ខាំ ស៊ូខៃ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី
ខាំ ស៊ូខៃ អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី
ខ្ញុំឈ្មោះ ខាំ ស៊ូខៃ គឺជាអ្នកស្ម័គ្រចិត្តជំនាន់ទី១ មកពីខេត្តរតនគិរី។
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា បានធ្វើដំណើចេញពីសណ្ឋាគារ វ៉ាយ ខនើរ ដោយរៀចចំឡើងរថយន្តក្រុងដើម្បីបន្តដំណើរទៅកាន់ទីចំណតរថភ្លើង។ ម៉ោង៥និង៤៥នាទី ក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាក៏បានមកដល់ស្ថានីយដោយសុវត្ថិភាព។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានថតរូបជុំគ្នា។ ម្នាក់ៗសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះអ្នកខ្លះធ្លាប់ជិះ អ្នកខ្លះក៏មិនធ្លាប់ជិះរថភ្លើងដោយធ្លាប់តែនឹកស្រមៃរូបភាព។ ក្រុមយុវជនស្ម័គ្រចិត្តទាំង៨ជំនាន់ ដែលមកពីខេត្តផ្សេងៗគ្នាបានមកជួបជុំគ្នានៅទីនេះផងដែរ។ យុវជនមកពីក្រុង ស្រុក ផ្សេងៗគ្នាក៏បានរាក់ទាក់គ្នាដោយក្តីគោរព និងរីករាយ ដោយអ្នកខ្លះធ្លាប់ស្គាល់គ្នា។
ម៉ោង៦និង៥០នាទី រថភ្លើងចាប់ផ្ដើមបន្លឺសំឡេងដើម្បីឲ្យជាសញ្ញាដល់អ្នកដំណើរទូទៅ ថារថភ្លើងត្រៀមនឹងបើកចេញទៅឲ្យត្រៀមលក្ខណៈ។ ពេលរថភ្លើងចេញេពីចំណត នៅអមសងខាងផ្លូវខ្ញុំឃើញមានអគារខ្ពស់ៗ ផ្ទះប្រជាជនតូចធំស្អាតៗ រថភ្លើងក៏បន្លឺសំឡេងជាបន្តបន្ទាប់ ឲ្យអ្នកនៅខាងមុខបានដឹង និងប្រុងប្រយ័ត្នកុំធ្វើដំណើរឆ្លងផ្លូវ។ ពេលចេញដំណើរ ក្រុមអ្នកចិត្តស្ម័គ្រកម្ពុជាសប្បាយរីករាយនូវដំណើរទស្សនកិច្ច ដែលអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្ដល់ឱកាស ក៏ដូចជាបានបង្កើតនូវកម្មវិធីនេះឡើង។ ធ្វើដំណើរបានមួយសន្ទុះធំ ខាងក្រុមការងារក៏បានចែកនូវអាហារសម្រន់ម្នាក់មួយៗ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួម និងស្គាល់ពីការធ្វើដំណើរតាមរថភ្លើងនេះ។
រថភ្លើងបើកមកជិតដល់ភូមិស្រែព្រិត នៅតាមដងផ្លូវអមដោយរុក្ខជាតិគ្រប់ប្រភេទ វាលស្រែ មានដើមត្នោតឈរកោងលូតតាមធម្មជាតិ។ រថភ្លើងក៏បង្អង់ និងជៀសផ្លូវគ្នា រថភ្លើងដឹកអីវ៉ាន់មកពីប្រទេសថៃជាច្រើនទូ។
ក្រុមយុវជនខ្លះដេក ខ្លះអានសៀវភៅ ខ្លះលេងល្បែងកម្សាន្តយ៉ាងសប្បាយរីករាយ។ ម៉ោង១០និង៣៥នាទីរថភ្លើងបានឈប់សម្រាកដើម្បីឲ្យភ្ញៀវទិញរបស់ក៏ដូចជាបត់ដៃបត់ជើងនៅស្ថានីយពោធិ៍សាត់។
អ្នកលក់ដូរជាច្រើនមានទឹកមុខរីករាយការលក់ដូរប្រកបដោយសុជីវធម៌។ បន្តមកទៀតវេលាម៉ោង១២និង៣០នាទីក្រុមការងារបានចែកអាហារថ្ងៃត្រង់ និងហូបនៅលើរថភ្លើង។ មកដល់ស្ថានីយរថភ្លើងឈ្មោះស្ថានីយ«រាជាយស្ម័យានខេត្តបាត់ដំបង» មានភាពអូអរ និងរីកចម្រើនជាការកត់សម្គាល់តែ មេឃបញ្ចេញកម្ដៅក្ដៅជាខ្លាំងដល់ទៅ៣៥អង់ស្សា។ ពេលនេះក៏បានធ្វើឲ្យខ្ញុំនឹកឃើញរឿងរ៉ាវកាលពីសម័យខ្មែរក្រហម ដោយក្រុមអ្នកស្ម័គ្រចិត្តកម្ពុជា មានអាហារហូបគ្រប់គ្រាន់ តម្អូញថាពិបាកចុះទម្រាំប្រជាជនកម្ពុជាជម្លៀសដោយបង្ខំកាលនោះមិនដឹងជាលំបាកប៉ុនណា។ បើតាមរយៈការអាននិងសិក្សា សៀវភៅប្រវត្តិសាស្រ្ត សៀវភៅសាក្សីប្រវត្តិសាស្រ្ត និងសៀវភៅ ការជម្លៀសប្រជាជនដោយបង្ខំនៅសម័យខ្មែរក្រហម ។
កាលនោះដែលប្រជាជនសែនលំបាកវេទនា ដោយក្នុងមួយទូៗដាក់រាប់រយអ្នក និងទឹកក៏មិនមានឲ្យផឹក អាហារក៏អត់ ក្តៅក៏ក្តៅ ហើយប្រជាជនខ្លះឡើងរថភ្លើងមិនទាន់ត្រូវដាក់ទណកម្ម ខ្លះក៏សម្លាប់ចោលក៏មាន។ ខ្ញុំគិតស្រមៃមើលម៉ោង៤ល្ងាច រថភ្លើងបានមកដល់ចំណត សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយសុវត្តិភាព។
ការធ្វើដំណើរដ៏ឆ្ងាយមួយនេះដោយបានឆ្លងកាត់ខេត្តចំនួន៣គឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ដែលជាខេត្តគោលដៅនៃក្រុមការងារចុះមកទស្សនកិច្ច។
ពេលចុះពីរថភ្លើង ម្នាក់ៗអស់កម្លាំងហត់ហេវដោយសារតែអាកាសធាតុក្ដៅ។
ខ្ញុំធ្លាប់ជាក្មេងរស់នៅតែក្នុងខេត្ត តាមស្រុក មិនដែលស្គាល់នូវទឹកដីខេត្តផ្សេងៗ ពិសេសមិនដែលស្គាល់ទីក្រុងភ្នំពេញ។ ចាប់តាំងពីខ្ញុំបានចូលជាអ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា មកបានធ្វើឲ្យខ្ញុំមានឱកាស និងបានស្គាល់ទីកន្លែងផ្សេងក្នុងប្រទេស ពិសេសបានឃើញនិងបានជិះរថភ្លើង។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានមានឱកាសចូលរួមនូវដំណើរទស្សនកិច្ចមួយនេះ។ ខ្ញុំពិតជាគោរពអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំទស្សនកិច្ចសិក្សាអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ ឲ្យខ្ញុំបានរៀនសូត្រនិងបានស្គាល់នូវយុវជនមកពីបណ្ដាលខេត្តផ្សេងៗគ្នា។
អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ