ខ្មែរក្រហមសម្លាប់មនុស្សច្រើនណាស់
(ក្រចេះ) ៖ ខាន សុភី ភេទស្រី មានអាយុ៦៧ឆ្នាំ មានបងប្អូនប្រាំនាក់ ស្លាប់បាត់បង់ជីវិតម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
អ្វីដែល សុភី បានចងចាំមិនភ្លេចនោះគឺ មានប្រជាជនជាច្រើនដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងឆ្នាំ១៩៧៤ សុភី បានចេញពីផ្ទះរបស់គាត់ ទៅរស់នៅចម្ការកៅស៊ូ។ ពេលទៅដល់ទីនោះគាត់បានចូលធ្វើ និងចៀរជ័រកៅស៊ូ ព្រមទាំងបុកអង្ករ ជាមួយប្រជាជនឯទៀត។ គាត់ត្រូវក្រោកតាំងពីម៉ោងបីទាបភ្លឺ ដើម្បីទៅប្រជុំជួរពិនិត្យសម្ភារៈឲ្យបានគ្រប់គ្រាន់។ លុះដល់ម៉ោងបួនក្រុមការងារចាប់ផ្ដើមចេញទៅចៀរជ័រកៅស៊ូ រហូតដល់ម៉ោង១២ថ្ងៃត្រង់។ បន្ទាប់មកក្រុមការងារបានចាប់ផ្ដើមធ្វើការនៅម៉ោងមួយ រហូតដល់ម៉ោង។ និងពេលយប់ អង្គការឲ្យបុកអង្ករពីម៉ោងប្រាំមួយល្ងាច ដល់ម៉ោងប្រាំពីរកន្លះយប់។
របបអាហារដែលប្រជាជនទទួលបានគឺជាបាយជ្រាយៗ ឬហៅម្យ៉ាងទៀតថាបបរឈ្មោល។ មានប្រជាជនពីរនាក់ជាបុរស ពេលកំពុងតែធ្វើការបានជាន់គ្រាប់មីនផ្ទុះស្លាប់ភ្លាមៗ។ ក្រោយមកនៅក្នុងចម្ការកៅស៊ូនោះកើតមានជំងឺគ្រុនចាញ់ ហើយស្លាប់យុវនារីពីរនាក់ទៀត។
ក្រោយមកទៀត គាត់ត្រូវផ្លាស់ទៅរស់នៅតំបន់ស្នួល ស្ថិតនៅភូមិកណ្ដាល។ គាត់បាននិយាយថា អង្គការបានវាយសម្លាប់មនុស្សប្រុសស្រីចំនួនពីរគូ ដោយមិនដឹងអំពីមូលហេតុ។ សាកសពអ្នកទាំងពីរបានកប់នៅក្នុងរណ្ដៅជាមួយគ្នា។
នៅពេលមួយប្រជាជនទាំងអស់បានសម្រាកពីការងារហូបអាហារថ្ងៃត្រង់ ដោយហូបមិនទាន់អស់ពាក់កណ្ដាលចានស្រួលបួលផង អង្គការបានចូលទៅចាប់យុវនារីម្នាក់ ដោយអង្គការបានចោទថា ជាប់សាច់ញាតិជាមួយនឹងជនជាតិវៀតណាម ចាប់យកទៅសម្លាប់ចោល ដោយប្រាប់ថាយកទៅរៀនសូត្រ ដើម្បីកុំឲ្យប្រជាជនដទៃមានភាពស្លន់។
នៅពេលកងទ័ពវៀតណាមបានវាយចូលប្រទេសកម្ពុជា អង្គការបានជម្លៀស សុភី ចេញពីតំបន់ស្នួល ទៅកាន់ស្ពានបន្ទាយឆ្លូង។ ទៅដល់ទីនោះ អង្គការបានប្រើឲ្យគាត់ទៅកាប់ស្លឹកទុកដេរសម្រាប់ប្រក់ដំបូល។ ពេលព្រឹកឡើងគាត់បានចេញទៅកាប់ស្លឹក បានប្រទះជាមួយនឹងអង្គការចាប់បណ្ដើរយុវជនម្នាក់ដែលមកពីចម្ការកៅស៊ូជាមួយនឹងសុភី។ អង្គការបានបណ្ដើរយុវជននោះដល់ត្រពាំងទឹកមួយ ដើម្បីឲ្យគាត់ផឹកទឹក។ នៅពេលយុវជនឱនផឹកទឹកនោះ អង្គការបានធាក់យុវជននោះជ្រមុជទឹក ពេលងើបមកវិញមុខរបស់យុវជននោះមានសុទ្ធតែភក់។
ចុងបញ្ចប់នៃបទសម្ភាសន៍ សុភី មានពាក្យពេចន៍ផ្ដាំ ក្មេងៗជំនាន់ក្រោយឲ្យចេះគោរព អត់ឱនឲ្យគ្នាទៅវិញទៅមក ធ្វើយ៉ាងណាកុំឲ្យកើតមានឡើយនូវរបបខ្មែរក្រហមម្ដងទៀត។
បច្ចុប្បន្នគាត់មានបញ្ហាលើសសម្ពាធឈាម ខ្វះជាតិស្ករ ឈឺក្រពះ និងជំងឺដែលគាត់ឈឺប្រចាំជាងគេគឺឈឺជើង៕
សម្ភាសន៍ដោយ ធឿន ស្រីណុច នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ