កង បឿន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្ញុំឈ្មោះកង បឿន ភេទប្រុស អាយុ ៧៤ឆ្នាំ កើតក្នុងឆ្នាំ ១៩៥០។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុង ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សូរ ងឹន (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ លាន (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ក្នុងនោះស្លាប់៣នាក់។ កាលពីកុមារ ខ្ញុំបានចូលរៀនត្រឹមថ្នាក់ទី៨ នៅសម័យសង្គមរាស្ត្រនិយម។ ខ្ញុំត្រូវឈប់រៀនព្រោះតែជីវភាពក្រីក្រលំបាក និងដោយសារបងប្រុសរបស់ខ្ញុំម្នាក់បានទៅបួស ទើបឪពុកខ្ញុំ ឲ្យខ្ញុំឈប់រៀន ដើម្បីនៅផ្ទះធ្វើស្រែចម្ការ។ ក្នុងឆ្នាំ១៩៧០ ព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងបានកើតមានឡើង។ ក្នុងឆ្នាំដដែល ខ្ញុំមានអាយុប្រហែល២០ឆ្នាំ។ ខ្ញុំឃើញយន្តហោះជាច្រើនបានហោះមកទម្លាក់គ្រាប់បែកពាសពេញផ្ទៃដីប្រទេសកម្ពុជា ជាពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៣។ ប្រជាជននាំគ្នាជីកត្រង់សេជាច្រើន សម្រាប់គេចពីគ្រាប់បែក ដែលបានទម្លាក់មក គ្រាប់បែកខ្លះធ្លាក់ចំផ្ទះរបស់ប្រជាជនទៀតផង។ សង្គ្រាមចេះតែបន្តរហូតបណ្តាលឱ្យប្រជាជនត្រូវស្លាប់ជារៀងរាល់ថ្ងៃ។ រហូតដល់ចុងឆ្នាំ១៩៧៤ សង្គ្រាមនៅតែបន្តកើតមានរហូតក្រុមខ្មែរក្រហមបានវាយឈ្នះកង ទ័ព លន់ នល់។
បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ ១៩៧៥ ខ្មែរក្រហមបានប្រកាសជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទៅតាមជនបទ។ ចំណែកឯប្រជាជននៅតាមភូមិស្រុកវិញ គឺខ្មែរក្រហមបានជម្លៀសទៅធ្វើការតាមកន្លែងផ្សេងៗពីគ្នា។ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិស្រុក បែកចេញពីក្រុមគ្រួសារ និងត្រូវចាត់បញ្ជូននឱ្យទៅធ្វើការងារជាកងឈ្លបឃុំ។ ការងាររបស់ខ្ញុំ គឺយាមកាមតាមភូមិ។ ខ្ញុំធ្វើការងារជាឈ្លប មិនបានប៉ុន្មាន ខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការងារនៅស្រុកកំពង់ត្រាចវិញ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំឃើញប្រជាជនមួយចំនួនត្រូវបានខ្មែរក្រហមចាត់តាំងឱ្យរៀបការជាមួយគ្នា ដោយគ្មានឪពុកម្ដាយចូលរួមនោះទេ ពោលគឺរៀបការជាច្រើនគូរួមគ្នាក្នុងពេលតែមួយដោយគ្រាន់តែឡើងប្តេជ្ញាចិត្តនៅចំពោះមុខអង្គការតែប៉ណ្តោះ។ បើនិយាយពីរបបអាហារវិញ ខ្ញុំមិនសូវខ្វះខាតដូចប្រជាជនដទៃនោះទេ ព្រោះខ្ញុំធ្វើការងារជាឈ្លបនៅតាមភូមិឃុំ។
ខ្ញុំបានបន្តការងារជាឈ្លបឃុំនេះអស់រយះពេលជាង៤ឆ្នាំ រហូតដល់ឆ្នាំ ១៩៧៩ ក៏មានកងទ័ពវៀតណាមចូលមកដល់។ សង្គ្រាមបានកើតឡើងម្ដងទៀត។ ខ្ញុំភ័យខ្លាចនឹងសង្គ្រាមក៏បានភៀសខ្លួនទៅជាមួយអ្នកធ្វើការងារជាមួយគ្នា ប៉ុន្តែខ្ញុំមិនបានទៅណាឆ្ងាយនោះទេ។ អំឡុងពេលសង្គ្រាមកំពុងតែបន្ត ខ្ញុំបានភៀសខ្លួនចូលទៅរស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ។ ពេលយប់កន្លែងណា ខ្ញុំដេកកន្លែងនោះ។ ខ្ញុំប្រទះឃើញសាកសពពាសពេញព្រៃ។ សង្រ្គាមនៅតែបន្តដោយមានការបាញ់ផ្លោងគ្រាប់រវាងកងទ័ពវៀតណាមនិងកងទ័ពខ្មែរក្រហម។ បន្ទាប់ពី សង្គ្រាមបានបញ្ចប់ទៅខ្ញុំបានចូលមកភូមិស្រុកវិញ ហើយបានជួបជាមួយឪពុកម្ដាយនៅភូមិ។ ខ្ញុំបានប្រកបមុខរបរជាកសិករធ្វើស្រែចម្ការរហូតដល់ពេលបច្ចុប្បន្ន។
សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ដៃ សន្លាក់ជើង និងខ្សត់ខ្សោយកម្លាំង។ ចំពោះការព្យាបាលជំងឺ ខ្ញុំបានទៅមន្ទីរពេទ្យនៅក្នុងភូមិស្រុក។ នៅពេលខ្ញុំទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានផ្តល់ថ្នាំហូបដល់ខ្ញុំ។ មូលហេតុដែលខ្ញុំមិនបានទៅពិនិត្យនៅមន្ទីរពេទ្យធំៗ ដោយសារតែខ្ញុំខ្វះខាតថវិកា។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់របស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានមកសួរសុខទុក្ខខ្ញុំ។ [1]
ដោយ ផាត ពន្លក
[1] កង បឿន , សម្ភាសន៍ផ្ទាល់មាត់, «សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន», សម្ភាសន៍ដោយ ផាត ពន្លក នៅឆ្នាំ២០២៤, មជ្ឈមណ្ឌលផ្សះផ្សាបាក់នឹមប្រចាំខេត្តកំពត