កង ឌឿន៖ ប៉ុល ពត ជានរណា?

ឯកសារលខ D25130, កង ឌឿន សម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១៣ ខែមថុនា ឆ្នាំ២០០១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅក្នុងរបបខ្មែរក្រហម មានសំណួរជាច្រើនដែលបានចោទសួរគ្នាទៅវិញទៅមកថា តើ ប៉ុល ពត គឺជានរណា? ក្នុងបទសម្ភាសរបស់ កង ឌឿន[1] បានបញ្ជាក់ថាគាត់មិនដែលបានស្គាល់មុខរបស់អ្នកដឹកនាំរបស់របបខ្មែរក្រហមឡើយ តើនរណាគឺជា ប៉ុល ពត? ជាក់ស្ដែងនៅក្នុងរបបនោះ ប៉ុល ពត[2] មានតួនាទីជាលេខាបក្សកុម្មុយនីស្តកម្ពុជា ប៉ុន្តែ ឌឿន មិនដែលបានស្គាល់ថា ប៉ុល ពត គឺមានមុខមាត់បែបណានោះទេ បានឮត្រឹមតែឈ្មោះ។

ប៉ុល ពត មានឈ្មោះដើម សាឡុត ស កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ “ឆ្នាំរោង” នៅភូមិព្រែកស្បូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។[3] ប៉ុល ពត ជាមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យម្នាក់ដែលមិនសូវចេញមុខមាត់នៅក្នុងជួរនយោបាយនោះទេ គាត់បានប្រគល់ការងារភាគច្រើនឲ្យអនុលេខារបស់គាត់ឈ្មោះ នួន ជា[4] ជាអ្នកចាត់ចែង។ យោងតាមសៀវភៅ «ប៉ុល ពត៖ មេពេជ្ឈឃាតនៅកម្ពុជា» បានសរសេរថា៖ បន្ទាប់ពីរស់នៅដោយកំបាំងមុខអស់រយៈពេល១២ឆ្នាំ ដែលមានឈ្មោះដើមថា សាឡុត ស។ ប៉ុល ពត បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៥ មួយអាទិត្យបន្ទាប់ពីខ្មែរក្រហមដណ្ដើមបានទីក្រុងភ្នំពេញ។ គាត់បានស្នាក់នៅទីនេះ ក្នុងសភាពលាក់អាថ៌កំបាំងបំផុតគ្មានអ្នកណាដឹងថា គាត់ធ្វើដំណើរទៅ ឬមកទីណាទេ ហើយក៏មិនដឹងថាគាត់ជ្រើសរើសកន្លែងណាសម្រាប់ស្នាក់នៅដែរ។[5]  តាមរយៈបទសម្ភាសរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់រស់នៅក្នុងខេត្តក្រចេះ បានលើកឡើងថា តាំងពីរបបខ្មែរក្រហមចូលកាន់អំណាចពេញសិទ្ធិ គាត់មិនដែលបានស្គាល់នរណាគឺជា ប៉ុល ពត នោះទេ ព្រោះមិនដែលបានឃើញមុខរបស់គាត់បែបយ៉ាងម៉េចនោះឡើយ គឺធ្លាប់បានឮតែឈ្មោះប៉ុណ្ណោះ ហើយក៏មិនសូវឮញឹកញាប់ប៉ុន្មានដែរ។ មេដឹកនាំនៅក្នុងរបបខ្មែរក្រហម ដែលគាត់តែងតែឮឈ្មោះច្រើនមានតែ ខៀវ សំផន, ហ៊ូ នឹម, ហ៊ូ យន់ និង នួន ជា។ ភាគច្រើននៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺគាត់ស្គាល់ត្រឹមតែគណៈតំបន់ ឬអ្នកគ្រប់គ្រងនៅសហករណ៍របស់គាត់តែប៉ុណ្ណោះ។[6] ក្រៅពីមេដឹកនាំ ដែល ឌឿន បានឮត្រឹមតែឈ្មោះ នៅមានពាក្យថា ខ្មែរក្រហម[7] និងពាក្យថា អង្គការ[8] ពាក្យទាំងអស់នោះគាត់មិនបានដឹងទេថាហៅសំដៅទៅលើបុគ្គលណាម្នាក់ ឬក្រុមណាមួយឡើយ។

កង ឌឿន អាយុ៤៤ឆ្នាំ (២០០១) កើតក្នុងឆ្នាំ១៩៥៨ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ និងមានទីលំនៅ នៅភូមិស្រង៉ែ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ឌឿន បានចូលរួមបដិវត្តន៍។ មូលហេតុនៃការចូលបដិវត្តន៍របស់គាត់ គឺដោយសារតែខ្លាចខ្មែរក្រហមចាប់យកទៅសម្លាប់ដូចជាបងប្រុសរបស់គាត់។ បងប្រុសរបស់ ឌឿន មានតួនាទីជាទាហាននៅក្នុងរបប លន់ នល់។ ខ្មែរក្រហម តែងតែស្រាវជ្រាវរកចាប់ខ្មាំង ហើយជឿជាក់ថាខ្មាំងមាននៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។ ជនសង្ស័យជាច្រើននាក់ ត្រូវបានចោទប្រកាន់ថា ជាភ្នាក់ងារសម្ងាត់របស់អាមេរិក (សេ-អ៊ី-អា) ភ្នាក់ងារសម្ងាត់របស់សូវៀត (កា-ហ្សេ-បេ) ឬក៏ភ្នាក់ងារសម្ងាត់របស់វៀតណាម។[9]

នៅឆ្នាំ១៩៧៣ ខេត្តតាកែវចាប់ផ្ដើមមានការវាយប្រហារពីសំណាក់កងទ័ពវៀតណាម។ ឌឿន ជាមនុស្សម្នាក់ដែលខ្លាចខ្មែរក្រហមចាប់រូបគាត់យកទៅសម្លាប់ ប៉ុន្តែនៅពេលដែលគាត់ចូលប្រយុទ្ធនៅសមរភូមិផ្ទាល់គាត់បែរជាមានភាពក្លាហានក្លាយទៅជាមនុស្សដែលមិនខ្លាចការស្លាប់ទៅវិញ។ នៅក្នុងឆ្នាំដដែលនោះ ឌឿន ត្រូវបានអង្គការចាត់តាំងឲ្យគាត់ធ្វើជានីរសារ[10] រត់សំបុត្រ។ ថ្វីត្បិតតែ ឌឿន មានតួនាទីជាអ្នករត់សំបុត្រក៏ពិតមែន ប៉ុន្តែគាត់មិនដែលបានដឹងអំពីខ្លឹមសារនៅក្នុងសំបុត្រនីមួយៗនិយាយពីអ្វីនោះទេ។ ក្នុងពេលដែលគាត់យកសំបុត្រទៅដល់ដៃអ្នកទទួល គឺគាត់តែងតែទទួលបានសំណួរមកវិញថា តើសំបុត្រនេះមានអ្នកហែកមើលខ្លឹមសារដែរឬទេ? ខ្លឹមសាររបស់សំបុត្រគឺមានតែអ្នកដែលផ្ញើ និងអ្នកទទួលប៉ុណ្ណោះដែលអាចដឹង។ នីរសារណាហ៊ានលួចបើកមើលអត្ថន័យនៅក្នុងសំបុត្រនោះ នឹងត្រូវចាប់យកទៅសម្លាប់ចោលភ្លាមៗ។ ជាក់ស្ដែង នីរសារនៅស្រុកត្រាំកក់ម្នាក់ឈ្មោះ អាន់ ត្រូវបានអង្គការយកទៅសម្លាប់ចោលដោយសារតែលួចបើកមើលអត្ថន័យរបស់សំបុត្រ។ ក្រៅពីការងារជានីរសារ ឌឿន មានការងារមួយទៀតគឺនៅក្នុងកងសិល្បៈឃុំ។ ដោយហេតុថា ឌឿន មានទេពកោសល្យខាងចម្រៀង ក៏បានបញ្ជូនបន្តទៅកងសិល្បៈតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់ សោម មានតួនាទីជាគណៈតំបន់។ គណៈបានពេញចិត្តនឹងការខិតខំប្រឹងប្រែងធ្វើការងារ និងភាពរហ័សរហួនរបស់ ឌឿន ក៏បានចាត់តាំងឲ្យគាត់ធ្វើជានីរសារតំបន់ម្ដងទៀត។

នៅក្នុងឆ្នាំ១៩៧៤ តំបន់របស់ ឌឿន មានការរៀបចំធ្វើប្រវត្តិរូបរបស់ប្រជាជន។ នៅពេលនោះខ្មែរក្រហម បានដឹងថាគាត់មានជាប់ពាក់ព័ន្ធនឹងបងប្រុសរបស់គាត់ដែលពាក់ព័ន្ធនឹងនិន្នាការនយោបាយកាលពីសង្គមចាស់។ ឌឿន ត្រូវបានដកតួនាទីជានីរសារ ហើយបញ្ជូនឲ្យទៅធ្វើការងារនៅក្នុងការដ្ឋានវាយថ្មមួយកន្លែងនៅក្នុងឃុំតានី។ នៅទីនោះគាត់ត្រូវទទួលរងនូវការធ្វើទារុណកម្មឲ្យធ្វើការងារសឹងតែគ្មានពេលសម្រាក និងបង្អត់អាហារ ដើម្បីលត់ដំខ្លួន។ នៅពេលនោះ ឌឿន ធ្លាប់បានឃើញឈ្លបចាប់ចងមនុស្សបណ្ដើរយកទៅ ប៉ុន្តែគាត់មិនបានដឹងថាយកទៅទីណានោះទេ កន្លងមកបីថ្ងៃទើបគាត់បានដឹងថាប្រជាជននោះត្រូវឈ្លបយកទៅសម្លាប់ចោល គឺដោយសារតែមានឪពុកជាប់និន្នាការនយោបាយនៅក្នុងរបបចាស់។

នៅក្នុងកងដែល ឌឿន ធ្វើការងារគឺតែងតែមានការប្រជុំរៀងរាល់១០ថ្ងៃម្ដង ទិតៀនដើម្បីពង្រឹងសតិអារម្មណ៍ និងគោលជំហរកុំឲ្យមានជំនឿទៅលើឪពុកម្ដាយ និងបងប្អូន។ នៅពេលនោះប្រជាជន រួមជាមួយនឹងកុមារទាំងអស់ត្រូវតែមានជំនឿលើតែអង្គការមួយគត់។ ឌឿន បានបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម មិនមានសាលារៀនសម្រាប់ឲ្យកុមារតូចៗរៀននោះទេ មានតែសាលានៅក្រោមដើមឈើ ឬក្រោមផ្ទះរបស់ប្រជាជន និងនៅតាមក្រោលគោ។ ស្របពេលនោះដែរ កុមារត្រូវបានបង្ហាត់បង្រៀនឲ្យចេះអានអក្សរបន្តិចបន្តួច ភាគច្រើននៃការអប់រំ គឺផ្ដោតទៅលើការអប់រំនយោបាយ។ ក្មេងៗត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គហ្វឹកហ្វឺនមនោគមន៍វិជ្ជា ដើម្បីអាចបម្រើក្នុងជួរកងទ័ព កងការពារ ឬនីរសារ។[11]

របបខ្មែរក្រហម បានបណ្ដាលឲ្យ ឌឿន បាត់បង់ទ្រព្យសម្បត្តិ និងសមាជិកគ្រួសារមួយចំនួនបានស្លាប់ ដោយសារតែមិនមានអាហារហូបគ្រប់គ្រាន់ ព្រមទាំងអង្គការចាប់យកទៅសម្លាប់។ ប្រជាជនកម្ពុជា បានឆ្លងកាត់ភាពលំបាកវេទនា ការសម្រាកមិនគ្រប់គ្រាន់ កង្វះរបបអាហារ ការធ្វើការងារលើសកម្លាំង និងការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រធានកង ឬឈ្លប អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ រហូតដល់ពេលមួយ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះ បានបង្កើតរបបថ្មីឈ្មោះថា «សាធារណរដ្ឋប្រជាមានិតកម្ពុជា»។[12]

ឌឿន បាននិយាយថាទោះបីជារបបខ្មែរក្រហមបានដួលរលំហើយយ៉ាងណាក្ដី ប៉ុន្តែគាត់នៅតែមិនទាន់បានស្គាល់ថានរណាជាមេដឹកនាំនៃរបបនោះនៅឡើយទេ។ រហូតដល់ខែមេសា ឆ្នាំ១៩៩៨ ជាពេលដែល ប៉ុល ពត បាត់បង់ជីវិត ទើប ឌឿន បានស្គាល់មុខរបស់មេដឹកនាំនៃរបបខ្មែរក្រហមតាមរយៈរូបថត៕

អត្ថបទដោយ នេន ស្រីមុំ


[1] ឯកសារលខ D25130, កង ឌឿន សម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១៣ ខែមថុនា ឆ្នាំ២០០១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] យោងតាមគេហទំព័ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក), ប៉ុល ពត មានឈ្មោះដើមថា សាឡុត ស (១៩២៥-១៩៩៨) គឺជាអគ្គលេខាធិការនៃ បក្សកុម្មុយនីស្តកម្ពុជា (“ប.ក.ក”) និង នាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ។ គាត់ទទួលមរណភាពដោយ​សាររោគគាំងបេះដូងនៅក្នុងឆ្នាំ១៩៩៨ ក្នុងពេល​រស់នៅដោយមានសេរីភាព​នៅព្រំដែន កម្ពុជា-ថៃ។ ថ្ងៃចូលអាន (ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥), តំណភ្ជាប់៖ https://www.eccc.gov.kh/directory/khmer-rouge-profile/saloth-sar

[3] ប៊ែន ឃៀនិន. បកប្រែដោយ កែប ថុងហ៊ាង. (១៩៩២). តើ ប៉ុល ពត ចូលកាន់អំណាចបែបណា?. ទីភ្នាក់ងារសារព័ត៌មានកម្ពុជា SPK. ទំព័រ ៤៩។

[4] យោងតាមគេហទំព័ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក), នួន ជា មានឈ្មោះកំណើត ឡៅ គឹមលន (ឆ្នាំ១៩២៦-ឆ្នាំ២០១៩) គឺជាអនុលេខា ប.ក.ក ជាប្រធានសភាតំណាងប្រជាជន និងជានាយករដ្ឋមន្ត្រីស្តីទីបណ្តោះអាសន្ននៃកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ។ ថ្ងៃចូលអាន (ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥), តំណភ្ជាប់៖ https://www.eccc.gov.kh/cases/charged-profile/nuon-chea

[5] Paul Dreyfus, ប្រែសម្រួលដោយ ទីឃាយុ, ប៉ុល ពត៖មេពេជ្ឈឃាតនៅកម្ពុជា, ទំព័រ ១៣១-១៣២។

[6] ឯកសារលេខ KRI0042. ប៊ុត សំអាង សម្ភាសដោយ ឌី ខាំបូលី, នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៦, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[7] ឯកសារលេខ D42188, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើសេចក្ដីថ្លែងការណ៍មួយចំនួនទាក់ទងទៅនឹងវត្តមានរបស់ក្រុមខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមសេចក្ដីថ្លែងការណ៍ទាំងនោះ សេចក្ដីថ្លែងការណ៍មួយមានចំណងជើងថា «ព្រះសារលិខិតនៃសម្ដេចសហជីវិន ព្រះប្រមុខរដ្ឋ ទ្រង់ថ្លែងទៅកាន់សភាទាំងពីរ» ដែលនៅក្នុងសេចក្ដីថ្លែងការណ៍នេះព្រះអង្គបានប្រើពាក្យ «ខ្មែរក្រហម» សំដៅទៅក្រុមកុម្មុយនីស្តដែលប្រឆាំងនឹងព្រះអង្គ។ សេចក្ដីថ្លែងការណ៍នេះចេញផ្សាយដោយទស្សនាវដ្ដីអ្នកជាតិនិយម លេខចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៦៧។

[8] ឯកសារលេខ D01266, តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា “មន្ទីរ៨៧០៖ សេចក្ដីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស” ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧។ «ពាក្យអង្គការ ឬពាក្យបក្ស» ប្រើតែចំពោះអង្គការចាត់តាំងប៉ុណ្ណោះ មិនត្រូវប្រើសម្រាប់បុគ្គលឡើយ។ ចំពោះបុគ្គល ត្រូវប្រើពាក្យសមមិត្តឈ្មោះនេះ ឬសមមិត្តតំណែងនេះ ឬសមមិត្តតំណាងអង្គការថ្នាក់នេះ។ ឧទាហរណ៍ សមមិត្ត តេង សមមិត្តលេខា សមមិត្តតំណាងអង្គការ។ល។

[9] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ ៤៨។

[10] ឯកសារ D427 ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ទំព័រ៣០ កថាខណ្ឌទី៩៣ “នីរសារត្រូវបានប្រើប្រាស់ជាចម្បងដើម្បីនាំយកសេចក្ដីរាយការណ៍ និង/ឬសារទូរលេខ ពីអង្គភាពនាំសារតាមសារទូរលេខ ទៅកាន់ក្រសួងនានា ឬត្រូវបានប្រើប្រាស់សម្រាប់ទំនាក់ទំនងគ្នាទាក់ទងនឹងបញ្ហាការចាប់ខ្លួន។ “នីរសារបានធ្វើការទាក់ទងដោយផ្ទាល់តាមរយៈការជិះកង់ និងជិះម៉ូតូ។ នីរសារមានការរវល់ណាស់ និងបានចំណាយពេលដ៏ខ្លីប៉ុណ្ណោះ នៅតាមកន្លែងនីមួយៗមុនពេលត្រលប់មកមូលដ្ឋានវិញ។ នីរសារមិនមានកាតព្វកិច្ចធ្វើការចំពោះតែខ្សែបណ្ដាញតែមួយគត់ប៉ុណ្ណោះទេ ប៉ុន្តែធ្វើការឲ្យគ្រប់ខ្សែបណ្ដាញទាំងអស់ដែលបម្រើឲ្យដោយអង្គភាពនីរសារ”។

[11] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ ៤៥។

[12] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin