ខ្ញុំត្រូវអង្គការកសាងចំនួនពីរដង

(ត្បូងឃ្មុំ)៖ “ខ្ញុំធ្លាប់ត្រូវអង្គការ ហៅទៅកសាង ដោយសារតែខ្ញុំតវ៉ាជាមួយអង្គការ រឿងឃ្វាលសត្វក្របី ចំនួនបីក្បាល” កៃ ស៊ីណាបានលើកឡើង។ កៃ ស៊ីណា មានអាយុ៦២ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅឆ្នាំ១៩៧៥ ស៊ីណា មានអាយុ១៣ឆ្នាំ។ ការងារដំបូងដែលខ្មែរក្រហមចាត់តាំងឲ្យគាត់ធ្វើគឺ មើលថែកុមារតូចៗដែលឪពុកម្ដាយយកទៅដាក់នៅមណ្ឌល។ ស៊ីណា បានប្រកែកជាមួយនឹងអង្គការ មិនព្រមមើលកុមារព្រោះតែគាត់មិនចេះពីរបៀបនៃការថែទាំកុមារតូចៗទាំងនោះ។ គាត់ក៏ត្រូវអង្គការនាំខ្លួនទៅកសាងលើកទីមួយ ដោយសារតែបញ្ហានេះ។ ក្រោយពីការប្រកែកមិនមើលថែក្មេង អង្គការក៏ចាត់តាំងឲ្យគាត់ទៅឃ្វាលក្របី។ ស៊ីណា ត្រូវទទួលបន្ទុកឃ្វាលក្របីចំនួនបីក្បាល។ ក្របីមួយក្បាលស្ថិតក្រោមការគ្រប់គ្រងរបស់ស៊ីណា ចំណែកពីរក្បាលទៀតដើរទៅស៊ីស្រូវ បណ្ដាលឲ្យអង្គការមានការខឹងសម្បា ក៏បានហៅគាត់ទៅកសាងម្ដងទៀត។ អង្គការបានស្ដីបន្ទោសស៊ីណាជាខ្លាំង ប៉ុន្តែគាត់មិនខ្លាចចំពោះការស្ដីបន្ទោសនោះឡើយ។ ស៊ីណា បានឆ្លើយតបទៅអង្គការវិញថាដោយហេតុតែក្របីច្រើន ហើយគាត់នៅតូច ដូច្នេះ ទើបគាត់មើលមិនបានដិតដល់។
ចំពោះរបបអាហារដែលប្រជាជនទទួលបាន គឺជាបបរសរាវៗមានតែទឹក ជាមួយនឹងសម្លត្រកួន, ព្រលឹត និងដើមចេក។ សម្លទាំងប៉ុន្មានមុខនោះ គឺមានតែបន្លែមិនសូវមានសាច់នោះទេ។ ស៊ីណា មិនដែលបានហូបអាហារឆ្អែតនោះទេ។ គាត់តែងតែលួចលាក់អាហារទុកហូបនៅពេលយប់ ដោយមិនមានការភ័យខ្លាចចំពោះការដែលអង្គការចាប់បានឡើយ។ ស៊ីណា បាននិយាយប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖ “ពេលនោះ ខ្ញុំមិនខ្លាចអង្គការទេ។ ស្លាប់ក៏ស្លាប់ទៅឲ្យតែបានឆ្អែត”។ គាត់មិនដែលគិតនោះទេថា គាត់អាចនឹងមានជីវិតរស់មកដល់សព្វថ្ងៃ ព្រោះតែគាត់ត្រូវអង្គការយកទៅកសាងចំនួនពីររួចមកហើយ។
ស៊ីណា បានប្រាប់ថា ចំពោះការសម្លាប់មនុស្សនៅក្នុងរបបខ្មែរក្រហម គឺកងឈ្លបវាយសម្លាប់មនុស្សទម្លាក់ចូលក្នុងអណ្ដូងទឹក។ ចំពោះស្រ្តី មុននឹងសម្លាប់ គឺសុទ្ធតែត្រូវកងឈ្លបទាំងអស់នោះរំលោភរួចហើយទើបសម្លាប់។ នៅអំឡុងពេលនោះ ប្រសិនជាមានគ្រួសារណាដែលមានសមាជិកស្លាប់ អ្នកដែលនៅរស់មិនហ៊ានបង្ហាញអារម្មណ៍សោកស្ដាយ ឬយំនៅចំពោះមុខអង្គការឡើយ ព្រោះខ្លាចអង្គការចាប់យកទៅសម្លាប់ចោលដែរ។
ឪពុករបស់ ស៊ីណា ត្រូវអង្គការចាប់យកទៅសម្លាប់ចោលនៅឯមាត់ស្ទឹង ដោយមិនដឹងពីមូលហេតុ។បច្ចុប្បន្ននេះ ស៊ីណា នៅសល់បងប្អូនចំនួនបីនាក់ ដែលរស់រានមានជីវិតពីរបបខ្មែក្រហម។ នៅពេលបច្ចុប្បន្ន ស៊ីណា មានជំងឺក្រពះពោះវៀន៕
សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥