ទុក្ខវេទនាម្ដងហើយម្តងទៀត
(រតនគិរី)៖ គោះ យើស មានអាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលជាជនជាតិដើមភាគតិចកាវែត។
នៅសម័យនោះ ខ្មែរក្រហមបានបង្កើតសហករណ៍និងតម្រូវឲ្យប្រជាជនធ្វើការជាក្រុម ដែលក្នុងនោះមានប្រជាជនមកពីភូមិកាលឹម ភូមិឡាមើយ ភូមិត្រក និងភូមិផ្សេងទៀតជាដើម។
ប្រជាជនត្រូវធ្វើការរួម រស់នៅរួម និងហូបរួម ហើយគាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ជួនកាលសម្រាកបានតែមួយម៉ោងក្នុងមួយយប់ នឹងបន្តធ្វើការពីព្រលឹមម៉ោង ៤ ទៀបភ្លឺដោយសម្រាន្ដមិនបានគ្រប់គ្រាន់។
ប្រសិនបើធ្វើការយឺតនោះ នឹងត្រូវបានគេសើចចំអក និងបង្អត់អាហារមួយថ្ងៃ។ គោះ យើស ធ្វើការនៅក្នុងកងចល័ត ត្រូវលើកភ្លឺស្រែ លើកប្រឡាយ ស្ទូងស្រូវ និងបុកស្រូវ នៅតាមភូមិដោយលំបាកវេទនាជាទីបំផុត ដោយសារការហូបចុកមិនបានគ្រប់គ្រាន់។
ប្រជាជនជាច្រើនរួមទាំងសមាជិកគ្រួសាររបស់ គោះ យើស ត្រូវទទួលរងគ្រោះ និងបាត់បង់ជីវិតផងដែរ។
គោះ យើស ត្រូវធ្វើការធ្ងន់ និងហូបមិនបានគ្រប់គ្រាន់ ប៉ុន្តែគាត់មិនហ៊ានតវ៉ាប្រឆាំង ឬទាមទារអ្វីនោះទេ។ គាត់សុខចិត្តស៊ូទ្រាំ ដោយមិនឲ្យខ្មែរក្រហមចោទឬសង្ស័យគាត់ថា ជាខ្សែរយៈរបស់វៀតណាម។ ជាទូទៅ អ្នកណាដែលហ៊ានទាមទារ ឬតវ៉ាប្រឆាំង ត្រូវបានសង្ស័យថាជាខ្សែរយៈរបស់វៀតណាម។
អាហារនៅសម័យនោះមានដូចជា បបរលាយជាមួយដើមចេក ពោត និងបាយប្រសិនជាមាន។ គោះ យើស រស់នៅជាមួយឪពុកម្តាយនៅពេលយប់ និងធ្វើការកងចល័តនៅពេលថ្ងៃ។ ជួនកាល គោះ យើស ត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយជាច្រើនថ្ងៃ ដើម្បីទៅធ្វើការនៅតាមភូមិផ្សេង។
ការងារជាកងចល័ត គាត់បានដើរច្រូតស្រូវនៅតាមភូមិផ្សេងៗដើម្បីសម្រេចការងារឲ្យបានឆាប់រហ័ស។ អ្នកដែលប្រើល្បិច ឬខ្ជិលនឹងត្រូវបង្អត់អាហារ ថែមទាំងត្រូវបន្តការងារហាលថ្ងៃហាលភ្លៀងដោយមិនឲ្យឈប់សម្រាកនោះទេ។
នៅសម័យនោះមានការសិក្សាដែរ ប៉ុន្តែ គោះ យើស មិនបានសិក្សានោះទេ ដោយគាត់ត្រូវបន្តការងារគ្មានពេលឈប់សម្រាក និងធ្វើការរហូតដល់ភូមិកោះពាក្យ និងភូមិកាលឹម។ អ្នកដែលមានទ្រព្យច្រើននៅសម័យមុន នឹងត្រូវសម្លាប់ចោលនៅសម័យខ្មែរក្រហម ពីព្រោះអ្នកមានទាំងនោះអាចធ្វើឲ្យមនុស្សច្រណែនគ្នា។ គាត់បន្តថា ក្រោយពីសម្លាប់ហើយ ទ្រព្យសម្បត្តិត្រូវបានគ្រប់គ្រងដោយខ្មែរក្រហមមួយចំនួនតូច ដោយគ្មានការបែងចែកទៅកាន់ក្រុមនីមួយៗ។ គ្មានទេកម្មសិទ្ធិឯកជនសម្រាប់ប្រជាជន តែសម្រាប់ខ្មែរក្រហមគឺជារឿងផ្សេង។
ក្នុងរយៈពេលជាងបីឆ្នាំ គោះ យើស មានតែសម្លៀកបំពាក់ពណ៌ខ្មៅតែពីរសម្រាប់ប៉ុណ្ណោះ គឺប្រើប្រាស់មួយសម្រាប់សម្រាប់ពេលថ្ងៃ និងមួយសម្រាប់ទៀតសម្រាប់ពេលយប់។ អង្គការតម្រូវឲ្យប្រជាជនទាំងអស់ស្លៀកពាក់ពណ៌ខ្មៅ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានរត់ចូលព្រៃ ដោយសារការវាយប្រហារពីសំណាក់កងទ័ពវៀតណាម។ នៅពេលចូលមកដល់កងទ័ពវៀតណាម បានដុតបំផ្លាញស្រូវដែលប្រមូលផលបានគា្មនសល់ ប្រជាជនត្រូវបង្ខំរស់នៅក្នុងព្រៃដោយគ្មានអាហារសម្រាប់បរិភោគ គោះ យើសត្រូវរងទុក្ខវេទនាម្តងហើយម្ដងទៀត៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤