ខ្មែរក្រហមបានធ្វើបាប និងសម្លាប់ប្រជាជនខ្លួនឯង

(ព្រៃវែង)៖ ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើការងារទាំងខ្លួនមានជំងឺ និងត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់។ អ្នកដែលហ៊ានប្រកែកតវ៉ា និងត្រូវបានចោទប្រកាន់ថាជាខ្មាំងប្រឈមមុននឹងការនាំយកទៅសម្លាប់ដោយគ្មានត្រាប្រណី។​

ខាត់ ធូ មានអាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ឆ្នាំ១៩៧០ ធូ និងគ្រួសារបានផ្លាស់ប្តូរទីលំនៅពីភូមិព្រៃខ្លា ទៅរស់នៅ និងធ្វើការនៅ​ភ្នំពេញមួយរយៈដើម្បីគេចចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហម​ទទួលបានជ័យជម្នះលើរបប លន់ នល់ ខ្មែរក្រហម​បានបង្ខំឲ្យប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញដោយយកហេតុផលថាចេញតែ៣ថ្ងៃដើម្បីគេចពីការ​ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក​។ ប្រជាជនរស់នៅទីក្រុងភ្នំពេញបានបង្ខំចិត្តចាកចេញពីទីកន្លែងដែលធ្លាប់រស់នៅយ៉ាងមានសុភមង្គល និងបានធ្វើដំណើរក្រោមកំដៅថ្ងៃក្តៅហែងក្នុងរដូវប្រាំងខែចេត្រដើម្បីឆ្ពោះទៅស្រុកកំណើតរៀងៗខ្លួននៅតាមបណ្តាល​ខេត្តនានា។

ចំណែក ធូ និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញឲ្យទៅរស់នៅខេត្តកំពង់ចាម។ ពេលទៅដល់កំពង់ចាម ធូ ត្រូវបាន​ខ្មែរក្រហមចាត់ឲ្យរស់នៅ និងធ្វើការក្នុងកងចល័ត។ គាត់ត្រូវធ្វើការដូចជា ជីក​ប្រឡាយ កាប់ដី រែកដី លើកទំនប់ ភ្ជួរស្រែ និងការងារផ្សេងៗទៀតតាមតែអង្គការបញ្ជា។ ធូ បន្តថាគាត់បានជីកប្រឡាយពីតំបន់មួយទៅតំបន់មួយឆ្ងាយ​ៗពីកន្លែង​គាត់ស្នាក់នៅ។ គាត់ត្រូវធ្វើការហួសពីកម្លាំងដែលមានដើម្បីជីវិតរស់ព្រោះនៅពេលនោះគាត់ទទួលបានរបបអាហារតិចតួចប៉ុណ្ណោះ។ ធូ ធ្លាប់ឃើញឈ្លបខ្មែរក្រហមសម្លាប់ប្រជាជនដោយគ្មានក្តីអាណិតមេត្តាគ្រាន់តែ​ប្រជាជនធ្វើការងារមិនសម្រេចបានតាមផែនការរបស់អង្គការកំណត់។ ធូ និយាយថារបបខ្មែរក្រហមបានចាត់ទុកប្រជាជនខ្លួនឯងគឺជាទាសករ។ អ្នកដែលហ៊ានប្រកែកតវ៉ា ឬនិយាយមិនល្អពីអង្គការនឹងត្រូវនំាយកទៅរៀនសូត្រ ឬសម្លាប់ចោល។ អ្នកជំងឺស្រាលៗត្រូវទៅធ្វើការងារដើម្បីទទួលបានរបបអាហារ។

រឿងរ៉ាវដែល ធូ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការហូបអាហារមិនគ្រប់គ្រាន់ និងហេតុការណ៍ដែលគាត់ឃ្លានខ្លាំងពេកបានទៅលួចស្ករអង្គការបាន១ដុំ​ដើម្បីហូប ពេលឈ្លបខ្មែរក្រហម ទាន់ក៏ជាន់ស្ករនោះនឹងដីព្រមទាំងគម្រាមសម្លាប់គាត់ទៀតផងប្រសិនបើមានកំហុសនេះម្តងទៀត។ ធូ នៅក្នុងរបបខ្មែរក្រហមក៏ធ្លាប់ឃើញយុវជនធ្វើការក្នុងកងចល័តជាមួយឈឺមិនអាចទៅធ្វើការកើតត្រូវអង្គការមិនផ្តល់របបអាហាររហូតធ្វើឲ្យយុវជននោះធ្លាក់ខ្លួនឈឺកាន់តែខ្លាំង និងបានស្លាប់ដោយគ្មានការគិតគូរ។

ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ធូ និងគ្រួសារបានធ្វើដំណើរត្រឡប់ពីខេត្តកំពង់ចាមដើម្បីមករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្នដោយសារតែ ធូ មានអាយុច្រើន និងធ្លាប់ធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហមគាត់មានជំងឺប្រចាំកាយច្រើនមុខដូចជា ជំងឺក្រពះ ជំងឺពោះវៀន ជំងឺ​លើស​សម្ពាធឈាម និងជំងឺឈឺសន្លាក់ដៃ ឈឺសន្លាក់ជើង។ គាត់បានស្នើឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាជួយគាត់លើបញ្ហាពិនិត្យ និងថែទាំសុខភាព។

សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin