ខាំ នឿន៖ខ្ញុំជាន់មីន ពេលទទួលប្រជាជនមកពីជំរំភូណយ

ខាំ នឿន[1] ភេទប្រុស អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ នឿន បច្ចុប្បន្នរស់នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នឿន បានរៀបរាប់ពីដំណើរនៃការតស៊ូ និងទុក្ខលំបាករបស់ខ្លួនក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំរស់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពមធ្យម។ ខ្ញុំរៀនបានតិចតួចជាងគេ ក្នុងចំណោមក្មេងៗនៅក្នុងភូមិ។ ឪពុកម្ដាយរបស់ខ្ញុំមានវ័យចំណាស់ហើយមានកូនប្រុសតែ២នាក់ទៀត។ ខ្ញុំសម្រេចចិត្តឈប់រៀន ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ បានកើតមានឡើង។ ក្រោយមកក៏មានការទម្លាក់គ្រាប់បែក និងធុងសាំង នៅក្នុងស្រុកអង្គរធំនៃខេត្តសៀមរាប ផ្ទះប្រជាជន ជាច្រើនខ្នងត្រូវបានឆេះ។ បន្ទាប់មក ខ្មែរក្រហមបានជម្លៀសប្រជាជនមួយចំនួនតូចឲ្យទៅនៅស្រុកវ៉ារិន។ ចំណែកឯ គ្រួសាររបស់ខ្ញុំ រួមទាំងប្រជាជនដែលនៅសេសសល់ មិនត្រូវបានជម្លៀសចេញពីភូមិកំណើតនោះទេ។
នៅឆ្នាំ១៩៧៣ ខ្មែរក្រហមបានសម្លាប់បងប្រុសខ្ញុំ ដោយចោទប្រកាន់ថាជាជនក្បត់ ដែលបម្រុងរត់ចូលទៅខាង លន់ នល់។ ខ្ញុំក៏ត្រូវបានខ្មែរក្រហមចាប់បង្ខំឲ្យចូលធ្វើជាកងទ័ព ដើម្បីវាយប្រយុទ្ធជាមួយទាហាន លន់ នល់។ ខ្ញុំទើបតែមានអាយុ១៣ឬ១៤ឆ្នាំប៉ុណ្ណោះ។ រហូតដល់ឆ្នាំ១៩៧៤ ខ្ញុំបានសម្រេចចិត្តរត់ចេញពីជួរកងទ័ព ហើយគេចខ្លួនទៅនៅស្រុកកំណើតវិញ។ នៅទីនោះ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅលើកដីនៅទំនប់ម្កាក់ដែលស្ថិតនៅក្នុងខេត្តសៀមរាប។របបអាហារមាន ភាពប្រសើរជាងពេលនៅជាកងទ័ព។
ខ្ញុំ រួមទាំងប្រជាជនជាច្រើននាក់ទៀតបានរស់នៅទីនោះរហូតលើកទំនប់ម្កាក់ហើយ។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហម ទទួលបានជ័យជំនះពេញលេញ។ នៅពេលបានដឹងពីព័ត៌មាននេះ ខ្ញុំ និងប្រជាជនដទៃទៀត ពិតជាមានចិត្តសប្បាយរីករាយជាខ្លាំង។ មិនតែប៉ុណ្ណោះ ថែមទាំងនាំគ្នាស្រែកហ៊ោថា៖ «ប្រទេសជាតិយើងទទួលបានឯករាជ្យភាពហើយៗ»។ ក្រោយពីទទួលបានជ័យជម្នះ ខ្ញុំក៏ត្រឡប់មកនៅភូមិកំណើតវិញ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានខ្មែរក្រហមទទួលយកទៅធ្វើជាកងទ័ពនៅស្រុកវ៉ារិន រហូតដល់ឆ្នាំ១៩៧៦។ នៅក្នុងឆ្នាំនោះដែរ មេកងពលរបស់ខ្ញុំត្រូវបានចោទថាជាជនក្បត់ និងត្រូវបានសម្លាប់ចោល។ កងពលរបស់ខ្ញុំត្រូវបានរំសាយ។ ខ្ញុំ រួមទាំងកងកម្លាំងជាច្រើននាក់ផ្សេងទៀតដែលបានជាប់និន្នាការក្បត់ ត្រូវបានបញ្ចូលទៅក្នុងកងចល័តពិសេស។ នៅទីនោះ ការងារដែលខ្ញុំត្រូវធ្វើ គឺរែកដី និងលើកទំនប់នៅខាងគោកស្រុក នៃស្រុកវ៉ារិន។ អង្គការនឹងយកខ្ញុំទៅសម្លាប់ចោល ប្រសិនបើ ក្រុមខ្ញុំមិនអាចបំពេញការងារលើកដី ដែលមានទំហំ៣ម៉ែត្របួនជ្រុងកម្ពស់១ម៉ែត្រ ក្នុងរយៈពេល១ថ្ងៃ។ ខ្ញុំទទួលបានរបបអាហារអង្ករមួយកំប៉ុងគ្នាពីរនាក់សម្រាប់ហូបក្នុងមួយថ្ងៃ។
ពេលរដូវវស្សាចូលមកដល់ ខ្មែរក្រហមក៏បានបញ្ជូនខ្ញុំឲ្យទៅដកស្ទូងស្រូវវិញ។ ប្រធានកងចល័តបានហៅកម្លាំងប្រជាជនទាំងអស់ឲ្យមកជួបជុំគ្នា និងប្រាប់ឲ្យឈរជា៤ជួរ។ នៅពេលដែលយើងឮសំឡេង ស្រែករាប់ ១, ២, ៣ យើងត្រូវរត់ចុះទៅក្នុងស្រែដែលមានសំណាប។ ឈ្លបបានជិះសេះ និងម៉ូតូ ដើម្បីដេញវាយអ្នកណាដែលរត់មិនទាន់ក្រុម ឬអ្នកណាដែលធ្វើការមិនអស់ពីកម្លាំងចិត្តកម្លាំងកាយ។ លើសពីនេះទៅទៀត ប្រសិនបើមានអ្នកណារត់គេច ឬដើរចេញពីជួរ ឈ្លបនឹងតាមចាប់យកមកវិញ។ បន្ទាប់ពីចាប់ខ្លួនបានហើយ ឈ្លបបញ្ជាឲ្យជីករណ្ដៅខ្លួនឯង។ បន្ទាប់មក ឈ្លបសម្លាប់អ្នកនោះ ដោយទម្លាក់ចូលក្នុងរណ្ដៅ។ នៅសម័យនោះ គ្មានទេពាក្យថាអាណិតអាសូរ ទេ។ អ្នកទាំងឡាយដែលមិនគោរពតាមបញ្ជារបស់អង្គការ ត្រូវសម្លាប់ចោល សូម្បីតែឪពុកម្ដាយ ឬបងប្អូន។ ចំពោះរបបអាហារវិញ មួយថ្ងៃ យើងទទួលបានអង្ករមួយកំប៉ុងហូបសម្រាប់មនុស្ស២៥នាក់។ នៅតាមផ្លូវ នៅពេលយើងឃើញសំបកដំឡូង យើងតែងតែនាំគ្នាលួចរើសយកមកស្ងោរហូប។ ក្រុមខ្ញុំមានគ្នាចំនួន១២នាក់តែងតែបំពេញការងារគ្រប់ចំនួនកំណត់របស់អង្គការជានិច្ច។
នៅចន្លោះពីឆ្នាំ១៩៧៨ និងឆ្នាំ១៩៧៩ គឺពេលដែលខ្ញុំជួបការលំបាក និងវេទនាបំផុត។ កាលនោះខ្ញុំលើកទំនប់នៅខាងគោកស្រុករួច ខ្មែរក្រហមក៏បញ្ជូនមកលើកទំនប់នៅភូមិចាន់រុនវិញ។ ខ្ញុំលើកទំនប់រហូតដល់ចុងឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរដ្ឋកម្ពុជា បានចូលមករំដោះ។ ខ្ញុំ រួមទាំងប្រជាជនដែលនៅលើកទំនប់ជាច្រើននាក់ បានរត់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ នៅពេលធ្វើដំណើរទៅដល់ផ្ទះ ខ្ញុំមានការតក់ស្លុតជាខ្លាំង។ សភាពការណ៍នៅក្នុងភូមិខ្ញុំកំពុងតែចលាចល ដែលពោរពេញទៅដោយកងទ័ពវៀតណាម។ នៅពេលនោះខ្ញុំមិនអាចបែងចែកថាតើនរណាជាប្រជាជន ហើយនរណាជាកងទ័ពវៀតណាមបានឡើយ។ ខ្ញុំបានត្រឹមតែរត់គេចគ្រាប់ផ្លោង និងគ្រាប់កាំភ្លើង។ នៅក្នុងឆ្នាំ១៩៨០ កងទ័ពវៀតណាមបានធ្វើបាបប្រជាជនខ្មែរយ៉ាងឃោរឃៅ ដោយបានចាប់ប្រជាជនក្នុងភូមិដើម្បីសួរចម្លើយ តាមរបៀបច្រកថង់។ មិនតែប៉ុណ្ណោះ កងទ័ពវៀតណាមបានប្រើអំណាច វាយធ្វើបាបប្រជាជនខ្មែរដែលស្លូតត្រង់នៅតាម ព្រៃជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត ស្រីក្រមុំៗក៏ត្រូវបានវៀតណាមចាប់រំលោភយ៉ាងព្រៃផ្សៃ។
នៅឆ្នាំ១៩៨២ ឪពុកម្ដាយរបស់ខ្ញុំក៏បានស្លាប់ចោលខ្ញុំ ដោយសារតែជំងឺប្រចាំកាយ។ ក្រោយមក ខ្ញុំក៏បានរៀបការ។ កងទ័ពវៀតណាមតាមអុកឡុកពិធីរៀបការរបស់ខ្ញុំឥតឈប់ឈរសោះ។ ឪពុកក្មេកខ្ញុំ បានកាប់ជ្រូកមួយ និងបានចែកឲ្យវៀតណាមមួយចំហៀង ព្រមទាំងមាន់ទុកសម្រាប់ទទួលភ្ញៀវក្នុងកម្មវិធី។ ក្រោយពីរៀបការហើយ ខ្ញុំ និងគ្រួសារក៏បន្តរស់នៅក្នុងភូមិទ័ពស្វាយដដែល។ បន្ទាប់មក ប្រជាជននៅក្នុងភូមិបានបោះឆ្នោតឲ្យខ្ញុំធ្វើជានគរបាលភូមិ។ រយៈពេល៤ខែក្រោយមក ក៏មានការបោះឆ្នោតម្ដងទៀត។ ខ្ញុំក៏បានជាប់ជានគរបាលឃុំ។ ខ្ញុំក៏បន្តកាន់មុខតំណែងនេះរហូតដល់ឆ្នាំ១៩៨៨។ នៅក្នុងឆ្នាំដដែល ខ្មែរក្រហមក៏បានចូលមកក្នុងស្រុកអង្គរធំ។ ខណៈពេលនោះ ខ្មែរក្រហមក៏បានចាប់ខ្ញុំ និងមេភូមិ មេឃុំ រួមទាំងប្រជាជនដទៃទៀត រួចបញ្ជូនទៅកាន់ភ្នំដងរែក។
នៅទីនោះ តាម៉ុក បញ្ជូនកម្លាំងដែលប្រមូលបានទាំងអស់ឲ្យទៅដឹកជញ្ជូនគ្រាប់ក្នុងទឹកដីថៃ ដោយធ្វើដំណើរតាមច្រកពីរគឺ៖ ច្រកភ្នំស្រួច និងច្រកវាលខានពុំបាន។ ការធ្វើដំណើរឡើងតាមច្រកទាំងពីរនេះជួបប្រទះនូវការលំបាកយ៉ាងខ្លាំង។ យើងត្រូវតោងវល្លិ៍ ដើមឈើ ឬតោងថ្ម ដើម្បីឡើងទៅខាងលើ។ គ្រាប់ដែលយើងត្រូវដឹកជញ្ជូនពីដីថៃមកដីខ្មែរមានដូចជា គ្រាប់បេ មីនតោន និងគ្រាប់អាកា(AK) ជាដើម។ ម្នាក់ៗត្រូវកាន់គ្រាប់អាកាចំនួន៥០០គ្រាប់ មីន១០គ្រាប់ និងគ្រាប់បេចំនួនមួយគ្រាប់ថែមទៀត។ មិនតែប៉ុណ្ណោះ យើងត្រូវស្ពាយអង្ករ ទឹក និងស្បៀងអាហារសម្រាប់ហូបជាច្រើនទៀត។ ក្រោយពី ខ្ញុំដឹកជញ្ជូនគ្រាប់ហើយ ខ្មែរក្រហមក៏ឲ្យខ្ញុំត្រឡប់មកនៅផ្ទះវិញ។ នៅពេលដែលខ្ញុំមកដល់ស្រុកកំណើត ខ្ញុំក៏នៅតែបន្តកាន់មុខតំណែងជានគរបាលឃុំ និងយោធាឃុំដដែល។ ថ្ងៃមួយ ខ្ញុំក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ និងឈឺរាំរៃ។
នៅឆ្នាំ១៩៩៣ ខ្មែរក្រហមក៏បានចូលមកក្នុងភូមិខ្ញុំម្ដងទៀត។ កាលនោះខ្ញុំចាំបានថា ខ្ញុំកំពុងតែដេកឈឺនៅក្រោមផ្ទះ។ បន្ទាប់មក កងកម្លាំងរបស់ខ្មែរក្រហមក៏បានដើរមកឃើញខ្ញុំកំពុងតែដេកឈឺ។ ដោយសារតែការអាណិតអាសូរ គ្រូពេទ្យរបស់ខ្មែរក្រហមក៏បានយកឡានមកដឹកខ្ញុំទៅព្យាបាលនៅអន្លង់វែង។ ខ្ញុំក៏មានកម្លាំងមាំមួន និងបានជាសះស្បើយដូចដើមវិញ។ ខ្ញុំបន្តរស់នៅជាមួយខ្មែរក្រហមរហូតដល់ឆ្នាំ១៩៩៧។ នៅក្នុងឆ្នាំនោះ ខ្ញុំបានសម្រេចចិត្តទៅយកប្រពន្ធនិងកូនរបស់ខ្ញុំមករស់នៅជាមួយគ្នាក្នុងស្រុកអន្លង់វែង។
មួយឆ្នាំក្រោយមក ខ្ញុំត្រូវពិការជើងដោយសារមីន ក្នុងពេលដែលខ្ញុំធ្វើដំណើរឡើងលើភ្នំដងរែកដើម្បីទៅទទួលប្រជាជនមកពីជំរំភូណយ។ វាជាពេលវេលាដ៏គួរឲ្យសង្វេគខ្លាំងណាស់ ដោយសារតែប្រជាជនជាច្រើននាក់ផ្សេងទៀត ដែលកំពុងឈប់សម្រាកក្រោមម្លប់ឈើជាមួយគ្នាសុទ្ធតែត្រូវរបួសទាំងអស់។ ភ្លាមៗនោះ គ្រូពេទ្យបានសម្រេចចិត្តកាត់ជើងរបស់ខ្ញុំនៅនឹងកន្លែងកើតហេតុតែម្ដង។ ក្រោយពីកើតមានព្រឹត្តិការណ៍នេះ អន្លង់វែងក៏ចាប់ផ្ដើមធ្វើសមាហរណកម្មបង្រួបបង្រួមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គ្រួសារខ្ញុំ ក៏បានចុះពីលើភ្នំ និងមករស់នៅក្នុងភូមិអូរគគីរក្រោម រហូតដល់ពេលបច្ចុប្បន្ននេះ»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ ខាំ នឿន ភេទប្រុស អាយុ៦៣ឆ្នាំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៥