ស្ទើរត្រូវឈ្លបខ្មែរក្រហមសម្លាប់

ឃុន សន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។

(ខេត្តព្រៃវែង) ឃុន​ សន មានអាយុ៦៩ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង​។​ កាលពីកុមារភាព សន រៀនសូត្របានតិចតួចដោយសារតែគ្រួសារមានជីវភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។

សន បានរៀបរាប់ពីដំណើរជីវិតអតីត​កាល​ប្រាប់ដល់អ្នកស្ម័គ្រ​ចិត្តកម្ពុជាថា ការរស់នៅ​របស់គាត់ និងប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកតាំងពីរបប លន់ នល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ពីតំណែង។ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យប្រទេសជាតិមានសង្គ្រាមស៊ីវិល និងការទម្លាក់គ្រាប់បែក ប៉ុន្តែគ្រួសាររបស់សន បានរស់នៅជួបជុំគ្នា។

នៅពេលដែលខ្មែរក្រហមចូលគ្រប់​គ្រងប្រទេសនៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យប្រមូលទ្រព្យសម្បត្តិ, សម្ភារប្រើប្រាស់ និងសត្វពាហនៈដាក់ក្នុងសហករណ៍។ អង្គការតម្រូវឲ្យគ្រួសាររបស់សន រស់នៅរួម, ធ្វើការរួម និងហូបអាហារ​រួមក្នុងរោងបាយសហករណ៍។ សន មានអាយុប្រហែល​២០ឆ្នាំ ត្រូវកងឈ្លបប្រើឲ្យធ្វើការងារក្នុងកងចល័ត​នារីឃុំ។ ការងាររបស់សន រួមមាន ធ្វើស្រែ, ជីក និងរែកដី ​ធ្វើប្រព័ន្ធភ្លឺស្រែ, ទំនប់ ប្រឡាយជាដើម។ សន ត្រូវចល័តពីតំបន់មួយទៅតំបន់មួយ ក្នុងស្រុកព្រះ​ស្តេច ក៏ដូចជានៅតាមទំនប់ក្នុងតំបន់កំពង់ថ្នល់ និងដើមពោធិ៍ សុទ្ធតែគាត់ធ្លាប់លើក។

សន ទទួលបានបបរ ចំនួនពីរវែកក្នុងមួយថ្ងៃសម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្នុងរបបនោះដែរ សន ត្រូវ​បានកងឈ្លបសម្លុតគំរាមនៅពេលសួរនាំរឿងរបបអាហារ និងធ្វើការមិនគ្រប់តាមផែនការដែលអង្គការបានកំណត់។  ​

នៅសម័យខ្មែរក្រហមរឿងរ៉ាវដែល សន ចងចាំមិនអាចបំភ្លេចបាន គឺអង្គការមានគម្រោងចង់សម្លាប់គាត់ ប៉ុន្តែសំណាងល្អ សន បានដឹងដំណឹង​មុន ក៏រត់គេចទៅ​តំបន់ដីក្រហម ក្បែរអ្នកលឿង ខេត្តព្រៃវែង។ សន រស់នៅទីនោះបានមួយរយៈ របបខ្មែរក្រហមបានដួលរលំ​។ សន ក៏ធ្លាប់ឃើញកងឈ្លបបោកសម្លាប់កូនអ្នកភូមិនឹងគល់ត្នោតយ៉ាងសាហាវ។

នៅឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហម​ដួលរលំ សន បានធ្វើដំណើរដោយថ្មើរជើងត្រលប់ពីតំបន់ដីក្រហម មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន សន មានសុខភាពល្អ គ្មានជំងឺអ្វីធ្ងន់ធ្ងរទេ ហើយគាត់ក៏មិនធ្លាប់ទៅពិគ្រោះ និងពិនិត្យសុខភាពនៅមណ្ឌលសុខភាពនោះដែរ៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin