គ្រុនអាត្រាក់ទ័រស៊ីបាយបាន
(ស្ទឹងត្រែង)៖ កែម ឈៀង មានអាយុ៧៩ឆ្នាំ មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ កែម ឈៀង មានបងប្អូនសរុបចំនួន ៣នាក់ ដែលរស់នៅភ្នំពេញ និង ១នាក់ទៀតរស់នៅខេត្តបាត់ដំបង។
ឈៀង និងគ្រួសារបានផ្លាស់ទីលំនៅមករស់ភូមិអូរស្វាយ ក្នុងខេត្តស្ទឹងត្រែងជាមួយឪពុកក្មេក តាមរយៈគោលនយោបាយរបស់ព្រះបរមរតនកោដ្ឋ នៅអំឡុងឆ្នាំ ១៩៦០ ដើម្បីការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់ប្រទេសជិតខាង។
កែប ឈៀង និងស្វាមីឈ្មោះ ហែម សាត មាន កូនចំនួន១០នាក់។ នៅពេលប្រជាជនមករស់នៅភូមិអូរស្វាយដំបូង ដែលហ៊ុមព័ទ្ធជុំវិញទៅដោយព្រៃក្រាស់ និងសម្បូរទៅដោយសត្វល្អិត ឈៀងនិងអ្នកឯទៀតបានកើតជំងឺគ្រុនចាញ់អស់ជាច្រើនសប្ដាហ៍។
ឪពុកក្មេករបស់ឈៀង បានចាប់ផ្គើមកាប់ឆ្ការព្រៃដើម្បីធ្វើស្រែចម្ការ ដែលចែកដោយព្រះបរមរតនកោដ្ឋ។ ឈៀង បានចាំថានៅទីនោះមានឡសិប្បកម្មទឹកត្រីមួយកន្លែង និងមានដូចជា មន្ទីរពេទ្យ សាលារៀន ស្តូប ជិតដើមពោធិ៍មួយដើមតូច។
នៅថ្ងៃមួយនាឆ្នាំ ១៩៦៨ ព្រះបរមរតនកោដ្ឋ ទ្រង់យាងមកសម្ពោធសមិទ្ធផលនៅបុរីអូរស្វាយ នៅសាលាឆទានមួយកន្លែង ដោយមានការចែកក្រណាត់ទាំងដុំៗដល់ប្រជាជនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
ប្រហែលជាងពីរឆ្នាំក្រោយមក មានការធ្វើរដ្ឋប្រហារនៅភ្នំពេញ ហើយបុរីអូរស្វាយ ត្រូវបានទម្លាក់គ្រាប់បែកយ៉ាងច្រើន ធ្វើឲ្យឈៀងនិងគ្រួសារមានការភ័យខ្លាច និងរត់ចូលរណ្ដៅ ឬត្រង់សេដើម្បីរកសុវត្ថិភាព។
នៅឆ្នាំ១៩៧៥ ឈៀង និងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីបុរីអូរស្វាយទៅរស់នៅតាមសហករណ៍នៅភូមិគជ់ចំបក់។ កែប ឈៀងត្រូវធ្វើស្រែ ក្រងស្បូវសម្រាប់ធ្វើជាដំបូល និងដាំដំឡូង ក្រោមពន្លឺថ្ងៃក្តៅ ដោយដូរមកវិញនូវរបបអាហារពីរពេល ដែលមានបបរលាយជាមួយផ្លែចេកចាស់ និងស្លឹកដំឡូងជ្វា។
កែម ឈៀង បានទទួលរងទុក្ខវេទនា និងត្រូវធ្វើការទាំងឈឺ និងទើបតែសម្រាលកូនរួច។ ប្រសិនបើមិនធ្វើការ ប្រជាជនត្រូវបានបង្អត់អាហារ និងចោទថា «គ្រុនអាត្រាក់ទ័រស៊ីបាយបាន» ជាដើម។ មនុស្សមួយចំនួនត្រូវបានយកទៅរៀនសូត្រ ដឹកតាមកាណូត និងមិនឃើញត្រឡប់មកវិញនោះទេ។ ប្អូនប្រុសម្នាក់របស់ឈៀងត្រូវបានខ្មែរក្រហមសម្លាប់ ដោយមិនដឹងមូលហេតុ។
ទាក់ទងនឹងការនេសាទក្នុងភូមិអូរស្វាយ ឈៀង បានបញ្ជាក់ថាក្រោយសម័យខ្មែរក្រហម តាមអូរសម្បូរទៅដោយត្រីដូចជាប្រភេទត្រី ត្រីប៉ាសេអ៊ី ត្រីខ្យារ ត្រីត្រសក់ និងត្រីប៉ាវ៉ា។ សព្វថ្ងៃស្ថិតក្នុងវ័យចាស់ជរា ឈៀងត្រូវបានមើលថែដោយកូនៗ ដែលធ្វើស្រែចម្ការ និងនេសាទ ក៏ប៉ុន្តែការនេសាទត្រីបច្ចុប្បន្នមានការថយចុះ៕
សម្ភាសន៍ដោយ ស្រេង លីដា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤