គ្មានស្បែកជើងពាក់នៅរបបខ្មែរក្រហម

គឹម សុភី រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ គឹម សុភី ភេទស្រី មានអាយុ ៦១ឆ្នាំ។ សុភី មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុភី មានឪពុកឈ្មោះ ស៊ីវ លីញ, ម្ដាយឈ្មោះ ម៉ន ស៊ឹម និងមានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។

នៅរបបខ្មែរក្រហមឆ្នាំ១៩៧៥ ប្រជាជននៅស្រុកព្រៃកប្បាស ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងសហករណ៍។ សុភី ធ្វើការក្នុងកងកុមារ ដោយធ្វើពលកម្មហួសកម្លាំង ដូចជាដើរប្រមូលលាមកគោ និងលាមកមនុស្ស។ ក្នុងមួយព្រឹក សុភី ត្រូវដើរប្រមូលលាមកឲ្យបានមួយបង្គី។ កុមារណាដែលប្រមូលមិនបានតាមការកំណត់ ឬធ្វើខុសគោលការណ៍ នឹងត្រូវខ្មែរក្រហមយកទៅកសាង។ មេកងកុមារគំរាមសុភីថា៖ «កសាងកសេះ កអត់តម្រិះចូលមន្ទីរ-ង (ងាប់)» មានន័យថា ប្រសិនបើខ្មែរក្រហមកសាងច្រើនដង នោះនឹងត្រូវយកទៅសម្លាប់។ សុភី ឮថា មនុស្សជាច្រើន ត្រូវបានខ្មែរក្រហមកាប់សម្លាប់នៅស្រែឫស្សី។

បន្ទាប់ពីធ្វើការក្នុងកងកុមារភូមិ សុភី ត្រូវបន្តធ្វើការក្នុងកងកុមារឃុំ នៅព្រៃកក់រយៈជាង២០ថ្ងៃក្នុងមួយខែ ដោយគ្មានស្បែកជើងពាក់ សូម្បីតែស្បែកជើងកង់ឡាន ហើយគាត់ត្រូវដេកចងមុងតាមវាលស្រែ។ ក្នុងមុងមួយ មានមនុស្សដេក៨នាក់។ ចំណែករយៈពេល១០ថ្ងៃទៀត សុភីត្រូវរៀននៅមន្ទីរ ដូចជារៀនដកស្ទូងជាដើម។ សុភី ថាគាត់ត្រូវធ្វើការគ្មានពេលសម្រាក និងហូបចុកមិនគ្រប់គ្រាន់។ នៅកងកុមារ ខ្មែរក្រហមចែកអង្ករតែបួនកំប៉ុងទឹកដោះគោប៉ុណ្ណោះ សម្រាប់ដាំបបរឲ្យមនុស្ស៤០នាក់ហូបក្នុងមួយពេល។

នៅឆ្នាំ១៩៧៩ ពេលរបបខ្មែរក្រហមដួលរលំ សុភី បានត្រលប់ទៅផ្ទះជួបជុំឪពុកម្ដាយ និងបងប្អូន។ សុភី ចងចាំថា របបខ្មែរក្រហម មិនអនុញ្ញាតឲ្យក្មេងៗមកលេង ឬស្គាល់ឪពុកម្ដាយនោះទេ។

នៅឆ្នាំ១៩៨៤ សុភី រៀបការជាមួយប្តីឈ្មោះ វ៉ាន់ ធី និងមានកូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅឆ្នាំដដែល សុភី បានមករស់នៅភូមិអូរស្វាយ ដោយប្រកបរបរធ្វើស្រែចម្ការប្រវាស់ដៃ និងនេសាទ។ សព្វថ្ងៃ សុភី នៅផ្ទះដាំបន្លែ និងមើលចៅ។ ចំពោះការនេសាទ សុភី លើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ, ការនេសាទខុសច្បាប់ និងការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងបាត់បង់ធនធានធម្មជាតិ ជាពិសេសធនធានត្រីដែលធ្លាប់សម្បូរពីមុនមក៕

សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin