ការគំរាមគំហែងរបស់ខ្មែរក្រហម ចំពោះជនជាតិឥស្លាម

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

ខ្ញុំឈ្មោះ ហ្វា សា ​ អាយុ៥៩ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំ គឺ​ជនជាតិឥស្លាម។ ឪពុកខ្ញុំឈ្មោះ សាន់ ហ្វាម្ដាយឈ្មោះ សុខ យិន (ស្លាប់ទាំងពីរ​)។ ខ្ញុំមានបងប្អូន៦នាក់ ស្រី៣នាក់ប្រុស៣នាក់។ ​ខ្ញុំមានប្រពន្ធ ឈ្មោះ ម៉ាត់ ពៅ ​និងមានកូន៧នាក់ ស្រី៣នាក់ប្រុស៤នាក់។

នៅឆ្នាំ១៩៧៥ ​ខ្ញុំ រៀនអក្ខរកម្ម បានបន្តិចបន្តួច នៅក្រោមដើមឈើ។ ​​ខ្ញុំជាប្រជាជនថ្មី ដែលត្រូវខ្មែរក្រហមជម្លៀសពីខេត្តតាកែវ។ ​ខ្ញុំ និងគ្រួសារ ​ត្រូវខ្មែរក្រហមជម្លៀស​ទៅតាម​ផ្លូវជាតិលេខ៣ រហូតទៅដល់វត្តចម្បារ។ ពេលទៅដល់ កម្មាភិបាលខ្មែរក្រហមបញ្ជូនខ្ញុំ ឲ្យទៅនៅកងយុវជន។ ​​ខ្មែរក្រហម បែងចែកកម្លាំង ឲ្យទៅជីកប្រឡាយ និងរែកដី​ ដោយកំណត់ធ្វើឲ្យ​រួចរាល់តាមផែនការ។ ការហូបចុកមិនគ្រប់ឡើយ ហូបតែបបរទេ។

ខ្ញុំធ្លាប់ដឹងថា ខ្មែរក្រហម បានចាប់​មនុស្សយកទៅសម្លាប់ ដោយសារអ្នកទាំងនោះជាអ្នកចេះដឹង ​ដោយប្រើ​ល្បិចបោកបញ្ឆោតប្រជាជនថា អ្នកណាធ្លាប់ធ្វើការអ្វី នឹងប្រគល់តួនាទីឲ្យ​វិញ។ ​ ​ ​ខណៈពេលនោះមានអ្នកខ្លះបានឆ្លើយថា ខ្លួនធ្លាប់ធ្វើគ្រូបង្រៀន ធ្វើទាហាន និងជានិស្សិតជាដើម។ ​អ្នកទាំងនោះសុទ្ធតែជាមុខសញ្ញាដែលត្រូវខ្មែរក្រហមសម្លាប់ចោលទាំងអស់។

ក្រោយមក នៅឆ្នាំ១៩៧៦ ​ ខ្ញុំ និងគ្រួសារ ត្រូវខ្មែរក្រហមជម្លៀស ឲ្យទៅនៅស្រុកកោះអណ្ដែត។ ក្រោយមកខ្ញុំទៅរស់នៅភូមិចំបក់ឯមខាងកើត ​ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។ ខ្ញុំទៅរស់នៅ​ទៅនោះបានរយៈពេលមួយឆ្នាំ  ខ្មែរក្រហម បានប្រើឲ្យខ្ញុំ ទៅរែកដី ជីកប្រឡាយ កាប់ដីដំបូក និងលើកប្រព័ន្ធភ្លឺស្រែ។  ពេលនោះ ​ប្រធានកង​មានចំនួន៣នាក់ ឈ្មោះ តាស៊ិន, រ៉ា និង ឯម។ គម្រប់ការរស់នៅ កម្មាភិបាលខ្មែរក្រហម បែងចែកប្រជនជន១៧ និងប្រជាជនមូលដ្ឋាន ដាច់ដោយឡែកពីគ្នា។ ​ ទិន្នផលស្រូវធ្វើបានផលច្រើនណាស់ ​ ប៉ុន្តែ​ប្រជាជននៅតែ​ហូបមិនបានគ្រប់គ្រាន់ដដែល។ របបហូបចុករួមគ្នាទាំងអស់​ ហូបតែបបរមានតែទឹករាវៗ ​មានគ្រាប់បាយត្រឹមតែមួយ ឬពីរស្លាបព្រាតែប៉ុណ្ណោះ។

នៅក្នុងរបបខ្មែរក្រហម ​ក៏មានថ្ងៃ​ឈប់សម្រាកដែរ​ ​ហៅថាថ្ងៃ «មហាហូប» ក្នុងពេលនោះ ប្រជាជនទាំងអស់បានហូប​ឆ្អែតមួយថ្ងៃ។ ​ នៅក្នុងកម្មវិធីនេះ ខ្មែរក្រហមធ្វើតែសាច់ជ្រូកទេ ​ប៉ុន្តែខ្ញុំមិនអាចហូបបានទេ ពីព្រោះខ្ញុំ ជនជាតិឥស្លាម។ ខ្មែរក្រហមបានគំរាមគំហែង និងស្រែកសំឡុត ឲ្យហូបសាច់ជ្រូក​ ខ្ញុំ​ប្រកែកថា «ខ្ញុំហូបមិនបានទេ សមមិត្តបង មិត្តយើងផ្សេងទៀត គាត់អាចហូបបានឲ្យគាត់ហូបទៅ ហើយ ខ្ញុំ​ ក៏អាចធ្វើការបាន​ដូចអ្នកផ្សេងដែរ​»។  ​កម្មាភិបាលខ្មែរក្រហមគម្រាមថា ​ ​ បើមិត្តឯងមិនព្រមហូប មិត្តឯងត្រូវតែស្លាប់។ បន្ទាប់មកទៀត ខ្ញុំឃើញខ្មែរក្រហមលីបំពង់សង្កែ មួយដើមប្រវែងប្រហែលជា២ម៉ែត្រ ហើយសួរមកខ្ញុំ ឥឡូវមិត្តឯងហូប ឬក៏មិនហូប។ ខ្ញុំ ក៏ហូបតាមការបញ្ជារបស់ខ្មែរក្រហម គ្រាន់តែដួសសម្លដាក់ចូលក្នុងមាត់ ខ្ញុំក៏ក្អួតចង្អោរចេញ​មកវិញ​។ ខ្មែរក្រហម ឃើញក៏ដើរចេញ ដោយមិនបានធ្វើបាបខ្ញុំឡើយ។  ខ្ញុំធ្លាប់ឮ នៅតាមកងកន្លែងផ្សេង មានការសម្លាប់ជនជាតិឥស្លាម ដោយសារ តែមិនព្រមហូបសាច់ជ្រូក។ ក្នុងពេលនោះ ទីតាំងសម្លាប់មនុស្សធំជាងគេ មានមួយកន្លែងដែរ គឺគុកក្រាំងឆេះ (គុកក្រោមដី) នៅកោះអណ្ដែត។ ការនាំមនុស្សយកទៅសម្លាប់ខ្ញុំមិនដែលឃើញផ្ទាល់នឹងភ្នែកឡើយ។ ទីតាំងគុកក្រាំងឆេះ ហ៊ុំព័ន្ធទៅដោយដើមឈើដុះជុំវិញ និងឃើញមានរោងតូចមួយនៅទីនោះ។ ​ ការសម្លាប់របស់ខ្មែរក្រហម​ ដោយសារតែប្រជាជន លួចបេះដំណាំដាំហូបបន្តិចបន្តួច ព្រោះខ្លួនមានការហេវហត់ ត្រូវខ្មែរក្រហមចោទថាខ្មាំង ហើយនាំយកទៅសម្លាប់អស់ជាច្រើន។ ការសម្លាប់មនុស្សភាគច្រើន អ្នកទាំងនោះជាប្រជាជនថ្មី ដែលត្រូវកងឈ្លបបញ្ជូនយកទៅសម្លាប់ ហើយក៏មានអ្នកស្លាប់ដោយសារដាច់បាយ រួមទាំងមានជំងឺ  ​ដែលមិនមានថ្នាំព្យាបាល​ ទើបធ្វើអ្នកទាំងនោះបានស្លាប់អស់ជាច្រើននាក់ ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀស ខ្ញុំនិងគ្រួសារ ​ទៅនៅត្រាំខ្នារ។ មុនពេលធ្វើដំណើរខ្មែរក្រហម បានចែកបាយម្នាក់មួយកញ្ចប់។ ក្នុងពេលនោះ ខ្មែរក្រហមបានជម្លៀស​ប្រជាជនតាមរថយន្ដ។  ​ខ្ញុំ និងប្រជាជនផ្សេងទៀត ភ័យខ្លាចយ៉ាងខ្លាំង គិតក្នុងចិត្តថា​ខ្លួនប្រហែលមិនមានជីវិតរស់ទៀតឡើយ។ ការធ្វើដំណើរ​ចំណាយពេលអស់ជាច្រើនម៉ោង រហូតដល់ម៉ោង១២យប់ ​ទើបទៅដល់ទីតាំង។  លុះ​ពេលទៅដល់ ខ្មែរក្រហមបញ្ជូន ខ្ញុំ និងគ្រួសារទៅរស់នៅ​ ភូមិភាគនិរតី (ភូមិភាគ៤០៥) ស្ថិតក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។[1]ការរស់នៅត្រាំខ្នារ ខ្ញុំ ពុំសូវពិបាកដូចនៅ ស្រុកកោះអណ្ដែតនោះទេ។ ​ ​ប្រជាជនដែលរស់នៅឃុំនេះ សរុប៧០០គ្រួសារ សុទ្ធសឹងជាប្រជាជនអ្នកថ្មី។ បន្ទាប់មក ខ្មែរក្រហមសួរខ្ញុំថា កាលមុនមក ធ្លាប់ចេះរកត្រីដែរឬទេ។ ភ្លាមៗខ្ញុំឆ្លើយថា នេះជាមុខរបររបស់ខ្ញុំ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។ ​ ប្រធានសហករណ៍ ឮដូច្នេះក៏​ប្រជុំ ​ចាត់តាំងឲ្យខ្ញុំធ្វើខាងសេដ្ឋកិច្ច គឺត្រូវរកត្រីឲ្យបានពេញ​មួយទ្រុង​ ​ត្រឹមរយ​​:ពេលមួយថ្ងៃ។ ការរស់នៅឃុំស្នំក្រពើនេះ ការហូបចុកមិនសូវពិបាកទេ។  ​ខ្មែរក្រហមមិនដែលធ្វើបាបលើរូប​ ខ្ញុំឡើយ ព្រោះខ្ញុំធ្វើការ​ទាន់ពេលវេលា ហើយប្រជាជនចំនួន៧០០គ្រួសារ ក៏ហូបបានឆ្អែត​ដូចៗគ្នាទាំងអស់។ ​ ​កម្មាភិបាលខ្មែរក្រហមបានសរសើរខ្ញុំ​  ​ ហើយថែមទាំងជម្រុញលើកទឹកចិត្តឲ្យខិតខំធ្វើការ ឲ្យកាន់តែល្អថែមទៀត។ ខ្ញុំ និងគ្រួសាររស់នៅទីនោះ រហូតដល់ថ្ងៃបែករបបខ្មែរក្រហម។

នៅក្នុងរបបខ្មែរក្រហម ការឈឺចាប់សម្រាប់ខ្ញុំផ្ទាល់ ​ គឺខ្មែរក្រហមបង្ខំ ឲ្យធ្វើការធ្ងន់ៗ ធ្វើការហួសកម្លាំង និងហួសម៉ោងកំណត់​។ ចំណែកការហូបចុកក៏មិនបានឆ្អែត ហើយសម្លាប់មនុស្សទាំងមិនមានកំហុសអ្វីទាំងអស់​។

ការរៀបការក្នុងរបបខ្មែរក្រហម ធ្វើការប្ដេជ្ញា ដោយយុវជន និងយុវនារី ដែលធ្ចើការបានល្អ ទៅស្នើសុំចុះឈ្មោះដើម្បីរៀបការ។ ខ្មែរក្រហមបានហៅអ្នកនោះតាមបញ្ជីឈ្មោះ ឲ្យឡើងប្ដេជ្ញាយកគ្នាជាប្ដីប្រពន្ធអស់មួយជីវិត។ ការរស់នៅក្នុងរបបខ្មែរក្រហម ពុំមានសេរីភាពក្នុងការដើរហើរឡើយ។ ចំពោះការគោរពសាសនាពុំដែលឃើញមានទេ ​ គឺឃើញតែប្រជាជនត្រូវទៅធ្វើការដូចៗគ្នា​​ទាំងអស់។

ប្រសិនប្រៀបកាលពីរបបខ្មែរក្រហម មកដល់ពេលបច្ចុប្បន្នមានការខុសប្លែកគ្នាច្រើនណាស់។ ខ្ញុំធ្លាប់បាននិយាយរឿងរ៉ាវធ្លាប់ឆ្លងកាត់ពីរបបខ្មែរក្រហមឲ្យកូនចៅបានដឹង  ​ប៉ុន្តែមិនប្រាកដថាក្មេងៗជឿទេ ព្រោះពួកគេមិនបានឆ្លងកាត់ ឬ កើតទាន់របបនេះឡើយ។

នៅឆ្នាំ ១៩៧៩ អំឡុងពេលបែករបបខ្មែរក្រហម ខ្ញុំ និងគ្រួសារបាន​រត់ចេញពីត្រាំខ្នារ ​រួចមកស្នាក់នៅត្រឹមដំណាក់សេកអស់រយៈពេលមួយយប់។ លុះស្អែកឡើង ក៏បន្តដំណើរតាមផ្លូវជាតិលេខ២ មកដល់ផ្សារស្វាយព្រៃ។ ខ្ញុំ​ និងគ្រួសារ រួមទាំងប្រជាជនជាច្រើនទៀត បានមកដល់ភូមិក្ដុលខាងជើង ក៏ឈប់សម្រាកក្រោមឈើធំមួយដែលមានម្លប់ត្រជាក់។ ស្របពេលនោះ មានកម្មាភិបាលខ្មែរក្រហមចំនួន៣នាក់ បានចេញពីក្នុងព្រៃ ហើយកៀរក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជនផ្សេងទៀត ប្រហែល៥០ ទៅ៦០គ្រួសារ ត្រឡប់ទៅខាងត្នោតទេរវិញ។ ខ្ញុំ និងប្រជាជនទាំងអស់គិតថា ជីវិតពេលនេះមិនដឹងថាស្លាប់ ឬ រស់ទេ។ ខ្មែរក្រហមប្រាប់ថាកុំឲ្យប្រជាជនទៅមុខទៀត ព្រោះវៀតណាមនឹងសម្លាប់ពុកម៉ែចោលទាំងអស់។  ​លុះពេលទៅដល់ស្ពានត្នោតទេរ ​​ ខ្ញុំបានឮកម្មាភិបាលខ្មែរក្រហម និយាយគ្នាថា ទើបលាងដៃរួច ឥឡូវមកដល់ទៀតហើយ។ ​ ខ្មែរក្រហមបញ្ជូនខ្ញុំ និងប្រជាជនផ្សេងទៀត ទៅរស់នៅខ្សាច់សរ សម្រាកនៅទីនោះរយៈមួយយប់។ ស្អែកឡើងទាហានយួន ​ចូលមក​ដល់  ទើបខ្ញុំ និងប្រជាជនបានរួចផុតជីវិត ហើយបានត្រឡប់មកស្រុកកំណើតវិញ។

ក្រោយបែករបបខ្មែរក្រហម ខ្ញុំចូលរៀនបន្តទៀត នៅសាលា លិសេ (បច្ចុប្បន្នជាសាលាជាស៊ីមតាកែវ)។  ​ខ្ញុំរៀនបាន​ត្រឹមឌីប្លូមថ្នាក់ទី៨ ហើយក្រោយពីប្រឡងធ្លាក់នៅឆ្នាំ១៩៨៤  ខ្ញុំបាន​ឈប់រៀន។ ​  ​ខ្ញុំមិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងវិញម្ដងទៀតទេ ព្រោះសម័យឥឡូវយើងមានសេរីភាព។ ក្នុងពេលនោះមានការចាប់យុវជនឲ្យចូលធ្វើទាហាន បើមិន​ស្ម័គ្រចិត្តក៏ត្រូវចាំបញ្ចូលឲ្យធ្វើទាហានដែរ។ ខណៈពេលនោះ ខ្ញុំក៏លើកដៃស្ម័គ្រចិត្ត​ធ្វើទ័ពដោយខ្លួនឯង។ ខ្ញុំបានធ្វើសង្គ្រាមជាមួយទាហានខ្មែរក្រហម​ ចាប់ពីត្រាំកក់ ខេត្តកំពត ភ្នំដំរីរមាល ភ្នំវល្លិ៍ រហូតដល់ខេត្តប៉ៃលិន។ ​ ​ រហូតដល់ឆ្នាំ១៩៩៣ ខ្ញុំបានឈប់ធ្វើទាហាន ហើយត្រឡប់មករស់នៅជួបជុំគ្រួសារវិញ៕ [2]

អត្ថបទដោយ ជីម សុខគា

[1] ដកស្រង់ចេញពី, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) , មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០, បោះពុម្ពលើកទី២, ៣៣-៣៤។

[2] អត្ថបទដកស្រង់ចេញពីបទសម្ភាសន៍៖ ជាមួយអ្នករស់រានមានជីវិត ឈ្មោះ ហ្វា សា ​, បង្ហាញទុក្ខលំបាកដែលរស់នៅក្នុងរបបខ្មែរក្រហម , ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin