គង់ ជុំ ហៅ វង់ យោធាភូមិភាគបូព៌ាកងពលលេខ៣(ត្រូវបានចាប់ខ្លួន)

ឯកសារប្រវត្តិរូបឈ្មោះ គង់ ជុំ ហៅ វង់ (លេខឯកសារ I01215) តាមប្រវត្តិរូប គង់ ជុំ មានតួនាទីជាប្រធានយោធានយោបាយភូមិភាគបូព៌ា នៅខេត្តស្វាយរៀង (កងវរសេនាតូចលេខ២០៦ នៅក្នុងកងវរសេនាធំ២៦៩ ក្នុង​ងពលទី៣)។ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ឡើងកាន់អំណាចបានអនុវត្តន៍គោលនយោបាយកុម្មុយនីស្តផ្តាច់ការនៅទូទាំងប្រទេសកម្ពុជា។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ជាបន្តបន្ទាប់បានប្រើអំណាចដោយបង្ខំ ទី១)ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ឬតាមទីប្រជុំជននានាឲ្យទៅរស់នៅតាមទីជនបទស្រុកស្រែចម្ការ ដើម្បីប្រែក្លាយទៅជាប្រទេសកសិកម្ម ទី២)បោសសម្អាតទាហានឧត្តមសេនីយ លន់ នល់ មន្រ្តីរាជការ, និសិ្សត, បញ្ញាវ័ន្ត និងអ្នកមានទ្រព្យសម្បតិ្តមួយចំនួនយកទៅសម្លាប់ចោល ទី៣)ចាប់ផ្តើមសង្ស័យលើកម្មាភិបាលខ្មែរក្រហមខ្លួនឯងដោយបានចោទប្រកាន់ថា(ជាសេ អ៊ី អា អាមេរិក)ឬ(កា ហ្សេ បេ សហភាពសូវៀត) ដូចជាឈ្មោះ គង់ ជុំ ហៅ វង់[1] ត្រូវបានអង្គការចាប់ខ្លួនពីខេត្តស្វាយរៀងភូមិភាគបូព៌ា នៅកងវរសេតូចលេខ២០៦ កងវរសេនាធំលេខ២៦៩ កងពលលេខ៣។ នៅក្នុងប្រវត្តិរូបដែលបានសរសេរនៅលើក្រដាសចំនួន១១ទំព័រ បានបញ្ជាក់ថា ឈ្មោះគង់ ជុំ កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៤១ មានឪពុកឈ្មោះឈួន ហ៊ាង ម្តាយឈ្មោះ គង់ រឿន និងមានបងប្អូនចំនួន១០នាក់(ស្រី២ប្រុស៨)។ ជុំ បានសិក្សារៀនសូត្រត្រឹមថ្នាក់ទី១០(សង្គមចាស់)ហើយបានបួសជាព្រះសង្ឃគង់នៅវត្តអំពិលទោល បន្ទាប់មកបានលាចាកសិក្ខាបទ។ ជុំ មានស្រុកកំណើតរស់នៅភូមិបឹងប្រស្វា ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

បើតាមការរៀបរាប់ពីឈ្មោះ ខឹម សាន[2] អាយុ៥៦ឆ្នាំ(គិតត្រឹមឆ្នាំ២០០៥) រស់នៅភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះគង់ ជុំ ហៅ វង់។ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ ជាមួយបងជុំ តាំងពីរបបសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេចព្រះ នរោត្តមសីហនុ។

នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តមសីហនុ ចេញពីព្រះមុខរដ្ឋ ដោយឧត្តមសេនីយ លន់ នល់ និងសហការី។  បងជុំ បានចុះចោលប្រពន្ធ និងកូនៗទៅស្ម័គ្រចិត្តចូលបម្រើចលនាខ្មែរក្រហម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧០ នៅភូមិតាកែវ ឃុំស្មោង ស្រុកកំចាយមារ ខេត្តព្រៃវែង តាមរយៈឈ្មោះ យ៉ា​ និងបានស្តាប់តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តមសីហនុ ពីទីក្រុងប៉េកាំងប្រទេសប្រជាមានិតចិន ឲ្យកូនចៅចូលព្រៃម៉ាគី ដើម្បីតស៊ូរំដោះប្រទេសជាតិ។ បន្ទាប់មកទៀត បងជុំ បានចូលសមរភូមិវាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ លន់ នល់ ស្ទើរគ្រប់ទីកន្លែង។ នៅអំឡុងពេលសង្រ្គាមកើតឡើងពីឆ្នាំ១៩៧០ដល់១៩៧៥ បងជុំ បានឈ្លៀតពេលមកសួរសុខទុក្ខប្រពន្ធ និងកូនចំនួនបីដង ក្នុងរយៈពេលប្រាំឆ្នាំ នៃសង្រ្គាមរវាងខ្មែរនិងខ្មែរគ្នាឯង ពោលគឺជាសង្រ្គាមស៊ីវិល។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហម បានឡើងកាន់អំណាច នៅទូទាំងប្រទេស ខ្ញុំបានដឹងថា អង្គការបានបញ្ជូន បងជុំ ចេញពីភូមិអរិយក្សត្រទល់មុខទីក្រុងភ្នំពេញ ឲ្យមកធ្វើការងារនៅខេត្តស្វាយរៀង ភូមិភាគបូព៌ាវិញ។ នៅពេលនោះ គាប់ជួនខ្ញុំមានជំងឺក្អកធ្លាក់ឈាម ប្រធានសហករណ៍ឈ្មោះមឿន បានស្នើសុំខាងកងពលឲ្យបញ្ជូនខ្ញុំ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ពីព្រោះនៅតាមមូលដ្ឋានគ្មានថ្នាំល្អសម្រាប់ព្យាបាលទេ។ ខ្ញុំបានចេញពីភូមិកំណើត ដើម្បីមកទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ជាសំណាងល្អ បានជួបបងជុំ នៅទីនោះដែរ ខ្ញុំសប្បាយចិត្ត បន្ទាប់ពីព្យាបាលជំងឺជាសះស្បើយ ខ្ញុំបានរស់នៅអង្គភាពជាមួយបងជុំ ដែរ  និងបាននាំកូនមករស់នៅជាមួយថែមទៀត។ ខ្ញុំបានដឹងថា បងជុំ មានឋានៈជាប្រធានយោធានយោបាយ  និងមានកងការពារពីរនាក់ឈ្មោះ ជួន ឈ្មោះ ម៉ុត និងពេទ្យយោធាម្នាក់ទៀតឈ្មោះ ឃន ចំាជួយមើលថែសុខភាពបងជុំ ផ្ទាល់។ បងជុំ នៅធ្វើការងារក្នុងខេត្តស្វាយរៀង ភូមិភាគបូព៌ា មិនទាន់បានប៉ុន្មានផង ស្រាប់តែមានកម្មាភិបាលភូមិភាគបូព៌ាមួយចំនួនត្រូវបានអង្គការហៅទៅរៀនសូត្រជាបណ្តើរៗ មិនដែលឃើញត្រឡប់មកវិញទេ។ ខ្ញុំចេះតែមានអារម្មណ៍មិនល្អ និងបានដាស់តឿនប្តីឲ្យមានការប្រុងប្រយ័ត្នជានិច្ច។ ការគិតទុករបស់ខ្ញុំ មិនបានប៉ុន្មានខែផង មានយោធាខ្មែរក្រហម ចំនួនពីរនាក់ មកអញ្ជើញបងជុំ ឲ្យទៅរៀនសូត្រ ខ្ញុំបានប្រាប់ប្តីថា មិនមែនហៅទៅរៀនសូត្រទេ អង្គការចាប់លោកបងហើយ(ខ្ញុំហៅប្តីតែលោកបង) នៅពេលនោះប្តីចេះតែបដិសេធថា អង្គការចាប់តែអ្នកក្បត់បក្សទេ យើងមិនបានក្បត់ផង អង្គការមិនចាប់បងទេ ប្តីខ្ញុំបានចេញទៅរៀនសូត្រ តាមការអញ្ជើញរបស់ថ្នាក់លើ ក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញទេ បានរយៈពេលបីបួនថ្ងៃក្រោយមកឃើញកម្មាភិបាលខ្មែរក្រហម ដែលជាអ្នកធ្វើការងារជាមួយបង ជុំ មកលួងលោមពង្រឹងស្មារតីខ្ញុំថា កុំបារម្មណ៍អីមិត្តនារី មិត្តជុំ អង្គការផ្លាស់ឲ្យទៅធ្វើការងារនៅតំបន់ផ្សេង(តែក្នុងចិត្តខ្ញុំមិនជឿទេ)។ បន្ទាប់មក ខ្ញុំបានស្តាប់ឮកម្មាភិបាលខ្មែរក្រហមប្រហែលបីបួននាក់ ប្រជុំពិភាក្សាគ្នាថា ចុះប្រពន្ធកូនមិត្តជុំ គិតយ៉ាងម៉េច? ពេលនោះឮកម្មាភិបាលខ្មែរក្រហមម្នាក់មានយោបល់ថា ឲ្យគាត់ទៅរស់នៅតាមសហករណ៍វិញ បានជាខ្ញុំស្តាប់ឮ ពីព្រោះកន្លែងប្រជុំ ក្នុងផ្ទះថ្ម នៅមួយខ្ញុំដែរ គ្រាន់តែបាំងបន្ទប់។ ចាប់ពីពេលនោះមក ខ្ញុំក៏បានត្រឡប់មករស់នៅស្រុកកំណើតវិញ ធ្វើការងារក្នុងសហករណ៍ជាមួយប្រជាជនតាមមូលដ្ឋាន ដំបូងអង្គការចាត់តាំងឲ្យខ្ញុំ បុកស្រូវឲ្យទៅជាអង្ករក្នុងមួយថ្ងៃឲ្យបានប្រាំតៅ(ស្មើ៧៥គីឡូក្រាម)។

នៅឆ្នាំ១៩៧៨ ខ្ញុំ និងក្រុមគ្រួសារឪពុកម្តាយ ត្រូវខែ្មរក្រហម ជម្លៀសចេញពីខេត្តព្រៃវែង ភូមិភាគបូព៌ាទិសខាងកើតឆ្ពោះទៅទិសខាងលិចខេត្តពោធិសាត់ ភូមិភាគពាយ័ព្យ។ ខ្ញុំ បានចាកចេញពីភូមិកំណើតទាំងឪពុកម្តាយចាស់ជរា និងមានជំងឺជាប់ខ្លួនផងលំបាកវេទនាក្នុងពេលធ្វើដំណើរ។ ខ្ញុំ និងគ្រួសារមុនដំបូងយោធាខ្មែរក្រហម បង្ខំឲ្យឡើងលើរទេះគោ ធ្វើដំណើរតាមផ្លូវជាតិលេខ១ មកដល់អ្នកលឿង សម្រាកបានប្រហែលជាពីរម៉ោងក៏ឡើងបន្តជិះលើនាវា(កប៉ាល់) បន្តទៀតរហូតដល់ទីក្រុងភ្នំពេញ ឈប់ត្រឹមច្បារអំពៅរួចបន្តដំណើរទៅជិះរថភ្លើងរហូតដល់ខេត្តពោធិ៍សាត់។ ខ្ញុំ បានរស់នៅខេត្តពោធិ៍សាត់ រស់ពិបាកជាងស្លាប់ រស់នៅបែកពីឪពុកម្តាយចាស់ៗ និងកូនតូចៗ អង្គការយកទៅដាក់ក្នុងអង្គភាពកុមារ។ នៅក្នុងរបបខ្មែរក្រហម ធ្វើការងារហួសកម្លាំង  និងគ្មានអាហារគ្រប់គ្រាន់ហូបតែបបរមិនបានឆ្អែត ព្រមទាំងចាប់មនុស្សយកទៅសម្លាប់ចោលស្ទើរតែរាល់ថ្ងៃ ខ្ញុំមានការព្រួយបារម្មណ៍កាន់តែខ្លាំងជាពិសេសកូនៗដែលរស់នៅក្នុងអង្គភាពកុមារនៅម្តុំត្រាចផុង។ នៅអំឡុងឆ្នាំ១៩៧៨ដដែល ខ្ញុំមានការនឹករឮកកូនខ្លាំងពេក ប្រថុយស្លាប់សម្រេចចិត្តដើរទៅរកកូនដែលរស់នៅក្នុងអង្គភាពកុមារ ទៅបានជួបកូនដូចបំណងមែន និងជួបកម្មាភិបាលខ្មែរក្រហម ជានារីវ័យក្មេងម្នាក់ បានស្រែកដាក់ខ្ញុំថា ម៉េចមិត្តឯងចង់យកកូនទៅវិញ? ខ្ញុំ និយាយថា កុំនិយាយបែបហ្នឹងមិត្តនារី ខ្ញុំមកទូលស្រូវឡើងភ្នំទេ ក៏ឈ្លៀតមកមើលកូនបន្តិចទៅ(តែតាមការពិត ខ្ញុំចង់មកយកកូនទៅវិញមែន) ព្រោះពេលនោះសភាពការណ៍កាន់តែជ្រួលច្របល់ ខ្ញុំបានប្រាប់កូនរៀងធំឲ្យរត់ទៅផ្ទះមុន នៅកូនតូចម្នាក់ទៀតនៅជាមួយខ្ញុំសិន ចាប់រត់ទៅតាមក្រោយ ពេលនោះមានឱកាសល្អបាននាំកូនរត់កាន់ព្រៃរហូតដល់ពេលយប់មើលគ្នាមិនសូវច្បាស់បានជួបមនុស្សប្រុសម្នាក់ និងមនុស្សស្រីម្នាក់កំពុងតែដាំបាយ បានសួរខ្ញុំថា អ៊ំមកពីណា? ខ្ញុំថា មកពីទូលស្រូវឡើងភ្នំ អ៊ំឯងប្រយ័ត្នជួបឈ្លបគេចាប់យកវាយចោលហើយ(ឆ្លងទន្លេជិតផុតហើយ)សម្តីគាត់មានន័យថា ប្រទេសជិតបានរំដោះហើយ។ ខ្ញុំ បានបន្តដំណើរមកទៀត បានជួបអ៊ំប្រុសរៀងចំណាស់ម្នាក់ ជាអ្នកមូលដ្ឋាន គាត់ឃើញអាណិតខ្ញុំនិងកូន បានហៅឡើងជិះរទេះគោ ហើយគាត់សួរថា មីងនៅឯណា? ខ្ញុំថានៅក្រោលក្របី ម៉េចបានខ្ញុំ មិនដែលស្គាល់មីង? ពេលនោះ ខ្ញុំភ័យណាស់អោបកូនជាប់ ឃើញមានកាំបិតខ្វាវនៅលើរទេះផង។ នៅពេលធ្វើដំណើរទៅដល់ផ្ទះគាត់ អ៊ំប្រុសបានប្រាប់ប្រពន្ធគាត់ឲ្យដាំបាយឲ្យខ្ញុំហូប តែប្រពន្ធគាត់ថា មនុស្សអីមកពីណា? ខ្ញុំភ័យម្តងទៀត ខ្ញុំឆ្លើយថា មិនបាច់ដាំបាយទេ ខ្ញុំប្រញាប់ នៅពេលនោះ កូនខ្ញុំគិតតែពីយំ ក៏សុំគាត់ចេញដំណើរបន្តមកទៀត នៅពេលឮថា ដាំបាយ ខ្ញុំកាន់តែឃ្លានខ្លាំង តែមិនហ៊ាននៅ ចង់មកផ្ទះដើម្បីបានជួបកូនប្រុសដែលបានធ្វើដំណើរមកមុន (កូនខ្ញុំឆ្លាតណាស់ រកផ្លូវមកផ្ទះឃើញ)

កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩ ៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះជាថ្ងៃប្រវតិ្តសាស្រ្តនៃការរំដោះជាតិ[3]។ ខ្ញុំ បានរស់រានមានជីវិតពីរបបខ្មែរក្រហម តែខ្ញុំមានការសោកស្តាយ និងនៅចងចាំជានិច្ចមិនអាចបំភ្លេចបាន ព្រោះរបបខ្មែរក្រហម បានធ្វើឲ្យឪពុកម្តាយស្លាប់ និងកូនចំនួនបីនាក់ទៀតក៏បានស្លាប់ ដោយសារគ្មានអាហារហូបគ្រប់គ្រាន់ ប្តីជាទីស្រឡាញ់ខិតខំតស៊ូដើម្បីជាតិចុងក្រោយ ក៏បានបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។ ខ្ញុំជឿជាក់ថា នៅក្នុងរបបខ្មែរក្រហម រាល់កំហុសឆ្គងទាំងអស់សុទ្ធតែមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម តែប៉ុន្មាននាក់ប៉ុណ្ណោះ ជាអ្នកប្រព្រឹត្តហេតុការណ៍ដែលធ្វើឲ្យជីវិតមនុស្សស្លាប់ ដោយអត់អាហារ ធ្វើការងារហួសកម្លាំង និងចោទគ្នាថា ជាខ្មាំងក្បត់បដិវត្តន៍ រឿងទាំងអស់នេះ ថ្នាក់ក្រោមមិនមានកំហុសធ្ងន់ទេ ធ្វើតាមតែបញ្ជាថ្នាក់លើប៉ុណ្ណោះ។

[1] ឯកសារប្រវត្តិរូបឈ្មោះ គង់ ជុំ ហៅ វង់ (លេខឯកសារ I01215) តាមប្រវត្តិរូប គង់ ជុំ មានតួនាទីជាប្រធានយោធានយោបាយភូមិភាគបូព៌ា នៅខេត្តស្វាយរៀង (កងវរសេនាតូចលេខ២០៦ នៅក្នុងកងវរសេនាធំ២៦៩ ក្នុងកងពលទី៣)។ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

[2] បទសម្ភាសន៌ដោយបុគ្គលិកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា (លេខ PVI0035) សុខ វណ្ណៈ,( សម្ភាសន៍ នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០០៥ ជាមួយឈ្មោះ ខឹម សាន អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធម្ចាស់ប្រវត្តិរូបឈ្មោះគង់ ជុំ ហៅ វង់ រស់នៅភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង)។ បើតាមការបញ្ជាក់ពីឈ្មោះ ខឹម សាន ប្តីគាត់ជឿនលើរបបខ្មែរក្រហម ទោះបីដឹងថា ខ្មែរក្រហម ប្រើនយោបាយហៅទៅរៀនសូត្រ ក៏ប្តីគាត់ជឿនដែរ និងបានប្រាប់ប្រពន្ធវិញថា បើយើងមិនបានក្បត់បដិវត្តន៍ អង្គការមិនចាប់ទេ។ ឯកសារតម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ព ឆ្នាំ២០២៥,ទព័រ៤១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin