រស់ យ៉ែន ហៅ យ៉េន៖ ភ្នាក់ងារវៀតណាម នៅក្នុងប្រទេសឡាវ ចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា

ឯកសារ J០០៤៣៣ សរសេរដោយដៃ មានចំនួន៣៩ទំព័រ ជាឯកសារចម្លើយសារភាពរបស់ឈ្មោះ រស់ យ៉ែន ហៅ យ៉េន ជាអតីតភ្នាក់ងារវៀតណាមនៅក្នុងប្រទេសឡាវ ដែលត្រូវវៀតណាម បញ្ជូនមកកម្ពុជា ដើម្បីស៊ើបការណ៍ពីបញ្ហាកងទ័ព បញ្ហាអាវុធ និងរបៀបរបបរស់នៅរបស់កងទ័ព និង ប្រជាជននៅកម្ពុជា។ ជាអកុសល យ៉េន ត្រូវអង្គការខ្មែរក្រហមចាប់ខ្លួនបាននៅវេលាម៉ោង២រសៀល បន្ទាប់ពី យ៉េន និងក្រុមគ្រួសារ បានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជានៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៨។

ខាងក្រោមជាចម្លើយសារភាព របស់ រស់ យ៉ែន ហៅ យ៉េន

រស់ យ៉ែន ហៅ យ៉េន[1] ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ បានរៀបការហើយ។ យ៉េន មានស្រុកកំណើតនៅភូមិខ្នា ឃុំរមាំងថ្កោល ស្រុករំដួល ខេត្តស្វាយរៀង។

កាលនៅពីក្មេង នៅអាយុ៩ឆ្នាំ យ៉េន ត្រូវឪពុកម្តាយ បញ្ជូនឲ្យទៅរៀននៅសាលាខ្ជាយ ឃុំរមាំងថ្កោល រហូតដល់ថ្នាក់ទី១០។ នៅអាយុ១២ឆ្នាំ យ៉េន បានឈប់រៀន និងមកនៅជាមួយឪពុកម្តាយក្នុងភូមិកំណើតវិញ។ នៅឆ្នាំ១៩៦២ ក្នុងវ័យ១៧ឆ្នាំ យ៉េន បានប្រកបរបរ រកស៊ីរត់ពន្ធ លក់មាន់ និងលក់ស្បែកជើង នៅតាមព្រំដែនកម្ពុជា-វៀតណាម ។ នៅឆ្នាំ១៩៦៣ យ៉េន បានចូលធ្វើជាគិញឲ្យមេឃុំរមាំងថ្កោលឈ្មោះ សូខ្មៅ តាមរយៈ ឈ្មោះ មាស ស៊ុត ដែលត្រូវជាមិត្តភក្តិរបស់គាត់កាលពីនៅរៀន។ សកម្មភាព យ៉េន នៅពេលនោះ គឺស៊ើបក្តាប់ចលនារបស់ខ្មែរក្រហម នៅម្តុំឃុំគគីរសោម ស្រុករំដួល និងឃោសនាបាចខិតបណ្ឌ បំផុសប្រជាជនក្នុងឃុំរមាំងថ្កោល ស្រុករំដួល ឲ្យប្រឆាំងនឹងខ្មែរក្រហម ហើយមករាយការណ៍ឲ្យមេឃុំ សូខ្មៅជាបន្តបន្ទាប់។

នៅអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៦៤ យ៉េន បានបួសជាព្រះសង្ឃនៅវត្តខ្ជាយ តាមការជម្រុញពីឪពុកម្តាយ។ រហូតដល់ ឆ្នាំ១៩៦៨ ទើបយ៉េន បានសឹក។ រយៈពេល៣ខែក្រោយមក នៅខែមិថុនា ឆ្នាំ១៩៦៨ ចៅហ្វាយស្រុករំដួលឈ្មោះ ប៊ុន ថេង បានធ្វើសំបុត្រតាមឃុំ ស្រុករំដួល ដើម្បីជ្រើសរើសមនុស្សមកធ្វើទាហាន១៨ខែ នៅផ្សារកំពង់ចក ខេត្តស្វាយរៀង។ មេឃុំ សូខ្មៅ បានចាត់តាំង យ៉េន និងមនុស្សមួយចំនួនទៀត ឲ្យចូលទៅធ្វើជាទាហាន១៨ខែ ក្រោមបញ្ជាការរបស់ទាហានស័ក្តិ៤ឈ្មោះ អ៊ឹម ឈូដេត។ នៅចុងឆ្នាំ១៩៦៩ ដល់ខែកំណត់ដែលត្រូវឈប់ធ្វើទាហាន១៨ខែ យ៉េន បានមកនៅស្រុកកំណើត ព្រមទាំងភ្ជាប់ខ្សែរយៈជាមួយមេឃុំរមាំងថ្កោល សូខ្មៅ ដែលជាខ្សែចាស់ឡើងវិញ ដើម្បីតាមដានចលនារបស់ខ្មែរក្រហម នៅម្តុំឃុំគគីរសោម ស្រុករំដួល។

នៅខែវិច្ឆិកា ឆ្នាំ១៩៧០ យ៉េន ត្រូវបាន កោះ ឈួន ជារដ្ឋទូតជំនាន់ លន់ នល់ ហៅឲ្យទៅបម្រើការងាររបស់គាត់ផ្ទាល់ ដោយធ្វើជាអ្នករត់សំបុត្រ ទាក់ទងទៅគ្រប់ក្រសួង និងអង្គការអាមេរិកនៅភ្នំពេញ ដែលជាអង្គការជំនួយសម្ភារសេដ្ឋកិច្ចប្រចាំខេត្តស្វាយរៀង។

នៅខែកក្តដា ឆ្នាំ១៩៧៣ កោះឈួន បានផ្លាស់ទៅធ្វើជាអគ្គរដ្ឋទូតយោធា ទៅទីក្រុងវៀងចាន់ ប្រទេសឡាវ។ ពេលនោះ យ៉េន និង ភរិយា ត្រូវកោះឈួន នាំយកទៅជាមួយដែរ ដើម្បីធ្វើសកម្មភាពក្រៅប្រទេស ដើរកត់ចំនួនប្រជាជនខ្មែររស់នៅប្រទេសឡាវ ដើម្បីរៀបចំប្រមូលជាសហគមន៍មួយ​ ឃោសនាពីបក្សកុម្មុយនីស្តនៅកម្ពុជាថាមានការលំបាកគ្រប់បែបយ៉ាង ហើយត្រូវបរាជ័យដោយសារ លន់ នល់ វាយប្រហារ។

ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាត្រូវបានខ្មែរក្រហមគ្រប់គ្រងទាំងស្រុង។ អ្នកធ្វើការនៅក្នុងស្ថានទូតជំនាន់ លន់ នល់ ប្រចាំនៅក្រុងវៀងចាន់ ប្រទេសឡាវ មានចំនួន១០នាក់ ត្រូវប្រមូលគ្នារត់ទៅបរទេសទាំងអស់ នៅសល់តែ ខ្សែ សេ.អ៊ី.អា.ចាស់របស់ យ៉េន ដែលធ្លាប់ទាក់ទងសហការគ្នា តាំងពីមុនពេលរំដោះមកមានចំនួន៨នាក់ប៉ុណ្ណោះ។ មុនពេលភៀសខ្លួនទៅសហរដ្ឋអាមេរិក ឈួន បានឧទ្ទេសនាម ឈ្មោះ យ៉េន និង បក្ខពួក ឲ្យ សុក គឹមគូ, លឿង  និង សុក សាខន បានស្គាល់ និងជួយគ្រប់គ្រង។ ពេលនោះ យ៉េន រួមជាមួយ ផែង ព្រឿង, សេង តូច និង សុក សាខន សហការគ្នា ដើរចុះឈ្មោះស្រាវជ្រាវរកប្រជាជនខ្មែរដែលរស់នៅក្នុងទីក្រុងវៀងចាន់ ប្រទេសឡាវ ហើយរាយការណ៍មកឲ្យ សុក គីមគូ និង លឿង បានចំនួន៧០នាក់។ បន្ទាប់មក សុក គីមគូ និង លឿង រាយការណ៍ និងបញ្ជូនអ្នកទាំងនោះ បន្តមកកាន់ ឈ្មោះ ជេត ឆាំ និង មាស ដុំ ជារដ្ឋទូតជំនាន់ លន់ នល់ ប្រចាំប្រទេសឡាវ  នៅទីក្រុងបាំងកក ប្រទេសថៃ ក្នុងគោលបំណងនាំអ្នកទាំង៧០នាក់ខាងលើ ទៅរៀបជាកងទ័ពសេរី នៅអូតាប៉ាវ ប្រទេសថៃ ជាមួយអ្នកចូលសញ្ជាតិវៀតណាម ថៃ និង ឡាវ ផ្សេងទៀត ដើម្បីត្រៀមវាយបដិវត្តន៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៦ យ៉េន, អ៊ុង ស៊ីម និង សុក សាខន នាំគ្នាស៊ើបរកជនភៀសខ្លួនចេញពីប្រទេសកម្ពុជា មកទឹកដីប្រទេសឡាវ ដើម្បីក្តាប់សភាពការណ៍នៅកម្ពុជាមានលក្ខណៈបែបណា ដោយសិក្សាទាំងការរស់នៅ ការហូបចុក ជាពិសេសការសម្លាប់មនុស្ស និងរបៀបរបបនៃការចាត់តាំងផ្សេងៗនៅកម្ពុជា។ រាល់សកម្មភាពរបស់ យ៉េន និង បក្ខពួកទាំងប៉ុន្មាន គឺ យ៉េន រាយការណ៍ឲ្យទៅទូតអាមេរិកឈ្មោះ វិលល័រស្គី  និង ទូតវៀតណាម ឈ្មោះ វ៉ាន់ ដុង និង លី ខ្វាន់យូរ ប្រចាំនៅប្រទេសឡាវ តាមរយៈ សុក គឹមគូ និង លឿង ដើម្បីឲ្យអាមេរិក និង វៀតណាម ផ្សាយតាមវិទ្យុជាភាសាខ្មែរក្នុងបំណងបំភ័នមតិសកលលោក មិនឲ្យមានជំនឿលើបក្សកម្មុយនីស្តកម្ពុជា។ ជាក់ស្តែង តាមរយៈការយកការណ៍ពីប្រជាជនដែលរត់ចេញពីខេត្តស្ទឹងត្រែង តាមកំពង់ស្រឡៅ ទឹកដីប្រទេសកម្ពុជា មកកាន់ប្រទេសឡាវបាននិយាយថា នៅកម្ពុជា មានការលំបាកណាស់ អង្គការឲ្យប្រជាជនធ្វើស្រែ អូសនង្គ័ល និង ហូបចុកមិនគ្រប់គ្រាន់។

ចូលមកដល់ខែធ្នូ ឆ្នាំ១៩៧៧ នៅពេលវៀតណាម ចូលមកឈ្លានពានទឹកដីប្រទេសកម្ពុជា វៀតណាម បានចាត់តាំង សុក គឹមគូ ឲ្យហៅ យ៉េន, ផែន ព្រឿង, អ៊ុន, លឹម និង ខ្សែ ថោង និន ផ្សព្វផ្សាយអំពីរឿងវៀតណាម វាយចូលខេត្តកំពត សៀមរាប និង ចូលខេត្តបាត់ដំបង។ ចំណែក សុខ គឹមគូ ផ្សព្វផ្សាយពីផែនការ វៀតណាម ប្រុងវាយយកខេត្តស្ទឹងត្រែង, មណ្ឌលគីរី និង រតនៈគីរី ដោយលើកពាក្យស្លោកថា ខេត្តទាំង៣ជាទឹកដីប្រទេសឡាវ តាំងពីដូនតាមក ដូច្នេះត្រូវប្រទេសឡាវ យកមកវិញឲ្យបានក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ ដោយចាប់វាយតាំងពីដើម ឆ្នាំ១៩៧៨នេះតទៅ។ ប៉ុន្តែពេលនោះ សុក គឹមគូ នៅពុំទាន់ដាក់ផែនការអ្វីនៅឡើយទេ គ្រាន់តែចាត់តាំង យ៉េន ត្រៀមខ្លួនចូលមកយកការណ៍នៅក្នុងប្រទេសកម្ពុជា។ លុះដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៧ យ៉េន បានទទួលផែនការ ពីរដ្ឋទូតវៀតណាម៣នាក់ ឈ្មោះលី ខ្វាន់ យូ, សុំ វ៉ាន់ដុង និងម្នាក់ទៀត មិនស្គាល់ឈ្មោះ នៅក្រសួងមហាផ្ទៃ ឯក្រុងវៀងចាន់ ដើម្បីយកមកអនុវត្តនៅកម្ពុជា។ ដំបូង វៀតណាម និយាយពីភារកិច្ច ដែល យ៉េន ត្រូវបំពេញនៅកម្ពុជាគឺ៖ ស៊ើបអំពីកងទ័ពកម្ពុជា មានចំនួនប៉ុន្មាននាក់? កងទ័ពកម្ពុជា មានចំណុចខ្លាំង និងចំណុចខ្សោយអ្វីខ្លះ? នៅកម្ពុជាមានរថក្រោះចំនួនប៉ុន្មានគ្រឿង និងកាំភ្លើងធំចំនួនប៉ុន្មានដើម? តើនៅកម្ពុជា មានរោងចក្រចំនួនប៉ុន្មាន ហើយផលិតអ្វីខ្លះ? តើនៅកម្ពុជា មានរោងចក្រផលិតសម្ភារធ្វើសឹកសង្គ្រាម និង គ្រាប់រំសេវធុនអ្វីខ្លះ? តើឧបករណ៍កសិកម្មនៅកម្ពុជា អង្គការធ្វើដោយខ្លួនឯង ឬជំនួយពីប្រទេសណា? តើនៅតំបន់ណានៃប្រទេសកម្ពុជា ដែលសម្បូរស្រូវច្រើនជាងគេ? តើនៅខេត្តស្ទឹងត្រែង មានពួកស្តាំនិយមឬទេ? បើមាន តើភាគច្រើនមាននៅម្តុំណា? តើប្រទេសកម្ពុជា នៅតែមានអ្នកលួចរត់ទៅក្រៅប្រទេស ឬយ៉ាងណា? បើរត់ តើប្រជាជនរត់ទៅប្រទេសណា? តើមូលហេតុអ្វីបានជាប្រជាជនរត់?

រីឯយុទ្ធវិធីស៊ើបការណ៍ គឺប្រើរូបភាពជាជនជម្លៀសខ្លួននៅបរទេស ហើយត្រលប់មកស្រុកវិញ។ បើអង្គការចាត់តាំងឲ្យទៅកន្លែងណា គឺត្រូវទៅកន្លែងនោះដើម្បីកុំឲ្យអង្គការដឹងកលល្បិច ហើយម្យ៉ាងទៀតត្រូវធ្វើជាអ្នកមិនចេះមិនដឹងអ្វី ដើម្បីកុំឲ្យអង្គការដឹងថាជាអ្នកធ្វើនយោបាយ។ រយៈពេល ២ ឬ ៣ ខែ យ៉ាងយូរ ត្រូវលួចរត់ចេញទៅរាយការណ៍ឲ្យ អ៊ុង ស៊ីម នៅស្រុកឃីណាក ខេត្តប៉ាក់សេ ទឹកដីប្រទេសឡាវ ដើម្បីឲ្យ អ៊ុង ស៊ីម រាយការណ៍បន្តឲ្យ សុក គឹមគូ។ យុទ្ធវិធីម្យ៉ាងទៀត បើរកកលល្បិចចេញទៅទាក់ទង អ៊ុង ស៊ីម មិនបាន គឺ​ឲ្យមកទាក់ទងរាយការណ៍មកកាន់អគ្គរដ្ឋទូតឡាវ ប្រចាំនៅប្រទេសកម្ពុជាវិញ។

ដើម្បីសម្រេចតាមផែនការ វៀតណាម និង ឡាវ សហការណ៍គ្នា វាយយកខេត្តស្ទឹងត្រែង មណ្ឌលគីរី និង រតនគីរី នៅរយៈពេលខាងមុខឆាប់ៗនេះ ដោយបញ្ជាឲ្យទ័ពឡាវ ចំនួន៤ម៉ឺននាក់វាយលុកមុន ហើយវៀតណាមចំនួន៦ម៉ឺននាក់ជួយវាយតាមក្រោយ។ បើវាយមិនឈ្នះ នឹងមានទ័ពជំនួយមកពីហាណូយបន្ថែមទៀត។ វៀតណាម បញ្ជាក់ចុងក្រោយទៀតថា បើផែនការបានសម្រេច វៀតណាម នឹងប្រគល់ជារង្វាន់ទឹកប្រាក់ចំនួន២០០ដុល្លារ ជូនដល់ យ៉េន និងជួយឧបត្ថម្ភគ្រួសារ យ៉េន មួយចប់មិនឲ្យខ្វះខាត។ បើរយៈពេល៣ខែ យ៉េន ធ្វើមិនបានសម្រេច វៀតណាម នឹងចាត់តាំងឲ្យ អ៊ុង ស៊ីម និង ផែង ព្រឿង ចូលមកទៀតតាមខេត្តស្ទឹងត្រែង ច្រកកំពង់ស្រឡៅ ក្នុងរូបភាព ជាអ្នកចូលមកដោះដូរសម្ភារ ដូចជាកន្ទេល និង ថ្នាំ ព្រោះកន្លងមកប្រជាជននៅប្រទេសឡាវ ធ្លាប់ដោះដូររបៀបនេះ។

ក្រោយពីដាក់ផែនការរួចហើយ ខាងវៀតណាម បានយករូបថត យ៉េន និង ភរិយារបស់ យ៉េន ម្នាក់១សន្លឹកទុក។ បន្ទាប់មកទៀត វៀតណាម បានបញ្ជាក់ពីទិសដៅដែលត្រូវមក គឺសំខាន់ឲ្យ យ៉េន មកនៅខេត្តស្ទឹងត្រែង ដោយឡើងយន្តហោះ ពី ក្រុងវៀងចាន់ ចុះមកខេត្តប៉ាក់សេ។

ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៨ យ៉េន និង គ្រួសារ បានឡើងយន្តហោះពី វៀងចាន់ ចុះនៅខេត្តប៉ាក់សេ ដើម្បីចូលតាមខេត្តស្ទឹងត្រែង ប៉ុន្តែ យ៉េន ស៊ើបសួរគេទៅ បានដឹងថា ពីក្រុងប៉ាក់សេ មកខេត្តស្ទឹងត្រែង គឺពុំសូវមានសុវត្ថិភាព ដោយសារមានពួកស្តាំនិយម បាញ់រាល់ថ្ងៃ។ យ៉េន ក៏ប្រញាប់ ឡើងយន្តហោះពីខេត្តប៉ាក់សេ ហោះមកភ្នំពេញតែម្តង ហើយមានបំណងត្រលប់ទៅខេត្តស្ទឹងត្រែងវិញនៅពេលក្រោយ ដោយយកលេសថា នៅស្រុកកំណើតក្រណាស់ អត់មានដីធ្វើស្រែ អត់មានផ្ទះសម្បែងស្នាក់នៅ ដូច្នេះសុំអង្គការទៅរស់នៅស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ព្រោះនៅទីនោះ សម្បូរដីធ្វើស្រែ និងសម្បូរព្រៃឈើ។ ប៉ុន្តែមិនទាន់បានមកដល់ខេត្តស្ទឹងត្រែងផង មកដល់ត្រឹមភ្នំពេញប៉ុណ្ណោះ យ៉េន ក៏ត្រូវអង្គការចាប់ខ្លួនបាននៅវេលាម៉ោង២រសៀល។

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] ឯកសារ J០០៤៣៣ តម្កល់ទុកនៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«រស់ យ៉ែន ហៅ យ៉េន៖ ជាភ្នាក់ងារវៀតណាម នៅក្នុងប្រទេសឡាវ ចូលមកស៊ើបការណ៍នៅក្នុងប្រទេសកម្ពុជា»។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin