កងពល៥០២ កងទ័ពអាកាស

កងពល៥០២ គឺជាកងទ័ពអាកាស ដែលដំបូងឡើយគឺជាកងពលមួយរបស់ភូមិភាគនិរតី ស្ថិតក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ បន្ទាប់មកនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ កងពលនេះបានក្លាយជាកងពលមជ្ឈិម។ មេបញ្ជការកងពល៥០២គឺឈ្មោះ ស៊ូ ម៉េត ដែលជាសមាជិកមួយរូបផងដែរនៅក្នុងសេនាធិការ។ កងពលនេះទទួលខុសត្រូវលើការសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង[1]។  នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ គណៈកងពល៥០២ ដោយមានចុះហត្ថលេខាឈ្មោះ ម៉េត បានឱ្យដឹងថាកងពល៥០២ មានវរសេនាធំ ១៧ មានចំនួន១៤៥៩នាក់,វរសេនាធំ ១៥៤ មានចំនួន១៨៦៥, វរសេនាតូច ១៣៥ មានចំនួន ៥២១, វរសេនាតូច១៣៦ មានចំនួន៣៤០នាក់, មន្ទីរ ក.ព ចំនួន១៤០នាក់,សេដ្ឋកិច្ច ក.ព ចំនួន៣៥៨នាក់, អ.កុមារ ចំនួន២៦១នាក់, អ.ពេទ្យ ក.ព ចំនួន៧០នាក់ និង អ.ពិការ ចំនួន៩៧នាក់។ សរុបមានចំនួន៥.១១១នាក់ក្នុងនោះស្រីចំនួន៦០៨នាក់[2]។ នៅក្នុងខែមីនា ឆ្នាំ១៩៧៧ កងពល៥០២ មានកងទ័ពចំនួន៥.៥៤៣នាក់[3]។ កងទ័ពបដិវត្តន៍កម្ពុជានេះកកើតពីប្រភពនៃកម្មករ កសិករ ពីប្រភពនៃប្រជាជនជាវណ្ណៈក្រីក្រ ជាវណ្ណៈមូលដ្ឋាន[4]

គឹម នាង[5] យុទ្ធជនមន្ទីរកងពល៥០២ មានស្រុកកំណើតនៅភូមិចានទឹក ឃុំកំពង់រាប ស្រុកព្រៃកប្បាស តំបន់៣៣។ គឹម នាង បានរៀនត្រឹមថ្នាក់ទី១០បន្ទាប់មកបានបួសជាសង្ឃ។ ក្រោយពីបួសបានរយៈពេល៣ឆ្នាំ គឹម នាង សឹកមកជួយធ្វើស្រែម្ដាយដោយសារឪពុកស្លាប់។ ឆ្នាំ១៩៧២ គឹម នាង ចូលបដិវត្តន៍ទ័ពតំបន់២៥។ ពីឆ្នាំ១៩៧៤ដល់ឆ្នាំ១៩៧៥ ជាយុទ្ធជនកាន់តេអូ វរសេនាតូច១៥៣ កងពល១១។ ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៧ គឹម នាង មានតួនាទីកាន់ទូរសព្ទ នៅពោធិ៍ចិនតុង អង្គភាព៥០២ និង កាន់ឃ្លាំងសម្ភារកងទ័ព។

ស្រេង ធី[6] រស់នៅស្រុកស្អាង ខេត្តកណ្ដាល។ ស្រេង ធី បានលើកឡើងថា«នៅឆ្នាំ១៩៧៣ ខ្ញុំចូលខាងកងទ័ពរំដោះស្រុក២០ (ស្រុកស្អាង)។ ខ្ញុំចូលបានរយៈពេល៤ទៅ៥ខែខ្ញុំចូលខាងភូមិភាគពិសេស។ កាលនោះកងពលពិសេសមានចំនួន៣ កងពលគឺមានកងពល១១, កងពល១២ គ្រប់គ្រងដោយតាណាតដែលខ្ញុំនៅក្នុងកងពលនេះ, ចំណែកកងពលមួយទៀតខ្ញុំមិនចាំជាកងពលលេខប៉ុន្មានទេក៏ផ្លាស់ទៅ» នៅខែមិថុនា ឆ្នាំ១៩៧៤ ក្នុងពេលដែលប្រកាសកងវរសេនាធំលេខ២៦៧ ទៅជាកងពលលេខ១២ ណាត បានឡើងធ្វើជាលេខាកងពល។[7] ក្រោយមកក៏រំសាយកងពល១១ ខ្ញុំចូល៥០២ កងវរសេនា១៣២ ដែលជាកងទ័ពអាកាស។ ខ្ញុំមកកងទ័ពអាកាសបានរយៈពេលខ្លីបានផ្លាស់មកនៅឆត្រយោង។  ខ្ញុំមានតួនាទីជាប្រធានក្រុមកាំភ្លើងធំការពារដែនអាកាស។ កាំភ្លើងធំការពារដែនអាកាសមានកងពល១២ មាន៣វរសេនាធំគឺ ១៣២, ១៣៦ និង១២៨ ដែលមានប្រធានកងពល៥០២ ឈ្មោះ តាម៉េត និង តាលវ៉ៃ គឺជាអនុកងពល[8]

សុក ឆាយ[9] មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សុក ឆាយ គឺជាកងទ័ពអាកាស៥០២ រំឭកថា«ខ្ញុំរៀននៅសាលាបច្ចេកទេសឫស្សីកែវ ខាងអគ្គិសនី។ ខ្ញុំចូលបដិវត្តន៍នៅឆ្នាំ១៩៦៨ ខាងឆ្វេងនិយមខ្ញុំចង់ឱ្យប្រទេសមិនមានរបបខ្ពស់ទាបគឺស្មើគ្នានិងរួចផុតពីរបបជិះជាន់។ ខ្ញុំអ្នកតស៊ូសម្ងាត់នៅភ្នំពេញធ្វើលិខិតប័ណ្ណបាចប្រឆាំងនឹងរបប លន់ នល់ ហើយខ្ញុំក៏ត្រូវគេចាប់ដាក់គុក។ រហូតដល់រដ្ឋប្រហារ លន់ នល់ ឆ្នាំ១៩៧០ បានគេដោះលែងអ្នកជាប់គុកទាំងអស់រួមទាំងអ្នកជាប់គុកអស់មួយជីវិតក៏ដោះលែងដែរ។ ក្រោយពេលចេញពីគុកខ្ញុំមានខ្សែរយៈដែលនៅរក្សាទំនាក់ទំនងគ្នារហូតបាននាំខ្ញុំចេញតាមពញាឮ ឡើងទៅខេត្តកំពង់ឆ្នាំងភូមិភាគពិសេសនៅឆ្នាំ១៩៧០។ ទៅដល់ទីនោះខ្ញុំជួប តាម៉ុក​ គាត់ដឹងថាខ្ញុំចេះខាងអគ្គិសនីនិងវិទ្យុគាត់បានចាត់តាំងខ្ញុំចូលរៀនខាងវិទ្យុទាក់ទង។ មុនដំបូងភូមិភាគពិសេសក្រោមការគ្រប់គ្រងរបស់ វន វ៉េត។ វន វ៉េត បានបញ្ជូនខ្ញុំទៅរៀន សាលាភូមិភាគនិរតី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ រៀនបានរយៈពេលមួយឆ្នាំដល់ឆ្នាំ១៩៧១ ខ្ញុំកាន់ខាងតេអូ នៅកងពលទី១ ក្រោមការដឹកនាំរបស់ពេទ្យ សឿន គឺជាស្នងការ ហើយ ស៊ូ ម៉េត គឺជាអនុមេបញ្ជាការ។    កាលនោះកងពលទី១មានមុខសញ្ញាខាងឧដុង្គមួយជួរនោះរហូតដល់កំពង់ឆ្នាំង។

ពេលវាយចូលភ្នំពេញមុខសញ្ញាខ្ញុំវាយពោធិ៍ចិនតុងវាយកាត់មកម្ដុំបឹងប្រយ៉ាប មួយជួរកណ្ដុរដុំស្ទឹងមានជ័យ។ កងពលទី១ខ្ញុំឈរជើងនៅពោធិ៍ចិនតុង ដែលមាន ស៊ូ ម៉េត គឺជាអ្នកគ្រប់គ្រង។ កាលនោះកងទ័ពចែកចេញជាពីរក្រុមមួយនៅពោធិ៍ចិនតុង និងមួយទៀតនៅបន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង។ តមកទៀតខ្ញុំនៅកងទ័ពអាកាសពោធិ៍ចិនតុង ខាងគ្រប់គ្រងព្រលានយន្តហោះ ក្រោមការដឹកនាំរបស់ ស៊ូ ម៉េត។ ខ្ញុំកាន់កន្លែងវិទ្យុយន្តហោះ ទទួលមួយវរសេនាតូចមានគ្នាចំនួន៣០០នាក់។ កាលនោះយើងមានយន្តហោះយោធាមានបណ្ដេញនិង ទម្លាក់គ្រាប់បែក។

ឈាន ជួ មានស្រុកកំណើតនៅខេត្តព្រៃវែង បានលើកឡើងថា «ខ្ញុំនៅក្នុងកងពលទី១ដែលមានទ័ពប្រមាណ ៥០០០ ទៅចំនួន១០០០០នាក់ ដែលមានពេទ្យសឿង ឬតាសឿង គឺជាប្រធានកងពល និងតាសានគឺជាអនុកងពល។ ខ្ញុំនៅកងវរសេនាតូចលេខ១២០ មានគ្នាចំនួនប្រមាណ៣០០នាក់។ អង្គភាពខ្ញុំឈរជើងចាប់ពីគគីរ កំពង់ហ្លួង ឧដុង្គ រហូតដល់ស្ពានសេដ្ឋា កៀកក្រុងភ្នំពេញនិងចល័តចុះឡើងនៅសមរភូមិ។ ក្រោយជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពលទី១ ត្រូវបានផ្លាស់មកឈរជើងនៅលង្វែកទាំងអស់ហើយកម្លាំងមួយចំនួនត្រូវបានបំបែកនិងបញ្ជូនទៅទ័ពអាកាស៥០២ ដែលដឹកនាំដោយ ស៊ូ ម៉េត។ កងពលខ្ញុំមិនបានកាត់ចូលក្នុងទ័ពអាកាសនោះទេព្រោះអង្គការបានកំណត់យកត្រឹមវរសេនាធំ ប៉ុណ្ណោះ។[10]

កងពលមជ្ឈិម៥០២នៃកងទ័ពបដិវត្តន៍កម្ពុជាត្រួតត្រាការដ្ឋានសាងសង់ព្រលានយន្តហោះយោធា ខេត្តកំពង់ឆ្នាំង ហើយទីនេះត្រូវបានប្រើប្រាស់ដើម្បីបោសម្អាត និងលត់ដំសមាជិកកងទ័ពបដិវត្តន៍កម្ពុជាមកពីកងពលផ្សេងៗទៀត ដែលត្រូវបានចាត់ទុកថាជា«សមាសភាពមិនល្អ»។​[11]

សរសេរដោយ ដារ៉ារដ្ឋ មេត្តា


ឯកសារយោង

[1] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ៤៥៣។

[2] ឯកសារ L01071 «កងទ័ពបដិវត្តន៍កម្ពុជា» កងពល៥០២។

[3] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ៤៥៤។

[4] ឯកសារD21424«សុន្ទរកថារបស់សមមិត្តលេខា នៃមជ្ឈិមបក្សកុម្មុយនីសកម្ពុជា ក្នុងឱកាសមហាមីទីញ ទទួលអំណរខួបទី១០ នៃកំណើតកងទ័ពបដិវត្តកម្ពុជា ១៧.១.១៩៧៨» ទង់បដិវត្ត លេខ២, ខែកុម្ភៈ, ឆ្នាំ១៩៧៨,គ្មានទំព័រ។

[5] ឯកសារ D14651, គ្មានទំព័រ។

[6] ស្រេង ធី. បទសម្ភាសន៍ដោយ ផាន់ សុផា និង អៀ មេងទ្រី. គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ(Promoting Accountability Project). (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៣). មជ្ឈមណ្ឌលឯកសារកម្ពុជា. កណ្ដាល KDI0453.

[7] ហ៊ុយ វណ្ណៈ,២០០៣.«សេនាធិការកងទ័ព» កងពលខ្មែរក្រហម៧០៣ ពីជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង,ប្រែសម្រួលដោយ ព្រំ ផល្លា និង ទេព ម៉េងឃាន,ទំព័រ៦១.ភ្នំពេញ:មជ្ឈមណ្ឌលឯកសារកម្ពុជា.

[8] ស្រេង ធី. បទសម្ភាសន៍ដោយ ផាន់ សុផា និង អៀង មេងទ្រី. គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ(Promoting Accountability Project). (ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៣). មជ្ឈមណ្ឌលឯកសារកម្ពុជា. កណ្ដាល KDI0453.

[9]សុខ ឆាយ. បទសម្ភាសន៍ដោយ ផាត កុសល. គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ(Promoting Accountability Project). (ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២). មជ្ឈមណ្ឌលឯកសារកម្ពុជា. ឧត្ដរមានជ័យ OMI0043.

[10] ឡុង អូន.២០២១. «ឈាង ជួ ៖វរសេនាតូច១២០ កងពលទី១ » ទស្សនាវដ្ដីស្វែងរកការពិត,លេខ២៥៧(ខែឧសភា):១០-១១.

https://www.dccam.org/wp-content/uploads/03_Healing/Public_Outreach/Magazine/Khmer_Version/PDF/Issue257.pdf

[11] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ ទំព័រ ១៥០៩។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin