ហួន ឃីម៖ ក្រសួងពាណិជ្ជកម្ម ឃុំកំពាន់ ស្រុកមេមត់

ហួន ឃីម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, សម្ភាសន៍ផ្ទាល់មាត់នៅសាលាឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជន ពីភ្នំពេញឲ្យមករស់នៅភូមិកំពាន់ ឃុំកំពាន់ ចំនួន៤០គ្រួសារ ដោយសារចំនួនមនុស្សច្រើនអ្នកខ្លះបានដេកតាមផ្ទះប្រជាជន ខ្លះធ្វើខ្ទមនៅក្នុងព្រៃ។ ក្នុងឃុំកំពាន់ អង្គការមានផែនការ ចែកការងារតាមក្រុម ដូចជាក្រុមរកឃ្មុំមាន៧នាក់ ក្រុមកាប់ឫស្សីមាន៤នាក់ ក្រុមរកជ័រទឹក៨នាក់ គ្រប់ភូមិក្នុងឃុំកំពាន់ត្រូវមានការងារធ្វើគ្រប់គ្នា។ ការងាររបស់ខ្ញុំក្នុងភូមិកំពាន់ ឃុំកំពាន់ ផ្តោតលើពីរផ្នែកសំខាន់ៗ មានក្រុមរកទឹកឃ្មុំ និងរកជ័រទឹក។ ក្រុមរកទឹកឃ្មុំ មានភូមិកំពាន់ ភូមិទឹកទុំ ភូមិលោ អាចប្រមូលទឹកឃ្មុំបានចំនួន៦កាន នៅក្នុងមួយថ្ងៃ។ បន្ទាប់ពីបានទឹកឃ្មុំ ខ្ញុំត្រូវទាក់ទងទៅខាងតំបន់២១ ភូមិភាគបូព៌ា ដើម្បីដោះដូរទឹកឃ្មុំ ជាមួយស្រូវ អង្ករ និងប្រហុក។ ទោះបីប្រមូលផលទឹកឃ្មុំ និងជ័រទឹកបានច្រើន ប៉ុន្តែស្រូវ អង្ករ ទទួលបានមិនអាចឲ្យប្រជាជនឃុំកំពាន់ ហូបឆ្អែត។

ឈ្មោះ ហួន ឃីម[1] ភេទប្រុស អាយុ ៨០ឆ្នាំ មានស្រុកកំណើតនៅភូមិរំលេច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ននៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រពន្ធឈ្មោះ ហាក់ លីអេង អាយុ ៦៨ឆ្នាំ មានកូនចំនួន៥នាក់(ស្រី៣)។ ឪពុកឈ្មោះ ហួន វ៉ាង (ស្លាប់ឆ្នាំ១៩៩១) ម្តាយឈ្មោះ វង់ ធី (ស្លាប់អាយុ៦៦ឆ្នាំ)។  ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២)។ ខ្ញុំជាកូនទីបី។

កាលពីកុមារភាពខ្ញុំបានចូលរៀននៅសាលាក្នុងភូមិរំលេច ឃុំរំចេក ចប់ថ្នាក់បឋមសិក្សា ត្រូវប្រលងចូលថ្នាក់វិទ្យាល័យ។ ខ្ញុំបានប្រលងជាប់ឡើងទៅរៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ប្រហែល៦ខែក៏ឈប់រៀនក្នុងឆ្នាំ១៩៦៨ ដោយសារជីវភាពគ្រួសារខ្វះខាត។ នៅពាក់កណ្តាលឆ្នាំ១៩៦៨ គ្រួសារខ្ញុំសម្រេចចិត្តចាកចេញពីភូមិកំណើត ដើម្បីរកការងារធ្វើ ឬទៅកន្លែងណាមានដីធ្លីសម្រាប់ដាំដំណាំ។ ឪពុកខ្ញុំ បានសួរព័ត៌មានពីអ្នកស្គាល់គ្នាពីកន្លែងរកស៊ីដែលមានដីសម្រាប់ដាំដុះ? ដំបូងមកដល់ភូមិកំពាន់ ឃុំកំពាន់ រស់នៅជាមួយប្រជាជនមានប្រមាណ១០គ្រួសារ។ ក្នុងភូមិកំពាន់ ភាគច្រើនជាជនជាតិដើមភាគតិចស្ទៀង។ គ្រួសារខ្ញុំចាប់ដីធ្លី កាប់ឆ្ការព្រៃសម្រាប់ដាំដំណាំ។

កាលជំនាន់នោះ ដំណាំ មានដូចជាស្រូវ សណ្តែក និងល្ង។ ក្រៅពីដំណាំ យើងអាចទៅធ្វើជាកម្មករធ្វើចម្ការកៅស៊ូឲ្យបារាំង ដែលមានវៀតណាមកែវជាអ្នកបកប្រែ។  គ្រួសារខ្ញុំមានសមាជិក៥នាក់ កាប់ឆ្ការព្រៃបាន១ហិកតា នាំគ្នាធ្វើស្រែ ។ នៅឆ្នាំ១៩៧០ មានកងទ័ពវៀតកុង និងធីវគីបាញ់គ្នានៅផ្លូវជាតិលេខ៧ រហូងវាយចូលដល់ភូមិលោ ឃុំកំពាន់។ ចំពោះកងទ័ពវៀតកុង ចូលមកដល់ភូមិកំពាន់ ឃុំកំពាន់ រស់នៅក្នុងភូមិ ក្នុងព្រៃ និងតាមអូរជាយភូមិកំពាន់។ ចំណែកធីវគី អត់បានចូលដល់ភូមិទេ បានត្រឹមនៅតាមផ្លូវជាតិលេខ៧។  យន្តហោះអាមេរិកាំងទម្លាក់គ្រាប់តាមអូរ ព្រែក ក្នុងព្រៃ នៃភូមិកំពាន់ ដើម្បីរកទ័ពវៀតកុង ប៉ុន្តែការទម្លាក់គ្រាប់មិនបានប៉ះពាល់ប្រជាជនរស់នៅក្នុងភូមិ។ ខ្ញុំមានមិត្តភក្តិជាកងទ័ពវៀតកុងម្នាក់នាំខ្ញុំទៅមើលកន្លែងដាំបន្លែសម្រាប់ផ្គត់ផ្គង់កងទ័ព អំឡុងពេលវាយប្រហារនៅផ្លូវជាតតិលេខ៧។ ខ្ញុំចេះនិយាយភាសាវៀតណាម បានបន្តិចបន្តួច ដោយសាររស់នៅជាមួយវៀតកុងយូរ។

នៅឆ្នាំ១៩៧១ ខ្ញុំបម្រើការងារជាកងទ័ពស្រុក មេបញ្ជាការកងទ័ពស្រុកមេមត់ ឈ្មោះ ពេជ្រ សួន។ ក្នុងមួយខែចាប់បានទាហានអាមេរិកាំងចំនួន៤-៥នាក់ និងចាប់បានធីវគីច្រើននាក់មកដាក់ក្នុងឃុំកំពាន់។ កងទ័ពវៀតកុង មានរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទឹកទុំ ជាកន្លែងសម្រាប់ព្យាបាលធំជាងគេនៅក្នុងស្រុកមេមត់។ មន្ទីរពេទ្យនៅភូមិទឹកទុំ ឃុំកំពាន់ សម្រាប់ព្យាបាលកងទ័ព ចំណែកប្រជាជនមិនអាចចូល ផ្តេសផ្តាសទេ។ ចន្លោះឆ្នាំ១៩៧១ រហូតដល់ឆ្នាំ ១៩៧២ កងទ័ពវៀតកុងចាប់បានទាហានអាមេរិកាំងស្បែកខ្មៅម្នាក់ ហៅថាឪអាយ៉េ បញ្ជូនទៅឲ្យកងកម្លាំងខ្មែរក្រហម។ ប្រធានកងធំ​ឈ្មោះ ទូច លន់ ចំណែកប្រធានសន្តិសុខចម្ការកាហ្វេភូមិលោ ឈ្មោះ កាវ បាន។ ទាហានអាមេរិកាំងស្បែកខ្មៅ មាឌធំ ខ្ពស់ ត្រូវបានខ្មែរក្រហមបញ្ជូនទៅមន្ទីរសន្តិសុខចម្ការកាហ្វេ។ នៅឆ្នាំ១៩៧២ ខ្ញុំបានដឹងថា មានជនជាតិអាមេរិកាំងនៅជាប់ឃុំ ជាអ្នកទោសមន្ទីរសន្តិសុខចម្ការកាហ្វេ ដោយសារសួរអ្នកដាំបាយ ឈ្មោះ ហ៊ាង ជាដាំស្លនៅមន្ទីរសន្តិសុខឬគុកចម្ការកាហ្វេ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសប្រជាជនមកពីភ្នំពេញឲ្យមករស់នៅភូមិកំពាន់ ឃុំកំពាន់ ចំនួន៤០គ្រួសារ ដោសារចំនួនមនុស្សច្រើនអ្នកខ្លះបានដេកតាមផ្ទះប្រជាជន ខ្លះធ្វើខ្ទមនៅក្នុងព្រៃ។ ក្នុងឃុំកំពាន់អង្គការមានផែនការ ដូចជាក្រុមរកឃ្មុំមាន៧នាក់ ក្រុមកាប់ឫស្សីមាន៤នាក់ រកជ័រទឹក៨នាក់ គ្រប់ភូមិក្នុងឃុំកំពាន់ត្រូវមានការងារធ្វើគ្រប់គ្នា។ ការងាររបស់ខ្ញុំក្នុងភូមិកំពាន់ ឃុំកំពាន់ ផ្តោតលើពីរផ្នែកសំខាន់ៗ មានក្រុមរកទឹកឃ្មុំ និងរកជ័រទឹក។ សម្រាប់មួយថ្ងៃក្រុមរកទឹកឃ្មុំ មានភូមិកំពាន់ ភូមិទឹកទុំ ភូមិលោ អាចប្រមូលទឹកឃ្មុំបានចំនួន៦កាននៅក្នុងមួយថ្ងៃ។ បន្ទាប់ពីបានទឹកឃ្មុំ ខ្ញុំត្រូវទាក់ទងទៅខាងតំបន់២១ ភូមិភាគបូព៌ា ដើម្បីដោះដូរទឹកឃ្មុំ ជ័រទឹក យកស្រូវ អង្ករ និងប្រហុកមកវិញ។ ឃុំកំពាន់អត់មានអាហារហូបគ្រប់គ្រាន់ ណាមួយអ្នកជម្លៀសមកពីភ្នំពេញច្រើន។ ក្រោយពីផ្តល់ព័ត៌មានដល់តំបន់២១ ខាងកងទ័ពមកយកទឹកឃ្មុំ និងជ័រទឹក ហើយត្រឡប់ទៅវិញ ក្រោយមកបានដឹកស្រូវ, អង្ករ និងប្រហុកមកឃុំកំពាន់។ បន្ទាប់ពីបាន ស្រូវ, អង្ករ និងប្រហុក ប្រធានកងតូចមានតួនាទីចែកទៅប្រជាជនតាមសមាជិកគ្រួសារ ប៉ុន្តែការហូបចុកមិនគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនទៅភូមិលោ ក្នុងអង្គភាពខ្ញុំមានគ្នាចំនួន៧នាក់ ចុះធ្វើការងារក្នុងភូមិលោ។ អុក រី ជាអ្នកយាមនៅមន្ទីរសន្តិសុខចម្ការកាហ្វេ ហើយមានក្រុមសម្រាប់ដើរស៊ើបការណ៍ប្រជាជន អ្នកមិនស្មោះត្រង់ជាមួយអង្គការ ធ្វើខុសសីលធម៌ និយាយមិនល្អពីអង្គការជាដើម ត្រូវជាប់ទោសនៅមន្ទីរសន្តិសុខចម្ការកាហ្វេ។

អ្នកទោសក្នុងឆ្នាំ១៩៧៦ មានប្រមាណ១០-២០នាក់ ហើយអ្នកមានទោសធ្ងន់បញ្ជូនទៅដាក់គុកស្រែសង្កែ(ស្រែសង្កែ ស្ថិតក្នុងភូមិសុខសាន្ត ឃុំរំចេក)។ ខ្ញុំបានសួរអ្នកយាមមន្ទីរសន្តិសុខចម្ការកាហ្វេថា ឯងបានអីឲ្យអ្នកទោសស៊ី? អុក រី ឆ្លើយមកវិញថា មានតែបបរ ទាល់យូរៗមានបាយហូបម្តង។ អ្នកទោសភាគច្រើននៅទីនេះ អត់ធ្វើការងារ ប្រឆាំងអង្គការ, ខុសសីលធម៌ និងលួច ជាដើម។ មន្ទីរសន្តិសុខចម្ការកាហ្វេ មានផ្ទះចំនួនប្រាំ នៅចំកណ្តាលសម្រាប់ជួបប្រជុំឯផ្ទះបួនសម្រាប់អ្នកយាមស្នាក់នៅ។

នៅឆ្នាំ១៩៧៨ កងទ័ពនិរតីចូលមកចាប់ប្រធានកងតូច ប្រធានកងធំ និងអ្នកជាប់ពាក់ព័ន្ធក្បត់ជាមួយអង្គការត្រូវចាប់ទៅសម្លាប់។ ទូច លន់ ប្រធានកងធំ និងគង់ សេង ខាងក្រសួងពាណិជ្ជកម្ម ត្រូវចាប់ទៅវាយសម្លាប់។ បន្ទាប់ពីកងទ័ពនិរតីចាប់ប្រធានកងធំ ខ្ញុំឈប់ធ្វើការងារក្នុងក្រសួងពាណិជ្ជកម្ម ត្រឡប់មកនៅភូមិកំពាន់ធ្វើចម្ការរហូតខ្មែរក្រហមដួលរំលំ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

អត្ថបទដោយ ឈុំ រ៉ា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស ឡុង ដានី ជាមួយ ហួន ឃីម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, សម្ភាសផ្ទាល់មាត់នៅសាលាឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin