អ៊ឹម ឡុត (អតីតយោធាខ្មែរក្រហម ការពារព្រំដែនកម្ពុជា-ថៃ)

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

នៅលើពិភពលោកយើងនេះ គ្មានប្រទេសណាមួយយល់ព្រមបាត់បង់ទឹកដីរបស់ខ្លួនងាយៗទេ និងមិនអនុញ្ញាតឲ្យប្រទេសណាមួយចូលមកឈ្លានពានជាដាច់ខាត។ ទោះបីប្រទេសតូចប្រជាជនតិចតែងតែខិតខំការពារព្រំដែនរបស់ខ្លួនជានិច្ច។ សូម្បីតែនៅក្នុងរបបខ្មែរក្រហម ដែលមានការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាង។ ក៏ខ្មែរក្រហម បានយកចិត្តទុកដាក់ការពារព្រំដែន មិនតែប៉ុណ្ណោះបានបញ្ជូនកងទ័ពរាប់រយនាក់ឲ្យទៅសិក្សារៀនសូត្រផ្នែកបច្ចេកទេសយោធានៅប្រទេសប្រជាមានិតចិនថែមទៀត។ ជាអាទិ៍រួមមាន៖ រៀនបើកបរយន្តហោះចម្បាំង, រថក្រោះ, កាំភ្លើងធំ និងរៀនជួសជុលសព្វាវុធគ្រប់ប្រភេទ ថែមទាំងបានកសាងព្រលានយន្តហោះចម្បាំងនៅខេត្តកំពង់ឆ្នាំង ដើម្បីការពារប្រទេសជាតិ និងការពារទឹកដី។

អ៊ឹម ឡុត[1]  អាយុ៥៧ឆ្នាំ (គិតត្រឹមឆ្នាំ២០១២)។ ខ្ញុំជាយោធាខ្មែរក្រហម ដែលបានស្ម័គ្រចិត្តចូលបម្រើជាតិ មានតួនាទីការពារទឹកដីតាមជួរភ្នំដងរែក ជាពិសេសប្រាសាទនានា តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចរវាងកម្ពុជា-ថៃ។ នៅអំឡុងឆ្នាំ១៩៧៥ដល់១៩៧៩ សភាពការណ៍ព្រំដែនមិនសូវមានបញ្ហាជាមួយថៃទេ ទាហានថៃឈរជើងការពារព្រំដែននៅត្រង់ណានៅត្រង់នោះ មិនហ៊ានដើរចូលមកទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតទេ។ បើហ៊ានថៃចូលមកក្នុងគោលបំណងឈ្លានពានច្បាស់ជាយោធាខ្មែរក្រហម បាញ់ប្រហារគ្មានចាំបទបញ្ជាថ្នាក់លើទេ។ នៅអំឡុងពេលនោះដែរ ប្រាសាទព្រះវិហារ, ប្រាសាទតាមាន់តូច, តាមាន់ធំ, តាក្របី ក្នុងរបបខ្មែរក្រហម គ្មានទាហានថៃ គ្មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាដូចសម័យបច្ចុប្បន្ននេះទេ។

ខ្ញុំជាកូនកសិកររស់នៅតាមស្រុកស្រែចម្ការ បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តក្រឡាញ់ត្រឹមថ្នាក់ទី៧(សង្គមចាស់) ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្តាយវិញ និងមានស្រុកកំណើតនៅភូមិបុស្សធំ ឃុំស្នូល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ខ្ញុំ មានឪពុកឈ្មោះ អ៊ឹម ធៀម ម្តាយឈ្មោះ ហ៊ីម ឡាប និងមានបងប្អូនបង្កើតចំនួន៥នាក់(ស្រី៣ប្រុស២)។

នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់។ ក្នុងភូមិរបស់ខ្ញុំក្លាយជាតំបន់រំដោះ និងឃើញទាហានវៀតកុងខាងជើងចូលមកជួយខាងចលនាខ្មែរក្រហម(ពេលនោះមានឈ្មោះថារណសិរ្សរួបរួមជាតិ)។ ប្រទេសជាតិចាប់កើតមានសង្រ្គាមរវាងរណសិរ្សរួបរួមជាតិ និងទាហានឧត្តមសេនីយ លន់ នល់ (ហៅថាសង្រ្គាមស៊ីវិល)។

នៅឆ្នាំ១៩៧៣ ខ្ញុំ មានអាយុ១៥ឆ្នាំ ស្ម័គ្រចិត្តចូលបម្រើជាយោធាខ្មែរក្រហម ដើម្បីប្រឆាំងទាហាន លន់ នល់ និងគោលនយោបាយសហរដ្ឋអាមេរិក។ ខ្ញុំ ចូលជាយោធាដំបូងបានទៅសិក្សារៀនសូត្រផ្នែកយុទ្ធសាស្រ្តយោធាដូចជា៖ ហាត់លូន, ក្រាប និងបាញ់កាំភ្លើងនៅម្តុំភ្នំបូក(ខាងកើតអង្គរវត្ត)។ ខ្ញុំ នៅក្នុងកងវរសេនាតូច៩០៥ ដែលមានយោធាចំនួន៣០០នាក់ ក្រោមការគ្រប់គ្រងដោយឈ្មោះ ភា មកពីភូមិភាគឧត្តរ(៣០៤) រួមមានខេត្តកំពង់ចាម, កំពង់ធំ និងសៀមរាប។ បន្ទាប់មកទៀត ខ្ញុំបានចល័តចូលសមរភូមិស្ទើរគ្រប់ទីកន្លែងចាប់ខាងកើតអង្គរ និងទីរួមខេត្តសៀមរាប។ អង្គភាពខ្ញុំមិនបានវាយចូលដល់ទីក្រុងភ្នំពេញទេ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហម ឡើងកាន់អំណាច បានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងតាមទីប្រជុំជននានាទូទាំងប្រទេសឲ្យទៅរស់នៅតាមស្រុកស្រែចម្ការ តាមទីជនបទដើម្បីធ្វើកសិកម្មទាំងអស់គ្នា។ នៅក្នុងរបបខ្មែរក្រហម មានតែវណ្ណៈពីរ គឺវណ្ណៈកសិករ និងវណ្ណៈកម្មករ ដើម្បីឲ្យជីវភាពរស់នៅមានភាពស្នើគ្នា គ្មានអ្នកក្រ គ្មានអ្នកមាន។ បន្ទាប់មកទៀត អង្គការចាត់តាំងឲ្យខ្ញុំការពារព្រំដែន លើកំពូលភ្នំដងរែក ជាពិសេស ប្រាសាទតាក្របី (មានទីតាំងនៅភូមិសែនមនោរម្យ ឃុំគោកមន ស្រុកបន្ទាយអំពិល) ប្រាសាទតាមាន់ធំ(មានទីតាំងនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល) ប្រាសាទតាមាន់តូច(មានទីតាំងនៅភូមិព្រែវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន)  និងប្រាសាទព្រះវិហារ(មានទីតាំងនៅស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ)  ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ។ ខ្ញុំ និងយុទ្ធមិត្តរួមអាវុធទាំងអស់ខិតខំការពារព្រំដែនមិនខ្លាចសត្រូវឈ្លានពាន រស់នៅតែក្នុងព្រៃភ្នំជ្រលងអូរមានតែបាយហូប ស្ទើរមិនចង់គ្រប់ បើនិយាយពីទឹកចិត្តតស៊ូដើម្បីការពារជាតិ ការពារទឹកដីវិញ ខ្ញុំគ្មានស្តាយស្រណោះអាយុជីវិត។  រហូតដល់ចុងឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ មានបញ្ហាផ្ទៃក្នុងកើតឡើងជាច្រើនតំបន់ និង ភូមិភាគដូចជា​៖​ ភូមិភាគពាយ័ព្យ, ភូមិភាគបូព៌ា, ភូមិភាគឧត្តរ, ភូមិភាគបស្ចឹម ជាដើម ត្រូវបានកម្មាភិបាលថ្នាក់មជ្ឈិមសហការជាមួយយោធាភូមិភាគនិរតីដឹកនាំដោយតាម៉ុក ចុះចាប់ខ្លួនកម្មាភិបាលមួយចំនួន រួមទាំងកងកម្លាំងយោធាការពារព្រំដែនផងដែរ។ ដូចជាប្រធានយោធាវរសេនាតូច, វរសេនាធំ ការពារព្រំដែនភាគខាងលិចឈ្មោះ ហ៊ាន ឈ្មោះ ប៉ូល និងមនុស្សជាច្រើនទៀតត្រូវអង្គការចាប់ខ្លួន។ កាលនោះ(ប្រធានមន្ទីរសន្តិសុខយោធានៅស្រុកសំរោងម្តុំនិមិត្តបឹងស្នោ ឈ្មោះ ម៉ុល (ខាងនិរតីចាប់ខ្លួនគាត់ដែរ)។ បន្ទាប់មកទៀតកម្មាភិបាលភូមិភាគនិរតីឈ្មោះ សឿន មកជំនួសក្លាយជាប្រធានកងពលលេខ៧៧៥ថ្មី គ្រប់គ្រងតំបន់ព្រំដែនភាគខាងលិចកម្ពុជា-ថៃវិញ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសង្រោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយចូលទីក្រុងភ្នំពេញ និងបានរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសជាបន្តបន្ទាប់។ ខ្ញុំ កាលនោះមិនបានរត់ភៀសខ្លួនទៅណាឆ្ងាយទេ គឺរស់នៅក្នុងព្រៃតាមព្រំដែនកម្ពុជាក្នុងស្រុកបន្ទាយអំពិល(ពីសម័យខ្មែរក្រហម ខេត្តបាត់ដំបង)។ បន្ទាប់មកទៀតឃើញកម្មាភិបាលជាន់ខ្ពស់ខែ្មរក្រហមជាច្រើនរត់ភៀសខ្លួនមកដល់ព្រំដែនកម្ពុជា-ថៃ និងបានកសាងកម្លាំងយោធាខ្មែរក្រហមឡើងវិញ ជាច្រើនកងពល ដើម្បីវាយបកមកលើកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ នៅអំឡុងពេលនោះ ខ្ញុំ ស្ម័គ្រចិត្តបម្រើជាយោធាខ្មែរក្រហម ដដែល។ នៅឆ្នាំ១៩៨០ ខ្ញុំ បានឡើងជាប្រធានវរសេនាធំលេខ៤៣ ប្រធានកងពល៩១២ ឈ្មោះ សឿន បានឡើងវាយជាមួយកងទ័ពវៀតណាម នៅម្តុំភ្នំឆ័ត្រ និងតាមជួរភ្នំដងរែក។ នៅឆ្នាំ១៩៨១ ខ្ញុំបានដឹកនាំកម្លាំងយោធាចំនួនបីនាក់ ឡើងទៅស៊ើបការណ៍ទីតាំងបន្ទាយកងទ័ពវៀតណាម(កាលនោះហៅតែបន្ទាយយួន) តែមិនទាន់ទៅដល់គោលដៅផង ចៃដន្យខ្ញុំក៏ជាន់មីនដាច់ជើងម្ខាងត្រូវកម្លាំងរបស់យើងសែងត្រឡប់មកវិញ រួចបានព្យាបាលនៅអង្គភាពយោធាលើភ្នំដងរែកអស់រយៈពេលបីខែ។ នៅពេលជាសះស្បើយ ខ្ញុំត្រឡប់មកអង្គភាពវិញ។ ខ្ញុំត្រូវបានប្រធានកងពលចាត់តាំងឲ្យជួយយាមការពារឃ្លាំងដាក់សម្ភារដូចជា៖សព្វាវុធ,គ្រាប់រំសេវ និងស្បៀងអាហារដែលជាជំនួយរបស់ប្រទេសប្រជាមានិតចិន ដែលបានឆ្លងកាត់តាមប្រទេសថៃ(ត្រូវចំណាយថវិកាឲ្យភាគីថៃ)ទើបខាងភាគីខ្មែរក្រហមឆ្លងកាត់បាន។

នៅឆ្នាំ១៩៨៩កងទ័ពវៀតណាម បានដកទាំងស្រុងត្រឡប់ទៅប្រទេសកំណើតវិញ ហើយ​សង្រ្គាមនៅបន្តរវាងខ្មែរនិងខ្មែរ បានប៉ះពាល់ជីវិតមនុស្សស្លាប់ជារៀងរាល់ថ្ងៃ និងខូចខាតធនធានធម្មជាតិជាច្រើនទៀត ប្រទេសជាតិក៏មិនមានការរីកចំរើន គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍។

នៅអំឡុងចុងឆ្នាំ១៩៩៧-១៩៩៨ ក្រុមចលនាខ្មែរក្រហម មេដឹកនាំជាន់ខ្ពស់ដូចជា៖ ប៉ុល ពត, តាម៉ុក, សុន សេន, នួន ជា និងខៀវ សំផន មានបញ្ហាផ្ទៃក្នុងបន្តទៀត មិនទុក្ខចិត្តគ្នា ប្រធានកងពលមួយចំនួនលែងទុក្ខចិត្តគ្នាថែមទៀត បង្កើតជាបក្ខពួករហូតឈានដល់បាញ់សម្លាប់ សុន សេន  ទាំងក្រុមគ្រួសារនៅពេលយប់ក្រោមបញ្ជាផ្ទាល់ពី ប៉ុល ពត។ នៅពេលនោះ តាម៉ុក ចេញបញ្ជាឲ្យប្រធានកងពលដឹកនាំកម្លាំងយោធាតាមចាប់ខ្លួន ប៉ុល ពត យកមកកាត់ទោស និងប្រើគោលនយោបាយចាប់ប្រធានកងពលឈ្មោះ តាសារឿន(០៥) តាសាន(០៦) មកដាក់គុករួចប្រហារជីវិត។ ចាប់ពីពេលនោះមកទាំងខ្ញុំ រួមទាំងបងប្អូនដទៃទៀតរស់នៅក្នុងស្ថានភាពព្រួយបារម្មណ៍ដូចជំនាន់បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៨ ភាគីខ្មែរក្រហម ទទួលយកបទឈប់បាញ់គ្នារវាងខ្មែរនិងខ្មែរ បើនិយាយពីគោលនយោបាយឈ្នះឈ្នះ យើងប្រាកដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបតិ្តករផ្ទាល់ក្នុងបេសកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា[2]។ ចាប់ពេលនោះមក ខ្ញុំរស់នៅមានសិទ្ធិសេរីភាព និងរស់នៅជាមួយប្រពន្ធកូន មានដីស្រែចម្ការ សម្រាប់ប្រកបមុខរបរដើម្បីចិញ្ចឹមជីវិត និងមានពេលវេលាទៅលេងស្រុកកំណើតជួបជុំឪពុកម្តាយបងប្អូនឡើងវិញ។ ពីព្រោះ ខ្ញុំបានចូលបម្រើជាយោធាខ្មែរក្រហម ឆ្លងកាត់សង្រ្គាមគ្រប់បែបយ៉ាងអស់រយៈពេល៥២ឆ្នាំ(គិតត្រឹមឆ្នាំ១៩៩៩)។ សព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អត្ថបទដោយ សុខ វណ្ណៈ


[1] នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២, ឡុង ដានី បានជួបសម្ភាសន៍ជាមួយឈ្មោះ អ៊ឹម ឡុត ភេទប្រុស អាយុ៥៧ឆ្នាំ (អតីតយោធាខ្មែរក្រហម ការពារព្រំដែនខាងលិចកម្ពុជា -ថែ )។ ឡុត  សព្វថ្ងៃរស់នៅភូមិញញីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នៅក្នុងរបបខ្មែរក្រហម ឡើងកាន់អំណាច ខិតខំការពារព្រំដែនយ៉ាងណា ការពារធនធានធម្មជាតិបែបណា ក៏របបខ្មែរក្រហម គ្មានលក្ខណៈគ្រប់គ្រាន់ដែលចាត់ទុកថា ជាមេដឹកនាំស្នេហាជាតិដែរ ពីព្រោះបានសម្លាប់ប្រជាជនខ្លួនឯងរាប់លាននាក់។ លេខឯកសារ (OMI0015) តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] ដកស្រង់ពីព័ត៌មានសង្គម(និយាយអំពីគោលនយោបាយឈ្នះឈ្នះ) របស់សម្តេចតេជោ ហ៊ុន សែន មានភាពវៃឆ្លាត ប្រើគោលនយោបាយឈ្នះឈ្នះនេះឡើងដើម្បីបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរអស់រយៈពេលជាយូរមកហើយ។ រហូតមកដល់បច្ចុប្បន្ននេះខ្មែររស់នៅមានសុខសន្តិភាព។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin