គង់ យៀត រំឭកអំពីបទពិសោធន៍ជីវិតនៅខ្មែរក្រហម

ប្រភពរូបភាព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ជុជា

ខ្ញុំឈ្មោះ គង់ យៀត[1] អាយុ៦៦ឆ្នាំ មានស្រុកកំណើតនិងរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។​ ឪពុកខ្ញុំឈ្មោះ គាំ គង់ និងម្ដាយឈ្មោះទុំ បុល។ ខ្ញុំនៅពីក្មេងរៀនសូត្របានត្រឹមថ្នាក់១០ (សង្គមចាស់)នៅសាលាបឋមសិក្សាល្វាទេរ ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ បាតុកម្មកើតមានឡើងខ្ញុំបានឈប់រៀននៅពេលនោះហើយឪពុកខ្ញុំចូលរួមដង្ហែទៅទីរួមខេត្តកំពង់ចាម ប្រទេសជាតិកើតមានសង្រ្គាម។ ឪពុកម្ដាយនាំកូនៗរត់ភៀសខ្លួនពីកន្លែងមួយទៅកន្លែងមួយ ពីព្រោះសង្រ្គាមមិនអាចឲ្យយើងរស់នៅក្នុងភូមិ    បាន។ បន្ទាប់មក គ្រួសាររបស់ខ្ញុំបានរត់ ភៀសខ្លួនចេញទៅរកទីកន្លែងសុវត្ថិភាព។ នៅឆ្នាំ១៩៧១ ខ្ញុំនៅមើលគោបានមួយឆ្នាំ និងមកបួសរៀននៅវត្តក្រូចសើច។  នៅក្នុងអំឡុងពេលសង្រ្គាមនៅឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហម វាយរំដោះ និងគ្រប់គ្រងនៅតាមទីជនបទនៃខេត្តកំពង់ចាម។

នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើននាក់បានចូលរួមជាមួយបដិវត្តន៍។​ នៅក្នុងពេលនោះផងដែរ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់ទាហាន លន់ នល់ និងសហរដ្ឋអាមេរិក។ នៅពេលដែលទាហាន លន់ នល់ និងសហរដ្ឋអាមេរិកធ្វើការទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំរត់ចូលរណ្ដៅត្រង់សេដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកនេះ មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។​

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ក្រោយមកទៀតប្រហែលរយៈពេល១ខែ ខ្ញុំត្រូវបានផ្សឹកពីព្រះសង្ឃ ហើយ ព្រះចៅអធិការ និងលោកនេន ក៏ត្រូវផ្សឹកនឹងឲ្យទៅធ្វើកងចល័តនៅឃុំស្រក។ ខ្ញុំត្រូវដើរ កាត់ព្រៃភ្នំទៅការដ្ឋាននៅស្រកដើម្បីច្រូតស្រូវ ដែលមានមួយកងចល័តមានទាំងប្រុសទាំងស្រីនិងកាប់ព្រៃនៅមុខវត្តស្រក ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានបញ្ជូនទៅនៅវិហារធំលើកទំនប់ ដកស្ទួងទាំងភ្លៀង វេទនាដេកនៅក្នុងព្រះវិហារ  ហូបបបរ ។ ខ្ញុំត្រូវដើរទៅធ្វើការទាំងយប់មានភ្លៀងមិនមានអ្នកណាហ៊ានប្រកែក បើឈឺខ្មែរក្រហមថាឈឺធ្វើពុត។ ខ្ញុំត្រូវធ្វើការទាំងភ្លៀងដល់ម៉ោងសម្រាកមិនមានគិតថាថ្ងៃសៅរ៍ អាទិត្យទេ។ ខ្ញុំត្រូវ ទៅលើកភ្លឺស្រែក្រឡាចាក់ត្រង់ដែលមានស្រែមួយទំហំ១ហិចតា ត្រូវលើកក្នុង១ថ្ងៃឲ្យបានប្រវែង៥ម៉ែត្រត្រូវធ្វើឲ្យបានរួចពេលណាអាចមកកន្លែងស្នាក់នៅបាន។ ខ្ញុំឆ្ងល់ថាធ្វើស្រែបានស្រូវច្រើនដែរ មិនដឹងថាខ្មែរក្រហមយកស្រូវទៅខាងណាឲ្យប្រជាជនហូបបបរ។ ប្រធានកងរបស់ខ្ញុំឈ្មោះ មិត្តណាវ។ ខ្ញុំត្រូវ ធ្វើការនៅកងចល័តផ្លាស់ប្ដូររហូតមិនឲ្យនៅមួយកន្លែងទេ នៅល្ពាក ទ្រាន អង្គួញដី និងព្រៃចក្រី ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានបញ្ជូនឲ្យទៅលើកត្រីនៅព្រែកកៀនជ្រៃ និងទៅរកអុសទុក ទុកឆ្អើរត្រី។

នៅឆ្នាំ១៩៧៨ ខ្ញុំទៅលើកទំនប់ជ្រោយចេក រយៈពេលមួយឆ្នាំ។ នៅទំនប់កែប្រែ, ទំនប់សណ្ដាន់, ទំនប់រូងក្រពើមុខវត្តស្រក និងទំនប់ត្រពាំងគោល សុទ្ធតែខ្ញុំធ្លាប់លើក។ ខ្ញុំនៅលើកទំនប់ទាល់តែរួចទោះនៅការដ្ឋានមានភ្លៀងយ៉ាងក៏ដោយ។ ខ្ញុំធ្វើការរួច មកហូបបបរ ដល់ជិតឆ្នាំ១៩៧៨ អត់មានអ្វីហូបដកដំឡូងគរស្ងោចែកគ្នាហូប អង្គការអត់មានអង្ករសម្រាប់ឲ្យបបរហូប។ ការដ្ឋានដែលខ្ញុំធ្វើចុងក្រោយនៅព្រៃតាងឹន លើកទំនប់ធំដែរ នៅភូមិមាន់ហើរ ខ្ញុំទៅនៅក្នុងព្រៃ។ ខ្ញុំត្រូវបានខ្មែរក្រហមឲ្យទៅដាំថ្នាំកន្លែងរាំងប្រហោង កំពុងដាំជិតដល់ម៉ោង៧យប់។ ពេលយប់ឡើងមើលទៅខាងទីរួមខេត្តកំពង់ចាម ឃើញគ្រាប់កាំភ្លើង និងឮសូរសំឡេងកាំភ្លើងទើបដឹងថារបបខ្មែរក្រហមត្រូវបានរំដោះ។ ប្រជាជនដណ្ដើមគ្នាយក ស្រូវអស់នៅសាលាឃុំ ខ្ញុំមកមើលស្រូវអស់មិនដឹងយកស្អី យកបង្គីមកទុកលើកអាចម៌គោ។ ខ្ញុំធ្វើទាហានកងពលលេខ៦ ក្នុងវរៈសេនាតូចលេខ២២​កាំភ្លើងធំ១០២មីលីម៉ែត្រ(ដេ៣០)។

អត្ថបទដោយ សាំង ចាន់ធូ


[1] គង់ យៀត «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ ទូច វណ្ណេត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin