អឹម សាវុធ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

អឹម សាវុធ អាយុ៦០ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ខ្ញុំឈ្មោះ អឹម សាវុធ ភេទប្រុស អាយុ៦០ឆ្នាំ​។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំរៀនមិនបានច្រើននោះទេ ដោយសារគ្រួសារមានជីវភាពក្រីក្រ ទើបម្ដាយឪពុកឱ្យឈប់រៀនមកជួយធ្វើការងារផ្ទះ និងការងារផ្សេងៗ។ ក្នុងឆ្នាំ១៩៧០ ខ្ញុំមានអាយុប្រហែល ៥ឆ្នាំ ខ្ញុំចងចាំរឿងរ៉ាវខ្លះពីជំនាន់នោះ ដែលមានសង្គ្រាមកើតឡើង និងមានយន្តហោះទម្លាក់គ្រាប់បែកពាសពេញភូមិស្រុកដែលខ្ញុំរស់នៅ។ ឪពុកម្ដាយខ្ញុំបាននាំខ្ញុំរត់ទៅពួនក្នុងត្រង់សេដែលបានជីករួចសម្រាប់គេចពីគ្រា​ប់បែកដែលបានទម្លាក់មក។ ក្នុងអំឡុងឆ្នាំ ១៩៧៤ ខ្មែរក្រហមបានវាយកងទ័ព លន នល់ បែកបាក់អស់មួយភាគធំ ប្រជាជនហាក់លែងសូវភ័យខ្លាច ដោយគិតថាខ្មែរក្រហមស្វែងរកសន្តិភាពជូនប្រជាជន។

រហូតដល់ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ពេលនោះខ្ញុំមានអាយុត្រឹម១០ឆ្នាំ។ ខ្មែរក្រហមចូលមកដល់ភូមិស្រុកដែលខ្ញុំរស់នៅ ដោយបានជម្លៀសប្រជាជនចេញពីភូមិទៅធ្វើការកន្លែងផ្សេងៗពីគ្នា ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសឱ្យចូលជាមួយក្រុមកងកុមារ ខ្មែរក្រហមបានប្រើខ្ញុំឱ្យដើររើសអាចម៍គោ កាប់ស្លឹកទន្ទា្រងខែត្រ យកមកលាយជាមួយអាចម៍គោដើម្បីធ្វើជីដាក់ស្រែ។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញ ក្នុងមួយថ្ងៃពីរពេលជួនកាលហូបបបរ។ ការហូបចុកមិនគ្រប់គ្រាន់ការងារលើសកម្លាំងទើបប្រជាជនមួយចំនួនបានស្លាប់។ ការព្យាបាលជំងឺវិញ ខ្មែរក្រហមមានថ្នាំអាចម៍ទន្សាយ និងទឹកដូងសម្រាប់ធ្វើជាសេរ៉ូមព្យាបាលប្រជាជនដែលមានជំងឺ។ ក្នុងឆ្នាំ១៩៧៧ ខ្មែរក្រហមឃើញខ្ញុំមានរូបរាងធំជាងមុនក៏បានចាត់ខ្ញុំឱ្យចូលជាមួយក្រុមកងចល័តវិញម្ដង ដោយបានប្រើខ្ញុំឱ្យជីកនិងរែកដីនៅទំនប់ម្លេច។ ខ្ញុំត្រូវធ្វើការងារនេះយ៉ាងហត់នឿយទោះលំបាកក៏មិនហ៊ានតវ៉ា ដោយខ្លាចខ្មែរក្រហមយកទៅរៀនសូត្រ។ បើនិយាយពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហមវិញ ខ្ញុំធ្លាប់ឃើញមានខ្មែរក្រហមមួយក្រុមចូលមកនាំប្រជាជនដែលកំពុងធ្វើការងារជាមួយខ្ញុំយកទៅ ដោយប្រាប់ថានាំយកទៅរៀនសូត្រ ប៉ុន្តែខ្ញុំមិនដែលឃើញគាត់ត្រឡប់មកវិញឡើយ មនុស្សភាគច្រើ​នដែល​ខ្មែរក្រហមហៅយកទៅគឺមិនដែលឃើញមកវិញ ទេ។ ខ្មែរក្រហមបានផ្សឹកព្រះសង្ឃទាំងអស់យកមកធ្វើជាទាហាន និងបានបំផ្លាញវត្តអារាមចោល ដោយមិនឱ្យប្រជាជនកាន់សាស​នា។ ខ្ញុំរស់នៅក្នុងស្ថានភាពជីវិតដ៏លំបាករហូតដល់ឆ្នាំ១៩៧៩ ទើបវៀតណាមចូលមកសង្គ្រាមបានកើតឡើងម្ដងទៀត ខ្ញុំនិងគ្រួសារបានភៀសខ្លួនចូល ក្នុងព្រៃអស់ជាច្រើនខែ រហូតដល់សង្គ្រាមបានបញ្ចប់ខ្ញុំ និងគ្រួសារបានវិញមកភូមិស្រុកកំណើតវិញ។ ពេលមកដល់ស្រុកកំណើតឪពុកម្ដាយខ្ញុំបានប្រកបមុខរបរជាកសិករមកដល់ពេលបច្ចុប្បន្ន។

ចំពោះស្ថានភាពជំងឺសព្វថ្ងៃ ខ្ញុំមានជំងឺលើសឈាម។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺនេះ គឺមកពីវ័យក្មេងខ្ញុំធ្វើការងារធ្ងន់លើសកម្លាំង កង្វះអាហារហូបចុក។ មួយវិញទៀត បច្ចុប្បន្ន ខ្ញុំមានអាយុកាន់តែច្រើន។ ការព្យាបាលជំងឺរបស់ខ្ញុំគឺបានទៅមន្ទីរពេទ្យដែលនៅជិតផ្ទះ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យជំងឺនិងបានឱ្យថ្នាំខ្ញុំមកលេបនៅផ្ទះជាប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ២០២៣ ខ្ញុំត្រូវបានក្រុមការងាររបស់មជ្ឈមណ្ឌឯកសារកម្ពុជាអញ្ជើញខ្ញុំឱ្យមកចូលរួមពិនិត្យសុខភាព ទើបខ្ញុំបានដឹងថាខ្ញុំលើសឈាម។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចែក កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដោយខ្ញុំបានអានកូនសៀវភៅនេះជាប្រចាំ និងទទួលបានចំនេះដឹងជាច្រើនពីកូនសៀវភៅមួយនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់ឱកាសឱ្យខ្ញុំបានពិនិត្យសុខភាពដោយឥតគិតថ្លៃ និងទទួលបានកូនសៀវភៅសុខភាព ដែលជួយដល់ខ្ញុំមានការយល់ដឹងច្បាស់អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន និងរៀនសូត្រពីសៀវភៅនេះសម្រាប់តាមដានការថែទាំសុខភាពនៅពេលក្រោយបានយ៉ាងមានប្រសិទ្ធភាព។

ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងមូល ដែលបានខិតខំធ្វើការ ដើម្បីផ្តល់សេវាដែលមានគុណភាពដល់ប្រជាពលរដ្ឋ។ សូមឲ្យមជ្ឈមណ្ឌលឯកាសារកម្ពុជា និងបុគ្គលិកទាំងអស់ប្រកបដោយសុខភាពល្អ និងជោគជ័យក្នុងបេសកកម្មនេះ។[1]

អត្ថបទដោយ ផាត ពន្លក


[1]អឹម សាវុធ ៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin