ខ្ញុំត្រូវធ្វើការទាំងមានផ្ទៃពោះ
(ព្រះវិហារ)៖ ហ៊ូ រ៉ាយ រស់នៅភូមិក្បាលខ្លា ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានអាយុ៩០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នគាត់ស្ថិតក្នុងវ័យចាស់ជរា និងមានការមើលថែពីកូនៗ។
នៅសម័យប៉ុលពត គាត់ត្រូវធ្វើការពេញមួយថ្ងៃ ដោយកាប់ស្លឹក ស្រោចទឹកដំណាំថ្នាំជក់ ស្ទូងស្រូវ ច្រូតស្រូវជាដើម។ ថ្ងៃមួយពេលគាត់ទៅធ្វើការទាំងមានផ្ទៃពោះជិតគ្រប់ខែ ខ្មែរក្រហមបានសួរគាត់ថាអ្នកណាចាត់តាំងគាត់ឲ្យធ្វើការ? គាត់ត្រូវបានគេសួរនាំ ហើយឲ្យត្រឡប់ទៅផ្ទះសម្រាកវិញ។ គាត់បានលើកឡើងថា អ្នកដែលចាត់តាំងគាត់មកធ្វើការទាំងផ្ទៃពោះ ត្រូវបានគេយកទៅកសាង ដែលនេះជាករណីដ៏កម្រកើតមាននៅក្នុងរបបខ្មែរក្រហម។ ក្រោយពីសម្រាកបានមួយខែបន្ទាប់ពីសម្រាលកូនក្នុងផ្ទៃ គាត់ត្រូវបន្តលីសែង បិទទំនប់ លើកទំនប់ រែកដី ទាំងមិនបានមើលថែកូនឲ្យបានដិតដល់។ ចំពោះការបរិភោគវិញ មួយថ្ងៃបានពីរពេល ព្រឹកហូបបបរ និងថ្ងៃត្រង់ហូបបាយ បានត្រឹមតែមួយចានប៉ុណ្ណោះក្នុងមួយពេល។
បន្ទាប់ពីការជីកដី លើកទំនប់ ខ្មែរក្រហមបានឲ្យគាត់ នឹងមនុស្សពីរនាក់ទៀតត្រូវធ្វើការបកស្លឹកត្នោត និងត្បាញកន្ទេល មនុស្សបីនាក់ត្រូវត្បាញកន្ទេលឲ្យបានមួយ (គាត់មិនបានបញ្ជាក់ពីពេលវេលានោះទេ)។ ពេលគាត់ឈឺគ្រុន គាត់បានសម្រាកប្រហែលជា ២ ទៅ ៣ ថ្ងៃ ទើបបន្តទៅធ្វើការ។ នៅសម័យនោះមានការច្រៀងចម្រៀងដែលទាក់ទងនឹងនយោបាយក្រោមការដឹកនាំរបស់ខ្មែរក្រហម។
ចំពោះការរស់នៅតាមផ្ទះ ដំណាំដាំតាមផ្ទះ គ្មាននរណាម្នាក់មានសិទ្ធិហូបនោះទេ។ ជារៀងរាល់យប់ មានកងឈ្លបចាំតាមដាន បើឃើញមានផ្ទះនរណាដុតភ្លើង ឬមានផ្សែងភ្លើង គេប្រាកដជាចូលមកឆែកមើល ខ្មែរក្រហមមិនឲ្យចម្អិនបាយ ឬអ្វីហូបនោះទេក្រៅពីរបបអាហារមួយថ្ងៃពីរពេល។ ហ៊ូ រ៉ាយ បានលួចប៉េះផ្លែឈើព្រៃសម្រាប់ចម្អែតក្រពះ។ នៅសម័យខ្មែរក្រហម ព្រះសង្ឃទាំងត្រូវធ្វើការដូចៗគ្នានិងប្រជាពលរដ្ឋដទៃទៀត គាត់មានឃើញគេចាប់ចងមនុស្សជាដើម ប៉ុន្តែគាត់មិនបានឃើញផ្ទាល់ការសម្លាប់នោះទេ៕
សម្ភាសន៍ដោយ ភេទ សុភីម ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣