មួយនាក់មួយចានចង្កឹះ
(ស្ទឹងត្រែង)៖ កែប ថា មានអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកឈ្មោះ កែន ឈន និង ម្ដាយឈ្មោះ មិច មេត។ កែប ថា មានបងប្អូនចំនួន៣នាក់។ សព្វថ្ងៃគាត់ជាកសិករនៅភូមិអូរស្វាយ និងមានកូនចំនួន ២នាក់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមតម្រូវឲ្យ កែប ថា ធ្វើការនៅក្នុងកងកុមារដោយដើរកាត់ទន្រ្ទានខេត្ត សម្រាប់ធ្វើជី លើកដីធ្វើទំនប់ និង ដាក់បាយឲ្យជ្រូកជាដើម។ ខ្មែរក្រហមបានជម្លៀសគាត់ និងឪពុកម្តាយចេញពីភូមិមករស់នៅភូមិអូររនោង ហើយបន្តទៅរស់នៅតាមសហករណ៍នីមួយៗ។
នៅភូមិនោះដែរ ក៏មានការសម្លាប់មនុស្សជាច្រើន ដោយមិនឲ្យប្រជាជនក្នុងសហករណ៍ឃើញផ្ទាល់ភ្នែកនោះទេ នេះបើតាមការលើកឡើងរបស់ កែប ថា ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
កែប ថា បាននិយាយប្រាប់ទៀតថា គាត់ត្រូវធ្វើការហួសកម្លាំង ទាំងមានជំងឺ គ្មានការឈប់សម្រាក និងហូបចុកមិនបានគ្រប់គ្រាន់ជាដើម។
ក្នុងអាហារមួយពេល កុមារទាំងអស់បានត្រឹមតែបបរលាយជាមួយទឹកអំបិល ក្នុងមួយនាក់មួយចានចង្កឺះសម្រាប់បរិភោគ។ ដំឡូងដែលដាំបានជុំវិញផ្ទះ មិនអនុញ្ញាតឲ្យបរិភោគ ឬលួចហូបនោះទេ។ ប្រសិនបើខ្មែរក្រហមចាប់បាន ប្រជាជននឹងត្រូវបានទិតៀន ឬយកទៅអប់រំកសាង។
ដោយសារឃើញដូច្នេះ ទើបម្តាយរបស់គាត់ បានចែករំលែករបបអាហារផ្ទាល់ខ្លួនឲ្យកូនៗ។
នៅពេលកងទ័ពវៀតណាមចូលមកដល់ក្នុងភូមិនៅឆ្នាំ១៩៧៨ សមាជិកគ្រួសាររបស់ កែប ថា បានរត់គេច និងលាក់ខ្លួនតាមដងអូរ ឬប្រឡាយនៅជិតភូមិព្រះនង្គ័ល។
នៅក្រោយឆ្នាំ១៩៧៩ កែប ថា បានវិលត្រឡប់មករស់នៅភូមិអូរស្វាយវិញ។ នៅពេលនោះក្នុងភូមិមានសភាពស្ងប់ស្ងាត់ ដោយមានប្រជាជនតែប្រហែលជាង ៣០ គ្រួសារប៉ុណ្ណោះ។
កែប ថា និងគ្រួសារបានចាប់ផ្តើមជីវិតសារជាថ្មី ក្នុងនាមជាកសិករ និងអ្នកនេសាទ។ ការនេសាទនៅក្នុងអំឡុងឆ្នាំ១៩៨០ គឺសម្បូរទៅដោយត្រី។ តែបច្ចុប្បន្នការនេសាទត្រីមានការធ្លាក់ចុះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការបាក់រលំព្រៃ និងដើមឈើលិចទឹកជាបន្តបន្ទាប់ដែលជាទីជម្រកត្រីពង ហើយរួមទាំងកត្តាមួយចំនួនដូចជាការសាងសង់វារីអគ្គិសនី ដែលធ្វើឲ្យកម្ពស់ទឹកទាបជាងមុន និងការនេសាទខុសច្បាប់ដូចជាការប្រើប្រាស់ឧបករណ៍ឆក់ជាដើម។
ក្រៅពីនេសាទ និងធ្វើស្រែចម្ការ កែប ថា ប្រកបរបរលក់ដូរបន្តិចបន្តួចសម្រាប់ចិញ្ចឹមគ្រួសារ និងមានក្ដីព្រួយបារម្ភពីអនាគតនៃការនេសាទនៅតាមដងទន្លេមេគង្គសម្រាប់កូនចៅជំនាន់ក្រោយ៕
សម្ភាសន៍ដោយ ហ៊ លីនីត ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤