អតីតនារីពេទ្យប្រចាំតំបន់ក្រចេះ (៥០៥)

នៅក្នុងរបបខ្មែរក្រហម (១៩៧៥ -១៩៧៩) គឹម ឡៃ[1] គឺជានារីពេទ្យប្រចាំតំបន់ក្រចេះ(៥០៥)។ គឹម ឡៃ មានតួនាទីជាអ្នកពិនិត្យជំងឺផ្នែកទូទៅ និងជាឆ្មបសម្រាលកូនជូនប្រជាជននាសម័យនោះ។ គឹម ឡៃ បានរៀបរាប់អំពីរឿងរ៉ាវដែលខ្លួនធ្លាប់បានឆ្លងកាត់ នឹងបទពិសោធន៍ជានារីពេទ្យដូចតទៅ។
គឹម ឡៃ ភេទស្រី អាយុ៦៦ឆ្នាំ ប្រកបរបរធ្វើចម្ការ មានស្រុកកំណើតស្ថិតនៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្ននេះ ឡៃ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មានឪពុកឈ្មោះ គង់ គឹម ចំណែកម្ដាយឈ្មោះ ប៉ាន់ សាមីន មានបងប្អូនចំនួន២នាក់នៅក្នុងនោះមានស្រីម្នាក់។ ប្ដីរបស់ ឡៃ ឈ្មោះ ជ័យ សារី អាយុ៦៩ឆ្នាំ មានកូនចំនួន៥នាក់ នៅក្នុងនោះមានស្រីចំនួន២នាក់។
នៅវ័យកុមារ ឡៃ រស់នៅជាមួយឪពុកម្ដាយនៅក្នុងខេត្តក្រចេះ គ្រួសារប្រកបរបរធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត។ ឡៃ បានរៀនសូត្រត្រឹមថ្នាក់ទី១០ ប៉ុណ្ណោះកាលពីសង្គមចាស់ ស្មើរនឹងថ្នាក់ទី៣នាពេលបច្ចុប្បន្ននេះនៅសាលាភូមិថ្មគ្រែ។ នៅឆ្នាំ១៩៦៩ ឡៃ ឈប់រៀន និងត្រឡប់មកជួយកិច្ចការងារផ្ទះជាមួយឪពុកម្ដាយវិញ។
នៅក្នុងឆ្នាំ១៩៧០ សេនាប្រមុខ លន់ លន់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ស្របពេលនោះ ឡៃ មានអាយុ១២ ត្រូវបានកងទ័ពខ្មែរក្រហមជ្រើសរើសចូលក្រុមសហគមន៍នារី។ ឡៃ ត្រូវបានឃ្លាតឆ្ងាយពីគ្រួសារ ទៅរស់នៅតាមសមាគមន៍នារីក្មេងៗ។ នៅក្នុងឆ្នាំ១៩៧៣ ឡៃ មានអាយុ១៥ឆ្នាំ ខ្មែរក្រហមបានផ្លាស់ឲ្យ ឡៃ ចូលក្នុងក្រុមអង្គភាពស្រុកនៅក្នុងខេត្តក្រចេះ។ នៅក្នុងអង្គភាពស្រុកខ្មែរក្រហមបានប្រើ ឡៃ ធ្វើស្រែប្រាំងនៅភូមិអូរឫស្សី ខេត្តក្រចេះ។ ក្រោយមកក៏មានការជ្រើសរើសចូលជាសមាជិកពេទ្យតំបន់ ឡៃ បានផ្លាស់ចូលជាសមាជិកអង្គភាពពេទ្យតំបន់៥០៥ (ខេត្តក្រចេះ)។ ចូលដំបូងខ្មែរក្រហមបានឲ្យ ឡៃ ទៅសិក្សារៀនសូត្រវិជ្ជាជីវៈផ្នែកពេទ្យបន្ថែមនៅរាជធានីភ្នំពេញ បានរៀនត្រឹមពេទ្យមធ្យមទី១ប៉ុណ្ណោះដែលមានរយៈពេល២ខែ សិក្សាអំពីការពិនិត្យមើលចង្វាក់បេះដូង ពិនិត្យមើលសួត សឹក្សាអំពីរបៀបសម្រាលកូន រៀនអំពីទ្រឹស្ដីបណ្តើរ និងអនុវត្តបណ្ដើរ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយបែកទីក្រុងភ្នំពេញ ប្រជាជនបានអបអរសារទ នឹងជ័យរបស់ ប៉ុល ពត យ៉ាងខ្លាំងដែលបានរំដោះប្រជាជនចេញពីភ្លើងសង្គ្រាម ប្រជាជនទាំងអស់មានអារម្មណ៍សប្បាយរីករាយ ព្រោះគិតថាខ្លួនរួចផុតពីរសង្គ្រាមហើយ ប៉ុន្តែការសប្បាយរបស់ប្រជាជនមិនបានប៉ុន្មាន ក៏ត្រូវបានកងទ័ពខ្មែរក្រហមជម្លៀសប្រជាជនដែលរស់នៅទីក្រុងទាំងអស់ ឲ្យទៅរស់នៅតាមជនបទ ហើយកងទ័ពរបស់ខ្មែរក្រហមបានប្រាប់ហេតុផលនៃការជម្លៀសចេញដល់ប្រជាជនថា ខ្លាចទាហានរបស់សហរដ្ឋអាមេរិកមកទម្លាក់គ្រាប់បែកទៀត និងខ្លាចប្រជាជនរស់នៅគ្មានអាហារហូបចុកគ្រប់គ្រាន់។ តែការពិតខ្មែរក្រហមជម្លៀសប្រជាជនឲ្យទៅរស់នៅតាមជនបទនិងធ្វើការងាររួមគ្នា ហូបរួបគ្នា ស្នាក់នៅកន្លែងរួមគ្នា មិនមានអ្វីមួយដែលជារបស់របរផ្ទាល់ខ្លួនទៀតឡើយ។ ចំណែក ឡៃ ខ្មែរក្រហមបានចាត់តាំងឲ្យធ្វើជាពេទ្យប្រចាំនៅតំបន់៥០៥ដដែល សម្រាប់អាហារហូបចុកដំបូងមិនសូវជាខ្វះខាតប៉ុន្មានទេមានហូបគ្រប់គ្រាន់ ក្នុងមួយថ្ងៃទទួលបានរបបអាហារ៣ពេល។ បន្ទាប់មក ឡៃ បាន ប្ដូរពីពេទ្យព្យាបាលជំងឺទូទៅ មកជាពេទ្យឆ្មបវិញ រៀងរាល់ព្រឹក ឡៃ និងគ្រូពេទ្យផ្សេងទៀតបានបែងចែកការងារជាពីក្រុម មានក្រុមអ្នកសម្អាតនៅខាងក្នុងមន្ទីរពេទ្យ និងមានអ្នកស្រោចទឹកបន្លែ។ នៅប្រហែលម៉ោង៧ព្រឹក ឡៃ ត្រូវចាប់ផ្ដើមស្ងោរសារាំង ដើម្បីកុំឲ្យឆ្លងមេរោគដល់អ្នកជំងឺ ពីព្រោះពេទ្យសម័យខ្មែរក្រហមគ្មានសម្ភារប្រើប្រាស់គ្រប់គ្រាន់ទេ ។ ករណីមានអ្នកជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ បញ្ជូនទៅតាមរយៈកាណូត កប៉ាល់ មិនអាចធ្វើដំណើរតាមផ្លូវគោកបានទេ ពីព្រោះនៅក្នុងសម័យសាធារណរដ្ឋខ្មែរសង្គ្រាមបានធ្វើឲ្យខូចខាតផ្លូវថ្នល់ ស្ពាន យ៉ាងច្រើន ទើបមិនអាចបញ្ជូនអ្នកជំងឺតាមផ្លូវគោកបាន។ សម្រាប់សម្លៀកបំពាក់វិញត្រូវ ពាក់អាវពណ៌ស ខោពណ៌ខ្មៅ បើមិនស្លៀកពាក់តាមហ្នឹង គឺខុសនឹងក្បួនវិន័យរបស់ពេទ្យ។ ក្រុមគ្រូពេទ្យដែលមានចំណេះដឹងជ្រៅជ្រះ គឺត្រូវបានខ្មែរក្រហមប្រមូលយកទៅធ្វើពលកម្មអស់ហើយ ទុកតែអ្នកដែលមិនមានវិជ្ជាជីវៈច្បាស់ឲ្យព្យាបាលជំងឺដល់ប្រជាជន។ ចំណែកប្រធានពេទ្យគឺត្រូវខ្មែរក្រហមយកទៅដាក់នៅគុក ឬក៏យកទៅកសាង(សម្លាប់) ជាដើម។
នៅក្នុងឆ្នាំ១៩៧៦-១៩៧៨ ខ្មែរក្រហមបានឲ្យពេទ្យមួយចំនួនចុះទៅតាមសហករណ៍ ដើម្បីរកបន្លែយកមកផ្គត់ផ្គង់នៅក្នុងអង្គភាពមន្ទីរពេទ្យ និងអ្នកជំងឺដែលសម្រាកនៅក្នុងមន្ទីរពេទ្យ រាល់ពេលចុះទៅម្ដងៗ ឡៃ មានអារម្មណ៍អាណិតដល់ប្រជាជនជាខ្លាំង មានសភាព ស្លេកស្លាំង គ្មានកម្លាំងនៅក្នុងខ្លួន ស្គមស្គាំង។ ប្រជាជនខិតខំធ្វើការងារខ្លាំងណាស់មិនហ៊ានឈប់សម្រាកទេ ហើយក្នុងមួយឆ្នាំៗប្រមូលផលស្រូវទទួលបានរាប់តោន តែមិនឲ្យប្រជាជនហូបគ្រប់គ្រាន់ឡើយ។ ចំណែកម្ដាយឪពុក ឡៃ ត្រូវបានខ្មែរក្រហមចាត់ឲ្យដាំបាយធ្វើម្ហូបនៅក្នុងមន្ទីរកុមារ រីឯជីដូនចាស់របស់ ឡៃ ត្រូវនៅផ្ទះម្នាក់ឯងគ្មាននរណាមើលថែ គាត់ចាស់ជរាហើយថែមទាំងវង្វេងទៀត ខ្មែរក្រហមមិនប្រើឲ្យគាត់ធ្វើការងារអ្វីទេ ពីព្រោះគាត់ចាស់ ចំណែករបបអាហារជីដូនរបស់ ឡៃ មិនដែលទទួលបានទាល់តែសោះ ពីព្រោះខ្មែរក្រហមបានប្រាប់ថាអ្នកដែលធ្វើការងារមិនកើត គឺមិនទទួលបានរបបអាហារឡើយ ម្ដាយរបស់ ឡៃ តែងតែលួចយកបាយឲ្យហូបជាប្រចាំ។
នៅក្នុងឆ្នាំ១៩៧៩ នៅពេលកងទ័ពរបស់វៀតណាមចូលមករំដោះខេត្តក្រចេះ ឡៃ បានរត់ទៅរស់នៅលើភ្នំជីជាមួយប្រជាជនជាច្រើននាក់។ នៅពេលដែលកងទ័ពរបស់វៀតណាមវាយចូលស្ទើរគ្រប់ជ្រុង ខ្មែរក្រហមបានត្រូវការកម្លាំងពេទ្យជាច្រើននាក់ សម្រាប់ជួយព្យាបាលកងទ័ពដែលត្រូវរបួស។ ស្របពេលកងទ័ពវៀតចូលមកកាន់តែខ្លាំង ពេទ្យមួយចំនួនបាននាំគ្នាទៅកាន់ស្រុកភូមិកំណើត ព្រមទាំងបបួល ឡៃ រត់ទៅជាមួយគ្នាផងដែរ។ ប៉ុន្តែ ឡៃ មិនហ៊ានពីព្រោះខ្លាចកងទ័ពវៀតណាមចាប់បានយកទៅអាករសម្លាប់ចោល។ មុនពេលវៀតណាមចូលមកដល់ខេត្តក្រចេះ ខ្មែរក្រហមបានប្រកាសប្រាប់ប្រជាជនថា កងទ័ពវៀតណាមចូលមកនឹងចាប់ប្រជាជនយកទៅអារកសម្លាប់ចោល ឡៃ បានឮដូច្នេះមិនហ៊ានត្រឡប់ចូលស្រុកវិញឡើយ។ នៅចុងឆ្នាំ១៩៧៩ កងកម្លាំងរបស់ខ្មែរក្រហមបានវាយប្រយុទ្ធជាមួយកងទ័ពវៀតណាមនៅលើភ្នំដងរែក។ ឡៃ នឹងសមាជិកពេទ្យចំនួន៤០០នាក់ បានឡើងទៅជាមួយ ដើម្បីព្យាបាលកងទ័ពដែលរងរបួសក្នុងសមរភូមិកងពល៦១២ គ្រប់គ្រងដោយ តាឈាន និង តាហឿន។ ឡៃ រស់នៅលើភ្នំដងរែកគ្មានអាហារហូបចុកទេ មានតែជីកមើមក្ដួច មើមដំឡូងព្រៃយកមកហូបជំនួសបាយតែប៉ុណ្ណោះ។ ក្រុមពេទ្យនារីៗចំនួន៦នាក់បានស្លាប់ដោយសារហូបបបរត្រាវជូរ ។ នៅក្នុងឆ្នាំ១៩៨០ កងពល៦១២ វាយជាមួយកងទ័ពវៀតណាមតាមព្រំដែននៅម្ដុំភ្នំខ្មោចស្រុកវាលវែង ចំនួនក្រុមគ្រូពេទ្យដែលមកជាមួយកងទ័ពកាន់តែខ្សត់ខ្សោយទៅៗ គ្មានអាហារហូបចុក ស្លាប់អស់ជាច្រើននាក់។ នៅក្នុងឆ្នាំ១៩៨២ ក្រុមពេទ្យនារីបានធ្វើដំណើរទៅកាន់តំបន់អន្លង់វែង ខេត្តបន្ទាយមានជ័យ ក្រោយពេលទៅដល់ទីនោះទើបមានបាយហូបគ្រប់គ្រាន់។
នៅក្នុងឆ្នាំ១៩៨៣ ឡៃ ត្រូវបានខ្មែរក្រហមផ្សំផ្គុំឲ្យមានគ្រួសារ ប៉ុន្តែមិនមានការបង្ខិតបង្ខំអ្វីទេស្ម័គ្រចិត្តរៀបការដោយខ្លួនឯង រៀបការមានចំនួន៥គូ ចាស់ៗគាត់រៀបចំសែនព្រេន ដើម្បីឲ្យជីដូនជីតាបានដឹងឮ ។ ក្រោយពេលរៀបការរួច ប្ដីរបស់ ឡៃ ត្រូវបានចាត់តាំងឲ្យវាយជាមួយកងទ័ពវៀតណាមបន្តទៀតទុកឲ្យ ឡៃ រស់នៅមានផ្ទៃពោះម្នាក់ឯង ក្រោយពេលសម្រាលកូនបានរយៈពេល៣ ខែទើបជួបជាមួយប្ដីមកលេងផ្ទះបានរយៈពេលមួយសប្តាហ៍ក៏ត្រឡប់ចូលសមរភូមិវិញ។ រយៈពេលជាង២ឆ្នាំក្រោយមក ទើបប្ដី ឡៃ ត្រឡប់មកលេងប្រពន្ធកូនម្ដងទៀត។ ពេលកងទ័ពរបស់វៀតណាមវាយកាន់តែខ្លាំង ឡៃ បាននាំកូនទៅរស់នៅព្រំដែនថៃនៅក្នុងជំរំសាយខេ លុះដល់ប្រទេសកម្ពុជាទទួលបានសមាហរណកម្មទើប ឡៃ ត្រឡប់ចូលមករស់នៅក្នុងប្រទេសកម្ពុជាវិញ។ នៅឆ្នាំ១៩៩៨ ឡៃ បានផ្លាស់មករស់នៅក្នុងភូមិប្រម៉ោយ ស្រុកវាលវែងនេះ។ រស់នៅក្នុងភូមិប្រម៉ោយដំបូងពោរពេញទៅដោយព្រៃ និងមីនគ្មានប្រជាជនច្រើនទេ។ ឡៃ និងក្រុមគ្រួសារប្រកបរបរធ្វើចម្ការ រហូតមកដល់បច្ចុប្បន្ននេះ។
រឿងរ៉ាវទាំងអស់នេះហើយដែលធ្វើឲ្យ ឡៃ ចងចាំមិនភ្លេច ហើយថែមទាំងចែករំលែកប្រាប់ដល់កូនចៅជំនាន់ក្រោយឲ្យខិតខំរៀនសូត្រនិងជួយទប់ស្កាត់កុំឲ្យរបបមួយនេះវិលមកវិញម្ដងទៀត៕
ដោយ ឡាំ ស្រីនីត
[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ឈ្មោះ គឹម ឡៃ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១ (PTI0064)។