សាច់ញាតិស្លាប់ដោយសារជាទាហាន លន់ នល់
(ស្វាយរៀង) ៖ គង់ សារិន មានអាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារិន មានបងប្អូនពីរនាក់ គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកបានស្លាប់ដោយសារជំងឺក្នុងរបប លន់ នល់ និងពូបានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែជាអតីតទាហាន។
សារិន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជានៅអំឡុងពេលសម្ភាសន៍កាលពីឆ្នាំ២០២១ ថា ពេលដែលខ្មែរក្រហមទទួលបានជ័យជំនះលើរបប លន់ នល់ ខ្មែរក្រហមបានចាប់ផ្តើមបោសសម្អាតមុនគេគឺក្រុមទាហានពីរបបមុន។ ពូរបស់គាត់ស្ថិតក្នុងចំណោមការបោសសម្អាតនៅតាមភូមិនាពេលនោះ។ ក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមបង្ខំឲ្យយកទ្រព្យសម្បត្តិទំាងអស់មកទុកក្នុងសហករណ៍ ព្រមទាំងបង្ខំឲ្យចេញពីផ្ទះ ដែលធ្លាប់រស់នៅ មកនៅក្នុងសហករណ៍។ សារិន ត្រូវរស់នៅក្នុងកងចល័តនារីជាមួយនារីៗ ក្នុងភូមិ និងអ្នកជម្លៀសមកថ្មីៗ។ ចំណែកឯម្តាយ និងបងរបស់គាត់ត្រូវរស់នៅកន្លែងផ្សេង។
ម្តាយ ត្រូវមើលថែទាំក្មេងៗដែលឪពុកម្តាយទុកចោលក្នុងកងកុមារ ព្រោះឪពុកម្តាយត្រូវទៅធ្វើការងារ ដូចជា ដក ស្ទូង និងជីកប្រឡាយ លើកទំនប់នៅឆ្ងាយពីកូន។ សារិន និងបង ត្រូវធ្វើការក្នុងកងចល័តជាមួយនឹងយុវជននៅលីវផ្សេងទៀត ដូចជាជីកទំនប់ និងលើកភ្លឺស្រែ។ សារិនបន្តថា ការងារចម្បងនៅពេលនោះគឺមានតែការងារកសិកម្មដោយម្នាក់ៗរវល់ស្ទើរគ្មានពេលទំនេរ ប៉ុន្តែគ្មានអាហារហូបគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។
នៅក្នុងភូមិ សារិន បានឃើញការសម្លាប់អ្នកចេះដឹងដែលធ្លាប់ជាគ្រូបង្រៀន និងអ្នករាជការក្នុងរបប លន់ នល់។ នៅតាមផ្លូវទៅធ្វើការគាត់ធ្លាប់ឃើញ ទាហានខ្មែរក្រហមវាយធ្វើបាបមនុស្ស និង ឃើញសាកសពនៅក្នុង អណ្តូង។
ក្រោយមក សារិន បង និង ម្តាយ ត្រូវបានជម្លៀសចេញពីស្រុកកំណើតទៅនៅឃុំកន្តួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នៅទីនេះខ្មែរក្រហមបានប្រើគាត់ឲ្យជីកស្រះនៅក្នុងក្រុមកងចល័តដូចនៅស្វាយរៀងដែរ ប៉ុន្តែនៅទីនេះលក្ខខណ្ឌការងារ និងការរស់នៅលំបាកវេទនាជាង។
នៅកន្លែង សារិន រស់នៅមានការប្រជុំស្ទើររៀងរាល់យប់។ ការប្រជុំគឺធ្វើស្វ័យទិតៀនទៅវិញទៅមក ដោយអ្នកជំងឺត្រូវបានអង្គការរិះគន់ និងផ្តល់របបអាហារឲ្យតិចតួចឬមិនផ្តល់ឲ្យតែម្តង។
សារិន៖ «ខ្មែរក្រហមបានបំបាត់សិទ្ធិសេរីភាពប្រជាជនមិនឲ្យមានសិទ្ធិសូម្បីតែនិយាយគ្នាក្នុងគ្រួសារ។ ក្នុងគ្រួសារ ខ្ញុំមិនហ៊ាននិយាយរកបង និយាយរកម្តាយទេខ្លាចអង្គការដឹងយកទៅសម្លាប់ចោល។ ពេលធ្វើការបានឃើញសាច់ញាតិ និងអ្នកស្គាល់គ្នាបានត្រឹមញញឹមមិនឲ្យអង្គការដឹងប៉ុណ្ណោះ។»
រឿងរ៉ាវដែល សារិន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការធ្វើបាបប្រជាជនគ្មានត្រាប្រណីចាត់ទុកប្រជាជនមិនមែនជាមនុស្ស ដោយបង្ខំឲ្យធ្វើការច្រើន និងមិនឲ្យហូបគ្រប់គ្រាន់។ សារិន ធ្លាប់ឃើញការធ្វើទារុណកម្ម និងសម្លាប់មនុស្សនៅវត្តឫស្សីសាញ់ ក្នុងខេត្តស្វាយរៀង។ វត្តត្រូវបានយកធ្វើជាមន្ទីរសន្តិសុខ។ គាត់ក៏បានឃើញខ្មែរក្រហមវាយបំផ្លាញវត្តអារាម ព្រះពុទ្ធបដិមាករ និងលុបបំបាត់សាសនាមិនឲ្យប្រជាជនប្រណិប័តន៍តាមប្រពៃណីឬធ្វើបុណ្យ។
បច្ចុប្បន្ន សារិន មានជំងឺឈឺក្បាលជង្គង់ និងជំងឺលើសឈាម។
សម្ភាសន៍ដោយ សុខ ចន្ទ្រា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង