ហាត់ទាហាន តែមិនបានធ្វើទាហាន
(ក្រចេះ) ៖ អ៊ឹម ប៊ុននឿន ភេទប្រុស មានអាយុ៦២ឆ្នាំ មានបងប្អូនប្រាំពីរនាក់ គាត់ជាកូនទីបួន។ អាស័យដ្ឋានបច្ចុប្បន្នរស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
នៅក្នុងរបបខ្មែរក្រហម ដោយសារតែគាត់មានអាយុតិចប្រហែលជា១៤ឆ្នាំ ទើបអង្គការឲ្យគាត់ទៅឃ្វាលក្របីជាមួយកុមារដទៃទៀត។ បន្ទាប់ពីនោះមកអង្គការបានបញ្ជូនគាត់ទៅតំបន់បុសផល។ នៅពេលទៅដល់ទីនោះ គាត់មានអាយុ១៥ឆ្នាំ អង្គការបានឲ្យគាត់ត្រៀមខ្លួនធ្វើទាហាន និងយល់ពីច្បាប់សង្រ្គាមដើម្បីត្រៀមខ្លួនចូលបម្រើការក្នុងកងយោធា។ ប៉ុន្តែជាក់ស្ដែង នឿន មិនបានចូលបម្រើការងារជាទាហានឡើយ។
អង្គការបានជម្លៀសគាត់ចេញពីតំបន់បុសផល ឲ្យទៅធ្វើការងារកសិកម្ម និងការងារផ្សេងៗទៀតនៅឯខេត្តក្រចេះវិញ។ ការងារដែលគាត់ធ្វើនៅក្នុងខេត្តក្រចេះនោះគឺ ធ្វើកីតម្បាញ។ គាត់ត្រូវបានអង្គការជម្លៀសទៅជាច្រើនកន្លែង ចេញពីតំបន់មួយទៅតំបន់មួយផ្សេងទៀត ដោយមិនប្រាប់ពីមូលហេតុនៃការជម្លៀសនោះឡើយ។ ប្រជាជនទទួលបានរបបអាហារមួយថ្ងៃបានពីរពេល គឺថ្ងៃ និងល្ងាច។ នៅក្នុងតំបន់ដែលគាត់រស់នៅ អង្គការបានផ្ដល់បាយឲ្យប្រជាជនបរិភោគ។
គាត់បាននិយាយបន្ថែមថា ពេលខ្លះអង្គការបានឲ្យប្រជាជនដែលធ្វើការក្នុងរោងអាហារ ដាំបាយលាយជាមួយនឹងពោតក្រហម ហើយពេលខ្លះទៀតដាំបបរ ប៉ុន្តែបានបាយហូបច្រើនជាងបបរ។ ថ្វីត្បិតតែបានបរិភោគបាយច្រើនជាងបបរយ៉ាងណាក្ដី តែរបបអាហារបានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ មិនបានឆ្អែតក្រពះឡើយ។ សម្រាប់សម្លៀកបំពាក់ដែលទទួលបាន ក្នុងម្នាក់គឺបានតែមួយសម្រាប់។ ប្រជាជនធម្មតា អង្គការបានចែកសម្លៀកបំពាក់ពណ៌ចម្រុះ ដើម្បីយកទៅជ្រលក់ពណ៌ខ្មៅ។
នឿន បានជីករណ្ដៅតូចមួយ បេះស្លឹកស្នួលយកមក។ បន្ទាប់មកយកភក់ និងស្លឹកនោះដាក់ក្នុងរណ្ដៅដើម្បីបុកស្លឹកស្នួល និងដីភក់លាយចូលគ្នា ហើយគាត់បានយក សម្លៀកបំពាក់ជ្រលក់នៅក្នុងភក់។ នៅពេលកងទ័ពវៀតណាមបានវាយលុកចូលរំដោះប្រទេសកម្ពុជាចេញអំពីការសម្លាប់រង្គាលពីសំណាក់ខ្មែរក្រហម។
គាត់បាននិយាយថា ប្រធានសហករណ៍ដែលកាន់កាប់តំបន់ដែលគាត់រស់នៅបានឲ្យប្រជាជនវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។ ប្រធានសហករណ៍នោះបានចែកអង្ករឲ្យប្រជាជនទាំងអស់ក្នុងម្នាក់បានអង្ករបួនកំប៉ុង។
ពេលធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតរបស់គាត់វិញ ដោយសារតែមិនមានឆ្នាំងចាន សម្រាប់ដាំបាយហូប គាត់បានបង្ខំចិត្តលួចយកឆ្នាំងរបស់អ្នកដទៃដើម្បីដាំបាយហូប។ ប៊ុននឿន បានផ្ដែផ្ដាំទៅកាន់កូនចៅរបស់គាត់ថា ត្រូវចេះសន្សំសំចៃទ្រព្យរបស់ លុយកាក់ ព្រោះរបស់ទាំងអស់នោះពិបាករក។
ដោយសារតែជីវិតគាត់កាលពីរបបខ្មែរក្រហម ដែលធ្លាប់ឆ្លងកាត់ភាពលំបាកវេទនា ដោយការធ្វើការលើសកម្លាំង និងអត់ឃ្លាន ទើបគាត់មិនចង់ឲ្យក្មេងៗជំនាន់ក្រោយជួបនូវរបបនោះដូចជារូបគាត់។ គាត់ផ្ដាំ ក្មេងៗជំនាន់ក្រោយឲ្យខិតខំសិក្សារៀនសូត្រ ដើម្បីបានធ្វើការងារល្អៗ សម្រាប់ជួយដល់គ្រួសារ និងសង្គម៕
សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងទី២១ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ