ឃ្លាន ឈឹម៖ កូនជាកម្លាំងចិត្តបណ្តាលឱ្យម្តាយចង់រស់បន្ត

ការអត់ឃ្លានធ្វើឱ្យ​ ឈឹម លែងគិតចង់មានជីវិតបន្ត។ ឈឹម បន្តទៀតថា សម័យខ្មែរក្រហមពិបាកគ្រប់សព្វបែបយ៉ាង ធ្វើការងារគ្មានថ្ងៃកំណត់ អត់មានពេលសម្រាក ជាពិសេសការហូបចុកមិនគ្រប់គ្រាន់។ ឈឹម ពិបាកចិត្តខ្លាំងពេលមកពីស្ទូងស្រូវ ហើយកូនៗយំរកបាយ សូម្បី ឈឹម ជាម្តាយក៏ឃ្លាន។ រឿងដែលធ្វើឱ្យ ឈឹម ខ្លោចចិត្តគឺកូនៗរបស់ខ្លួន មានរាងកាយស្គមស្គាំង ស្លេកស្លាំង ធំតែពោះ ភ្នែករូងខ្មៅ ចំណែកដៃជើងនៅសល់ប៉ិនដងវែក។ បន្ទាប់ពីខ្ញុំស្លាប់តើកូនៗនឹងទៅជាយ៉ាងណា? សេចក្តីអាណិត ស្រឡាញ់បានជម្រុញចិត្តម្តាយទ្រាំរស់បន្ត ដើម្បីឃើញកូនៗមានក្តីសុខ។

មនុស្សគ្រប់រូបមានជីវិតលើកភពផែនដីតែងតែជួបការលំបាក បញ្ហាប្រឈម ហើយបញ្ហាទាំងនោះតែងមានផ្លូវដោះស្រាយ។ តួយ៉ាងស្រ្តីម្នាក់ឈ្នោះ ឃ្លាន ឈឹម មានទំនួលខុសត្រូវខ្ពស់ចំពោះកូនៗ ហ៊ានប្រឈមមុខដោះស្រាយពេលជួបការលំបាក។

ឃ្លាន ឈឹម[1] ភេទស្រី អាយុ ៧៣ឆ្នាំ មានស្រុកកំណើតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្នុងភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឈឹម មានឪពុកឈ្មោះ ឃ្លាន (ស្លាប់ និងម្តាយឈ្មោះ  ឡឹក(ស្លាប់)។  ឈឹម មានបងប្អូនស្រីចំនួន២នាក់ ហើយឈឹម ជាកូនពៅ។ ប្តីរបស់ឈឹមឈ្មោះ ចប បានស្លាប់កាលពី៥ឆ្នាំមុន។ ក្រោយពីបង្កើតគ្រួសារ ឈឹម មានកូនចំនួន៦នាក់ (ស្រី៣នាក់) កូនៗមានគ្រួសារទាំងអស់គ្នា ហើយរាល់ថ្ងៃ ឈឹម រស់នៅជាមួយកូន។

ពីកុមារភាព ឈឹម សិក្សារៀនសូត្របានបន្តិចបន្តួច ប៉ុន្តែឈឹម មិនបានរៀនសូត្រនៅស្រុកកំណើតរបស់ខ្លួនទេ ព្រោះឪពុកម្តាយទៅរកស៊ីនៅស្រុកស្នួល។ កាលនៅតូច ពេលឪពុកម្តាយទៅណា ឈឹម ក៏ទៅតាមជាមួយ។ បន្ទាប់ពីគ្រួសារ ឈឹម បានផ្លាស់ទៅរកស៊ីឯស្រុកស្នួល ខេត្តក្រចេះ ធ្វើឱ្យជីវិត ឈឹម មានការប្រែប្រួល អារម្មណ៍មិនសូវសប្បាយចិត្ត អត់មានមិត្តភក្តិ ដោយសារការរស់នៅឆ្ងាយ ហើយនៅជាមួយមនុស្សមិនទាន់ស្គាល់គ្នា។ រយៈពេលមួយខែក្រោយ ឈឹម ចូលរៀនជាមួយក្មេងដូចគ្នានៅសាលាស្នួល។ ឈឹម រៀនបានត្រឹមថ្នាក់កុមារដ្ឋាន(ថ្នាក់រៀនសង្គមចាស់)។ ឈឹម មានអាយុ ១៥ឆ្នាំ បោះបង់ការសិក្សារៀនសូត្រ ដើម្បីជួយសម្រាលទុក្ខលំបាក​ឪពុកម្តាយ។ ការងាររបដំបូងរបស់ ឈឹម គឺជួយដាំបាយ ធ្វើម្ហូប និងធ្វើការងារជំនួសឪពុកម្តាយបានបន្តិចបន្តួច។ នៅអាយុ១៦ឆ្នាំ ឈឹម និងគ្រួសារ បានចូលមករស់នៅក្នុងភូមិពងទឹកវិញ។ ក្រោយពេលឈប់រៀន គ្រួសាររបស់ ឈឹម ឱ្យរៀបការយកស្វាមីដែលរស់នៅក្នុងភូមិជាមួយគ្នា។

ការរៀបការរបស់ ឃ្លាន​ ឈឹម ម្តាយឪពុកជាអ្នករៀនចំទុកដាក់ ដូចសម័យមុន កូនស្រីត្រូវស្តាប់តាមបង្គាប់ម្តាយ។ នៅអាយុ១៩ឆ្នាំ ឈឹម​ បានរៀបការជាមួយ ចប។ ប៉ុន្តែការរៀបការនោះ មិនបានធ្វើកម្មវិធីធំដុំទេ គ្រាន់សែនព្រេនបន្តិចបន្តួច មានឪពុកម្តាយទាំងសងខាងបានមកចូលរួម បងប្អូន ញាតិមិត្តនៅក្នុងភូមិ ហើយកម្មវិធីធ្វើតែមួយព្រឹកចប់។ ម្យ៉ាងទៀតជំនាន់មុនគ្មានម៉ូតូ ឡានជិះ ចំណែកភ្ញៀវក៏មិនបានអញ្ជើញច្រើន។ ប្រសិនបើអញ្ជើញភ្ញៀវទីឆ្ងាយ ទាល់តែមកដេកចាំមុនមួយយប់។ រៀបការបានមួយឆ្នាំ ឈឹម មានកូនម្នាក់។ គ្រួសារ ឈឹម ប្រកបរបរធ្វើស្រែចម្ការដាំស្រូវ សណ្តែក ដំឡូងសម្រាប់ហូបចុក ចំណែកឯត្រីសាច់គ្រួសារ ឈឹម មិនសូវទិញរបស់គេទេ ព្រោះប្តីគាត់ពូកែដើរព្រៃបរបាញ់សត្វ រកត្រី។ កាលពីដើមសម្បូរសត្វព្រៃណាស់គ្រាន់ចូលក្នុងព្រៃមួយសន្ទុះបានសត្វព្រៃមកហូប។ មានសត្វឈ្លូស ប្រើស សត្វជ្រូកព្រៃ ទន្សាយ ចំណែកមាន់ព្រៃ មិនចេះខ្វះនៅកន្លែណាក៏មានដែរ។

នៅក្នុងឆ្នាំ១៩៧០មានរដ្ឋប្រហារទម្លាក់សម្តេច ព្រះបាទនរោត្តម សីហនុ និងមានការធ្វើបាតុកម្មទាមទារឲ្យសម្តេចឪយាងចូលមកគ្រប់គ្រងប្រទេសជាតិវិញ។ មានអ្នកភូមិ៤ទៅ៥នាក់ បានជិះចេញពីភូមិទៅធ្វើបាតុកម្ម។ អ្នកដែលឡើងទៅធ្វើបាតុកម្ម ត្រូវធ្វើដំណើរទៅចាំឡានមុន ដើម្បីឡានដឹកអ្នកទាំងនោះ ទៅធ្វើបាតុកម្មនៅស្រុកមេមត់។ រយៈពេលពីរថ្ងៃ បានត្រឡប់មកពីបាតុកម្មវិញ។ ឈឹម ធ្លាប់ឮតាៗនិយាយថាទាហាន លន់ នល់ រត់ចេញពីខ្នងក្រពើ នៃស្រុកមេមត់ អស់ ។ ប៉ុន្តែមានប្រជាជនដែលបានចូលរួមធ្វើបាតុកម្មក៏មានត្រូវរបួសដោយសារទាហាន លន់ នល់ បាញ់គំរាមកុំឱ្យទៅធ្វើបាតុកម្មដែរ។

ចូលដល់សម័យអាមេរិកកាំង ឈឹម មានកូនចំនួន២នាក់។ មានការទម្លាក់គ្រាប់បែកខ្លាំងនៅក្នុងស្រុកមេមត់។ ទាហានអាមេរិកកាំងចូលមកទម្លាក់គ្រាប់បែករកពួកវៀតកុង(វៀតណាមខាងជើង) ក្រោយពីការទម្លាក់គ្រាប់បេ-៥២ មានស្លាប់ទ័ពវៀតកុង និងស្លាប់ប្រជាជនខ្មែរដែលរស់នៅក្នុងភូមិថែមទៀត។ ពេលអាមេរិកកាំងចូលមកបានធ្វើបន្ទាយមួយកន្លែងនៅខាងកើតភូមិពងទឹក(បច្ចុប្បន្នក្លាយជាបន្ទាយទាហានកងអនុសេនាធំលេខ១)។ ចំណែកពួកយៀកកុងក៏មានធ្វើជំរំលាក់ខ្លួននៅក្នុងព្រៃខាងលិចនៃភូមិ។ ឈឹម បានឃើញពួកអាមេរិកកាំងផ្ទាល់ ព្រោះកន្លែងបន្ទាយនោះនៅមិនឆ្ងាយពីភូមិពងទឹក គឺប្រហែល១គីឡូម៉ែត្រពីភូមិ។ អាមេរិកកាំងមានទាំងស្បែកខ្មៅ និងស្បែកស រូបរាងខ្ពស់ មាឌធំៗ មានសក់ពណ៌ក្រហម ពណ៌ស និងពណ៌ខ្មៅ។ អំឡុងពេល ទាហាន អាមេរិកកាំង តាំងជំរំជិតភូមិ អត់មានធ្វើអ្វីដល់ប្រជាជនខ្មែរទេ។ រីឯពួកវៀតកុង មានស្លៀកពាក់ខោអាវពណ៌ស្លាបសេក ពេលចេញទៅណាដើរជាខ្សែៗ មានទាំងកូនក្មេង មនុស្សស្រី និងមនុស្សប្រុស។

នៅចន្លោះឆ្នាំ១៩៧២ដល់១៩៧៣ មានពេលមួយ យន្តហោះមួយគ្រឿង បានហោះសំដៅមកចំភូមិពងទឹក ហើយទម្លាក់គ្រាប់បែកបេ-៥២។ អំបែងនៃគ្រាប់បេ-៥២ ត្រូវផ្ទះរបស់ ឈឹម បណ្តាលឱ្យខ្ទេចចង្ក្រានបាយ។ ឈ្មោះ ឡូញ ត្រូវជាឪពុកក្មេក របស់ ឃ្លាន ឈឹម ត្រូវអំបែងស្លាប់នៅក្រោមផ្ទះ និងមានប្រជាជនប្រហែល៦-៨នាក់ទៀតបានស្លាប់អំឡុងពេលអាមេរិកកាំងទម្លាក់គ្រប់បែកមកលើភូមិពងទឹក ហើយមានមនុស្សត្រូវគ្រាប់អំបែងធ្វើឲ្យរងរបួសជាច្រើននាក់។

បន្ទាប់ពីឪពុកក្មេក ឈឹម បានស្លាប់។ឪពុក ម្តាយ និងគ្រួសារ ឈឹម បានរត់ចេញពីភូមិពងទឹកទៅនៅភូមិក្តុលលើបានកន្លះខែយន្តហោះឈប់ទម្លាក់គ្រាប់ទើបត្រឡប់មកនៅភូមិវិញ។ ផ្ទះរបស់ ឈឹម បានខូចខាតស្ទើរទាំងស្រុង។ អាមេរិកកាំងចូលមកកម្ពុជាបានរយៈពេល២ឆ្នាំបានដកទ័ពចេញទៅវិញទាំងអស់។ ចំណែកទាហានវៀតកុង ក៏បានចេញពីភូមិដែរ និងធ្វើឲ្យនៅក្នុងភូមិមានសភាពស្ងាត់ឈឹងអត់មានសូរគ្រាប់ដូចមុនទៀតទេ។

នៅក្នុងឆ្នាំ១៩៧៥ មិនទាន់មានពួកខ្មែរក្រហមចូលមកទេ ព្រោះនៅក្នុងភូមិពងទឹកមិនទាន់មានអ្វីកើតឡើង ឈឹម នៅធ្វើការងារស្រែចម្ការធម្មតា។ ធ្វើការងារប្រវាស់ដៃដំបូងទៅធ្វើចម្ការ។ ធ្វើចម្ការទាល់តែរួចរាល់បានទៅធ្វើចម្ការម្នាក់ទៀត ធ្វើរួចរាល់គ្រប់ៗគ្នា។ ពេលប្រមូលផលបានដាក់ទៅតាមផ្ទះរៀងៗខ្លួន និងការហូបចុកនៅតាមផ្ទះរៀងខ្លួនដែរ។ នៅពាក់កណ្តាលឆ្នាំ១៩៧៥ ឈឹម ឃើញមានអ្នកភ្នំពេញមករស់នៅក្នុងភូមិ។ ប្រជាជន១៧ មេសា ឬប្រជាជនថ្មីស្នាក់នៅក្នុងភូមិមួយរយៈខ្លី ក៏ចេញទៅវិញទាំងអស់។ ក្រោយពេលខ្មែរក្រហមជម្លៀសអ្នកភ្នំពេញចេញ ខ្មែរក្រហមបង្កើតជាសហករណ៍។ ខាងប្រធានភូមិ បានប្រមូលរបស់របរទាំងអស់ដាក់ជារួមមានទ្រព្យសម្បត្តិ សត្វគោ ក្របី ត្រូវបានប្រធានសហករណ៍ប្រមូលទាំងអស់។ នៅក្នុងភូមិមុនជម្លៀសចេញទៅកន្លែងផ្សេងមានការហូបចុកបានគ្រប់គ្រាន់។ នៅក្នុងមួយថ្ងៃហូប២ពេល មានបាយហូបគ្រប់គ្រាន់។

ពេលខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិពងទឹក ឈឹម មានកូន៤នាក់ ហើយកូនទី៤របស់ ឈឹម មានអាយុត្រឹមតែ៩ខែប៉ុណ្ណោះ។ ក្រោយពេលសម្រាលកូន ឈឹម នៅសរសៃខ្ចី មិនអាចចេញទៅធ្វើការងារហាលភ្លៀង ត្រូវថ្ងៃបាន។ ទោះជាសរសៃខ្ចី មិនទាន់មានកម្លាំងធ្វើការក៏មិនអាចប្រកែកជាមួយអង្គការខ្មែរក្រហម។ ប្រធានក្រុមក្នុងកងចល័ត បញ្ជាឱ្យ ឈឹម ទៅស្ទូងស្រូវនៅក្នុងម្លេច (ម្លេច ជាទីតាំងខ្មែរក្រហមដាក់ឈ្មោះ វាលធំ ឆ្ងាយពីភូមិ) ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ពេលទៅធ្វើការមានប្រជុំជាមុនសិន។  ខ្មែរក្រហមនិយាយទៅកាន់កងចល័តទាំងអស់គ្នា យើងត្រូវធ្វើការងារឱ្យបានល្អ កុំខ្ចិលធ្វើការ រហ័សរហួនមិនគេចពីការងារ ត្រូវស្មោះត្រង់ជាមួយអង្គការ មានសីលធម៌ល្អក្នុងការរស់នៅ។

ពេលព្រឹកព្រលឹមងើបឡើងតាំងពីម៉ោង៤:០០ព្រឹកយកកូនដែលមានអាយុត្រឹមតែ៩ខែទៅផ្ញើជាមួយយាយៗមើលថែក្មេងៗ។ ចំណែក ឈឹម ជាមួយក្រុមកងចល័តត្រូវទៅធ្វើតាមបញ្ជារបស់ខ្មែរក្រហមបានចាត់តាំង។ ធ្វើការដល់ម៉ោង១១:៣០​នាទី បានឡើងពីស្ទូងស្រូវ។ ឈឹម ឡើងទៅយកកូនភ្លាម ដើម្បីបំបៅដោះកូន តែឈឹម មិនសូវមានទឹកដោះសម្រាប់ឱ្យកូនបៅទេ ព្រោះអាហារដែល ឈឹម ហូបមិនគ្រប់គ្រាន់ គ្មានជីវជាតិ ជាហេតុធ្វើឱ្យមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់កូន។ ឈឹម ត្រូវធ្វើការតាំងពីព្រឹករហូតទៅដល់ពេលល្ងាច គ្មានពេលឈប់សម្រាក។ ពេលហូបបាយនៅក្នុងសហករណ៍ចែកជារបបក្នុងមួយនាក់ ទទួលបានបបរមួយវែក គ្រួសារ​ ឈឹម មានចំនួន៦នាក់ ទទួលបានបបរចំនួន៦វែក។

ការអត់ឃ្លានធ្វើឱ្យ​ ឈឹម លែងគិតចង់មានជីវិតបន្ត។ ឈឹម បន្តទៀតថា សម័យខ្មែរក្រហមពិបាកគ្រប់សព្វបែបយ៉ាង ធ្វើការងារគ្មានថ្ងៃកំណត់ អត់មានពេលសម្រាក ជាពិសេសការហូបចុកមិនគ្រប់គ្រាន់។ ឈឹម ពិបាកខ្លាំងណាស់ពេលមកពីស្ទូងស្រូវ ហើយកូនៗយំរកបាយ ប៉ុន្តែមិនដឹងថាទៅរកបាយនៅកន្លែងណា សូម្បី ឈឹម ជាម្តាយក៏ឃ្លាន។ រឿងដែលធ្វើឱ្យ ឈឹម ខ្លោចចិត្តគឺកូនៗរបស់ខ្លួន មានរាងកាយស្គមស្គាំង ស្លេកស្លាំង ធំតែពោះ ភ្នែករូងខ្មៅ ចំណែកដៃជើងនៅសល់ប៉ិនដងវែក។ ចំណែកប្តីក៏មិនបាននៅជុំគ្រួសារ ព្រោះប្រធានបានចាត់តាំងឱ្យដឹកមនុស្សដែលស្លាប់យកទៅកប់ចោល។ ចប ជាប្តីនិយាយប្រាប់ថាមនុស្សស្លាប់អត់មានបាយហូបរាល់ថ្ងៃ។ ឯចប ក៏គ្មានកម្លាំងដឹកខ្មោចយកទៅចោល ព្រោះមិនបានទទួលទានបាយ ឬបបរហូបគ្រប់គ្រាន់។

ឈឹម នៅម្លេច ឃុំស្វាយជ្រះបានរយៈពេលមួយវស្សាក៏ជម្លៀសចេញទៅរស់នៅភូមិស្វាយជ្រះ។ បន្ទាប់ពីខ្មែរក្រហមជម្លៀស ឈឹម ទៅនៅក្នុងផ្ទះជាមួយប្រជាជនមូលដ្ឋាន ទើបបានបាយលាយជាមួយបបរហូបឆ្អែត។ ឈឹម នៅភូមិស្វាយជ្រះមិនបានបាយហូបសុទ្ធទេ តែបាយលាយជាមួយផ្លែចេក លាយជាមួយដំឡូង។ គ្រួសារឈឹម នៅស្វាយជ្រះរយៈពេលបីខែ ខ្មែរក្រហមបន្តជម្លៀសចេញពីភូមិទៅនៅថ្មគ្រែដេក២-៣យប់ ដើម្បីរងចាំស្រឡាង។ ខណៈនោះអត់មានអ្វីហូបក៏ទៅជីកក្តួចយកមកហូប។ ការសម្អាតក្តួច និងចម្អិនមិនបានល្អអាចធ្វើមនុស្សពុលបាន។  បន្ទាប់ពីហូបក្តួចរួច ឈឹម មានអារម្មណ៍មិនស្រួលខ្លួន ចង់ក្អួត ឈឺក្បាល និងវិលមុខ។ អ្នកដែលបានហូបក្តួចនោះពុលទាំងអស់គ្នា ប៉ុន្តែមិនមានអ្នកស្លាប់ទេ។ ចេញពីថ្មគ្រែបានឡើងស្រឡាងទៅដល់ស្រុកស្ទឹងត្រង់មានបាយហូបឆ្អែត។ មានឡានមកដឹងទៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ឈឹម នៅឃុំស្ពឺ គ្មានការចាត់តាំងធ្វើអ្វីទេ រហូតមានយោធាវៀតណាមចូលមកដល់។ ប្រជាជនទាំងអស់អាចត្រឡប់ទៅផ្ទះស្រុកកំណើត។ ឈឹម ជាមួយគ្រួសារបានជិះឡានវៀតណាម ហើយឡាននោះជូនមកដាក់ត្រឹមផ្លូវជាតិលេខ៧ ចុះពីលើឡានដើរសំដៅទៅផ្ទះសំបែង។ ពេលមកដល់ផ្ទះគ្មានអ្វីទាំងអស់មានតែបាតដៃទទេរ ទម្រាំមានស្រវអង្ករហូបគ្រប់គ្រាន់ត្រូវចំណាយពេលជាងមួយឆ្នាំ៕

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ វី ស៊ីថា ជាមួយ ឃ្លាន ឈឹម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើគម្រោង ការលើកកម្ពស់សិទ្ធិនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

អត្ថបទសរសេរដោយ៖ ឈុំ រ៉ា

កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin