កាន់តែគេច កាន់តែជួប

(បាត់ដំបង)៖ កង យ៉ម ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ ប្រទេសជាតិចាប់ផ្ដើមមានភាពចលាចល ប្រជាជនមួយចំនួនត្រូវផ្លាស់ទីលំនៅដើម្បីគេចពីសង្រ្គាម។ យ៉ម បានប្រាប់ថា នៅតំបន់របស់គាត់មានការទម្លាក់គ្រាប់បែក ហើយនៅពេលនោះ គាត់ និងបងស្រី ចេញទៅដីស្រែរបស់ឪពុកម្ដាយគាត់។ បងស្រីរបស់ យ៉ម គ្រាន់តែឮសំឡេងរបស់យន្តហោះទម្លាក់គ្រាប់បែកភ្លាម បានប្រាប់ឲ្យ យ៉ម ឱបខ្លួនគាត់ រួចនាំគ្នាពួននៅក្នុងជង្រុកស្រូវ។ បន្ទាប់ពីស្ងាត់សំឡេងយន្តហោះ យ៉ម និងបងស្រីបានរត់ត្រលប់ទៅផ្ទះវិញ។

នៅអំឡុងឆ្នាំ១៩៧៣ តំបន់របស់គាត់រស់នៅ ចាប់ផ្ដើមមានយោធាខ្មែរក្រហមចូលគ្រប់គ្រង់ គ្រួសាររបស់ យ៉ម បានភៀសខ្លួនចេញពីខេត្តបាត់ដំបង ទៅខេត្តពោធិ៍សាត់។ ការរត់ភៀសខ្លួនរបស់គាត់ មិនអាចគេចផុតពីយោធាខ្មែរក្រហមឡើយ។ នៅពេលដែលគាត់ និងគ្រួសារទៅដល់ខេត្តពោធិ៍សាត់ ក៏បានជួបជាមួយនឹងចលនាខ្មែរក្រហមនៅតំបន់នោះទៀត។ គាត់កាន់តែគេចកាន់តែជួប ព្រោះខ្មែរក្រហមចាប់ផ្ដើមវាយកាន់កាប់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានដណ្តើមគ្រប់គ្រងបានទីក្រុងភ្នំពេញ ហើយគ្រួសាររបស់ យ៉ម នៅតែរត់គេចរហូតដល់ភូមិមួយស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ក៏បានរស់នៅ និងធ្វើការងារនៅទីនោះ។ ឪពុករបស់ យ៉ម ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងដឹកជញ្ជូន ដែលការងារប្រចាំថ្ងៃរបស់គាត់ គឺដឹកជញ្ជូនជនជាតិវៀតណាមចេញពីទឹកដីកម្ពុជា។ ចំណែកម្ដាយរបស់គាត់ ខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងចល័ត រីឯ យ៉ម និងបងស្រីត្រូវចូលក្នុងកងកុមារ។ គាត់ត្រូវបែកពីម្ដាយឪពុក រស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ គាត់ត្រូវអង្គការចាត់តាំងឲ្យជួយកាប់ព្រៃ និងរើសឈើដែលកាប់រួចយកទៅដុត ដើម្បីយកដីព្រៃនោះធ្វើចម្ការ។ ក្រោយមកទៀត អំឡុងពាក់កណ្ដាលឆ្នាំ១៩៧៦ គាត់ត្រូវធ្វើការនៅក្នុងកងផលិតជីវិញ។ ជារៀងរាល់ថ្ងៃគាត់ត្រូវ កាប់ទន្រ្ទានខែត្រ និងរុក្ខជាតិផ្សេងៗ សម្រាប់លាយជាមួយនឹងលាមកមនុស្ស ឬលាមកសត្វដើម្បីធ្វើជី។

អ្នករស់រានមានជីវិតស្ទើរតែ៨០% បានលើកឡើងដូចៗគ្នាពាក់ព័ន្ធនឹងរបបអាហារនៅក្នុងរបបខ្មែរក្រហម។ នៅក្នុងតំបន់ដែល យ៉ម រស់នៅ អង្គការបានផ្ដល់បបរ២ពេលក្នុងមួយថ្ងៃ ដោយ១ពេលទទួលបានបបររាវ៣វែក។ អ្នករស់រានមានជីវិតជាច្រើន មិននឹកស្មានថាខ្លួនអាចមានជីវិតរស់មកដល់ពេលបច្ចុប្បន្ននោះទេ ព្រោះនៅក្នុង​របប​ខ្មែរក្រហម គាត់ជួបការលំបាកជាច្រើន ក៏ដូចជាកង្វះអាហារបរិភោគ។ ប្រសិនបើប្រៀបធៀបជាមួយពេលបច្ចុប្បន្ន មនុស្សគ្រប់រូបបរិភោគអាហារចំនួន៣ពេលក្នុង១ថ្ងៃ ប្រាកដណាស់អាហារទាំងអស់នោះគឺសុទ្ធតែមានអាហារូបត្ថម្ភជំនួយទៅដល់សុខភាពអ្នកបរិភោគ។ ថ្វីត្បិតអាហារទាំងអស់នោះសុទ្ធតែមានសារជាតិជំនួយសុខភាព នៅតែមានប្រជាជនមួយចំនួន ប្រឈមនឹងបញ្ហាសុខភាពដោយសារតែខ្វះជីវជាតិ។  អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនតូច បានលើកឡើងថា នៅពេលនោះគាត់មិនបានទទួលអាហារហូបគ្រប់គ្រាន់នោះទេ តែគាត់នៅតែអាចមានកម្លាំងសម្រាប់ធ្វើការងារ។

ម្ដាយរបស់ យ៉ម បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមដោយសារតែជំងឺ ឯឪពុករបស់គាត់ ត្រូវបានកងឈ្លបសម្លាប់ ព្រោះតែឪពុករបស់គាត់លួចដកដំឡូងហូប ដើម្បីបំពេញនូវសេចក្ដីស្រេកឃ្លាន។ ​ក្រៅពីនេះទៀត បងជីដូនមួយម្នាក់របស់យ៉ម ត្រូវបានកងឈ្លបវាយសម្លាប់នៅចម្ការពោត ព្រោះគាត់បានលួចបេះពោតរបស់អង្គការ ទាំងដែលចម្ការពោតនោះជា​របស់​បងជីដូនមួយរបស់ យ៉ម មុនពេលដែលខ្មែរក្រហមគ្រប់គ្រង។

នៅចុងឆ្នាំ១៩៧៨ ទាហានវៀតណាម បានវាយចូលប្រទេសកម្ពុជាដើម្បីរំដោះប្រជាជនចេញពីរបបខ្មែរក្រហម។ ទាហានវៀតណាមចេះតែវាយដេញម្ដងបន្តិចៗ យោធារបស់ខ្មែរក្រហមទប់ទល់នឹងការវាយប្រហាររបស់ទាហានវៀតណាមមិនជាប់ បានកៀរប្រជាជនរត់ចូលព្រៃ។ យ៉ម បានរត់ចូលក្នុងព្រៃជាមួយនឹងយោធាខ្មែរក្រហម ដើម្បីគេចខ្លួន។ ឈានចូលដល់ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ យ៉ម បានត្រលប់ទៅខេត្តបាត់ដំបងវិញ ហើយរស់នៅទីនោះរហូតដល់អំឡុងឆ្នាំ១៩៩១។ គាត់បានរៀបការជាមួយនឹងស្វាមីព្រមទាំងប្រកបរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត៕

សម្ភាសន៍ដោយ៖ ខែន ប្រណិត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin