កងកុមារត្រៀមក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ គង់ សេរី មានអាយុ៥៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ គង់ សាវ៉ុន (ស្លាប់នៅសម័យខ្មែរក្រហម) ម្តាយឈ្មោះ​ឡុង សេន មានបងប្អូនប្រាំនាក់។

នៅក្នុងរបបខ្មែរក្រហម សេរី ទទួល​រងទុក្ខលំបាកខាំ្លងដោយសារតែជាប្រជាជនថ្មីដែលជម្លៀសពី​សុ្រករំដួល ខេត្តស្វាយរៀង ភូមិភាគបូព៌ាទៅកាន់​ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ ​ក្នុងវ័យប្រហែល១៣ ឆ្នាំ គាត់ស្ថិតក្នុងកងកុមារត្រៀម ព្រោះពេលនោះគាត់មានអាយុច្រើនជាងកុមារបន្តិច ប៉ុន្តែត្រូវ​ធ្វើការដូចជាយុវជន ចល័តទៅឆ្ងាយៗពីភូមិត្រូវ​ជីក​ទំនប់ និងលើកប្រឡាយធំ​ៗ​​តាំងពីព្រឹករហូតដល់ល្ងាចម៉ោងប្រាំមួយ។

សេរី មិនបានទៅសាលារៀន និងមិនអាច​រស់នៅជួបជុំជាមួយឪពុក ម្តាយ និងបងប្អូនបានទេ គឺត្រូវរស់នៅក្នុងកងចល័ត។ ប្អូនរបស់គាត់​រស់​នៅក្នុង​កងកុមារ និងបងៗរស់​នៅកងចល័ត​ផ្សេង ចំណែកម្តាយឪពុករស់នៅ​សហករណ៍ឆ្ងាយៗពីគាត់​។

ហេតុការណ៍ដែល សេរី បានជួបកាលពីវ័យក្មេង និងបានចងចាំរហូតមកដល់សព្វថ្ងៃ ​គឺពេលបានឃើញរណ្តៅសាកសពក្នុងដីស្រែប្រហែលមួយហិចតាដែល​គេកប់ពេញទាំងអស់ ប៉ុន្តែការកប់មិនបានល្អទើបគាត់មើលឃើញ និងមានការភ័យខ្លាចជាខ្លាំង។ គាត់ក៏ធ្លាប់ឃើញខ្មែរក្រហម ចងបណ្តើរមនុស្សយកទៅសម្លាប់នៅណ្តៅ ដែលជីកទុក​ជា​ស្រេចនៅតាមព្រៃ និងវាលស្រែឆ្ងាយ​ៗ​ពីកន្លែងគាត់ស្នាក់​នៅផងដែរ។

នៅសហករណ៍ខេត្តបាត់ដំបង ក្រៅពីការងារជីកទំនប់ សេរី ត្រូវទៅការងារផ្សេងៗទៀតនៅពេលយប់ ដូចជាការ​ជញ្ជូនស្រូវយកទៅទុកក្នុងឃ្លាំង។ នៅតាមផ្លូវទៅធ្វើការ គាត់បានឃើញរណ្តៅសាកសពជាច្រើន ដែលគេទើបតែសម្លាម់មនុស្សរួច និងបានលប់រណ្តៅថ្មីៗ។

ក្រោយពីរបបខ្មែរក្រហមដួលរលំគាត់បានរត់ចេញពីការដ្ឋានជីកទំនប់ក៏បានជួបជាមួយម្តាយ និងបងប្អូន។​ឪពុកគាត់បានស្លាប់នៅខេត្ត​បាត់ដំបង។ បន្ទាប់មក សេរី និង​ក្រុម​គ្រួសារ​ក៏បាននាំគ្នាធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើត​វិញ​។​ នៅតាមផ្លូវគាត់បានជួបហេតុការណ៍នៃការប្រយុទ្ធគ្នារវាងកងទ័ពរំដោះ និងទាហានខ្មែរក្រហម ដែលធ្វើ​ឲ្យគាត់មានការភិត​ភ័យ និងបាក់ស្បាត់ជាខ្លាំង។ នៅក្នុងអំឡុងពេលធ្វើដំណើរដោយថ្មើរមានចំងាយឆ្ងាយ រយៈពេលយូរ និងខ្វះខាតស្បៀងអាហារ ដែល​បានបណ្តាលឲ្យប្អូនគាត់ម្នាក់បាន​ស្លាប់បន្តទៀត។

មកដល់ស្រុកកំណើត អាជ្ញាធរបានចែកដីឲ្យ​គាត់ និងគ្រួសារដើម្បីបង្កបង្កើនផលធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន សេរី មានជំងឺលើសឈាម ជំងឺក្រពះ និងជំងឺបេះដូង។ គាត់ក៏នៅសល់ស្លាកស្នាមរបួសជើងដែល​បន្សល់ទុកពីរបបខ្មែរក្រហមអំឡុងពេលជីកទំនប់ នៅខេត្តបាត់ដំបងផងដែរ។

សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin