អង្ករមួយកំប៉ុងហូបគ្នាបីទៅបួននាក់

(ស្ទឹងត្រែង) ៖ ខាត់ សារ៉ាន ភេទស្រី មានអាយុ៥៨ឆ្នាំ មុខរបបធ្វើស្រែចំការ សព្វថ្ងៃរស់នៅភូមិវាងព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សារ៉ាន បានចែករំលែកអំពីទុក្ខលំបាករបស់គាត់ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុ១២ឆ្នាំ គាត់បានចាកចេញពីឪពុកម្ដាយទៅនៅកងចល័តនៅខេត្តកំពង់ស្ពឺ ហៅថាភូមិភាគបស្ចិម ខ្មែរក្រហមបានប្រើឲ្យគាត់លើកភ្លឺស្រែ លើកប្រឡាយ និងដកស្ទូងជាដើម។

ចំពោះរបបអាហារ មួយពេលអង្ករមួយកំប៉ុងដាំបាយហូបគ្នាបីនាក់ទៅបួននាក់ ពេលខ្លះក៏បានបាយបរិភោគ ពេលខ្លះមានតែបបរ មួយថ្ងៃទទួលបានអាហារពីរពេល ពេលព្រឹក និងពេលល្ងាច។

គាត់បានរៀបរាប់ប្រាប់អំពីការធ្វើការងារ មានផលវិបាក ដោយកងចល័តរបស់គាត់គឺទទួលបន្ទុកខាងធ្វើស្រូវប្រាំង និងស្រូវវស្សា។ នៅពេលខែប្រាំងអង្គការបញ្ជូនទៅធ្វើស្រែនៅខាងកើតទន្លេមេគង្គ ដល់ពេលខែវស្សាគឺមកធ្វើស្រែនៅខាងលិចទន្លេវិញ។

សារ៉ាន បានបន្ថែមថា នៅពេលដែលប្រមូលទិន្នផលស្រូវម្ដងៗគឺទទួលបានផលច្រើន ប៉ុន្តែប្រជាជនមិនទទួលបានអាហារបរិភោគបានគ្រប់គ្រាន់ទេ។ ដោយសារតែរបបអាហារមិនគ្រប់គ្រាន់ គាត់បានរកអ្វីផ្សេងបន្ថែម មានដូចជា ក្ដាម ខ្យង បន្លែផ្សេងៗទុកហូបគួបផ្សំឲ្យបានឆ្អែត។

ចំពោះម៉ោងធ្វើការវិញគឺត្រូវចេញពីព្រឹកព្រលឹមស្រាងៗ ម៉ោងបីទៀបភ្លឺត្រូវក្រោកដើម្បីទៅដកសំណាបឬស្ទូង ម៉ោងដប់យប់ទើបបានឈប់សម្រាក។ ការដកសំណាប អង្គការបានកំណត់ក្នុងម្នាក់ដកឲ្យបានសំណាបមួយផ្លូន ពីរនាក់គឺពីរផ្លូន ករណីដកគ្រប់ចំនួនមុនម៉ោងកំណត់នឹងបន្ថែមឲ្យដកចំនួនមួយផ្លូនទៀត។

គាត់បាននិយាយថា ការលំបាកតំបន់ខ្លះពិបាកខ្លាំង តំបន់ខ្លះមិនសូវជាខ្លាំងប៉ុន្មានទេទៅតាមអ្នកដឹកនាំ។ នៅតំបន់ដែលគាត់ស្នាក់នៅគឺ ខណៈភូមិដែលគ្រប់គ្រងមិនសូវជាតឹងតែងប៉ុន្មានទេ ពេលខ្លះប្រជាជនទទួលបានបាយសម្រាប់បរិភោគ មានសិទ្ធិអាចទៅលេងឪពុកម្ដាយបាន។

ចំពោះការកាត់ទោសមេដឹកនាំខ្មែរក្រហម គាត់បានយល់ឃើញថា សមស្របព្រោះខ្មែរក្រហមបានធ្វើបាប ធ្វើទារុណកម្ម និងសម្លាប់ប្រជាជនស្លូតត្រង់ជាច្រើននាក់ទាំងដែលអ្នកទាំងនោះមិនមានកំហុសអ្វីសោះ។ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបានផ្ដល់យុត្តិធម៌ដល់ប្រជាជនកម្ពុជាទាំងអស់ដែលរងទុក្ខវេទនា។

នៅពេលតុលាការកាត់ក្ដីមេដឹកនាំនេះបានបញ្ចប់ គាត់ចង់ឲ្យក្មេងជំនាន់ក្រោយបានសិក្សាឈ្វេងយល់ពីរបបខ្មែរក្រហមឲ្យបានយល់ច្បាស់ ថារបបនោះគឺមានភាពសាហាវឃោរឃៅ ហើយបង្កាកុំឲ្យក្មេងៗជំនាន់ក្រោយដើរតាមរបបនោះ។

ជារៀងរាល់ថ្ងៃគាត់តែងតែក្អកឆាប់ហត់ ហើយក៏ធ្លាប់មានការវះកាត់ពីមុនដូចជា វះកាត់កូនដែលខូចក្នុងផ្ទៃពោះ គ្រោះក្នុងតម្រង់នោម គ្រោះក្នុងប្រមាត់ និងគីស។ គាត់ក៏មានជំងឺ រលាកទងសួត។ ចំពោះការព្យាបាលគាត់ជ្រើសរើសការព្យាបាលជាមួយនឹងគ្រូពេទ្យ។៕

សម្ភាសន៍ដោយ ជួង ចាន់ចរិយា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ 

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin