អង្ករមួយកំប៉ុងសម្រាប់អាហារពីរពេល
(ព្រះវិហារ)៖ ហ៊ុយ ផុស មានអាយុ ៧៥ឆ្នាំ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ គាត់ជាស្ត្រីមេម៉ាយសព្វថ្ងៃប្រកបមុខរបរលក់នំខ្មែរ ដូចជានំកង និងនំក្រូច ដើម្បីចិញ្ចឹមជីវិតជាមួយកូនស្រី។ នៅសម័យកម្ពុជាប្រជាធិបតេយ្យ ហ៊ុយ ផុស ចាំមិនភ្លេចអំពីការអត់ឃ្លានគឺមួយថ្ងៃទទួលបានរបបអាហារត្រឹមតែអង្ករមួយកំប៉ុងសម្រាប់បបរពីរពេល។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានដឹកនាំប្រទេសកម្ពុជាដោយប្រកាន់យកលទ្ធិផ្ដាច់ការ សម្ភារៈឬអ្វីៗដែល ហ៊ុយ ផុស មានត្រូវបានកត់ត្រាទុក។ គាត់បន្តទៀតថា មាសប្រាក់ ខ្សែក ខ្សែដៃ និងគោក្របីដែលក្រុមគ្រួសារគាត់មានពីសង្គមចាស់បានក្លាយជាកម្មសិទ្ធិរបស់អង្គការ ហើយត្រូវបានអង្គការប្រមូលយកលក់ ដើម្បីដោះដូរសម្ភារៈដែលអង្គការត្រូវការ។
គាត់ជាប្រជាជនចាស់ ដូចនេះមិនមានការជម្លៀសទៅតំបន់ផ្សេងនោះទេ។ តែសម្រាប់ប្រជាជនថ្មី ខ្មែរក្រហមបានជម្លៀសអ្នកទាំងនោះយកទៅរស់នៅតាមស្រុក តាមភូមិជាមួយប្រជាជនចាស់។ ភាគច្រើនអ្នកទាំងនោះត្រូវបានគេយកទៅសម្លាប់យ៉ាងអាណោចអាធ័ម រួមទាំងមនុស្សមួយចំនួនដែលបានរត់ទៅភ្នំដងរែកផងដែរ។
ដោយសារធ្វើការហួសកម្លាំង និងហូបមិនគ្រប់គ្រាន់ ប្រជាពលរដ្ឋជាច្រើននាក់បានឆ្លាក់ខ្លួនឈឺ។ ការព្យាបាលគឺមានតែថ្នាំខ្មែរ ឬថ្នាំអាចម៍ទន្សាយប៉ុណ្ណោះ។ នៅសម័យនោះគ្មានការតវ៉ានោះទេ ពីព្រោះម្នាក់ៗខ្លាចខ្មែរក្រហមយកទៅកសាង។ គាត់និងអ្នកឯទៀតត្រូវធ្វើស្រែ ជីកស្រះ ជីកដំឡូងជាដើមដើម្បីបានរស់។ ពេលខ្លះគាត់ក៏បានលួចចាប់កង្កែប ឬលួចទុកដំឡូងដែលជីកបានឲ្យកូនៗរបស់គាត់ខ្លះ។
ក្រោមគម្រោងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ហ៊ុយ ផុស បានមានឱកាសក្នុងការនិយាយប្រាប់អ្នកជំនាន់ក្រោយនូវរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់គាត់នៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជាការចងចាំនូវការបាត់បង់ជីវិតមនុស្សជាង២លាននាក់៕
សម្ភាសន៍ដោយ អ៊ុន រក្សា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤