សម្លាប់មនុស្សទម្លាក់ចូលអណ្ដូង

(ត្បូងឃ្មុំ)៖ ហ៊ុន សាវ៉ាត អាយុ៦៤ឆ្នាំ កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៦០។ សាវ៉ាត មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ភាពឈឺចាប់ដែល សាវ៉ាត ចងចាំមិនអាចបំភ្លេចពីរបបខ្មែរក្រហម គឺការធ្វើការងារហួសពីកម្លាំង, សម្រាកមិនគ្រប់គ្រាន់ និងខ្វះខាតអាហារហូបចុក។
នៅឆ្នាំ១៩៧៥ សាវ៉ាត រស់នៅ និងធ្វើការងារនៅភូមិជីមាន់ (គាត់មិនបានបញ្ជាក់ថានៅខាងណា ព្រោះបច្ចុប្បន្ននេះភូមិជីមាន់គឺមានចំនួនបួន គឺ៖ ជីមាន់ត្បូង, ជីមាន់ជើង, ជីមានកណ្ដាល និងជីមាន់លិច)។ ដំបូងឡើយ អង្គការចាត់តាំងឲ្យ សាវ៉ាត ជីកប្រឡាយ ហើយបន្ទាប់មក គាត់ត្រូវបានចាត់តាំងឲ្យធ្វើការងារនៅភូមិទួលអង្រ្គង ដោយធ្វើការងារកសិកម្ម ដាំបន្លែ, ដាំដំឡូង, ដាំពោត និងរែកទឹកស្រោចដំណាំទាំងនោះ។
សាវ៉ាត បានចែករំលែកអំពីរបបអាហារដែលគាត់ទទួលបាននៅក្នុងរបបខ្មែរក្រហមថា គាត់ទទួលបានត្រឹមបបររាវ ហូបជាមួយសម្លដើមចេក និងមានសាច់ត្រីខ្លះ។ នៅក្នុងរបបនោះ ម្ហូបអាហារ គឺមិនសូវមានជីវជាតិសម្រាប់ទ្រទ្រង់ដល់សារពាង្គកាយឡើយ។ ប្រជាជនជាច្រើនដែលធ្លាក់ខ្លួនឈឺ គ្មានកម្លាំងកំហែង ស្គមស្គាំង ដោយសារតែអាហារគ្មានសារធាតុចិញ្ចឹម។ នៅពេលដែលប្រជាជនមានជំងឺ មានតែថ្នាំបុរាណសម្រាប់ព្យាបាលប៉ុណ្ណោះ។ អ្នកជំងឺខ្លះលេបថ្នាំនោះត្រូវ ខ្លះទៀតមិនត្រូវ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនខិតខំទៅធ្វើការងារទាំងដែលខ្លួនមានជំងឺ មិនហ៊ានឈប់សម្រាកទេ ព្រោះខ្លាចមិនមានអាហារហូប។
នៅយប់មួយ សាវ៉ាត បានក្រោកទៅបត់ជើង គាត់បានឃើញកងឈ្លបបណ្ដើរប្រជាជនទៅជាជួរ ប៉ុន្តែពេលនោះគាត់មិនបានដឹងទេថា កងឈ្លបបណ្ដើរប្រជាជនទៅណាទាំងកណ្ដាលយប់។ រយៈពេលប្រហែលជាពីរថ្ងៃក្រោយកន្លងមក គាត់បានប្រទះឃើញសាកសពនៅក្នុងអណ្ដូងទឹក និងរណ្ដៅដែលកប់មិនជិត នៅភូមិក្រញូង ទើបគាត់បានដឹងថាកាលពីយប់នោះប្រជាជនទាំងអស់ត្រូវនាំខ្លួនមកសម្លាប់។ ស្រ្តីស្អាតៗ នៅពេលនោះ សុទ្ធតែត្រូវកងឈ្លបរំលោភមុននឹងសម្លាប់។ ប្រជាជនទាំងអស់សុទ្ធតែដឹងរឿងនោះ ប៉ុន្តែមិនមាននរណាហ៊ានជួយសង្រ្គោះឡើយ ព្រោះខ្លាចអំណាចរបស់អង្គការ។
នៅឆ្នាំ១៩៧៧ សាវ៉ាត ត្រូវបានជម្លៀសទៅដល់ខេត្តស្វាយរៀង។ រហូតដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ គាត់វិលត្រលប់មកស្រុកកំណើត។ គ្រួសាររបស់ សាវ៉ាត នឹកស្មានថាគាត់ត្រូវបាត់បង់ជីវិតនៅខេត្តស្វាយរៀងបាត់ទៅហើយ ព្រោះតែមិនដែលទទួលបានដំណឹងអ្វីពីគាត់បន្តិចសោះ។ បច្ចុប្បន្ន សាវ៉ាត ឈឺសន្លាក់ និងលើសសម្ពាធឈាម៕
សម្ភាសន៍ដោយ៖ មេត ណាត ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥