ជីវិតកុមារក្នុងរបបខ្មែរក្រហម

ខួច ធី (២០២០)

នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មិនមានសាលារៀនផ្លូវការសម្រាប់កុមារឡើយ។ កុមារត្រូវបានបញ្ជូនឲ្យរៀនសូត្រនៅក្រោមដើមឈើ ឬក្រោមផ្ទះប្រជាជនក្នុងរយៈពេលប្រមាណជា២ម៉ោងក្នុងមួយថ្ងៃ។ ចំណែកគ្រូបង្រៀនកុមារ គឺជាកសិករដែលអាចចេះអាន និងសរសេរបន្តិចបន្តួចប៉ុណ្ណោះ។ កុមារភាគច្រើនត្រូវបានខ្មែរក្រហមបង្ខំឲ្យរស់នៅក្នុងកងកុមារ បែកពីឪពុកម្តាយ និងធ្វើការងារពលកម្មផ្សេងៗដូចជាកាប់ដើមទន្ទ្រានខែត្រមកចិញ្ច្រាំលាយជាមួយលាមកសម្រាប់ធ្វើជីដាក់ស្រែ កើបអាចម៍គោ ជួយធ្វើការងារពលកម្មផ្សេងៗតាមវាលស្រែ និងជញ្ជូនអាវុធទៅសមរភូមិជាដើម[1]។ លោកគ្រូ ខួច ធី[2] អាយុ៥៩ឆ្នាំ​ បង្រៀននៅអនុវិទ្យល័យ ហ៊ុន សែន ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់បានរៀបរាប់អំពីកុមារភាពរបស់ខ្លួននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​(១៩៧៥-១៩៧៩)ដូចខាងក្រោម៖

ខ្ញុំមានស្រុកកំណើតនៅភូមិពុទ្ធិសាំ ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំរស់នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ខ្ញុំមានបងប្អូន៧នាក់ ស្រី៥នាក់ និងប្រុស២នាក់។ ឪពុករបស់ខ្ញុំឈ្មោះ មាស ធង (ស្លាប់នៅឆ្នាំ១៩៨៤) និងម្តាយឈ្មោះ ផង់ សាន់(នៅរស់ដល់សព្វថ្ងៃ)។ ប្រពន្ធឈ្មោះ ហេង សុថុន និងមានកូន៥នាក់ ស្រី៤នាក់ ប្រុស១នាក់។

កាលពីតូចៗ ខ្ញុំមិនបានរៀនសូត្រទេ ពីព្រោះខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិ​នៅ​ឆ្នាំ​​១៩៧០។ ភូមិខ្ញុំ គឺជាតំបន់សមរភូមិ ជាខ្សែត្រៀមរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់។ នៅខណៈពេលនោះ ខ្មែរក្រហមបានជម្លៀស​ប្រជាជនទាំងអស់ចេញពីភូមិ ពីព្រោះពេលមានការប្រយុទ្ធគ្នាម្តងៗទាល់តែប្រជាជនចេញផុតពីភូមិប្រមាណ១០គីឡូម៉ែត្រ ទៅ១៥​គីឡូម៉ែត្រ ទើបមានសុវត្ថិភាព។ នៅពេលមានការប្រយុទ្ធគ្នាម្តងៗ ក្រុមគ្រួសាខ្ញុំអត់បាន​នៅ​ជុំគ្នាទេ ជួនកាលឪពុកនៅស្រែ កូននិងម្តាយនៅផ្ទះ ពេលខ្មែរក្រហមជម្លៀសម្តងៗ ម្តាយនិ​ង​កូន​ទៅមុន។ ចំណែកឪពុកទៅតាមក្រោយ ពេលធ្វើដំណើរទៅតាមផ្លូវ ទើបសួររកសមាជិកក្រុមគ្រួសារ។ ប្រជាជននៅភូមិ​ពុទ្ធិសាំ​ទាំងអស់ត្រូវ​ជម្លៀស​​ទៅរស់នៅឃុំសំឡាញ ស្រុកអង្គរ​ជ័យ (ក្នុងសម័យកាលនោះស្រុកអង្គរជ័យក៏​ស្ថិតនៅ​ក្នុង​ខេត្តតាកែវដែរ)។ ពេលទៅដល់ឃុំសំឡាញ ទើបប្រជាជននាំគ្នាសង់ខ្ទមរស់នៅ និងធ្វើស្រែលើ​ដីណាដែល​ទំនេរ។ ចំណែកនៅស្រុកកំណើតវិញ គឺមានការទម្លាក់គ្រាប់បែកបេ-៥២ ត្រូវចំផ្ទះ​របស់​ជីតាខ្ញុំ និងត្រូវចំទម្លាក់របស់របរ និងសម្ភារផ្សេងៗទៀត ឮសម្លេងគ្រឹមៗចេញក្នុងភូមិ។ ពេលគ្រួសារខ្ញុំរស់នៅក្នុងឃុំ​សំឡាញ ខ្ញុំបានជួយឃ្វាលគោឪពុក គឺនៅពេលព្រឹកព្រលឹមឡើងដឹកគោយកទៅចងឱ្យស៊ីស្មៅ​នៅ​ក្នុងព្រៃក្បែរភូមិ។ នៅក្នុងភូមិកាលនោះក៏មានចងជាក្រុមដើម្បីបង្រៀនកុមារដែរ តែខ្ញុំរៀនមិនសូវចេះទេ។

ក្រោយមកនៅឆ្នាំ១៩៧៣ ​ខ្មែរ​ក្រហមបានជម្លៀសក្រុមគ្រួសាររបស់ខ្ញុំឲ្យត្រឡប់មក​ខេត្ត​តាកែវវិញ តែមិនបានមកដល់ភូមិ​កំណើតវិញ​ទេ គឺត្រូវរស់នៅភូមិរូង ឃុំអង្គខ្នុរ ស្រុកទ្រាំង រយៈពេល២ឆ្នាំ។ នៅទីនោះគឺធ្វើស្រែមិនសូវបានផលទេ​ ព្រោះតែជាតំបន់សង្រ្គាម ពេលខ្លះរត់ចោលស្រូវនៅក្នុងស្រែ ហើយមានអ្នកភូមិខ្លះបានធ្វើដំណើរទៅខាងទន្លេបាសាក់ក្នុងស្រុកកោះធំទៅរកពោត ព្រោះនៅខាងស្រុកកោះធំ គឺជាតំបន់សន្តិភាព។

ឆ្នាំ១៩៧៥ ពេលដែលកងទ័ពខ្មែរក្រហមទទួលបានជ័យជម្នះ ក៏មានការជម្លៀស​ម្តងទៀត គឺជម្លៀសពីឃុំអង្គខ្នុរ ទៅស្រុកកំណើតខ្ញុំវិញ គឺនៅភូមិពុទ្ធិសាំ ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ។ ពេលទៅដល់ភូមិដំបូងមិនទាន់មានការបែងចែក​វណ្ណៈទេ គឺនៅឆ្នាំ១៩៧៦ ទើបមានការបែងចែកវណ្ណៈ។ គ្រួសារខ្ញុំ ត្រូវបាន​ខ្មែរ​ក្រហមចាត់ទុកជាប្រជាជនបញ្ញើ។ នៅក្នុងជំនាន់ខ្មែរក្រហមមានការបែងចែកប្រជាជនជា​៣​ថ្នាក់ គឺ ប្រជាជនពេញសិទ្ធិ, ប្រជាជនត្រៀម និងប្រជាជនបញ្ញើ។ ខ្មែរក្រហម​ចាត់ទុក​ក្រុម​គ្រួសារខ្ញុំជាប្រជាជនបញ្ញើ ពីព្រោះនៅមុនរបបខ្មែរក្រហមក្រុមគ្រួសារខ្ញុំធ្វើស្រែផង លក់អីវ៉ាន់ចាប់ហួយផង ត្រូវបានខ្មែរក្រហមចាត់ទុកជាក្រុមគ្រួសារ​នាយទុន។ ពេលនោះប្រធានឃុំឈ្មោះ ក្រិល និងប្រធានភូមិឈ្មោះ ផុន ជាអ្នកបែងចែកប្រជាជនទៅតាមវណ្ណៈ។

នៅក្នុងជំនាន់ខ្មែរ​ក្រហម​ ខ្ញុំត្រូវបានខ្មែរក្រហមចាត់តាំងឲ្យនៅក្នុងកងកុមារ និងផ្លាស់ទៅនៅឃុំបារាយណ៍​ បែកចេញពីឪពុកម្តាយ ដើម្បីកាប់ដើមទន្រ្ទានខែត្រ និងកាប់ដីដំបូក ។ នៅពេលនោះខ្មែរក្រហមក៍បានបង្រៀនកុមារដែរ គឺរយៈពេល១ទៅ២ម៉ោងក្នុងមួយថ្ងៃ តែខ្ញុំរៀនមិនសូវចេះទេ។

នៅក្នុងកងកុមារខ្ញុំមានសមាជិកប្រមាណ២០ទៅ៣០នាក់។ ចំណែកការហូបចុកអត់​គ្រប់គ្រាន់ទេ និងធ្វើការងារពលកម្មលំបាក ប៉ុន្តែខ្ញុំហាក់មានសំណាងបន្តិចដែរ ដោយប្រធានភូមិនៅទីនោះធ្លាប់រស់នៅក្បែរផ្ទះ​ខ្ញុំ និងមានការរាប់អានជាមួយឪពុកម្តាយខ្ញុំ គាត់តែងតែប្រាប់ប្រធានកងកុមារឲ្យជួយមើលខ្ញុំ ព្រោះធ្លាប់រាប់អានជាមួយគ្រួសារខ្ញុំ។ ចំពោះការហូបចុកមិនគ្រប់គ្រាន់ ខ្ញុំក៏លួចរត់ទៅ​រកជីតាដែល​មើលពពែនៅភូមិ​ព្រៃផ្តៅ។ នៅពេលបាត់ខ្ញុំ ប្រធានកងកុមារបានតាមរក និងជួបខ្ញុំនៅជាមួយជីតា ក៏យកខ្ញុំមកវិញ។ ប្រធានកងកុមារបានដាក់ពិន័យឱ្យទៅនៅលើកោះមួយ បើចង់រត់មកវិញគឺត្រូវ​ហែលឆ្លង​ទឹក។ នៅខណៈពេលនោះ​ខ្មែរក្រហមបានដាក់ពិន័យខ្ញុំ ដោយឲ្យកងឈ្លប២នាក់ ជិះកង់ ហើយឱ្យខ្ញុំរត់ពីមុខកង់​ចម្ងាយប្រហែល១៧ ​ទៅ១៨គីឡូម៉ែត្រ។ នៅលើកោះហ្នឹងការងារដែលត្រូវធ្វើ គឺនៅ​រដូវ​ទឹកសម្រក គឺត្រូវកាប់ស្មៅប្រមូលដាក់ម្តុំ។ នៅលើកោះ​មានកងយុវជន កងនារី និងកងកុមារ។ បន្ទាប់មកខ្មែរក្រហមយកខ្ញុំមកនៅកងកុមារវិញ។ ខ្ញុំបានលួចរត់ម្តងទៀត គឺរត់ទៅនៅជាមួយ​ឪពុក​ខ្ញុំដែលខ្មែរក្រហមចាត់តាំងឲ្យនៅក្នុងកងភ្ជួរ។ ឪពុកខ្ញុំបានទៅសុំអង្វរប្រធានភូមិដែលរាប់អានជាមួយឪពុកខ្ញុំ ទើបខ្ញុំអាចរស់នៅជាមួយ​គាត់ និងជួយឃ្វាលគោ ទើប​មេកងកុមារឈប់មក​តាមរកខ្ញុំទៀត។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រុមគ្រួសារខ្ញុំ បានរត់មកជាមួយខ្មែរក្រហម ពីព្រោះនៅក្នុងភូមិខ្ញុំ មានយន្តហោះហោះមកក្រវែល អ្នកភូមិមានការភ័យខ្លាចក៏នាំគ្នារត់តាម​ខ្មែរក្រហមមកដល់ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានជួបកងទ័ពវៀតណាម។ កងទ័ពវៀតណាមបានប្រាប់អ្នកភូមិឱ្យ​ត្រឡប់​មកស្រុកកំណើតវិញ។ ពេលមកដល់ស្រុកកំណើតទើបខ្ញុំបានចូលរៀនសូត្រ។ នៅឆ្នាំ១៩៩៧ ខ្ញុំបានរៀនចប់ និងចេញធ្វើគ្រូ​ឯក​ទេសភូមិ-ប្រវត្តិនៅអនុវិទ្យាល័យបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅឆ្នាំ២០០៨ ខ្ញុំបានផ្លាស់មកបង្រៀននៅអនុវិទ្យាល័យហ៊ុនសែន ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់វិញ៕

ឡុង ដានី៖ មជ្ឈមណ្ឌលផ្សះផ្សាវាលវែង


[1] ផេង ពង្សរ៉ាស៊ី ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ​ (១៩៧៥ ១៩៧៩) បោះពុម្ពលើកទី២នៅភ្នំពេញ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា​២០២០ ទីព័រ ៤៤​-៤៥។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ​ឈ្មោះ ខួច ធី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ (PTI0195)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin