក្របី និងកាប់ទន្រ្ទានខេត្តយកបានចិញ្រ្ចាំ បន្ទាប់មកប្រមូលនិងដឹកជញ្ជូនយកទៅដាក់នៅឃ្លាំងមួយកន្លែងសម្រាប់ធ្វើជី។
ការងារបន្ទាប់នោះគឺគាត់យកជីដែលធ្វើរួចយកទៅបាចតាមវាលស្រែដើម្បីឲ្យដំណាំស្រូវទទួលបានទិន្នផលល្អ។ ក្រៅពីការងារទាំងនោះ គាត់ត្រូវជួយមនុស្សចាស់ដូចជាជួយដងទឹក រកឧស និងរៀនសូត្របានបន្តិចបន្តួចក្រោយពីធ្វើការរួច។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន គ្មានការរៀនអ្វីទៀតនោះ គាត់ត្រូវធ្វើការរហូតដោយគ្មានពេលឈប់សម្រាក ជាមួយអាហារមិនគ្រប់គ្រាន់ ដែលខ្មែរក្រហមចែកឲ្យបរិភោគក្នុងមួយនាក់ទទួលបានបាយប្រហែលពីរវែកប៉ុណ្ណោះ។ ខ្មែរក្រហមបានយកអង្ករដាំបាយលាយជាមួយបន្លែ មើមដំឡូង ដើមចេក និង ផ្លែកន្ទួតព្រៃចិញ្រ្ចាំ។ ជួនកាលខ្មែរក្រហមចែកទឹកប្រហុកសម្រាប់ហូបឬចុចជាមួយបន្លែ និងនៅពេលខ្លះទៀតមានត្រីបន្តិចបន្តួចសម្រាប់ហូប។ ប៉ុន្តែការហូបចុកមានការខ្វះខាតជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រជាជនទាំងអស់ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការដោយគ្មានពេលសម្រាកបានគ្រប់គ្រាន់មិនថា ថ្ងៃឬយប់ក្រោមការឃ្លាំមើលយ៉ាងតឹងតែងពីកងឈ្លបខ្មែរក្រហម។ អ្នកដែលកងឈ្លបចោទថា ខ្ជិលច្រអូស នឹងត្រូវបានបង្អត់អាហារពេញមួយថ្ងៃ លុះត្រាតែធ្វើការឲ្យបានតាមការកំណត់របស់ខ្មែរក្រហមទើបបានបាយសម្រាប់ហូប។
ការសែនព្រេន ឬពិធីបុណ្យសពដែលជាទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចត្រូវបានលុបបំបាត់។ គាត់ពុំបានធ្វើពិធីអ្វីទាំងអស់សម្រាប់សាច់ញាតិដែលបានបាត់បង់ជីវិតនៅសម័យខ្មែរក្រហមនោះទេ។ វប្បធម៌ប្រពៃណីផ្សេងៗក៏ត្រូវបានខ្មែរក្រហមលុបបំបាត់ផងដែរ។
ជាអកុសលឪពុករបស់ ហ្រម៉ាវ អៀន ត្រូវបានបាត់បង់ជីវិតនៅក្រឡាប់ប៊ូស ដោយសារមានជំងឺធ្ងន់ធ្ងរ ហើយគ្មានអ្នកណាម្នាក់ព្យាបាលគាត់។ សូម្បីតែចង់ជួបមុខឪពុករបស់ខ្លួនជាលើកចុងក្រោយក៏គាត់គ្មានឱកាស ដោយសារខ្មែរក្រហមហាមឃាត់មិនឲ្យទៅជួបពីព្រោះគាត់មិនមែនជាគ្រូពេទ្យ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤