រៀបការរួច ត្រូវរស់នៅចុះសម្រុងគ្នា

(ត្បូងឃ្មុំ)៖ កែប មុត អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិទួលពោធិ៍ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្ន មុត រស់នៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅឆ្នាំ១៩៧០ តំបន់របស់គាត់មានការទម្លាក់គ្រាប់បែក។ អ្នកភូមិមួយចំនួន បាននាំសមាជិកគ្រួសាររត់គេចពីការទម្លាក់គ្រាប់បែកនោះ ដោយចេញទៅរស់នៅតំបន់ផ្សេង។ អ្នកភូមិមួយចំនួនទៀត បានបន្តរស់នៅក្នុងភូមិដដែល ដោយគ្រាន់តែនៅតាមផ្ទះនីមួយៗមានលេណដ្ឋាន(ត្រង់សេ) សម្រាប់លាក់ខ្លួននៅពេលដែលមានការទម្លាក់គ្រាប់បែក។ មានពេលមួយ មុត កំពុងតែអង្គុយដាំបាយ ស្រាប់តែភ្លាមៗនោះ មានគ្រាប់ផ្លោងមួយគ្រាប់ធ្លាក់នៅក្បែរផ្ទះរបស់គាត់។ បន្ទាប់ពីកើតមានហេតុការណ៍នោះហើយ គ្រួសាររបស់ មុត បានប្រមូលសម្ភាររត់ចេញពីផ្ទះ ទៅឈប់សម្រាកដាំបាយហូបនៅភូមិពើក។ មិនបានប៉ុន្មាន ការទម្លាក់គ្រាប់បែកបានបន្តមកដល់ភូមិពើក ដូច្នេះ ប្រជាជនដែលស្នាក់នៅទីនោះត្រូវភៀសខ្លួនបន្តទៅទៀត។ រង់ចាំដល់ភូមិស្រុកមានភាពស្ងប់ស្ងាត់បន្តិច គ្រួសាររបស់ មុត បានត្រលប់ទៅភូមិកំណើតវិញ។
នៅឆ្នាំ១៩៧៥ មុត មានអាយុប្រហែលជា២០ឆ្នាំ។ អង្គការបានចាត់តាំងឲ្យគាត់ជីកប្រឡាយ ពីវត្តកណ្ដោលជ្រុំ រហូតដល់ស្រុកកំចាយមារ។ បន្ទាប់ពីនោះ គាត់ក៏ត្រូវចាត់តាំងឲ្យធ្វើប្រព័ន្ធភ្លឺស្រែវិញ។ របបអាហារដែលប្រជាជនទទួលបាននៅក្នុងរបបខ្មែរក្រហម គឺមានត្រឹមតែពីរពេលប៉ុណ្ណោះក្នុងមួយថ្ងៃ។ មុត បាននិយាយថា ជារៀងរាល់ព្រឹក គាត់មិនដែលបានអាហារហូបនោះទ។ គាត់ត្រូវចេញទៅធ្វើការងារតាំងពីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបទទួលបានអាហារហូប។
មុត គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនដែលត្រូវអង្គការបង្ខំឲ្យរៀបការ។ នៅពេលនោះ ការរៀបការធ្វើសម្រាប់យុវជន-យុវនារីចំនួន១២០គូ ក្នុងពេលតែមួយ។ មុត និងប្ដីមិនហ៊ានប្រកែកឡើយ ព្រោះខ្លាចស្លាប់។ មិនមែនត្រឹមតែគូរបស់ មុត នោះទេ គូដទៃក៏មិនមាននរណាហ៊ានប្រកែកដែរ ព្រោះអ្នកទាំងនោះដឹងថានឹងត្រូវស្លាប់ ប្រសិនជាប្រឆាំងនឹងការចាត់តាំងរបស់អង្គការ។ ប្ដី-ប្រពន្ធ ទាំងអស់នៅពេលរៀបការរួច គឺត្រូវតែរស់នៅដោយចុះសម្រុងនឹងគ្នា។ ក្នុងករណីអង្គការចាប់បានថាអ្នកប្ដី-ប្រពន្ធគូណាមួយ រស់នៅមិនចុះសម្រុងគ្នា នឹងត្រូវអង្គការចាប់យកទៅសម្លាប់ភ្លាម។
ការគោរពប្រណិប័តន៍សាសនា ត្រូវបានលុបបំបាត់។ ព្រះវិហារ រូបបដិមាត្រូវវាយកម្ទេចចោល ហើយព្រះសង្ឃត្រូវចាប់ផ្សឹកឲ្យទៅធ្វើការងារដូចប្រជាជនទូទៅ។ ការអប់រំស្ទើរតែលុបបំបាត់ទាំងស្រុង។ កុមារតូចៗរៀនបានតែអក្សរពីរទៅបីតួក្នុងមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនដែលមានចំណេះដឹងជាច្រើនត្រូវបានសម្លាប់ចោល។ អ្នកជំនាញ និងអ្នកចេះដឹងមួយចំនួនត្រូវរស់នៅលាក់ប្រវត្តិរូប ប្ដូរនាមត្រកូល ទើបអាចនៅមានជីវិតរស់។ ចំពោះវិស័យសុខាភិបាលវិញ ក៏មានភាពអន់ថយដែរ ព្រោះខ្វះគ្រូពេទ្យមានវិជ្ជាជីវៈ ខ្វះខាតថ្នាំពេទ្យ និងខ្វះខាតគ្រឿងបរិក្ខារផ្សេងៗ។ បច្ចុប្បន្ននេះ មុត មានជំងឺទឹកនោមប្រៃ និងលើសជាតិអាស៊ីត៕
សម្ភាសន៍ដោយ៖ មេត ណាត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥